មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ជួបពិភាក្សាគា្នក្រៅផ្លូវការដើម្បីរៀបចំបើកផ្លូវឲ្យមានកិច្ចចរចារវាងថ្នាក់ដឹកនាំកំពូលនៅពេលខាងមុខ។ កិច្ចពិភាក្សានេះធ្វើឡើង១ថ្ងៃ បន្ទាប់ពីប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៉ី ប្រកាសស្នើឲ្យមានកិច្ចចរចារវាងមេដឹកនាំគណបក្ស ចាប់ពីថ្ងៃទី២១ ខែកក្កដា តទៅ។
មន្ត្រីអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យដឹងថា ក្រុមការងាររបស់គណបក្សទាំងពីរពិភាក្សាគ្នាក្រៅផ្លូវការនៅល្ងាចថ្ងៃទី២០ ខែកក្កដា។ កិច្ចចរចានោះពិភាក្សាពីរបៀបវារៈនៃកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំកំពូល ព្រមទាំងកាលបរិច្ឆេទចរចារបស់ថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរទៀតផង៖ «ក្រុមការងារបច្ចេកទេសនៃកិច្ចចរចាកំពុងតែជជែកគ្នាពីបញ្ហាចរចានៅពេលខាងមុខ ហើយបើបានលទ្ធផលយ៉ាងម៉េចយើងនឹងជម្រាបជូននៅពេលក្រោយតំណាងក្រុមការងារបច្ចេកទេសកំពុងធ្វើការជាមួយគ្នាហើយ»។
ផ្ទុយទៅវិញ លោក គួយ ប៊ុនរឿន មានប្រសាសន៍ថា លោកកំពុងរង់ចាំចម្លើយតបពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា ជុំវិញថ្ងៃកំណត់នៃជំនួបរវាងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ។ លោកបន្តថា លោកមិនបានជួបពិភាក្សាគ្នាជាមួយលោក ព្រុំ សុខា នៅថ្ងៃទី២០ ខែកក្កដា ដូចដែលលោក យឹម សុវណ្ណ មានប្រសាសន៍ទេ។ ប៉ុន្តែលោកបានជួបពិភាក្សាជាមួយលោក ព្រុំ សុខា តាំងពីថ្ងៃទី១៨ ខែកក្កដា មកម្ល៉េះ ហើយភាគីទាំងពីរពិភាក្សាគ្នាពីរូបមន្តថ្មីនៃការជ្រើសតាំងសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
ទាក់ទងនឹងរូបមន្តថ្មីនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងក្នុងវេទិការអ្នកស្តាប់វិទ្យុអាស៊ីសេរីថា គណបក្សសង្គ្រោះជាតិ ចង់ឲ្យសង្គមស៊ីវិលចូលរួមក្នុងសមាភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ រូបមន្តថ្មីរបស់លោក កឹម សុខា គឺសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតអាចមាន ៩នាក់ ដោយ ៣នាក់ជាបេក្ខភាពរបស់បក្សប្រឆាំង ៣នាក់ ជាបេក្ខភាពមកពីបក្សកាន់អំណាច និង ៣នាក់ជាបុគ្គលឯករាជ្យមកពីសង្គមស៊ីវិល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។