ពលករខ្មែរនិងសកម្មជនបក្សប្រឆាំងនៅប្រទេសថៃបានស្កាត់មកជួបជុំគ្នាសម្ដែងមតិនិងហូបនំបញ្ចុកសាមគ្គីអបអរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសលើកទី៣០នៅថ្ងៃទី២២ ខែតុលានេះ។ អ្នកវិភាគថា ពលរដ្ឋជាធាតុសំខាន់មួយក្នុងការជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះបានពេញលេញត្រឹមត្រូវ។
សំឡេងនៃការអបអរ៖ «ការប្រារព្ធពិធីអបអរកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសរៀបចំនៅកន្លែងស្នាក់នៅរបស់ក្រុមពលករខ្មែរដែលកំពុងធ្វើការងារនៅទីក្រុងបាងកក។ ពិធីនេះផ្ដើមមានការប្រោះព្រំពីព្រះសង្ឃខ្មែរដែលគង់នៅប្រទេសថៃ ការថ្លែងសារពលករ សកម្មជនគណបក្សសង្គ្រោះជាតិ អ្នកវិភាគ និងកម្មវិធីចុងក្រោយគឺហូបនំបញ្ចុកសាមគ្គី»។
ពលករម្នាក់ដែលបានចូលរួមក្នុងពិធីនេះលោក ប៊ុន ស៊ូ និយាយថា ការជួបជុំដោយមានការហូបនំបញ្ចុកផងនោះ គឺជាការបង្ហាញសាមគ្គីភាពនៃក្រុមពលករ៖ «សម្លខ្មែរស្នេហាជាតិឆ្ងាញ់ ២៣តុលា ឆ្នាំ១៩៩១ »។អ្នកផ្ដួចផ្ដើមពិធីនេះ គឺមេការសំណង់ធ្វើការនៅប្រទេសថៃ លោក ម៉ិច សំណាង និយាយថា ការហូបនំបញ្ចុកពេលនេះ គឺដើម្បីបង្ហាញពីការនឹករម្លឹកក្នុងនាមជាពលរដ្ឋខ្មែរ និងដើម្បីពលរដ្ឋខ្មែរចងចាំថ្ងៃប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ មេការសំណង់រូបនេះរំពឹងថា អ្នកនយោបាយគ្រប់ភាគី ជាពិសេស បក្សកាន់អំណាចនឹងប្រឹងប្រែងអនុវត្តកិច្ចព្រមព្រៀងឲ្យបានពេញលេញ៖ «ហូបនំបញ្ចុកដើម្បីរំលឹកអនុស្សាវរីយ៍ខ្មែរយើងមានពាក្យមួយនំបញ្ចុកសាមគ្គីៗ សប្បាយព្រោះយើងធ្វើនេះមិនមែនជាសារនយោបាយអីពាក់ព័ន្ធគណបក្សនយោបាយណាមួយប៉ុន្តែយើងធ្វើជាការរម្លឹកទី១។ ទី២ គឺមនោសញ្ចេតនារវាងពលរដ្ឋកម្ពុជា »។
ពលករធ្វើការងារផ្នែកសំណង់លោក ម៉ុច ម៉ុលលើកឡើងថា ប្រសិនរដ្ឋាភិបាលអនុវត្តកិច្ចព្រមព្រៀងនេះបានត្រឹមត្រូវនឹងមានគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដែលជំរុញឲ្យប្រទេសកម្ពុជាមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយលោកនិងពលកររាប់សែននាក់ទៀត ក៏មិនចាំបាច់ចំណាកស្រុកនោះទេ៖ «ជំរុញទៅរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយជួយឲ្យប្រជាពលរដ្ឋខ្មែរយើងជួយកសាងប្រទេសជាតិមិនចាំបាច់ចំណាកស្រុកនៅប្រទេសគេ »។
ទោះយ៉ាងណាក្ដី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយថា ការខ្វល់ខ្វាយរបស់ក្រុមពលករ និងសកម្មជនបក្សប្រឆាំង គឺជាការយល់ខុស។ លោកថែមទាំងនិយាយចំអកទៅក្រុមពលករនិងសកម្មជនបក្សដែលនៅក្រៅស្រុកទៅវិញទេមិនបានអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសព្រោះអ្នកទាំងនោះមិនបានចូលក្នុងស្រុកចូលរួមអភិវឌ្ឍន៍ជាតិ៖ «កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានតែនាំជនភៀសខ្លួនពីបរទេសចូលកម្ពុជា ដូច្នេះគាត់ជាអ្នកភៀសខ្លួនទៅក្រៅប្រទេសគឺគាត់មិនអនុវត្តកិច្ចព្រមព្រៀងហ្នឹងឯងហើយបើចង់អនុវត្តកិច្ចព្រមព្រៀង នាំគ្នាចូលមកក្នុងប្រទេស ដើម្បីរួមគ្នាអនុវត្តកិច្ចព្រមព្រៀងហ្នឹងទៅ ជាការល្អហើយ តែបើនៅស៊ីនំបញ្ចុក ហើយកុំស៊ីនំបញ្ចុក ស៊ីគុយទាវ ស៊ីបាញ់ហយអី ជាសិទ្ធិរបស់គាត់ទេ បើមានលុយស៊ីទៅ »។
ការប្រារព្ធខួបលើកទី៣០ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំនេះខ្មែរនៅក្រៅស្រុក និងសកម្មជនបក្សប្រឆាំងនាំគ្នាធ្វើពិធីជាបន្តបន្ទាប់ ចាប់តាំងពីពីថ្ងៃទី២០ ខែតុលាមកម៉្លេះ ដោយមានការធ្វើបាតុកម្ម ដាក់ញត្តិ ជួបជុំសម្ដែងមតិ និងជជែកពិភាក្សាតាមអនឡាញ (Online) ជាដើម។
ដើមកំណើតកិច្ចព្រមព្រៀងនេះ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលមានតំណាងមកពី ១៩ប្រទេសចូលរួម ដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ទោះពេលនេះ ប្រទេសកម្ពុជាគ្មានសង្គ្រាមដូចកាលពី៣០ឆ្នាំមុនក្ដី ប៉ុន្តែ វិបត្តិនយោបាយ ការរំលោភសិទ្ធិមនុស្ស កំពុងកើតឡើងយ៉ាងធ្ងន់ធ្ងរ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
អ្នកវិភាគនយោបាយបណ្ឌិត សេង សារី ដែលចូលរួមអបអរជាមួយក្រុមពលករដែរនោះ មានប្រសាសន៍ថា ស្ថានការណ៍នយោបាយអន្តរជាតិសព្វថ្ងៃ ពិបាកធ្វើឲ្យក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសើរើកិច្ចព្រមព្រៀងនេះឡើងវិញណាស់។ លោកបន្តថា ពលរដ្ឋជាធាតុសំខាន់មួយក្នុងចំណោមធាតុសំខាន់ទាំងបួនផ្សេងទៀត ដែលជំរុញឲ្យមានការអនុវត្តកិច្ចព្រមព្រៀងនេះ បានពេញលេញឡើងវិញ៖ «មួយពលរដ្ឋ ប៉ុន្តែយើងត្រូវនិយាយគ្នា តើពលរដ្ឋហ្នឹងជាពលរដ្ឋបែបណាជាពលរដ្ឋអសកម្មពលរដ្ឋដែលមិនចាប់អារម្មណ៍អីទាំងអស់ភាគីទី២ដែលកិច្ចព្រមព្រៀងកិច្ចព្រមព្រៀងទីក្រុងប៉ារីសដែលបន្តពីឆ្នាំនេះទៅបានអង្គការសង្គមស៊ីវិលដដែល ភាគីទី៣រដ្ឋាភិបាល »។

រីឯមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិដែលកំពុងភៀសខ្លួននៅប្រទេសថៃ លោក ដួង ចន្ត្រា លើកឡើងដែរថា ពេលនេះមានតែភាគីលោក ហ៊ុន សែន និងលោក សម រង្ស៊ី ទេ ទើបអាចជំរុញឲ្យការអនុវត្តកិច្ចព្រមព្រៀងនេះត្រឹមត្រូវ។
ចំណែកគណបក្សនយោបាយពីរទៀត គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ទាក់ទងកិច្ចព្រមព្រៀងនេះដែរ។
គណបក្សប្រជាធិបតេយ្យមូលដ្ឋានលើកឡើងថា ស្មារតី គំនិត និងគោលការណ៍នៃព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនៅតែមានតម្លៃ និងសារសំខាន់សម្រាប់កម្ពុជានិងការបង្រួបបង្រួមជាតិ ដើម្បីកសាងជាតិតាមគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស។
ស្រដៀងគ្នានេះដែរគណបក្សគណបក្សកែទម្រង់កម្ពុជា ស្នើទៅរដ្ឋាភិបាលដាក់ថ្ងៃទី២៣ តុលា ជាថ្ងៃបុណ្យជាតិឡើងវិញ។ គណបក្សនេះស្នើទៅប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ បន្តគោរពស្មារតី និងអនុវត្តកិច្ចព្រមព្រៀងនេះ ដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស ឯករាជភាព និងភាពរីកចម្រើនរបស់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។