សកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៤នាក់ នៅក្នុងខេត្តប៉ៃលិនកំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីតុលាការប៉ៃលិនបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» បន្ទាប់ពីបានផ្តល់បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរីទាក់ទិននឹងការគាំទ្រលោក សម រង្ស៊ី វិលចូលមាតុប្រទេសវិញ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកដីកា របស់តុលាការថា ជារឿងនយោបាយ។
សមាជិកក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិខេត្តប៉ៃលិន លោកស្រី វ៉ែន ដារ៉ា ប្រាប់អាស៊ីសេរីថា លោកស្រី និងសកម្មជនគណបក្សប្រឆាំងបីនាក់ផ្សេងទៀតចាត់ទុកថា ការចោទប្រកាន់របស់តុលាការថា ជារឿងអយុត្តិធម៌ និងជាការបំបិទសិទ្ធិសេរីភាពក្នុងការចូលរួមគាំទ្រគណបក្សនយោបាយ។
ការលើកឡើងរបស់លោកស្រី វ៉ែន ដារ៉ា បានកើតមានឡើងក្រោយពីតុលាការខែត្រប៉ៃលិនបានចោទប្រកាន់សកម្មជនបក្សប្រឆាំងចំនួន ៤នាក់បន្ថែមទៀត ពីបទ “ រួមគំនិត ក្បត់ជាតិ” គាំទ្រប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្សី ក្នុងការវិលចូលស្រុកវិញ។
លោកស្រី វ៉ែន ដារ៉ា បញ្ជាក់ថា លោកស្រី និងសកម្មជនបីនាក់ផ្សេងទៀតកំពុងលាក់ខ្លួននៅកន្លែងមានសុវត្ថិភាពបន្ទាប់ពីទទួលសេចក្ដីប្រកាសព័ត៌មានរបស់តុលាការ៖ «អ្វីដែលគាត់ចោទប្រកាន់នោះគឺថា របបក្រុងភ្នំពេញនេះគឺថា អយុត្តិធម៌ចំពោះអ្នកដែលតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យណាស់។សូមអំពាវនាវដល់បងប្អូនថ្នាក់ដឹកនាំនៅតាមមូលដ្ឋានទាំងអស់នឹងបន្តការគាំទ្រលោកប្រធាន សម រង្ស៊ី ចូលក្នុងប្រទេសវិញឱ្យទាល់តែបាន»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខែត្រប៉ៃលិន កាលពីថ្ងៃទី១ តុលា នេះ ប្រកាសឈ្មោះមនុស្សទាំង ៤នាក់ ដែលតាមចាប់ខ្លួននោះ រួមមាន លោកស្រី វ៉ែន ដារ៉ា លោក ឈុន សិទ្ធី ហៅគ្រូធី លោក ឃិន ប៉ុន និងលោក ហ៊ុយ ហួន។ អ្នកទាំង៤ ត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ជាតិ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
ព្រះរាជអាជ្ញាខេត្តប៉ៃលិនលោក តូច ភក្តី អះអាងថា តុលាការមានអង្គហេតុគ្រប់គ្រាន់សម្រាប់ចោទប្រកាន់។ ប៉ុន្តែលោកមិនបានពន្យល់ពិស្ដារពីហេតុផលដែលនាំឱ្យមានការចោទប្រកាន់មកលើសកម្មជនគណបក្សសង្គ្រោះជាតិទេ៖ «មិនអាចពន្យល់បានទេ ដោយសារតែអង្គហេតុហ្នឹងវាពាក់ព័ន្ធក្នុងរឿងប៉ុណ្ណឹង។ ដោយសារតែគាត់ពាក់ព័ន្ធនឹងការងារហ្នឹង»។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងខែត្រប៉ៃលិន បញ្ជាក់ចោទថា សកម្មជនគណបក្សសង្គ្រោះជាតិទាំង៤នាក់ ពាក់ព័ន្ធនឹងការផ្ដល់ទីកន្លែងសម្រាប់ជួបប្រជុំ និងការផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុក និងចោទថា សកម្មជនបក្សប្រឆាំងទាំងនេះ បានកៀរគរ បំផុសឱ្យមហាជន ទៅចូលរួម ក្នុងផែនការផ្ដួលរំលំរដ្ឋាភិបាល ជាមួយក្រុមឧទ្ទាមក្រៅច្បាប់ ក្រោមឧបាយកល ផែនការនៃការវិលត្រលប់ទៅកម្ពុជាវិញ របស់លោក សម រង្ស៊ី។
ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុកលោក នី សុខា បញ្ជាក់ថា មានសកម្មជនគណបក្សសង្គ្រោះជាតិជាច្រើននាក់ហើយ បានទទួលរងនូវការចោទប្រកាន់ពីបទរួមគំនិតក្បត់ ក្រោយពីពួកគេប្រកាសជំហរគាំទ្រលោក សម រង្ស៊ី។ លោកចាត់ទុកថា ការចោទប្រកាន់កន្លងមករបស់តុលាការថា ជារឿងនយោបាយច្រើនជាងការអនុវត្តគោលការណ៍ច្បាប់ប្រកបដោយគតិយុត្តិ៖ «មន្ត្រីនៃតុលាការជាពិសេសចៅក្រមនៃតុលាការមួយចំនួនធំឃើញថា គាត់ជាមន្ត្រីនៃសមាជិកគណបក្សនយោបាយ។ អ៊ីចឹងយើងឃើញថា នៅពេលដែលគាត់ធ្វើអាជ្ញាកណ្ដាលផង ហើយយើងទៅកាត់សេចក្ដីផង អ៊ីចឹងមានការលំបាកណាស់ទោះបីគាត់ថា ធ្វើឱ្យរឿងហ្នឹងវាអព្យាក្រិត្យ ក៏គេពិបាកនឹងជឿ»។
គិតមកដល់ថ្ងៃទី២ តុលា នេះ មានសកម្មជនបក្សប្រឆាំងមានចំនួន ៣០នាក់ហើយ កំពុងឃុំខ្លួននៅក្នុងពន្ធនាគារ និងចំនួន១៦៥នាក់ផ្សេងទៀត កំពុងត្រូវតុលាការ និងប៉ូលិសរបបក្រុងភ្នំពេញ កោះហៅ ចោទប្រកាន់ និងតាមចាប់ខ្លួន ពីបទមិនគោរពសាលដីកា តុលាការរំលាយគណបក្សសង្គ្រោះជាតិ ពីបទរួមគំនិតក្បត់ ជាដើម។ ការចោទប្រកាន់ទាំងនេះ ត្រូវបានមន្ត្រីសិទ្ធិមនុស្សជាតិ និងអន្តរជាតិ រិះគន់ថា ជា ការចោទប្រកាន់ក្រោមហេតុផលនយោបាយ ដែលផ្ទុយពីរដ្ឋធម្មនុញ្ញដែលចែងថា ពលរដ្ឋគ្រប់រួបមានសិទ្ធិសេរីភាពបញ្ចេញមតិ និងចូលរួមក្នុងជីវភាពនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។