បក្ស​​​ប្រឆាំង​​រិះគន់​​​បេក្ខជន​​​​ប្រធានគជប​​ ថា​​អសមត្ថភាព​កិច្ចការ​​​បោះ​ឆ្នោត​​​​និង​​​​​ក្រោម​ឥទ្ធិពល​បក្ស​កាន់​អំណាច​​​​

0:00 / 0:00

គណៈ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ឯក​បក្ស​​ សម្រេច​បញ្ជូន​ឈ្មោះ​​​បេក្ខជន ​​២ ​នាក់​ទៅ​ឲ្យ​​បក្ស​កាន់​អំណាច​​​ ដើម្បី​ជ្រើសរើស​ជា​​ប្រធាន គ.ជ.ប ជំនួស​ លោក ស៊ិក ប៊ុនហុក ដែល​បាន​លាលែងពីតំណែង​។ ​អ្នក​នាំ​ពាក្យ​រដ្ឋសភាលោក ឡេង ប៉េងឡុង ​ប្រាប់​អាស៊ី​សេរី​ថា ​នៅ​ក្នុង​កិច្ច​ប្រជុំ​​តាម​​ប្រព័ន្ធ​​អ៊ីនធឺណិត​​​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ គណៈ​​អចិន្ត្រៃយ៍​យល់​ថា​ បេក្ខជន ​​២ នាក់​​​​​​ដែល​​ស្រប​​តាម​លក្ខន្តិកៈ​ប្រធាន​ គ.ជ.ប គឺ​​ម្នាក់​ជា​សមាជិក​រដ្ឋ​សភា ​និង​ជា​អតីត​អភិបាល​ខេត្តបាត់បំដង​ ​លោក ប្រាជ្ញ ច័ន្ទ និង​​ម្នាក់​​ទៀត​ ជា​​​​​អតីត​​​អភិបាល​រង​ខេត្ត​ព្រះវិហារលោក ការ លាន​។

លោក​អះអាង​ថា ​​អ្នក​ទាំង ​២ ​សុទ្ធ​តែ​ធ្លាប់​មាន​បទ​ពិសោធន៍​ការងារ​ច្រើន​ជាង ​១០ ​ឆ្នាំ និង​​មាន​សមត្ថភាព​គ្រប់គ្រាន់។​​ ​​លោក​​បន្តថា ​​តាម​នីតិវិធី ​ក្រោយ​ការ​សម្រេច​នេះ​ហើយ​ ​​រដ្ឋសភា​​នឹង​បញ្ជូន​ឈ្មោះ​បេក្ខជន​ទាំង​ ២ ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​​​នីតិ​សម្បទា​ស្នើសុំ​បេក្ខជន​ប្រធាន​ គជប ​ជ្រើសរើស​​ម្នាក់​ ហើយ​បញ្ជូន​ឈ្មោះ​មក​រដ្ឋ​សភា​វិញ ដើម្បី​អនុម័ត​សម្រេច​តែ​ម្ដង៖ «តាម​ច្បាប់​យើង​រើស​ជា​សាធារណៈ​បើក​ចំហ ​​តម្លាភាព គឺ​ថា​អ្នក​ណា​ក៏​អាច​ដាក់​ពាក្យ​បាន​ដែរ​ឲ្យ​តែ​មាន​​សមត្ថភាព​គ្រប់​គ្រាន់​តាម​លក្ខខណ្ឌ​នៃ​ច្បាប់ ​គឺ​មាត្រា ​៥ ​នៃ​ច្បាប់​ស្ដីពី​ការ​រៀបចំ​ការ​ប្រព្រឹត្តិ​ទៅ​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​។​ អ៊ីចឹង​ ២​នាក់​ហ្នឹង គាត់​បាន​ដាក់​ពាក្យ​​តាម​លក្ខខណ្ឌ គាត់​មាន​លក្ខណៈ​គ្រប់​គ្រាន់​ហើយ​»។​​​​

​រដ្ឋសភា​​​​​​បាន​ប្រកាស​​ឲ្យ​សាធារណជន​​ទូទៅ​​​ដាក់​​ពាក្យ​​​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ក្រោយ​ពេល​​ លោក ស៊ិក ប៊ុនហុក ​បាន​ដាក់​ពាក្យ​សុំ​​លាលែង​​ក្រោម​ហេតុផល​មាន​​បញ្ហា​សុខភាព​ កាល​ពី​ដើម​ខែ​មិថុនា​។ ​ក្រោយ​មក​មាន​​បេក្ខជន​ ​៤ នាក់ បាន​ដាក់​ពាក្យ​។ ​តែ​​​លោក​ ឡេង ប៉េងឡុង​ ​មិន​ដឹង​ហេតុ​នៃ​ការ​បាត់​ឈ្មោះ​បេក្ខជន​ ២ នាក់​ផ្សេង​ទៀត​ទេ។​​

ទោះ​ជា​យ៉ាង​ណា គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​ហាក់​គ្មាន​ជំនឿ​ថា​ ​សមាសភាព​បេក្ខជន​ប្រធាន​ គជប ​ថ្មី​នេះ អាច​​ជួយ​ឲ្យ​កិច្ចការ​បោះឆ្នោត​វិវត្តន៍​មក​ភាព ​​ល្អ​ប្រសើរ​​វិញ​​បាន​ទេ​។

ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ​លោក ម៉ន ផល្លា​​ ដែល​​​​សកម្ម​ក្នុង​កិច្ចការ​បោះឆ្នោត​ ​យល់​ថា ​បេក្ខជន​ថ្មី​ទាំង ​២ ​​នាក់​របស់​​​គណបក្ស​ប្រជាជន​កម្ពុជា​​​​​ មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​លើ​​ផ្នែក​កិច្ចការ​ងារ​​បោះ​ឆ្នោត​ទេ។ ​បន្ថែម​ពី​នេះ​ លោកសង្កេត​ឃើញ​ថា ​​សមាជិក​​បក្ស និង​ជា​អតីត​​​​​មន្ត្រី​រដ្ឋបាល​​​ខេត្ត​ទាំង ​២ ​នាក់​នេះ ​ច្រើន​តែ​ចេញ​មុខ​សម្លុត​​ពលរដ្ឋ​​និង​ការពារ​ប្រយោជន៍​បក្ស​​ច្រើន​ជាង​ប្រយោជន៍​​សាធារណៈ​។

លោក ម៉ន ផល្លា បន្ត​ថា ​​គណបក្ស​កាន់​អំណាច​​គួរ​តែ​បើក​ឱកាស​​ឲ្យ​​​មន្ត្រី​សង្គម​ស៊ីវិល​​ដែល​​មាន​ភាព​​ឯករាជ្យ និង​​មាន​ជំនាញ​ច្បាស់លាស់​​ ឲ្យ​ទទួល​តំណែង​ជា​ប្រធាន​ គ.ជ.ប​​ ទើប​អាច​ជួយ​ដល់​​កិច្ចការ​បោះឆ្នោត​បាន​។ ​ជាង​នេះ​ទៅ​ទៀត មន្ត្រី​បក្ស​ប្រឆាំង​រូប​នេះ​​នៅ​តែ​ទាមទារ​​ឲ្យ​​មាន​​វត្តមាន​​គណបក្ស​សង្គ្រោះ​ជាតិ​​​នៅ​កម្ពុជា​​ទើប​ការ​​បោះឆ្នោត​​​​អាច​​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​ ត្រឹមត្រូវ​ យុត្តិធម៌​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​៖ « ឥស្សរជន​នយោបាយ​មាន​នៅ​ក្នុង​ប្រទេស​ក៏​ដូចជា​អង្គការ​សង្គម​ស៊ីវិល​ដែល​មាន​បទ​ពិសោធន៍​នៅ​ក្នុង​កិច្ចការ​បោះឆ្នោត​ជាតិ​​​​និង​អន្តរជាតិ​ដើម្បី​ក្លាយ​ទៅ​ជា​មេដឹកនាំ​នៅ​ក្នុង​ស្ថាប័ន​នៅ​ក្នុង​ការ​រៀបចំ​បោះ​​ឆ្នោត​​។ ​​អ៊ីចឹង​​សមាសភាព​ទាំង​អស់​នោះ ខ្ញុំ​គិត​ថា​ នៅ​ស្រុក​ខ្មែរ​យើង​ពិត​ជា​មាន​តែ​អ្វី​ដែល​សំខាន់​ គឺ​ឆន្ទៈ​របស់​មេដឹកនាំ​​របស់​របប​ក្រុង​ភ្នំពេញ​បច្ចុប្បន្ន​គាត់​មិន​មាន​ឆន្ទៈ​នូវការ​ធ្វើ​បែប​នេះ​ពីព្រោះ​គាត់​បារម្ភ​ថា មិន​អាច​ធានា​បាន​នូវ​ការ​ជោគជ័យ​របស់​គាត់​»។

​​​​​​​​​​​​​​​​​​​​​ លោក ប្រាជ្ញ ច័ន្ទ ​ធ្លាប់​​​មាន​រឿង​អាស្រូវ​ច្រើន​ជាង​ស្នាដៃ​ ក្នុង​ពេល​​លោក​កាន់​តំណែង​​​​ជា​មន្ត្រី​រដ្ឋបាល​សាធារណៈ​ ដូចជា​​ការ​​ដោះដូរ​ដី និង​លក់​ដី​​​​ ​អគារ​​​​​របស់​រដ្ឋ​​​​ ​ស្រះ​ទឹក​បូរាណ​ច្រើន​កន្លែង​​ ដោយ​ពុំ​បាន​ដេញ​ថ្លៃ​ជា​សាធារណៈ​​​ ក្នុង​ពេល​លោក​​កាន់​តំណែង​ជា​អភិបាល​ខេត្ត​បាត់ដំបង​ ជាង​ ១០​ ឆ្នាំ (២០០១ ដល់​២០១៤)​។​​ បន្ថែម​ពី​នេះ ​លោក ប្រាជ្ញ ច័ន្ទ ​បាន​​រៀបចំ​​រចនា​សម្ព័ន្ធ​​ដាក់​បក្ស​ពួក និង​សាច់ញាតិ​នៅ​ក្នុង​​តួនាទី​សំខាន់​របស់​រដ្ឋបាល​ខេត្ត​​បាត់ដំបង​​ទៀត​ផង។​ សាច់​ញាតិ​របស់​លោក​​ទៀត​សោត ក៏​ជា​អាជីវករ​មាន​ភាគហ៊ុន​ច្រើន​លើស​លប់​ លើ​ទ្រព្យ​សម្បត្តិ​រដ្ឋ និង​ឯកជន​នៅ​ខេត្ត​បាត់ដំបង។

ជុំវិញ​ករណី​​បេក្ខជន​ប្រធាន​គជប​ថ្មី​នេះ អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី​១៥​ខែមិថុនា។

អ្នក​សម្រប​សម្រួល​និង​អង្កេត​នៃ​អង្គការ​ខុមហ្វ្រ៊ែលលោក កន សាវាង្ស មិន​ទាន់​អាច​វាយ​តម្លៃ​​ពី​សមត្ថភាព និង​ប្រសិទ្ធភាព​​បេក្ខជន​ថ្មី​ទាំង​ ២ ​នេះ​ទេ ដោយសារ​លោក​រង់ចាំ​មើល​សកម្មភាព​ការងារ​សិន។​ ទោះ​យ៉ាង​ណា សង្គម​ស៊ីវិល​រូប​នេះ​ សង្កេត​ឃើញ​ថា​​ ក្រោយ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​មក​ ​ គ.ជ.ប​ ​​ខុស​ពី​ទម្រង់​ដើម​ ព្រោះ​សមាសភាព​​​​នៃ​ស្ថាប័ន​នេះ ​មិនមែន​ជា​បុគ្គល​​ដែល​ជ្រើសតាំង​ដោយ​គណបក្ស​មាន​អាសនៈ​ក្នុង​រដ្ឋ​សភា ដែល​ទទួល​បាន​សំឡេង​​​គាំទ្រ​ពី​​​ប្រជា​ពល​រដ្ឋ​តាម​រយះ​ការ បោះឆ្នោត​ថ្នាក់​ជាតិ​នោះ​ទេ។

លោក កន សាវាង្ស​ បន្ត​ថា ​ការ​​​ប្រកាស​ជ្រើស​រើស​សមាសភាព​​ គជប ជា​សាធារណៈ​គ្រាន់​​តែ​​ជា​​នីតិវិធី​​ តែ​ចុង​ក្រោយ​​គឺ​​គណបក្ស​នយោបាយ​ជា​អ្នក​សម្រេច​ដដែល​។​ លោក​យល់​ថា ​ដើម្បី​ឲ្យ​​សមាសភាព​គជប​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ​រដ្ឋសភា​​ត្រូវ​កែ​ប្រែ​រូប​មន្ត​ជ្រើស​តាំង​​សមាសភាព​គ.ជ.ប​ឡើងវិញ​ ដោយ​ត្រូវ​​​ទទួល​យក​គំនិត យោបល់​​​​ពី​​​​គ្រប់​ភាគី​​ពាក់ព័ន្ធ៖ «ទោះ​បី​ថា នៅ​ក្នុង​ច្បាប់​មាន​ថា​ កាល​ណា​ចូល​ជា​បេក្ខភាព​ គជប​ ត្រូវ​លាលែង​ពី​គណបក្ស​នយោបាយ​ឬ​ក៏​ថា​ត្រូវ​តែ​មិន​មាន​និន្នាការ​​គណបក្ស​នយោបាយ​យ៉ាង​ណា​ក៏​ដោយ​​ ក៏​​ប៉ុន្តែ​ចង់​មិន​ចង់​នៅ​តែ​មើល​ឃើញ​ថា​បក្ស​ជា​ធំ​ដដែល​ទេ​»។

រដ្ឋសភា​បាន​កែប្រែ​លក្ខន្តិកៈ​ជ្រើសរើស​ប្រធាន​និង​សមាជិក​​​របស់​គជប​​ឡើងវិញ​ កាល​ឆ្នាំ២០១៥ ក្រោយ​ពេល​​អតីត​ប្រធាន​ស្ថាប័ន​នេះ គឺ​លោក អ៊ឹម សួស្ដី ​​រង​ការ​រិះគន់​ថា​ ​​ធ្វើការ​មិន​ឯករាជ្យ​ និង​​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​ឲ្យ​បក្ស​កាន់​អំណាច។ ​បន្ទាប់​មក​​​គណ​បក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​​ជ្រើស​រើស​សមាសភាព​គជប​​តាម​​រូបមន្ត ៤-៤-១ ​វិញ​។

តែនៅ​ឆ្នាំ​២០១៧​​ ក្រោយ​ការ​រំលាយ​បក្ស​ប្រឆាំង​ភ្លាម​ ​ថ្នាក់​ដឹកនាំ​ គ.ជ.ប ​៣ ​រូប​​​នៃ​​កូតា​​គណបក្ស​សង្គ្រោះ​ជាតិ​​បាន​លា​លែង​​​តំណែង​​ដោយ​​អះអាង​ថា​​ ​ការ​អវត្តមាន​បក្ស​ប្រឆាំង​​ ​​​មិន​អាច​ធ្វើ​ឲ្យ​ ​គជប ក្លាយ​ជា​ស្ថាប័ន​​ឯករាជ្យ​​បាន​ទេ​​។ ​ទន្ទឹម​គ្នា​នោះ​ ប្រទេស​​ម្ចាស់​ជំនួយ​នៃ​លោក​សេរី​​ទាំង​អស់​បាន​ផ្ដាច់​ជំនួយ​​ទាំង​ស្រុង​​ភ្លាមៗ​​ពី​​គជប​រហូត​ដល់​បច្ចុប្បន្ន​​​។​​​រដ្ឋសភា​ឯ៑ក​បក្ស​ក៏​​បាន​លើក​បន្តុប​​អ្នក​មាន​និន្នាការ​គាំទ្រ​​បក្ស​​ប្រជាជន​​ឲ្យ​​​​មក​​ជំនួស​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។