សមាជិកក្រុមប្រឹក្សាបក្សសង្គ្រោះជាតិខេត្តកំពង់ឆ្នាំងហែញត្តិដាក់ជូនតំណាងរាស្ត្រ
2014.09.30

សមាជិកក្រុមប្រឹក្សាឃុំ ស្រុក និងខេត្តរបស់គណបក្សសង្គ្រោះជាតិប្រមាណ ៥០នាក់ នាំគ្នាដង្ហែញត្តិដាក់ជូនអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣០ កញ្ញា។ គោលបំណងនៃការដាក់ញត្តិនេះ គឺចង់ឲ្យអ្នកតំណាងរាស្ត្របញ្ជូនញត្តិបន្តទៅប្រធានរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីជួយអន្តរាគមន៍ទៅក្រសួងមហាផ្ទៃ ក្នុងការធ្វើសេចក្ដីណែនាំ និងកំណត់អំពីនីតិវិធីឲ្យបានច្បាស់លាស់ឡើងវិញ ចំពោះការបង្កើតគណៈកម្មាធិការថ្នាក់ក្រោមជាតិចំនួនបីដែលខ្លួនចោទថា មានភាពមិនប្រក្រតីក្នុងដំណើរអភិវឌ្ឍន៍។
គណៈកម្មាធិការទាំងបី រួមមាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស និងគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មរបស់រដ្ឋបាល រាជធានី ខេត្តក្រុង ស្រុកខណ្ឌ។ គណៈកម្មាធិការទាំងនេះត្រូវបានគណបក្សប្រឆាំងចោទថា ធ្វើការពុំមានតម្លាភាព និងប្រសិទ្ធភាពក្នុងដំណើរការអនុវត្តការងារនានា កន្លងទៅ។
សមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង នៃគណបក្សសង្គ្រោះជាតិ លោក កែវ ថៃ មានប្រសាសន៍ថា តំណាងសមាជិកក្រុមប្រឹក្សាស្រុក និងខេត្តចំនួន ៣៥រូប ដែលមានឈ្មោះនៅក្នុងញត្តិថ្ងៃនេះសង្ឃឹមថា ស្ថាប័នរដ្ឋសភា និងព្រឹទ្ធសភាពិចារណាចំពោះសំណើសុំរបស់ខ្លួន រួចជំរុញទៅក្រសួងមហាផ្ទៃ ឲ្យរៀបចំឡើងវិញនូវគណៈកម្មាធិការទាំងបី ដើម្បីឲ្យមានសមាសភាពមកពីគ្រប់គណបក្សនយោបាយដែលមានអាសនៈនៅក្រុមប្រឹក្សាបានចូលក្នុងជួរគណៈកម្មាធិការ។
លោកបន្ដថា ប្រសិនបើសំណើនេះទៅរួច គឺអាចធានាឲ្យបាននូវគណនេយភាព តម្លាភាព ប្រសិទ្ធភាព និងការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅថ្នាក់ក្រោមជាតិ៖ «ទាមទារឲ្យសមាជិកក្រុមប្រឹក្សាមកពីគណបក្សដែលអាសនៈក្នុងក្រុមប្រឹក្សាត្រូវតែមានមួយរូបនៅក្នុងគណៈកម្មាធិការនីមួយៗ ដើម្បីទៅតាមដានមើល ដឹងឮក្នុងរឿងអ្វីសព្វបែបយ៉ាងទាំងអស់ដែលបង្កើត ឬធ្វើអ្វីមួយនៅក្នុងគណៈកម្មាធិការហ្នឹង។ ហើយមកដល់ពេលនេះសមាជិកក្រុមប្រឹក្សាគ្រប់រូបអត់ដឹងអីទេក្រៅពីទទួលព័ត៌មានតិចតួចបំផុតនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សា»។
ទាក់ទងបញ្ហានេះ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អ្នកស្រី ដោក សុទ្ធា ធ្លាប់បញ្ជាក់ថា សម្រាប់ខេត្ដកំពង់ឆ្នាំង គណៈកម្មាធិការទាំងបីត្រូវបានបង្កើតឡើងរួចហើយតាំងពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដូច្នេះការតវ៉ាទាមទារណាមួយឲ្យមានការរុះរើឡើងវិញនោះ នឹងមិនអាចធ្វើទៅរួចឡើយ។ ចំណែកមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ថ្លែងថា ក្រសួងនឹងធ្វើការពិចារណាលើចំណុចទាមទារនៅក្នុងញត្តិរបស់មន្ត្រីគណបក្សប្រឆាំងនោះ ប្រសិនបើមានកិច្ចអន្តរាគមន៍ណាមួយពីខាងរដ្ឋសភា ប៉ុន្តែក្រសួងក៏មានសិទ្ធិឆ្លើយតប ឬបដិសេធចំពោះសំណើនេះ ដោយផ្អែកលើច្បាប់គ្រប់គ្រងរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ដែលមានស្រាប់។
លោក ខៀវ សុភ័គ៖ «គាត់មានសិទ្ធិទាមទារ ក្រសួងមហាផ្ទៃ មានសិទ្ធិសម្រេចតាមច្បាប់។ ជាធម្មតាការទាមទាររបស់គាត់ភាគច្រើន គឺតាមតម្រូវចិត្តគាត់ចង់បាន ជួនកាលវាខុសច្បាប់ ច្បាប់មិនចែងអ៊ីចឹងផង»។
លោកបន្ថែមថា គណៈកម្មាធិការមានសមាសភាពពី៥ ទៅ ៧រូប ទៅតាមទំហំនៃចំនួនការងាររបស់គណៈកម្មាធិការនីមួយៗ។ ប្រធាននិងអនុប្រធាន ឬសមាជិកនៃគណៈកម្មាធិការទាំងនោះមិនបានកំណត់កូតាថា ត្រូវតែបញ្ចូលសមាជិកក្រុមប្រឹក្សាពីខាងគណបក្សកាន់អំណាចប៉ុន្មាន ឬគណបក្សប្រឆាំងប៉ុន្មាននោះទេ គឺអាស្រ័យទៅលើការបោះឆ្នោតរៀបចំគណៈកម្មាធិការទាំងនោះ។
នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល (comfrel) លោក គល់ បញ្ញា ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីថា ការជ្រើសរើសសមាសភាពចូលក្នុងជួគណៈកម្មាធិការដោយផ្អែកលើការបោះឆ្នោត គឺនាំឲ្យគណបក្សមានសំឡេងភាគច្រើនក្នុងក្រុមប្រឹក្សារារាំងគណបក្សផ្សេងៗទៀតដែលមានសំឡេងភាគតិច មិនឲ្យមានឱកាសបានចូលក្នុងគណៈកម្មាធិការទាំងបីនេះឡើយ។ ប៉ុន្តែលោកថា បញ្ហានេះគេអាចជជែកគ្នា និងរៀបចំគណៈកម្មាធិការឡើងវិញបាន។
លោក គល់ បញ្ញា៖ «ធ្វើម៉េចយើងយកស្មារតី នៃគោលការណ៍មួយឲ្យមានការចូលរួមពេញលេញពីគណបក្សផ្សេងៗនៅគ្រប់គណៈកម្មាធិការហ្នឹង អាហ្នឹងជាការមួយល្អណាស់ ដើម្បីធានានូវដំណើរការនៅថ្នាក់ក្រោមជាតិមួយដែលមានតម្លាភាព មានអភិបាលកិច្ចល្អ»។
ក្រុមសមាជិកក្រុមប្រឹក្សាគណបក្សប្រឆាំងនាំគ្នាដង្ហែញត្តិចេញពីស្នាក់ការបក្សរបស់ខ្លួននៅម្ដុំសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ចម្ងាយប្រមាណជា ៥០០ម៉ែត្រ ឆ្ពោះមកការិយាល័យតំណាងរាស្ត្រ ឋិតនៅក្បែរសាលាខេត្តកំពង់ឆ្នាំង។ ក្រុមអ្នកដង្ហែញត្តិប្រដាប់ដោយទង់ជាតិជាច្រើនផ្ទាំង បានរំសាយទៅវិញ បន្ទាប់ពីមន្ត្រីប្រចាំការិយាល័យតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង លោក វង្ស វិបុល ចេញមកទទួលយកញត្តិនោះ និងហៅតំណាងពួកគេចំនួន ៤នាក់ទៅពិភាក្សាដោយសន្យាថា នឹងបញ្ជូនញត្តិពួកគេឲ្យដល់រដ្ឋសភាក្នុងរយៈពេលយ៉ាងយូរបីថ្ងៃក្រោយ៕