សកម្មជនគណបក្សប្រឆាំងមួយចំនួនដែលភៀសខ្លួនរកកន្លែងសុវត្ថិភាពនៅប្រទេសថៃ អះអាងថា ថ្វីបើមួយរយៈចុងក្រោយនេះ អាជ្ញាធររបបក្រុងភ្នំពេញចាប់សកម្មជនបក្សនេះជាបន្តបន្ទាប់ក្ដី ក៏ពួកគេនៅតែប្រកាន់ជំហរអមដំណើរប្រធានស្ដីទីគណបក្សសង្គ្រោះជាតិវិលចូលស្រុកវិញនៅពេលខាងមុខដដែល។ ពួកគាត់នៅតែសង្ឃឹមថា មាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ធ្វើនឹងអាចធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជាបានប្រសើរឡើងវិញ។
សកម្មជនគណបក្សសង្គ្រោះជាតិដែលភៀសខ្លួននៅប្រទេសថៃ និយាយថា ការចាប់ខ្លួនសកម្មជនគណបក្សនេះជាបន្តបន្ទាប់ ដោយសាររបបដឹកនាំសព្វថ្ងៃភ័យខ្លាចកម្លាំងមហាជនចូលរួមអមដំណើរលោក សម រង្ស៊ី ច្រើន ធ្វើឱ្យរង្គោះរង្គើដល់អំណាចដឹកនាំរបស់ខ្លួននៅពេលខាងមុខ។
ប្រធានយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ លោក ឃិន រឿន ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី៥ តុលាថា ការចាប់ចងសកម្មជនបក្សលោកកន្លងមក គឺជាល្បិចបំភ័យដល់ប្រជាពលរដ្ឋប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកបន្ថែមថា យុទ្ធសាស្ត្រអារកមាន់បន្លាចស្វានេះ គឺមិនបានជោគជ័យឡើយ ពីព្រោះពលរដ្ឋភាគច្រើន ធ្លាប់ឆ្លងកាត់ការធ្វើទុក្ខបុកម្នេញបែបនេះរួចមកហើយ។សកម្មជនបក្សប្រឆាំងរូបនេះបញ្ជាក់ថា លោកគ្រោងនឹងត្រឡប់ចូលស្រុកវិញនៅថ្ងៃទី៦ ខែវិច្ឆិកាខាងមុខ ដើម្បីទៅរៀបចំសកម្មជនបក្សនៅតាមមូលដ្ឋានឱ្យសាមគ្គីគ្នាជាធ្លុងមួយ ត្រៀមទទួលលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍នៅថ្ងៃទី៩ ខែវិច្ឆិកា៖ «យើងធ្វើការជាមួយគ្នាកន្លងមកយើងតែងតែរៀបមុនជាពិសេសទីតាំងឈរជើង ដើម្បីទទួលលោក សម រង្ស៊ី ដើម្បីកុំឱ្យមានបញ្ហាអ្វីកើតឡើងដោយយថាហេតុ ព្រោះយើងធ្លាប់ធ្វើបាតុកម្មជាច្រើនដងហើយមិនដែលមានបញ្ហាទេ ដោយសារយើងធ្វើការជាប្រព័ន្ធ ព្រោះយើងអត់មានឱ្យកាសទៀតទេ ដោយសារលោកប្រធានក៏អាយុច្រើន ហើយលោក ហ៊ុន សែន ក៏អាយុច្រើនហើយ អីចឹងវាអត់មានពេលយូរទៀតទេ ហើយប្រទេសជាតិយើងមានជនបរទេសនៅពីក្រោយជាពិសេសយួន និងចិន»។
រីឯសកម្មជនគណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃម្នាក់ទៀត លោក ញ៉ែម វាន ថ្លែងថា មានតែកម្លាំងសាមគ្គីរបស់ប្រជាពលរដ្ឋទេ ដែលអាចជួយឱ្យស្ថានការណ៍នយោបាយសព្វថ្ងៃនេះប្រសើរឡើងវិញបាន។ សកម្មជនបក្សប្រឆាំងរូបនេះ អះអាងថា លោកនឹងសកម្មជនជាច្រើននាក់ទៀត ដែលភៀសខ្លួននៅថៃ គឺបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីទៅចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុកវិញ។ លោកបញ្ជាក់ថា មូលហេតុដែលលោកស្មោះស្ម័គ្រនឹងគណបក្សប្រឆាំង ដោយសារស្អប់ខ្ពើមរបបដឹកនាំសព្វថ្ងៃ ដែលបានចាប់ប្រជាពលរដ្ឋដាក់គុកទាំងគ្មានកំហុស ដោយចោទប្រកាន់ពួកគាត់ថា ជាក្រុមឧទ្ទាមក្រៅច្បាប់ ហើយបានបំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា៖ «ខ្ញុំចង់បានសង្គមមួយចែកគ្នារស់មិនចង់បានអ្នកដែលរស់ស្រួលដែលជាក្រុមថ្នាក់ដឹកនាំសព្វថ្ងៃនោះទេ ចំពោះពលរដ្ឋដែលគ្មានខ្នងបង្អែករកតែដីធ្វើផ្ទះនៅមិនចង់បានផង ព្រោះខ្ញុំដើរជាច្រើនកន្លែងមកហើយ ឃើញតែពលរដ្ឋទឹកភ្នែក។ របបផ្ដាច់ការចាប់បានតែពលរដ្ឋទន់ខ្សោយទេតែពលរដ្ឋច្រើនរួមគ្នាគឺ រត់អស់ហើយ » ។
រហូតមកដល់ពេលនេះ លោក សម រង្ស៊ី នៅតែប្រកាសជំហរត្រឡប់ទៅកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ រីឯរបបក្រុងភ្នំពេញក៏បញ្ជាក់ជាបន្តបន្ទាប់ថា នឹងចាប់លោក សម រង្ស៊ី និងអ្នកហែហម ប្រសិនបើហ៊ានវិលចូលកម្ពុជាមែននោះ។ ក្នុងពេលជាមួយគ្នានេះ អាជ្ញាធររបស់លោក ហ៊ុន សែន បង្កើនការចាប់ខ្លួន សកម្មជន ដែលធ្វើយុទ្ធនាការចូលរួមអមដំណើរលោក សម រង្ស៊ី វិលចូលស្រុក ដោយចោទប្រកាន់ពួកគេថា រួមគំនិតក្បត់ជាតិ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា លោកមិនជឿថា លោក សម រង្ស៊ី នឹងវិលត្រឡប់មកស្រុកខ្មែរវិញទេ ព្រោះកន្លងមក ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ធ្លាប់ប្រកាសអ៊ីចឹងជាច្រើនដង តែលោកមិនបានចូលស្រុកដូចការសន្យានោះទេ។ ទោះជាយ៉ាងណាក្ដី លោកគំរាមថា ពលរដ្ឋដែលទៅអមដំណើរក្រុមបក្សប្រឆាំងនោះ អាចប្រឈមបញ្ហាផ្លូវច្បាប់ ព្រោះលោក សម រង្ស៊ី ជាទណ្ឌិតមានដីកាចាប់ខ្លួនពីតុលាការ៖ «ហើយទី២ ទណ្ឌិត ដែលទៅហ្នឹងក្នុងនាមខ្លួនឯងជាប្រធានស្ដីទីគណបក្ស អ៊ីចឹងគណបក្សនឹងត្រូវរំលាយរួចហើយ វាអត់មានត្រូវច្បាប់ទេ ពីព្រោះយើងដឹងថា សាលដីការបស់តុលាការកំពូលជាសាលដីកាស្ថាពរ និងបិទផ្លូវតវ៉ា ដូច្នេះ រាល់អ្នកណាគាំទ្រជនណា ដែលមានដីកាពីតុលាការជននោះ គឺផ្ទុយពីសាលដីកាតុលាការហើយ » ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) លោក សឹង សែនករុណា មានប្រសាសន៍ថា ការចូលរួមកិច្ចការនយោបាយ មិនខុសច្បាប់ឡើយ ព្រោះជាសិទ្ធិសេរីភាពរបស់ពលរដ្ឋម្នាក់ៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ ទោះជាយ៉ាងណាមន្ត្រីអង្គការសង្គមស៊ីវិលរូបនេះ នៅតែទទូចឱ្យមេដឹកនាំគណបក្សកាន់អំណាច និងគណបក្សប្រឆាំងរកផ្លូវចរចាត្រូវរ៉ូវគ្នា ដើម្បីស្ដារប្រជាធិបតេយ្យឡើងវិញ ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៖ «ដូច្នេះ យើងចង់ឃើញការដោះស្រាយដោយទទួលយកអនុសាសន៍ពីអង្គការសហប្រជាជាតិ ជាពិសេសអ្នកស្រីតំណាងអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ដែលលោកស្រីបានលើកឡើងកន្លងមក យើងគួរតែទទួលយកមកកែប្រែឥរិយាបថ ធ្វើយ៉ាងណាឱ្យមានការចូលរួមប្រកួតប្រជែងនយោបាយដោយសន្តិវិធី ដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ឡើងវិញ ដើម្បីស្ដារមុខមាត់ប្រទេសនៅលើឆាកអន្តរជាតិ » ។
គិតត្រឹមថ្ងៃទី៥ តុលាមានសកម្មជនគណបក្សសង្គ្រោះជាតិចំនួន ៣០នាក់ហើយ ដែលត្រូវរបបលោក ហ៊ុន សែន ចាប់ឃុំឃាំងក្នុងពន្ធនាគារ ស្របពេលសកម្មជនជាច្រើននាក់ផ្សេងទៀត បានរត់ភៀសខ្លួនរកកន្លែងមានសុវត្ថិភាព ដើម្បីគេចចេញពីការតាមយាយី និងធ្វើទុក្ខបុកម្នេញពីសំណាក់អាជ្ញាធររបបក្រុងភ្នំពេញ។
លោក សឹង សែនករុណា យល់ថា ការធ្វើទុក្ខបុកម្នេញមកលើមន្ត្រីបក្សប្រឆាំងឥតស្រាកស្រាន្តនេះ ពុំមែនជាដំណោះស្រាយនយោបាយទេ ផ្ទុយទៅវិញ គឺកាន់តែធ្វើឱ្យប្រជាពលរដ្ឋដែលអ្នកគាំទ្រគណបក្សប្រឆាំងជិតកន្លះនគរកាន់តែក្ដៅក្រហាយ ហើយស្អប់ខ្ពើមរដ្ឋាភិបាលទៅវិញទេ។
មន្ត្រីបក្សប្រឆាំង ដែលកំពុងភៀសខ្លួននៅប្រទេសថៃសង្ឃឹមថា នៅពេលលោកសម រង្ស៊ី វិលចូលស្រុក ធ្វើឱ្យវិបត្តិនយោបាយនៅកម្ពុជានឹងមានដំណោះស្រាយ។ ពួកគេ យល់ថារបបក្រុងភ្នំពេញ ប្រហែលមិនហ៊ានចាប់លោកសម រង្ស៊ី នោះទេ ពីព្រោះមានប្រជាពលរដ្ឋជិតកន្លះនគរនឹងចូលរួមអមដំណើរលោក ហើយប្រសិនបើអាជ្ញាធរចាប់ខ្លួនលោកមែននោះ គឺពួកគេនឹងងើបតវ៉ាប្រឆាំងរបបដឹកនាំសព្វថ្ងៃ ហើយសហគមន៍អន្តរជាតិនឹងដាក់សម្ពាធដល់កម្ពុជាជាពុំខានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។