គណបក្សសង្គ្រោះជាតិប្រកាសថា មិនជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សថ្មីនោះទេ។ អ្នកវិភាគសង្កេតឃើញថា លិខិតបដិសេធនេះបញ្ជាក់ថា គណបក្សនេះរក្សាជំហរក្នុងទាមទារឲ្យមានគណបក្សសង្គ្រោះជាតិក្នុងឆាកនយោបាយ ហើយក្បាលម៉ាស៊ីនដឹកនាំបក្សនៅតែមានលោក កឹម សុខា និងលោក សម រង្ស៊ី ដដែល។
គណបក្សសង្គ្រោះជាតិចេញលិខិតបដិសេធចំពោះមតិដែលថា មានថ្នាក់ដឹកនាំមួយចំនួននៃគណបក្សនេះ ជាប់ពាក់ព័ន្ធជាមួយគណបក្សនយោបាយថ្មីខ្លះដែលបានចាប់ផ្ដើម ឬគ្រោងធ្វើសកម្មភាពនយោបាយនៅកម្ពុជា។
អនុធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ឲ្យវិទ្យុអាស៊ីសេរីដឹងថា លិខិតបដិសេធចុះថ្ងៃទី ១៣ សីហា នេះធ្វើឡើងដើម្បីបញ្ជាក់ថា គណបក្សសង្គ្រោះជាតិនៅតែរក្សាការតស៊ូរបស់ខ្លួនដែលមិនមែនជាការជ្រើសរើសបើកបក្សថ្មីក្នុងចូលរួមសកម្មភាពនយោបាយនោះទេ។ លោកបញ្ជាក់ថា ផ្លូវដែលគណបក្សសង្គ្រោះជាតិទាមទារ គឺឲ្យមេដឹករបបក្រុងភ្នំពេញទម្លាក់បទចោទលើលោក កឹម សុខា និងសកម្មជនគណបក្សនេះដែលកំពុងជាប់ឃុំ និងត្រូវផ្ដល់ឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញ៖ «គឺយើងបានសម្រេចបដិសេធពាក្យចចាមអារាមហ្នឹងព្រោះពួកយើងនៅតែក្នុងគណបក្សសង្គ្រោះជាតិនៅតែតស៊ូក្រោមឆ័ត្ររបស់គណបក្សសង្គ្រោះជាតិ ដើម្បីតាំងនឹងជនផ្ដាច់ការដើម្បីទាមទារពួកយើងអត់មានទាក់ទងនឹងបក្សថ្មីណាមួយដែលគេបានបង្កើតនិងកំពុងបង្កើតនោះទេ»។
អនុប្រធានគណបក្សប្រឆាំងរូបនេះឲ្យដឹងទៀតថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងនៅក្រៅប្រទេសកំពុងធ្វើការជាមួយសហគមន៍អន្តរជាតិ និងទទួលបានជោគជ័យផ្នែកការទូត។ លោកឲ្យដឹងទៀតថា លទ្ធផលទាំងនោះគឺបណ្ដាប្រទេសជាមិត្តនានាកំពុងដាក់ទណ្ឌកម្មលើរបបលោក ហ៊ុន សែន ជាបន្តបន្ទាប់។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ សុំមិនអត្ថាធិប្បាយលើរឿងនេះទេដោយលោកនិយាយថា ជារឿងរបស់គណបក្សសង្គ្រោះជាតិ។
នេះមិនមែនជាលើកទី១ទេ ដែលថ្នាក់ដឹកនាំកំពូលនៃគណបក្សសង្គ្រោះជាតិចេញមុខបដិសេធការជាប់ពាក់ព័ន្ធនឹងការបង្កើតបក្សថ្មី។ ថ្មីៗនេះ ប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា បានថ្លែងតាមរយៈមេធាវីរបស់លោកថា បុគ្គល ឬក្រុមណាដែលមានបំណងបង្កើត កំពុងបង្កើត ឬបានបង្កើតគណបក្សនយោបាយ ឬចលនានយោបាយណាមួយ សូមកុំយកករណី ឬឈ្មោះលោក កឹម សុខា ទៅភ្ជាប់ពាក់ព័ន្ធជាមួយ។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយបណ្ឌិត សេង សារី សង្កេតឃើញថា លិខិតបដិសេធរបស់គណបក្សសង្គ្រោះជាតិពេលនេះ ជាការបង្ហាញថា គណបក្សសង្គ្រោះជាតិរក្សាជំហរមានមេដឹកនាំលោក កឹម សុខា និងលោក សម រង្ស៊ី ដដែល។ លោកបន្តទៀតថា លិខិតនេះ ក៏ដើម្បីកុំឱ្យបុគ្គលមួយចំនួនដែលឆ្លៀតលាបពណ៌ និងចោទប្រកាន់ធ្វើបាបគណបក្សថ្មីៗដែលត្រៀមចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខដែរ៖ «អាចទាក់ទងនឹងច្បាប់ទាក់ទងគណបក្សនយោបាយថ្មីដែលអាចចោទប្រកាន់លើគណបក្សថ្មីណាមួយដែលមានពាក់ព័ន្ធជាមួយគណបក្សសង្គ្រោះជាតិឬក៏ពាក់ព័ន្ធនឹងមន្ត្រីជាន់ខ្ពស់ដែលមានទោសហ្នឹងអាចធ្វើឲ្យមានគ្រោះថ្នាក់ដល់បក្សតូចៗហ្នឹងអ៊ីចឹងសេចក្ដីប្រកាសហ្នឹងជារឿងមួយដែលល្អ»។
គណបក្សកាន់អំណាចធ្វើវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយនិងបានចែងជាមាត្រាថា គណបក្សនយោបាយណាជាប់ពាក់ព័ន្ធនិងទណ្ឌិតនឹងត្រូវផ្អាកសកម្មភាព ឬរំលាយគណបក្សនោះចោល។
គិតមកដល់ពេលនេះអតីតមន្ត្រីគណបក្សនេះជាង ២០នាក់ ក្នុងចំណោម ១១៨នាក់ បានសុំសិទ្ធិធ្វើនយោបាយ។ អ្នកទាំងនោះបានបង្កើតគណបក្សនយោបាយថ្មីៗចំនួន០៦បក្ស ក្នុងនោះបីបក្សទទួលបានសិទ្ធិពេញក្នុងការធ្វើសកម្មភាពនយោបាយ និងបីបក្សទៀតកំពុងរៀបចំឯកសារ និងកំពុងស្នើចុះបញ្ជីផ្លូវការនៅក្រសួងមហាផ្ទៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។