តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ពីរ​រូប​ស្នើ​សមត្ថកិច្ច​ស៊ើប​អង្កេត​លើ​សម្ដី​របស់​លោក ឈាង វុន

0:00 / 0:00

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប ច្រាន​ចោល​សម្ដី​របស់​តំណាង​រាស្ត្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ដែល​ថា ពួក​គាត់​មាន​ចេតនា​ចេញ​ពី​រដ្ឋសភា ឲ្យ​ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា វាយ​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ។ ពួក​គេ​ថា សម្ដី​របស់ លោក ឈាង វុន មិន​ស្មើ​នឹង​កូន​ក្មេង​និយាយ​ឡើយ។ រីឯ​ក្រុម​សង្គម​ស៊ីវិល ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក ឈាង វុន គឺ​ដើម្បី​យក​រួច​ខ្លួន និង​បង្ហាញ​ឲ្យ​ឃើញ​ថា រដ្ឋាភិបាល​ខ្វះ​សមត្ថភាព​ការពារ​សន្តិសុខ​ជូន​ពលរដ្ឋ និង​តំណាង​រាស្ត្រ​គ្រប់​និន្នាការ​នយោបាយ។

ឈុត​ឆាក​វាយ​តប់​លើ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ពីរ​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា នៅ​ជាប់​របង​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥ កន្លង​ទៅ ត្រូវ​បាន​មជ្ឈដ្ឋាន​ទូទៅ​សង្កេត​ឃើញ​ថា គឺ​ជា​ការ​រៀបចំ​របស់​គណបក្ស​កាន់​អំណាច ហើយ​គ្មាន​ហេតុផល​ណា​មួយ​ដែល​តំណាង​រាស្ត្រ​រងគ្រោះ​ទាំង​ពីរ ចេញ​ពី​រដ្ឋសភា​សំដៅ​ទៅ​ឲ្យ​ក្រុម​បាតុករ ព្រួត​វាយ​ស្ទើរ​ស្លាប់​ស្ទើរ​រស់​នោះ​ទេ។

តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។
តំណាងរាស្ត្រគណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៦។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក គង់ សភា ដែល​ត្រូវ​បាន​ក្រុម​បាតុករ​ជា​មនុស្ស​ប្រុស​ពេញ​កម្លាំង ចោមរោម​វាយ​ទាត់​ធាក់​ឲ្យ​ដួល​សន្លប់​នឹង​កន្លែង ដោយ​មាន​របួស​បាក់​ខ្ទង់​ច្រមុះ​នោះ ថ្លែង​ថា ការ​លើក​ឡើង​របស់ លោក ឈាង វុន នោះ គឺ​មិន​ស័ក្តិសម​ជា​ឧត្តម​មន្ត្រី និង​ជា​តំណាង​រាស្ត្រ​ស្ថិត​ក្នុង​ស្ថាប័ន​កំពូល​របស់​ជាតិ​នោះ​ឡើយ៖«ខ្ញុំ​គិត​ថា សម្ដី​ឯកឧត្តម ឈាង វុន ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ជា​អ្នក​តាក់តែង​ច្បាប់​ទៀត គួរ​ណាស់​ការពារ​ផល​ប្រយោជន៍​តំណាង​រាស្ត្រ​គ្នា​ឯង​ដែល​រងគ្រោះ មិន​គួរ​ណា​គាត់​គិត​តែ​រឿង​នយោបាយ​ចំណេញ​បក្ស​អ៊ីចឹង​ទេ គាត់​គិត​តែ​ចោទ​ខ្ញុំ។ គាត់​ថា​ខ្ញុំ​ទៅ​ឈរ​ឲ្យ​គេ​វាយ វា​មិន​សម​ហេតុផល វា​ហួស​ហេតុ បើ​គាត់​ពី​ទិដ្ឋភាព​បែប​ហ្នឹង តើ​ខ្លួន​គាត់​វិញ​អាច​ធ្វើ​ទៅ​រួច​អត់ »

ការ​បញ្ចេញ​ប្រតិកម្ម​តប​នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន បាន​ថ្លែង​ក្នុង​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១ មេសា ថា តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​រូប បាន​ដើរ​ចេញ​ពី​អង្គ​ប្រជុំ​នៅ​រដ្ឋសភា ទៅ​ឲ្យ​បាតុករ​ដែល​ទាមទារ​ទម្លាក់ លោក កឹម សុខា ពី​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា​នោះ វាយ​តប់៖ « តំណាង​រាស្ត្រ​ទាំង​ពីរ​ហ្នឹង នៅ​ពេល​សភា​កំពុង​ប្រជុំ គាត់​ចេញ​ទៅ​ឲ្យ​គេ​វាយ។ សំណួរ៖ ឯកឧត្តម​គិត​ថា គាត់​ចេញ​ទៅ​ឲ្យ​គេ​វាយ ? ចម្លើយ៖ ខ្ញុំ​និយាយ​អ៊ីចឹង​ហើយ ព្រោះ​ចេញ​ទៅ​បាន​គេ​វាយ បើ​នៅ​ក្នុង​សភា មាន​អ្នក​ណា​គេ​វាយ​គាត់។ សំណួរ៖ តែ​គាត់​ចេញ​ទៅ​ផ្ទះ​ទេ​អី​ឯកឧត្តម ព្រោះ​ម៉ោង​១២ ទៅ​ហើយ ? ចម្លើយ៖ អត់​ចេញ​ទៅ​ផ្ទះ​កើត​ទេ ឥឡូវ​ខ្ញុំ​ប្រាប់​រឿង​ហេតុ រឿង​អី​បាន​គេ​វាយ​គាត់ ដោយសារ​អ្នក​បើក​ឡាន​គាត់ ឈប់​ឡាន​ឲ្យ​គេ​វាយ »

ពាក្យ​សម្ដី​របស់ លោក ឈាង វុន នេះ ត្រូវ​បាន លោក គង់ សភា ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់ ធ្វើ​ការ​ស៊ើប​អង្កេត ព្រោះ​ករណី​ហិង្សា​នោះ​អាច​ជាប់​ពាក់ព័ន្ធ​ជាមួយ លោក ឈាង វុន។ លោក​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ហេតុការណ៍​នោះ​កើត​ឡើង គឺ​លោក ឈាង វុន បាន​ទាស់​សម្ដី​ជាមួយ​រូប​លោក៖ « គាត់​ដឹង​ថា ខ្ញុំ​ចេញ​ទៅ​ឲ្យ​គេ​វាយ តែ​ជន​ល្មើស​ទាំង ៣​នាក់​បាន​សារភាព​ថា គាត់​ជា​កង​អង្គរក្ស ហើយ​គាត់​ជា​អ្នក​វាយ​យើង​ខ្ញុំ។ ផ្ដើម​ចេញ​ពី​រឿង​ហ្នឹង ត្រូវ​តែ​ស៊ើប​អង្កេត​សម្ដី​របស់​ឯកឧត្តម ឈាង វុន ព្រោះ​មុន​គេ​វាយ​ខ្ញុំ​ប៉ុន្មាន​ថ្ងៃ គឺ​ខ្ញុំ​បាន​ទាស់​សម្ដី​ខ្លះ​ជាមួយ​ឯកឧត្តម ឈាង វុន។ សំណួរ៖ ទាស់ទែង​យ៉ាង​ម៉េច​ខ្លះ​ទៅ ? ដំបូង​ឡើយ​ឯកឧត្តម ឈាង វុន បាន​រុញ​ទ្រូង​គ្នា ឈ្លោះ​គ្នា​ជាមួយ​ឯកឧត្តម ឡាត់ លិតេយ្យ តំណាង​រាស្ត្រ​មណ្ឌល​ព្រៃវែង ហើយ​គាត់​ដោះ​អាវ បបួល​ឯកឧត្តម ឡាត់ លិតេយ្យ វាយ​គ្នា ហើយ​ខ្ញុំ​ក៏​ហាម​ឃាត់​ថា ឯកឧត្តម​ជា​ឧត្តម​មន្ត្រី ជា​តំណាង​រាស្ត្រ​ជាន់​ខ្ពស់ ជា​សមាជិក​អចិន្ត្រៃយ៍​សភា​ទៀត មិន​គួរ​ធ្វើ​ចរិត​ជា​បង​ធំ​កាង​នៅ​ក្នុង​សភា​ទេ មិន​គួរ​ដោះ​អាវ​វាយ​គ្នា​អ៊ីចឹង​ទេ ព្រោះ​វា​ខ្វះ​សីលធម៌ ខ្មាស​ឧត្តម​មន្ត្រី​ផ្សេង​ទៀត ហើយ​ខ្មាស​មន្ត្រី​ដែល​នៅ​ជុំវិញ​ខ្លួន។ ពេល​នោះ​ហើយ​គាត់​ខឹង​ខ្ញុំ ប្រហែល​ជា​រឿង​ហ្នឹង គាត់​អាច​ជា​អ្នក​រៀបចំ​គម្រោង​ជាមួយ​ជន​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង ដើម្បី​វាយ​ដំ ឬ​សង​សឹក​មក​លើ​រូប​ខ្ញុំ »

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា បាន​ទេ ដោយ​មិន​ទទួល​ទូរស័ព្ទ។

ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។
ក្រុម​បាតុករ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាត់​ធាក់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក ញ៉យ ចំរើន នៅ​មុខ​បរិវេណ​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​២៦ ខែ​តុលា ឆ្នាំ​២០១៥។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​បាតុកម្ម​ហិង្សា​លើ​រូប​តំណាង​រាស្ត្រ ជា​បាតុកម្ម​បែប​ឧក្រិដ្ឋកម្ម និង​ជា​ការ​រៀបចំ​ទុក​ជា​មុន​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ទាំង​តំណាង​រាស្ត្រ​រងគ្រោះ និង​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ សន្និដ្ឋាន​ថា ក្រុម​បាតុករ​មួយ​ចំនួន​ដែល​វាយ​ដំ​ទៅ​លើ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នោះ គឺ​ជា​កង​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​បើកបរ​រថយន្ត​ម្នាក់​បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា គាត់​បាន​ដឹក​បុរស​ពេញ​កម្លាំង​ជាច្រើន​នាក់​ចេញ​ពី​បន្ទាយ​អង្គរក្ស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្រុង​តាខ្មៅ ទៅ​ទម្លាក់​នៅ​មុខ​រដ្ឋសភា នៅ​ថ្ងៃ​កើត​ហេតុ​នោះ។

អ្នក​គ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើប​អង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​លើក​ឡើង​របស់ លោក ឈាន វុន ដែល​ជា​សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ដាក់​ជា​សំណួរ​ថា ចុះ​បើ លោក ឈាង វុន ដឹង​ថា​តំណាង​រាស្ត្រ​ទាំង​ពីរ​នាក់​នោះ​ចេញ​ទៅ​ឲ្យ​គេ​វាយ ម្ដេច​ក៏ លោក ឈាង វុន ក្នុង​នាម​ជា​សមាជិក​រដ្ឋសភា មិន​អន្តរាគមន៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​អំពើ​ហិង្សា​នោះ​កើត​ឡើង៖ « ការ​ឆ្លើយ​នេះ គឺ​យក​តែ​រួច​ខ្លួន តែ​តាម​ផ្លូវ​ច្បាប់ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ការ​វាយ​ដំ​ដល់​តំណាង​រាស្ត្រ គឺ​ប៉ះពាល់​ធ្ងន់ធ្ងរ​ណាស់​លទ្ធិប្រជាធិបតេយ្យ ពីព្រោះ​តំណាង​រាស្ត្រ​ទាំង​មូល​ការពារ​សុវត្ថិភាព​មិន​បាន ចុះ​ទម្រាំ​ប្រជាពលរដ្ឋ? ប្រសិន​បើ​ស្រុក​គេ​កាន់​លទ្ធិប្រជាធិបតេយ្យ គេ​នឹង​រក​ឲ្យ​ឃើញ​ឲ្យ​អស់​នរណា​ជា​អ្នក​ដែល​ប្រើប្រាស់​អំពើ​ហិង្សា ហើយ​នរណា​ជា​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នោះ »

សំណុំ​រឿង​ហិង្សា​លើ​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នេះ ត្រូវ​បាន​តុលាការ​បិទ​ការ​ស៊ើប​អង្កេត​ហើយ ដោយ​ពុំ​បាន​ស្វែងរក​មនុស្ស​ពាក់ព័ន្ធ​បន្ថែម​ទៀត​នោះ​ទេ ក្រៅ​តែ​ពី​ជន​ដៃ​ដល់​ចំនួន ៣​នាក់ ដែល​បាន​ចូល​ខ្លួន​សារភាព​ក្រោយ​ពី​ការ​ប្រកាស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តុលាការ​នឹង​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ខាង​មុខ​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា រឿង​នេះ​ប្រសិន​បើ​អាជ្ញាធរ និង​តុលាការ​ចង់​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន ថា​មិន​បាន​ជួយ​លាក់​បាំង​ជន​ល្មើស និង​មិន​ឋិត​នៅ​ក្រោម​សម្ពាធ​នយោបាយ​របស់​បក្ស​ណា​មួយ​នោះ ត្រូវ​តែ​វែក​មុខ​នាំ​ជន​ល្មើស​បន្ថែម​ទៀត ព្រោះ​ជន​ជាប់​ចោទ​ទាំង ៣​នាក់​នោះ ស្ថិត​ក្នុង​ចំណោម​មនុស្ស​ប្រហែល​ជាង ២០​នាក់​នៅ​ក្នុង​បាតុកម្ម​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​វាយ​សមាជិក​សភា​មក​ពី​បក្ស​ប្រឆាំង។

តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ២​រូប គឺ​លោក ញ៉យ ចំរើន និង​លោក គង់ សភា បាន​ដាក់​ពាក្យ​ប្ដឹង​ក្រុម​បាតុករ​តាម​រយៈ​មេធាវី​របស់​ខ្លួន ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ពី​បទ​ប៉ុនប៉ង​ឃាតកម្ម​គិត​ទុក​ជា​មុន និង​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់​ទោស ព្រម​ទាំង​ទាមទារ​សំណង​ជា​ទឹក​ប្រាក់​ម្នាក់ៗ​ចំនួន ១០០​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។