មេធាវី​ការពារ​ក្ដី​ត្អូញត្អែរ​ថា តុលាការ​មិន​អនុញ្ញាត​ថតចម្លង​ឯកសារ​សំណុំរឿង​បក្ស​ប្រឆាំង

0:00 / 0:00

មេធាវី​ការពារ​ក្ដី​ឱ្យ​ជនជាប់ចោទ​ជា​សកម្មជន​គណបក្សប្រឆាំង​ប្រតិកម្ម ចំពោះ​មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង ដែល​មិន​អនុញ្ញាត​ឱ្យ​មេធាវី​ចូល​ជួប​កូន​ក្តី​នៅ​ក្នុង​ពន្ធនាគារ ដោយ​ចាត់ទុកថា ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់។

ទន្ទឹម​គ្នា​នេះ មេធាវី​ការ​ក៏​ត្អូញត្អែរ​ដែរ​ថា តុលាការ​មិន​អនុញ្ញាត​ឱ្យ​ថតចម្លង​ឯកសារ​ពាក់ព័ន្ធ​សំណុំរឿង​បក្ស​ប្រឆាំង​នោះ​ឡើយ ដោយ​សំអាង​លើ​ហេតុផល​ផ្សេងៗ។

មេធាវី​ការពារ​ក្ដី​ឱ្យ​សកម្មជន​គណបក្សប្រឆាំង​លោក សំ សុគង់ ឱ្យ​ដឹង​ថា មន្ត្រី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​មិន​អនុញ្ញាតិ​ឱ្យ​ចូល​ជួប​កូន​ក្តី​នៅ​ក្នុង​ពន្ធនាគារ​ឡើយ ដោយ​អះអាង​ថា ទាល់តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

លោក សំ សុគង់ បន្ត​ថា បើ​តាម​នីតិវិធី​ព្រហ្មទណ្ឌ បើ​ការ​មាន​ការ​ពឹង​ពាក់​ពី​កូន​ក្ដី​ហើយ​នឹង​ដាក់​ពាក្យ​ការពារ​នៅ​តុលាការ​នឹង​មាន​ការ​ប្រថាប់ត្រា​ពី​ស្ថាប័ន​តុលាការ​ផង​នោះ។ មាន​ន័យ​ថា មេធាវី​មាន​សិទ្ធិ​ចូល​ជួប​កូន​ក្តី​គ្រប់ពេលវេលា លើកលែងតែ​ម៉ោង​ក្នុង​រដ្ឋបាល​របស់​ពន្ធនាគារ​ប៉ុណ្ណោះ៖ «មេធាវី​ជួប​កូន​ក្តី​មិនមែន​គ្រាន់តែ​នៅ​ក្នុង​ពេល​ដែល​នៅ​ជាប់​ឃុំ​ទេ។ គឺ​ពេល​ដែល​ឃាត់ខ្លួន​ក៏​មេធាវី​មាន​សិទ្ធិ​ជួប​ដែរ​កូន​ក្ដី​របស់​ខ្លួន​ក្នុង​រយៈពេល​២៤​ម៉ោង ក្រោយ​ពី​មានការ​សាកសួរ​ពី​សមត្ថកិច្ច​ដែរ។ប៉ុន្តែ​ខាង​ពន្ធនាគារ​ខេត្ត​បាត់ដំបង​គាត់​មិនសូវ​យល់​ពី​នីតិវិធី​នៃ​ការ​ជួប​កូន​ក្តី​រវាង​មេធាវី និង​កូន​ក្តី​នៅ​ក្នុង​រឿង​ព្រហ្មទណ្ឌ ហើយ​ការអនុវត្ត​របស់​ពន្ធនាគារ​ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ហាក់បីដូចជា​មិន​រលូន ហើយ​ក៏​មិនទាន់​ស្របគ្នា។ ខេត្ត​ខ្លះ​អនុវត្ត​ផ្សេង ខេត្ត​ខ្លះ​អនុវត្ត​តាម​ទម្លាប់​ផ្សេង​ដោយ​មិន​យក​ច្បាប់​មក​អនុវត្ត»។

លោក សំ សុគង់ ជា​មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​គណបក្ស​ប្រឆាំង​ពីរ​នាក់ ឈ្មោះ អ៊ុក ជឿន និង លោក ស៊ឹម ឡៅ ដែល​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​បាត់ដំបង​ចាប់ខ្លួន​ដាច់​ដោយ​ឡែកៗ​ពី​គ្នា កាល​ពី​ថ្ងៃ​ទី​១៩ និង​ថ្ងៃ​ទី២២ តុលា កន្លង​ទៅ​នេះ​ពី​បទ​សង្ស័យ​ថា បាន​កៀរគរ​កម្លាំង​មហាជន​ចាំ​ទទួល​លោក សម រង្ស៊ី នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ខាងមុខ​នេះ។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ខេត្ត​បាត់ដំបង លោក សំអុល ធារិទ្ធ ដើម្បី​ពន្យល់​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៤ តុលា។ ក៏ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​លោក ជិន ម៉ាលីន បាន​ថ្លែង​ថា៖ «ជា​គោលការណ៍​ច្បាប់​មេធាវី​មាន​សិទ្ធិ​ជួប​កូន​ក្តី​របស់​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ។ ក៏ប៉ុន្តែ ករណី​នេះ​យើង​ឮ​តែ​ពី​ខាង​ក្រុម​មេធាវី​យើង​មិន​ដឹង​ថា ជាក់ស្ដែង​វា​យ៉ាងម៉េច​អាច​ជា​ខាង​ពន្ធនាគារ​មិន​ឱ្យ​ជួប។ អាច​ទាក់ទង​ទៅ​ខាង​ទៅ​ខាង​ពន្ធនាគារ​ក្រែង​លោគាត់​មាន​មូលហេតុ​យ៉ាងម៉េច​ជាក់ស្ដែង​ណាមួយ ប៉ុន្តែ​ទោះជា​យ៉ាងណា​គាត់​អាច​ស្នើសុំ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ក៏បាន»។

ជាមួយគ្នា​មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្សប្រឆាំង​ផ្សេងទៀត​ត្អូញត្អែរ ពី​ការ​ពិបាក​សហការ​ជាមួយ​មន្ត្រី​តុលាការ ក្នុង​ការ​ថតចម្លង​សំណុំរឿង​កូន​ក្តី​ខណៈ​ពួកគេ​ត្រូវ​ជាប់ចោទ​ពី​បទ​«​រួមគំនិត​ក្បត់​» ដើម្បី​ផ្ដួល​រំលំ​របប​ក្រុងភ្នំពេញ។

មេធាវី​ការពារ​ក្តី​សកម្មជន​គណបក្ស​ប្រឆាំង​លោក ជួង ជូងី ប្រាប់​អាស៊ីសេរី​ថា តុលាការ​នៅ​ក្នុង​ខេត្ត​កំពត​ឯណោះ​វិញ មិន​អនុញ្ញាត​ឱ្យ​ថតចម្លង​សំណុំរឿង​កូន​ក្តី​របស់​លោក​ទេ ក្រោយពី​តុលាការ​បាន​ចោទប្រកាន់​ពី​បទ​«​រួមគំនិត​ក្បត់​»​រួច​បញ្ជូន​យក​ទៅ​ឃុំឃាំង​នៅ​ក្នុង​មន្ទីរឃុំឃាំង​នោះ​ឡើយ។

លោក ជួង ជូងី កំពុង​ការពារ​ឱ្យ​កូន​ក្តី សកម្មជន​គណបក្សប្រឆាំង​ស្រុក​ទឹកឈូ ខេត្ត​កំពត លោក នុត ពេជ្រ ដែល​ត្រូវ​អាជ្ញាធរ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​១៣ ខែ​តុលា កន្លង​ទៅ​នេះ ពី​បទ​សង្ស័យ​ថា បាន​កៀរគរ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មក​ចាំ​ទទួល​លោក សម រង្ស៊ី។

លោក​បញ្ជាក់​ថា តុលាការ​មិនបាន​សហការ​ជាមួយ​លោក​ក្នុង​ការ​ថតចម្លង​ឯកសារ​សំណុំរឿង​កូន​ក្តី​របស់​លោក​ឡើយ ។ លោក​និយាយ​ថា ទៅ​ពេល​ដែល​លោក ទៅ​ជួប​ក្រឡាបញ្ជី ថា សំណុំ​រឿង​នេះ​នៅ​ក្នុង​ដៃ​ចៅក្រម ពេល​ទៅ​សួរ​ចៅក្រម ចៅក្រម​ថា សំណុំរឿង​នៅ​ក្នុង​ដៃ​ប្រធាន​តុលាការ។ លោក​បញ្ជាក់​ថា ចុងក្រោយ​នៅ​ពេល​ទៅ​សាកសួរ​ប្រធាន​តុលាការ បែរ​ជា​និយាយ​ថា សំណុំ​រឿង​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​ចៅក្រម​ស៊ើបសួរ​ទៅវិញ។

លោក​បញ្ជាក់​ថា ទង្វើ​របស់​តុលាការ​គឺជា​ការរំលោភ​សិទ្ធិ​របស់​មេធាវី​មិន​ទទួល​បាន​ការ​ការពារ​កូន​ក្តី​ដោយ​យុត្តិធម៌​ឡើយ៖ «មន្ត្រី​តុលាការ​ដែល​ទទួលបន្ទុក​រឿង​ក្តី​ហ្នឹង​គាត់​មិន​សហការ ឬក៏​មានការ​ខ្លាច​ក្នុង​ការ​ផ្ដល់​ឯកសារ​ឱ្យ។ ធ្វើ​ឱ្យ​ខ្ញុំ​ជា​មេធាវី​មានការ​លំបាក​ពីព្រោះ​យើង​ត្រូវ​ការ​ផ្តល់​ប្រឹក្សា​ច្បាប់​ដល់​កូន​ក្តី​នៅ​ក្នុង​ពន្ធនាគារ។ អ៊ីចឹង​ដើម្បី​យើង​អាច​ផ្ដល់​អាច​ផ្ដល់​ផ្នែក​ច្បាប់​បាន​ត្រឹមត្រូវ​ល្អ ទាល់តែ​យើង​មាន​សំណុំរឿង​នៅ​ក្នុង​ដៃ។ ប៉ុន្តែ​ម្សិលម្ង៉ៃ​ហ្នឹង​ខ្ញុំ​ទៅ​ជួប​មែន ហ្នឹង​អត់​បាន​ថត​សំណុំ​ឯកសារ​ទៅ​ទេ ពី​ព្រោះ​ការ​ថត​ឯកសារ​ពី​តុលាការ​មាន​ភាព​យឺត​យ៉ាវ។ ដូច្នេះ​ខ្ញុំ​ក៏​ទៅ​ជួប​កូន​ក្តី​ដោយ​ឥតមាន​សំណុំ​ឯកសារ​ពី​តុលាការ​នៅ​ឡើយ»។

សកម្មជន​គណបក្សប្រឆាំង​ស្ទើរតែ​គ្រប់​ខេត្ត​ក្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​តុលាការ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​ពី​បទ​រួមគំនិត​ក្បត់​ក្នុង​ការ​កៀរគរ​មនុស្ស​មក​ចូលរួម​ដំណើរ​និវត្ត​របស់​លោក សម រង្ស៊ី។

មេធាវី​ការពារ​ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ទៀត លោក សំ សុគង់ បញ្ជាក់​ថា លោក​បាន​ស្នើសុំ​ថតចម្លង​ឯកសារ​សំណុំរឿង​នៅ​ក្នុង​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាត់ដំបង កំពត កំពង់ចាម និង​ក្នុង​ទីក្រុង​ភ្នំពេញ តុលាការ​តាម​បណ្ដា​ខេត្ត​ក្រុង​ទាំងនោះ​មិន​បាន​សហការ​ជាមួយ​លោក ជា​មេធាវី​ទេ។ លោក​បញ្ជាក់​ថា ទង្វើ​របស់​តុលាការ​នេះ​គឺ​ផ្ទុយ​ទៅ​នឹង​ច្បាប់​ជាតិ និង​អន្តរជាតិ៖ «ជា​គោលការណ៍​របស់​អន្តរជាតិ​ហ្នឹង​គឺ​មាន​គោលការណ៍​មួយ​ថា ការ​តទល់​ជាមួយ​ស្នើ​គ្នា​ចំពោះ​ច្បាប់​គឺ​មេធាវី​ការពារ​ហើយ​នឹង​តុលាការ បើសិនជា​តុលាការ​មាន​ឯកសារ​អ្វី ឬ​ក៏​មាន​ភស្តុតាង​អ្វី​មេធាវី​ការពារ​ត្រូវ​តែ​មាន​ភស្តុតាង​ដូច​តុលាការ​ដើម្បី​ដឹង​ពី​បទ​ចោទ ដឹង​ពី​អង្គហេតុ​ដើម្បី​មេធាវី​ការពារ​ហ្នឹង​អាច​មាន​ឱកាស​និង​ពេលវេលា​ជួប​ពិគ្រោះ​យោបល់​ជាមួយ​កូន​ក្តី​អំពី​ផ្លូវច្បាប់ និង​សិទ្ធិ​របស់​កូន​ក្ដី»។​បើ​ទោះ​បី​ជា​មានការ​ចោទប្រកាន់​ពី​មេធាវី​យ៉ាង​ដូច្នេះ​ក៏ដោយ ក៏​មន្ត្រី​ក្រសួងយុត្តិធម៌​ចាត់ទុកថា ជា​ការ​លើកឡើង​គ្មាន​ការពិត គឺ​ធ្វើ​ឡើង​ដើម្បី​ការពារ​ផលប្រយោជន៍​ដល់​កូនក្ដី​ប៉ុណ្ណោះ។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ថា ជា​គោលការណ៍​ច្បាប់​មេធាវី​មាន​សិទ្ធិ​ថត​សំណុំរឿង​កូន​ក្តី​របស់​ខ្លួន ក៏ប៉ុន្តែ​ក្នុង​ករណី​នេះ​លោក​មិន​ទាន់​ដឹង​នៅឡើយ​ទេ ហើយ​ជួនកាល​ការ​លើកឡើង​របស់​ក្រុម​មេធាវី​មិន​អាច​ជឿ​ទុកចិត្ត​បានទេ តែ​ទោះជា​យ៉ាងណា​លោក នឹង​ធ្វើ​ការស៊ើបអង្កេត​បន្ត​ទៀត៖ «អ៊ីចឹង​បើ​រឿង​ហ្នឹង​វា​ពិត​ដូច​មេធាវី​លើក​មែន សុំ​ឱ្យ​មេធាវី​បង្ហាញ​ឱ្យ​ច្បាស់ តើ​ចៅក្រម​ណា តុលាការ​ណា​ហើយ​ប្រធាន​តុលាការ​ណា​ដែល​បង្ក​ការ​លំបាក​ហ្នឹង​បាទ។គ្រាន់​ចេះតែ​លើក​អ៊ីចឹង វា​អាច​ប៉ះពាល់​ដល់​កិត្តិយស​របស់​គេ​ដោយ​គ្មាន​មូលដ្ឋាន»។

ប្រធាន​គណៈមេធាវី​កម្ពុជា​លោក សួន វិសាល មាន​ប្រសាសន៍​ថា លោក​មិនទាន់​ទទួល​បាន​សេចក្ដី​រាយការណ៍​ពី​ក្រុម​មេធាវី​ការពារ​ក្តី​គណបក្សប្រឆាំង​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថា តាម​ផ្លូវ​ច្បាប់​គ្រប់​ចៅក្រម​ទាំងអស់​ត្រូវ​ថតចម្លង​គ្រប់​សំណុំរឿង​ទាំងអស់​តាម​ការ​ស្នើសុំ​ពី​មេធាវី​ការពារ​ក្តី​មិន​ត្រូវ​រារាំង​ទេ៖ «កន្លងទៅ​យើង​មាន​បញ្ហា​បន្តិចបន្តួច​ដែរ​ធម្មតា​គេ​ឱ្យ​កូពី។ ជួនកាល​តុលាការ​អាច​រវល់ អញ្ចឹង​ទៅ មានការ​យឺត​គឺ​មាន​ការ​រាំងស្ទះ។ អ៊ីចឹង​មេធាវី​អាច​សរសេរ​ព័ត៌មាន​ហ្នឹង ឬក៏​ស្នើសុំ​កិច្ច​អន្តរាគមន៍​ពី​គណៈមេធាវី ប្រសិនបើ​អត់​មាន​អត់​មាន​ព័ត៌មាន​ណាមួយ​ទេ យើង​អត់​ដឹង​ថា ធ្វើ​យ៉ាងម៉េច​ទេ»។

គិត​ត្រឹម​ថ្ងៃ​ទី​២៤ តុលា នេះ​របប​ក្រុងភ្នំពេញ​បាន​ចាប់ខ្លួន​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៥៣​នាក់​ដាក់​ក្នុង​មន្ទីរឃុំឃាំង ក្នុង​ខណៈ​មាន​សកម្មជន​ចំនួន​១៨៦​នាក់​ផ្សេងទៀត​តុលាការ​បាន​ចេញ​ដីកា​ចោទប្រកាន់​នឹង​កោះហៅ​ពី​បទ «​រួមគំនិត​ក្បត់​»។ មាន​សកម្មជន​គណបក្ស​ជាច្រើន​នាក់​បាន​ភៀសខ្លួន​រក​កន្លែង​មាន​សុវត្ថិភាព​ដើម្បី​គេច​ចេញពី​ការ​ធ្វើទុក្ខបុកម្នេញ​ពី​អាជ្ញាធរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។