សកម្មជន​បក្ស​ប្រឆាំង​ប្ដេជ្ញា​បន្ត​សកម្មភាព​ដើម្បី​ប្រជាធិបតេយ្យ ទោះ​មានការ​ផ្ដន្ទាទោស​ពី​តុលាការ

សកម្មជន​គណបក្ស​សង្គ្រោះជាតិ ប្តេជ្ញា​បន្ត​សកម្មភាព​តស៊ូ​របស់​ខ្លួន ដើម្បី​លទ្ធិប្រជាធិបតេយ្យ ទោះបីជា​មានការ​ផ្ដន្ទាទោស​ពី​តុលាការ​របប​ក្រុងភ្នំពេញ​ក៏ដោយ​។ មន្ត្រី​សិទ្ធិមនុស្ស យល់​ថា គណបក្ស​កាន់អំណាច គួរ​ឈប់​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ធ្វើ​ទុក​បុក​ម្នេញ​មន្ត្រី​គណបក្សប្រឆាំង និង​សកម្មជន​ដទៃ​ទៀត ហើយ​ងាក​មក​រក​តុ​ចរចា ដើម្បី​ឈាន​ទៅ​រក​ការបោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​លើកឡើង​ដូចៗ​គ្នា​ថា ពួកគេ​មិន​រារែក និង​នៅតែ​បន្ត​ការ​ប្តេជ្ញា​របស់​ខ្លួន​គាំទ្រ និង​តស៊ូ​ជាមួយ​គណបក្ស​សង្គ្រោះជាតិ​ដដែល ទោះបីជា​តុលាការ​របប​ក្រុងភ្នំពេញ កាត់ទោស​ពួកគេ​ឱ្យ​ជាប់ពន្ធនាគារ​ក៏ដោយ។

យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​កំពង់ចាម​លោក រិន រដ្ឋ រៀបរាប់​ថា លោក​ពុំ​ភ័យខ្លាច​ចំពោះ​គណបក្ស​កាន់អំណាច ទោះ​បី​ជា​តុលាការ កាត់ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ​ដូច​មេដឹកនាំ​បក្ស​ប្រឆាំង​ក៏ដោយ​។ លោក​បន្ត​ថា លោក ហ៊ុន សែន កំពុង​ភ័យខ្លាច ហើយ​បរាជ័យ​ក្នុង​ការ​បំបាត់​សំឡេង​បក្ស​ប្រឆាំង ប្រើ​គ្រប់​កលល្បិច ដើម្បី​បំភាន់​ភ្នែក​ប្រជាពលរដ្ឋ គំរាមកំហែង បំបែកបំបាក់​កម្លាំង​របស់​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ងាក​ទៅ​គាំទ្រ​ខ្លួន​វិញ៖ «សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផង ព្រោះ​អី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ឥឡូវ គឺ​ពិបាក​មែនទែន​ហើយ ដោយសារតែ​វិបត្តិ​កូវីដ និង​វិបត្តិ​សេដ្ឋកិច្ច ទាក់ទង​នឹង​វិបត្តិ​នយោបាយ ត្រូវ​អន្តរជាតិ​ហ្នឹង​ដាក់​សម្ពាធ​ពី​ខាងក្រៅ​មក​ហ្នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​យ៉ាប់​រស់នៅ​ណាស់។ អ៊ីចឹង​សូម​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​បិទ​បញ្ចប់​នយោបាយ​រវាង​បក្ស​កាន់អំណាច និង​បក្ស​ប្រឆាំង​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ស្ដារ​សេដ្ឋកិច្ច​ជាតិ​ឡើងវិញ»។

រីឯ ក្រុមប្រឹក្សាឃុំ​សង្កាត់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ត្បូងឃ្មុំ​លោកស្រី យ៉ែម វណ្ណណែត លើកឡើង​ថា លោកស្រី​មិន​ខ្វល់​ចំពោះ​ការ​កាត់​ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​ដោយ​របប​ក្រុងភ្នំពេញ​នោះ​ទេ ព្រោះ​លោកស្រី​យល់​ថា តុលាការ មិន​ឯករាជ្យ និង​ធ្វើឡើង​តាម​ការ​បញ្ជា​របស់​បក្ស​កាន់​អំណាច​។ លោកស្រី​បន្ត​ថា ការ​កាត់ទោស​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ នេះ ជា​រឿង​តក់ក្រហល់ និង​ខុស​ប្រក្រតី។ លោកស្រី​ថា លោក ហ៊ុន សែន ហាក់​ព្យាយាម​បំបិទ​សំឡេង​បក្ស​ប្រឆាំង ដើម្បី​ងាយស្រួល​ក្នុង​ការ​ផ្ទេរ​អំណាច​ឱ្យ​កូនប្រុស​ច្បង​របស់​ខ្លួន គឺ​លោក ហ៊ុន ម៉ាណែត។ លោកស្រី​សោកស្ដាយ​ដែល​ប្រព័ន្ធ​តុលាការ​មិន​បាន​ប្រើប្រាស់​វិជ្ជាជីវៈ​របស់​ខ្លួន ក្នុង​ការ​កាត់​ក្តី និង​ផ្ដល់​យុត្តិធម៌​ពិត​ប្រាកដ​ដល់​ប្រជាពលរដ្ឋ៖ «​សម្រាប់​ខ្ញុំ​វិញ ខ្ញុំ​មានតែ​ការ​សំណូមពរ​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​ឱ្យ​លោក​មេត្តា​ងើបឡើង​តស៊ូ​មតិ​ទាំងអស់​គ្នា ដើម្បី​ឱ្យ​យើង​មានការ​បោះឆ្នោត​យ៉ាង​ត្រឹមត្រូវ​មួយ​នៅ​ឆ្នាំ​២០២៣​នេះ​។ ខ្ញុំ​ជឿជាក់​ថា ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ គាត់​នឹង​អាច​រក​ដំណោះស្រាយ​ទៅ​ក្នុង​ប្រទេស​បាន តែ​ចំពោះ​វិធីសាស្ត្រ​ទី​៣​នេះ​។ ហើយ​ខ្ញុំ​ក៏​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​ដែរ ពីព្រោះ​ប្រជាពលរដ្ឋ​មិន​អាច​រស់នៅ​ក្នុង​របប​បែបនេះ​ទៀត​ទេ»។

ដោយឡែក យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សេង ម៉េងប៊ុនរ៉ុង ថ្លែង​ថា លោក​នឹង​នៅតែ​បន្ត​សកម្មភាព​របស់​លោក​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទោះបីជា​តុលាការ​ក្រុងភ្នំពេញ កាត់ទោស​លោក​ឱ្យ​ជាប់ពន្ធនាគារ​ក៏ដោយ​។ លោក​បន្ត​ថា ការ​តក់ក្រហល់​ក្នុង​ការ​កាត់ទោស​សកម្មជន និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ឱ្យ​ជាប់ពន្ធនាគារ​នេះ គឺ​ស​បញ្ជាក់​ឱ្យ​ឃើញ​ថា លោក ហ៊ុន សែន កំពុង​ខ្លាច​ឥទ្ធិពល​របស់​គណបក្ស​សង្គ្រោះជាតិ ដែល​អាច​នាំ​ឱ្យ​មានការ​ផ្លាស់ប្ដូរ​នា​ពេល​ខាងមុខ​៖ «ចំពោះ​ខ្ញុំ​ដោយសារ​ការ​ដាក់​បន្ទុក ឬមួយ​ក៏​ការ​កាត់ទោស​នេះ គឺ​ខ្ញុំ​អត់​មានការ​ភ័យខ្លាច​ទេ ព្រោះ​យើង​ធ្វើ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​ហើយ​របប​ក្រុងភ្នំពេញ ដោយសារ​គាត់​មាន​ទំនោរ​មក​ពី​បក្ស​កុម្មុយនិស្ត ឬមួយ​ក៏​គាត់​មានគំនិត​បែប​ផ្ដាច់ការ​អី​ជាដើម ទើប​គាត់​ធ្វើ​ទុក​បុក​ម្នេញ​ទៅលើ​អ្នក​ប្រជាធិបតេយ្យ តែ​អ្នក​ប្រជាធិបតេយ្យ​ដូចជា​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​អត់​ខ្លាច​ទេ​។ យើង​មើល​ទៅ ៣​ឆ្នាំ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​អត់​មាន​ក្នុង​ប្រទេស យើង​ធ្វើការ​នៅ​ក្រៅ​ក៏​គណបក្ស​កាន់អំណាច​នៅតែ​ខ្លាច នៅតែ​ធ្វើ​ទុក​បុក​ម្នេញ មិន​ថា តែ​អ្នក​នៅ​ក្រៅ​ប្រទេស មិន​ថា​ទាំង​អ្នក​នៅ​ប្រទេស នេះ​គឺ​បង្ហាញ​ឱ្យ​ឃើញ​ថា អ្វី​ដែល​ជា​សកម្មភាព​របស់​យើង​ហ្នឹង​គឺ​វា​មាន​ឥទ្ធិពល​ទៅលើ​ជន​ផ្ដាច់ការ ធ្វើ​ឱ្យ​ជន​ផ្ដាច់ការ​គាត់​នៅ​មិន​ស្ងប់​ទេ»។

ការ​លើក​ឡើង​បែបនេះ គឺ​ក្រោយពេល​ក្រោយពី​តុលាការ​ក្រុងភ្នំពេញ​បាន​កាត់ទោស​កំបាំងមុខ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ២៥​ឆ្នាំ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំនួន ៨​នាក់​ផ្សេងទៀត ឱ្យ​ជាប់ពន្ធនាគារ​ពី ២០ ទៅ ២២​ឆ្នាំ​។ តុលាការ​ក៏បាន​ដកហូត​សិទ្ធិ​របស់​មន្ត្រី​ជាន់ខ្ពស់​ទាំងនេះ មិន​ឱ្យ​បោះឆ្នោត និង​ឈរ​ឈ្មោះ​ឱ្យ​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ឡើយ។

តុលាការ​ក្រុងភ្នំពេញ​ចោទ​ប្រកាន់​លោក សម រង្ស៊ី ពី​បទ​ឧបឃាត​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ ផ្ដួល​រំលំ​រដ្ឋាភិបាល ក្នុង​គម្រោង​វិល​ចូល​ប្រទេស​កម្ពុជា​វិញ កាលពី​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៩​។ ចំណែក​មន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ ៨​នាក់​ផ្សេងទៀត តុលាការ​ចោទប្រកាន់​ពី​បទ «​ឧបឃាត​» ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​គម្រោង​ផ្ដួល​រំលំ​រដ្ឋាភិបាល ដែល​បទ​ចោទ​នេះ​ដូចគ្នា​នឹង​បទ​ចោទ​ជាមួយ​លោក សម រង្ស៊ី ដែរ​។ មន្ត្រី​ជាន់ខ្ពស់​ទាំងនោះ រួមមាន លោក អេង ឆៃអ៊ាង អ្នកស្រី មូរ សុខហួរ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ឡុង រី លោក នុត រំដួល លោក ហូរ វ៉ាន់ លោក ម៉ែន សុថាវរិន្ទ្រ និង​អ្នកស្រី ជូឡុង សូមួរ៉ា ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ពី ២០ ទៅ ២២​ឆ្នាំ ពី​បទ «​ឧបឃាត»។

ភ្លាមៗ​ក្រោយ​ការ​កាត់ទោស​នេះ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​ការ​ផ្ដន្ទាទោស​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩​នាក់ ដែល​ពួកគេ​ខ្លះ​ក៏​ជា​ពលរដ្ឋ​អាមេរិកាំង​ផង​ដែរ​។ ស្ថានទូត​គូសបញ្ជាក់​ថា ការ​ផ្ដន្ទាទោស​នេះ ជា​ផ្នែក​មួយ​នៃ​ការ​កាត់ទោស​ទ្រង់ទ្រាយ​ធំ​ជា​បន្តបន្ទាប់​លើ​អ្នកគាំទ្រ​បក្ស​ប្រឆាំង និង​សកម្មជន​សង្គម​ស៊ីវិល ដែល​ធ្វើឡើង​ដោយ​ខ្វះ​មូលដ្ឋាន​ច្បាប់​។ សហរដ្ឋអាមេរិក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បើក​លំហ​នយោបាយ​ឡើងវិញ និង​គោរព​សិទ្ធិ​សេរីភាព ប្រជាពលរដ្ឋ ស្របតាម​រដ្ឋធម្មនុញ្ញ​កម្ពុជា​។ រីឯ សហភាព​អឺរ៉ុប​វិញ ជាថ្មី​ម្តង​​​​​​ទៀត ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ងាក​មក​សម្រុះសម្រួល​នយោ​បាយ និង​ផ្សះផ្សា​ជាតិ​ឡើងវិញ​។ កង្វល់​ស្រដៀង​គ្នា​នេះ ក៏​ត្រូវ​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា លើកឡើង​ផង​ដែរ។

ទោះជា​យ៉ាងណា អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន កន្លង​មក ធ្លាប់​បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា កម្ពុជា​មិន​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​។ លោក​ថា ចំពោះ​សំណុំរឿង​របស់​មន្ត្រី​បក្ស​ប្រឆាំង គឺ​តុលាការ​បាន​ផ្តល់​យុត្តិធម៌​ត្រឹមត្រូវ​ដល់​រដ្ឋាភិបាល​។ លោក​លើកឡើង​ថា រដ្ឋាភិបាល មិន​ខ្លាច​ចំពោះ​ទណ្ឌកម្ម​របស់​អន្តរជាតិ ក្នុង​ការ​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​ចរចា​ជាមួយ​បក្ស​ប្រឆាំង​ឡើយ។

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​ទាំងអស់​គួរ​ដោះស្រាយ​គ្នា រក​តុ​ចរចា ដើម្បី​បញ្ចប់​ជម្លោះ​នយោបាយ​នេះ ហើយ​បញ្ឈប់​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ក្នុង​ការ​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ ឬ​សកម្មជន​ដទៃ​ទៀត​។ លោក​បន្ត​ថា រដ្ឋាភិបាល​គួរ គួរ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​ទុក​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​សម្រេច​នៅ​ក្នុង​ការបោះឆ្នោត​មួយ​ដែល​សេរី និង​យុត្តិធម៌៖ «គណបក្ស​នយោបាយ​ធំៗ​ហ្នឹង​ក្តី ដែល​អះអាង​ថា អ្វី​ដែល​យើង​ធ្វើ​គឺ​ដើម្បី​ប្រយោជន៍​ជាតិ ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ អាហ្នឹង​ត្រូវតែ​យក​មក​គិត​ហើយ ពី​ព្រោះ​ថា ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​យ៉ាងម៉េច បើ​យើង​នៅតែ​បន្ត​អូស​បន្លាយ​នូវ​ជម្លោះ​ហ្នឹង ហើយ​បន្ត​ឱ្យ​មាន​ការ​ដាក់​សម្ពាធ​ជា​ហូរ​ជា​ហែ មក​លើ​ប្រទេស​យើង​ហើយ អ្វី​ដែល​ជា​អ្នករងគ្រោះ គឺ​ប្រជាពលរដ្ឋ​យើង ដែល​កំពុងតែ​រងគ្រោះ ឬក៏​បន្ត​ទទួលរង​គ្រោះ​តទៅទៀត​។ យើង​ដឹង​ហើយ​ថា ប្រាក់​ជំនួយ​ទាំងអស់​ហ្នឹង​វា​ប៉ះពាល់​ទៅដល់​អ្នកណា​ ? គឺ​ប្រជាពលរដ្ឋ​ខ្មែរ»។

ក្រៅពី​សំណុំរឿង​ឧបឃាត​នេះ មន្ត្រី និង​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត ក៏​រង​ការចោទប្រកាន់​ក្នុង​សំណុំរឿង​ផ្សេងទៀត​ដែរ ដូចជា បទ​រួមគំនិត​ក្បត់ ញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម បទ​ញុះញង់​កុំ​ឱ្យ​យោធិន​ស្ដាប់បង្គាប់​ជាដើម​។ សំណុំរឿង​ទាំងនេះ​មាន​ជនជាប់ចោទ​ជាង ១៣០​នាក់ ហើយ​តុលាការ​បាន​លើក​យក​មក​ជំនុំជម្រះ​ទាំង​ដុំៗ ជា​បន្តបន្ទាប់ ដោយ​មិន​ខ្វល់​អំពី​ភាព​ត្រឹមត្រូវ​នៃ​នីតិវិធី និង​ការរិះគន់​ពី​អង្គការ​ជាតិ និង​អន្តរជាតិ​ឡើយ។

សកម្មជន​គណបក្ស​សង្រ្គោះជាតិ ទទូច​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន គួរ​គិត​ពី​ឯកភាព​ជាតិ​ជាធំ និង​រក​ដំណោះស្រាយ​នយោបាយ ដើម្បី​រួមគ្នា​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​លំបាក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។