គណបក្សសង្គ្រោះជាតិ ចេញសេចក្តីប្រកាសថា ពុំមានគោលការណ៍ ឬផែនការឲ្យសមាជិកសមាជិកា និងអ្នកគាំទ្រនៅសហរដ្ឋអាមេរិក និងប្រទេសកាណាដា រៀបចំធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅសហរដ្ឋអាមេរិក នៅខែកុម្ភៈ ខាងមុខនោះទេ។
ការចេញសេចក្តីប្រកាសព័ត៌មានបដិសេធនៅរសៀលថ្ងៃទី២៥ ខែមករា នេះ នៅបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទថា គណបក្សសង្គ្រោះជាតិ រៀបចំផែនការបាតុកម្មប្រឆាំងរូបលោកនៅរដ្ឋកាលីហ្វ័រញ៉ា (California) ហើយព្រមានធ្វើបាតុកម្មជំទាស់មេបក្សប្រឆាំងវិញ។
សារឆ្លើយឆ្លងនេះ កើតឡើងដោយសារម្ចាស់គណនីហ្វេសប៊ុកម្នាក់ បានសរសេរយោបល់ (Comment) នៅលើគណនីហ្វេសប៊ុករបស់ លោក ហ៊ុន សែន ថា ពលរដ្ឋខ្មែរអាមេរិកាំង នឹងធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្ត្រី នៅពេលលោកធ្វើដំណើរទៅចូលរួមកិច្ចប្រជុំមេដឹកនាំកំពូលនៃមេដឹកនាំប្រទេសសមាគមអាស៊ានទាំង១០ នាសហរដ្ឋអាមេរិក នៅខែកុម្ភៈ មុនពេល លោក បារ៉ាក់ អូបាម៉ា (Barack Obama) ចប់អាណត្តិ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។