អភិបាលរងខេត្តព្រះសីហនុ បានបញ្ជាឲ្យសមត្ថកិច្ចចាប់ខ្លួនអតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ម្នាក់ និងមន្ត្រីសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅឌូ (C.CAWDU)ម្នាក់ក្នុងតំបន់ក្បាលឆាយ ដែលជាកន្លែងមានបញ្ហាដីធ្លី នៅថ្ងៃទី២១ ខែមករានេះ។ អតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនថា នេះជារឿងអយុត្តិធម៌ចំពោះរូបលោក ដោយលោកអះអាងថា មិនបានជាប់ពាក់ព័ន្ធនឹងការតវ៉ារបស់ពលរដ្ឋនោះទេ។
ក្រោយការចាប់ខ្លួនសមត្ថកិច្ចខេត្តព្រះសីហនុ បាននាំខ្លួនអតីតមន្ត្រីបក្ស និងសកម្មជនសិទ្ធិការងារ នៃសម្ព័ន្ធសហជីពស៊ីខៅដូ (C.CAWDU) ទាំងពីរនាក់ទៅ សាកសួរនៅស្នងការនគរបាល ខេត្ត ខេត្តព្រះសីហនុ។ ក្នុងការចាប់ខ្លួន ក្រុមសមត្ថកិច្ចបានរុញច្រានពួកគេផ្កាប់មុខទៅដី និងចាប់វាយខ្នោះ។
ហេតុការណ៍នេះកើតឡើងនៅចំណុចក្រុម១៨ ភូមិ០១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ខណៈពលរដ្ឋមាននៅទីនោះតវ៉ាទាមទារកុំឲ្យអាជ្ញាធរកាត់ដីពួកគេចូលក្នុងតំបន់អភិរក្ស ដែលប្រតិបត្តិការនេះដឹកនាំអភិបាលរងខេត្តលោក ស្រ៊ុន ស្រ៊ន។
អតីតមន្រ្តីគណបក្ស សង្គ្រោះជាតិ ខេត្តព្រះសីហនុ លោក ឆាយ រ័ត្ន ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនឲ្យអាស៊ីសេរីដឹងនៅរសៀលថ្ងៃ២១ ខែមករាថា ក្នុងពេលកើតហេតុនៃការទាមទាររបស់ក្រុមពលរដ្ឋ លោកបានដើរទៅមើលនៅទីនោះ ស្រាប់តែអភិបាលរងខេត្តព្រះសីហនុ លោក ស្រ៊ុន ស្រ៊ន ឃើញរូបលោកហើយបានស្រែកសម្លុតថា ក្រុមប្រឆាំងនឹងបញ្ជាទៅសមត្ថកិច្ចឲ្យចាប់ខ្លួនដោយហិង្សា។ លោកយល់ថា នេះជារឿងអយុត្តិធម៌ណាស់ចំពោះរូបលោក និងស្នើសុំឲ្យដោះលែងរូបលោកវិញ៖ «ខ្ញុំគិតថា អយុត្តិធម៌ណាស់សម្រាប់រូបខ្ញុំ ព្រោះខ្ញុំអត់បានប្រឆាំងអត់បានធ្វើអីចំពោះរូបគាត់ ( អភិបាលរងខេត្ត ) ព្រោះខ្ញុំដើរទៅក្នុងមានជាពលរដ្ឋទៅមើលស្ថានការណ៍អីមួយ»។
លោក ឆាយ រ័ត្ន ជាអតីតចៅសង្កាត់រងទី២ គណបក្សប្រឆាំងកាលពីឆ្នាំ២០១២ ហើយធ្លាប់ជាប់ពន្ធនាគារម្ដងរួចហើយដោយមានការចោទប្រកាន់ករណីជម្លោះដីធ្លីពីតុលាការនៃរបបក្រុងភ្នំពេញ។ ចំណែកលោក ទេព សុផា គឺបុគ្គលិកក្រៅម៉ោង ឬសកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) របស់លោក អាត់ ធន់។
ជុំវិញការចាប់ខ្លួនអ្នកទាំងពីរនេះ អាស៊ីសេរីមិនទាន់អាចមានប្រភព ដើម្បីសុំការបំភ្លឺពីអភិបាលរងខេត្តព្រះសីហនុ លោក ស៊្រុន ស្រ៊ន ដែលចុះអនុវត្តការងារនេះបាននៅឡើយទេ នៅថ្ងៃទី២១ ខែមករា ចំណែកអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ក៏មិនអាចសុំការអត្ថាធិប្បាយបានដែរ ដោយទូរស័ព្ទរបស់លោករោទ៍ជាច្រើនដងគ្មានអ្នកទទួល។
ភរិយារបស់លោក ឆាយ រ័ត្ន លោកស្រី សំសារ៉ាត់ ឲ្យដឹងថា ក្រោយមានការចាប់ខ្លួនស្វាមីលោកស្រី បានទៅជួបនៅស្នងការនគរបាលខេត្តព្រះសីហនុ និងអង្វរសមត្ថកិច្ចឲ្យដោះលែងស្វាមីលោកស្រី ប៉ុន្តែសមត្ថកិច្ចមានស្លាប់ការអង្វរនេះទេ។ លោកស្រីបន្តថា ពេលនេះលោកស្រីបន្តរង់ចាំមើលចំណាត់ការបន្តរបស់សមត្ថកិច្ច៖ «ឥឡូវនេះកំពុងតែនៅសាលាខេត្ត ហើយចាំមើលដំណោះស្រាយមានចំណាត់យ៉ាងណាមិញ គេដាក់បន្ទុកអីខ្លះ»។
អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្ស អាដហុក (Adhoc) នៅក្រុងព្រះសីហនុ លោកស្រី ជៀប សុធាវី ដែលបានចុះទៅជួបលោក ឆាយ រត្ន័ និងលោក ទេព សុផា ក្នុងពេលសមត្ថកិច្ចបញ្ជូនពួកគេមកស្នងការនគរបាលខេត្តព្រះសីហនុ ឲ្យអាស៊ីសេរីដឹងថា អ្នកទាំងពីរបានប្រាប់អ្នកស្រីថា ពួកគេមិនបានជាប់ពាក់ព័ន្ធទៅនឹងការតវ៉ា និងបញ្ហាដីធ្លីនៅតំបន់ក្បាលឆាយទេ។ មន្ត្រីសង្គមស៊ីវិលរូបនេះយល់ថា តំបន់មានបញ្ហាដីធ្លីមាន គឺបានកើតឡើងជាយូរមកហើយ ដូច្នេះអ្នកស្រីយល់ថា អាជ្ញាធរខេត្ត និងអ្នកពាក់ព័ន្ធគួរដោះស្រាយដីជម្លោះនេះ ជាកន្លែងចុងក្រោយ ដែលត្រូវកាត់ឲ្យពលរដ្ឋអាចរស់នៅស្របច្បាប់នៅទីនេះបាន៖ «អាចកាត់ឆ្កៀលដីឲ្យពួកគាត់បានអាជ្ញាធរគួរតែកាត់ឆ្កៀលឲ្យពួកគាត់ទៅព្រោះការរស់នៅពួកគាត់អត់មានដីធំទេ»។
ចំណែកប្រធានសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) លោក អាត់ ធន់ ប្រាប់ថា លោកបានទទួលបានព័ត៌មានលោក ទេព សុផា ដែលជាបុគ្គលិកក្រៅម៉ោងរបស់សហជីពលោក ក្នុងពេលសមត្ថកិច្ចចុះកំណត់ព្រំដីមានបញ្ហាហើយ លោក ទេព សុផា បានសំពះអង្វរសមត្ថកិច្ចកុំឲ្យកាត់ដីពួកគេចូលជាអភិរក្សការពារក្បាលឆាយពេលនោះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង។ លោក អាត់ ធន់ យល់ថា អាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធគួរដោះស្រាយបញ្ហាដោយ សន្តិវិធីនិងត្រូវមានការចាប់ខ្លួនពលរដ្ឋនោះទេ៖ «ក្រសួងដែនដីគួរចុះពិនិត្យមើលហើយ ដោះស្រាយធ្វើម៉េចឲ្យពួកគាត់មកវិញ ហើយបន្ទាប់មកដីដោះស្រាយឲ្យបានសមរម្យតិចទៅ ដើម្បីបញ្ចប់រឿងកុំឲ្យថ្ងៃណាក៏ឈ្លោះគ្នារឿងដីធ្លី»។
ពលរដ្ឋប្រមាណ២០០គ្រួសារ របស់នៅចំណុចក្រុម១៨ ភូមិ០១ សង្កាតលេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាតំបន់ប្រទាញប្រទង់គ្នាដែលត្រូវពលរដ្ឋរស់នៅ និងជាកន្លែងអាជ្ញាធរខេត្តគ្រោងយកដីតំបន់នេះធ្វើជាតំបន់អភិរក្សការពារក្បាលឆាយជាកន្លែង ប្រភពទឹកស្អាតដែលមានទំហំជាង ៩ហិកតា។ ជាងមួយអាទិត្យមកហើយអាជ្ញាធរខេត្តព្រះសីហនុ បានដឹកនាំកម្លាំង និងគ្រឿងចក្រចុះកាយព្រំដី ពលរដ្ឋដែលត្រូវអាជ្ញាធរកាយព្រំដីជាតំបន់ការពារបានតវ៉ាប្រឆាំងតវ៉ាសកម្មភាពកាយព្រំដីនេះ៕

លោក ទេព សុផា សកម្មជនសិទ្ធិការងារនៃសម្ព័ន្ធសហជីព ស៊ីខៅដូ (C.CAWDU) សមត្ថកិច្ចចម្រុះខេត្តព្រះសីហនុ ដឹកនាំដោយអភិបាលរងខេត្ត លោក ស៊្រុន ស្រន បានឃាត់ខ្លួន ជាមួយលោក ឆាយ រ័ត្ន អតីតមន្ត្រីគណបក្ស សង្គ្រោះជាតិ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។
សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍បន្ថែមទៀត នៅក្នុងកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរីក្នុងរាត្រីនេះ...
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។