បក្ស​សង្គ្រោះ​ជាតិ​ទាមទារ​ឲ្យ​បក្ស​ប្រជាជន​បង្ហាញ​ជំហរ​ក្នុង​ការ​ចរចា

ដោយ ខែ សុណង
2014.03.13
បក្ស​ប្រជាជន សង្គ្រោះ​ជាតិ ចរចា ៦១០ មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះ​ជាតិ ធ្វើ​សន្និសីទ​កាសែត​ក្រោយ​កិច្ច​ប្រជុំ​នា​វិមាន​ព្រឹទ្ធសភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ មីនា ឆ្នាំ​២០១៤។
RFA/Van Vichar

គម្រោង​ជំនួប​ចរចា​ជា​ថ្មី​ទៀត​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​នៅ​ឡើយ​ទេ។ នៅ​ថ្ងៃ​ទី​១៣ មីនា គណបក្ស​សង្គ្រោះ​ជាតិ បាន​ដាក់​សំណើ​មួយ​ចំនួន​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​នៅ​មុន​ជំនួប​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា ខាង​មុខ​នេះ។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា បញ្ជាក់​ពី​របៀបវារៈ​ឲ្យ បាន​ច្បាស់​លាស់​មុន​នឹង​ឈាន​ដល់​ការ​ជួប​ចរចា​គ្នា​បន្ត​ទៀត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ មីនា។

ប្រធាន​គណៈកម្មការ​ចម្រុះ​និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ មាន​ប្រសាសន៍​ថា គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឃើញ​របៀបវារៈ​សម្រាប់​កិច្ច​ប្រជុំ​បន្ត​នៅ​ថ្ងៃ​ទី​១៧ មីនា។ លោក​ថា ការ​ស្នើ​នេះ​ដោយ​សារ​តែ​ការ​ពិភាក្សា​កាល​ពី​ថ្ងៃ​ទី​១០ មីនា មិន​ទាន់​សម្រេច​លើ​ប្រធានបទ​នៃ​ការ​កែ​ទម្រង់​ស្ថាប័ន​បោះឆ្នោត។

«សំឡេង»

នៅ​ក្នុង​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្ងៃ​ទី​១៣ មីនា មាន​ខ្លឹមសារ​ថា ប្រធានបទ​ទាក់ទង​នឹង​ការ​កែទម្រង់​ការ​បោះឆ្នោត​ឲ្យ​ទៅ​ជា​ស្ថាប័ន​រដ្ឋ​ធម្មនុញ្ញ​ដែល​ឯករាជ្យ និង​មាន​ការ​ជ្រើស​តាំង​ដោយ​រដ្ឋសភា​តាំង​សំឡេង ២ ភាគ ៣ នៃ​សមាជិក​សភា​ទាំង​មូល គឺ​ជា​របៀបវារៈ​ចាំបាច់​ជា​អាទិភាព​សម្រាប់​ការងារ​កែទម្រង់​ការ​បោះឆ្នោត​ដែល​មិន​អាច​រំលង​បាន។

ការ​ដាក់​លិខិត​ទៅ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ នៅ​បន្ទាប់​ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ថា ការ​ចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា កន្លង​មក គ្រាន់​តែ​ជា​ការ​ពន្យារ​ពេល​តែ​ប៉ុណ្ណោះ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​ជំហរ​ច្បាស់លាស់​ក្នុង​ការ​កែ​ទម្រង់ គ.ជ.ប។

ថ្លែង​នៅ​ក្នុង​កិច្ច​ពិភាក្សា​របស់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​១២ មីនា លោក ព្រុំ សុខា ប្រធាន​ក្រុម​ដឹកនាំ​ការ​ចរចា​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់​ថា របៀបវារៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​លើក​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១០ មីនា សុំ​ឲ្យ គ.ជ.ប ជា​ស្ថាប័ន​ធម្មនុញ្ញ និង​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព គ.ជ.ប ដោយ​សំឡេង ២ ភាគ ៣ នោះ មិន​អាច​ធ្វើ​ទៅ​បាន​ទេ ពីព្រោះ​ច្បាប់​នេះ​លោក សម រង្ស៊ី ជា​អ្នក​ផ្ដួចផ្ដើម​គំនិត​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ភាគ​ច្រើន​ដាច់​ខាត ឬ ៥០ បូក ១។

«សំឡេង»

សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត ហៅ​ថា អ៊ីរ៉ា (ERA) ដែល​មាន​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាង ២០​ស្ថាប័ន​ជា​សមាជិក បាន​ស្នើ​ឲ្យ​គណបក្ស​នយោបាយ​ទាំង​២ កំណត់​ពេល​វេលា​ជួប​ចរចា​ឲ្យ​បាន​ញឹកញាប់។ ទន្ទឹម​នឹង​គ្នា​នោះ ការ​ស្នើ​ក៏​មាន​បំណង​ឲ្យ​បញ្ចប់​វិវាទ​នយោបាយ​នៅ​កម្ពុជា ឲ្យ​បាន​ឆាប់។ ការ​ផ្តល់​អនុសាសន៍​នេះ កើត​ឡើង​បន្ទាប់​ពី​ជំនួប​ចរចា​រវាង​ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា មិន​មាន​លទ្ធផល​វិជ្ជមាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។