សកម្មជន​​បក្ស​សង្គ្រោះ​ជាតិ​​លោក​ ចៅ​ វាសនា ធ្លាក់​ខ្លួន​​ឈឺ​​នៅ​​ក្នុង​​ពន្ធនាគារ​​ត្រពាំង​ផ្លុង​

0:00 / 0:00

សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​​​លោក​ ចៅ វាសនា ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​​​ព្រួយបារម្ភ​ពី​សុខភាព​របស់​​ឪពុក​។ ក្ដី​បារម្ភ​កើត​មាន​​ក្រោ​យ​​ពេល​​ជន​​ជាប់​​ឃុំ​ បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​ច្រើន​ថ្ងៃ​ហើយ ដោយ​ពុំ​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា រឿង​នេះ​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។​​

សាច់ញាតិ​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​ប៉ោយប៉ែត​ដែល​កំពុង​ជាប់​ឃុំ​អះអាងថា នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង​ ខេត្ត​ត្បូងឃ្មុំ​គ្មាន​ថ្នាំ​ព្យាបាល​ជំងឺ​​ឪពុក​របស់​​ខ្លួន​នោះ​ទេ។

​កូន​ស្រី​លោក​ ចៅ វាសនា គឺ​លោក​ស្រី ចៅ រតនៈ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែតុលា​ថា ឪពុក​របស់​លោក​ស្រី​​ឈឺ​ធ្មេញ​ធ្ងន់ធ្ងរ​​បណ្ដាល​ឱ្យ​ពិសារ​បាយ​មិន​សូវ​បាន​ សម្រាន្ត​មិន​លក់​ជាង​១សប្ដាហ៍​ហើយ​​មិន​ទាន់​បាន​ធូរ​ស្រាល​នៅ​ឡើយ​ទេ។ លោក​ស្រី​បញ្ជាក់​ថា លោក ចៅ វាសនា ​បានទូរស័ព្ទ​មក​​ប្រាប់​គ្រួសារ​កាល​ពី​​ថ្ងៃ​ទី​២៨​ ខែកញ្ញា ​​ឱ្យ​ផ្ញើ​ប្រាក់​ទៅ​ឱ្យ​លោក​ ដើម្បី​ទិញ​ថ្នាំ​លេប​ព្យាបាល​ជំងឺ​ ពីព្រោះ​នៅ​ក្នុង​ពន្ធនាគារ​គ្មាន​ថ្នាំ​ព្យាបាល​នោះ​ទេ។ ​លោក​ស្រី​ព្រួយបារម្ភ​ខ្លាច​​ស្ថានភាព​ជំងឺ​​របស់​លោក​ ចៅ វាសនា​ ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​ ព្រោះ​លោក​​មាន​វ័យ​កាន់​តែចាស់ ​និង​មាន​ជំងឺ​ប្រចាំ​កាយ​ជា​ច្រើន​មុខ​ទៀត​៖ «អត់​បាន​ដេក​ហើយ​កម្លាំង​គាត់​ចាស់​គាត់​ខ្សោយ​ដែរ ព្រោះ​អី​វ័យ​គាត់​ហ្នឹង​ គឺ​វ័យ​សម្រាន្ត​ឱ្យ​បាន​ច្រើន ហូប​ឱ្យ​បាន​ច្រើន។​ ដល់​ពេល​គាត់​ហូប​អត់​បាន​ សម្រាន្ត​ក៏​អត់​បាន ​ដូច​ថា​វា​កាន់​តែ​ស្ដាប់​ទៅ​វា​ពិបាក​ចិត្ត ប៉ុន្តែ​មិន​ដឹង​ជួយ​គាត់​តាម​ផ្លូវ​ណា។ ​ព្រោះ​យើង​ចាំ​បាច់​ត្រូវ​ដឹង​សុខទុក្ខ​គាត់​តាម​ទូរស័ព្ទ​ផង ហើយ​យើង​អត់​បាន​ទៅ​ជួប​គាត់​វា​កាន់តែ​ឃ្លាត​កាន់​តែ​ច្រើន​ហើយ​ សុខទុក្ខ​គាត់​យ៉ាង​ណា​គាត់​និយាយ​អត់​បាន​អស់​ទេ »។

បន្ថែម​ពី​នេះ​លោក​ស្រី​ស្នើ​សុំ​ដល់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​​ឱ្យ​ជន​ជាប់​ឃុំ​បាន​ទូរស័ព្ទ​មក​គ្រួសារ​​មួយ​សប្ដាហ៍​២ដង និង​ស្នើ​ឱ្យ​បញ្ជូន​លោក​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ​វិញ ដើម្បី​ងាយ​ស្រួល​​ដល់​ក្រុម​គ្រួសារ​ជួប​សួរ​សុខទុក្ខ​ និង​ឧបត្ថម្ភ​ស្បៀងអាហារ​។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុង​ពុំ​មាន​ជន​ជាប់​​ឃុំ​ណា​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខាង​ក្រៅ​មន្ទីរ​ឃុំឃាំង​នោះ​ទេ។ តែទោះជាយ៉ាងណា ​លោក​​បញ្ជាក់​​ថា ​​​នៅក្នុង​ពន្ធនាគារ ​ប្រភេទ​​ជំងឺ​​ខ្លះ​គ្មាន​ថ្នាំ​ព្យាបាល​ទេ ​ដូច្នេះ​ជន​ជាប់​ឃុំ​ត្រូវ​ទិញ​ថ្នាំ​ពី​ខាង​ក្រៅ​មន្ទីរ​ឃុំឃាំង​​ដោយ​ខ្លួន​ឯង។ ចំណែក​​ការ​ដែល​ស្នើ​សុំ​បញ្ជូន​លោក ចៅ វាសនា​ត្រឡប់​ទៅ​ពន្ធនាគារ​ដើម​វិញ​នោះ លោក​ថា ​រឿង​នេះ​សាច់ញាតិ​ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​​ជា​មុន​សិន​៖ «តែ​បញ្ជូន​ទៅ​អាហ្នឹង​ទាល់​តែ​មាន​ការ​ស្នើ​សុំ​ជា​ផ្លូវ​ការ។ បើ​ថា​គាត់​កាត់ទោស​ហើយ​គេ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ហ្នឹងឯង​ ពន្ធនាគារ​ខេត្ត​គ្រាន់​តែ​ជា​ពន្ធនាគារ​ឃុំ​បណ្ដោះអាសន្ន​ទេ ក្នុង​ផ្លូវ​ច្បាប់»។

​​​​​​​​​​​លោក ចៅ វាសនា ​គឺ​ជា​ចៅសង្កាត់​ប៉ោយប៉ែត​ជាប់ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​​ ដែល​មាន​ដើម​កំណើតជា​ខ្មែរ​ក្រោម​។ ​​​ក្នុង​វ័យ ​៥៧ ​ឆ្នាំ​ លោក​គឺ​មន្ត្រី​បក្ស​ប្រឆាំង​ទី​១​ដែល​ជាប់​ពន្ធនាគារ​​យូរ​ជាង​គេ​ ដោយ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ ​បាន​ផ្ដន្ទាទោស​លោក​​​​ឱ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​ ៥ឆ្នាំ​ ក្រោម​បទ​ចោទ​ប្រកាន់​ញុះញង់​​ឲ្យ​ប្រើ​អំពើ​ហិង្សា ​មាន​ស្ថាន​ទម្ងន់​ទោស​ពាក់​ព័ន្ធ​នឹង​រឿង​ចុះ​ឃ្លាំមើល​កម្មករ​អូស​រទេះ​តវ៉ា​នៅ​ក្រុង​ប៉ោយប៉ែត​។ លោក​បាន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយ​មានជ័យ​តាំង​ពី​ដើម​ឆ្នាំ​២០១៧ ប៉ុន្តែ​នៅ​​​ចុង​ខែ​វិច្ឆិកា ​ឆ្នាំ​២០២០ ​​​​អាជ្ញាធរ​បាន​បញ្ជូន​លោក​ ចៅ វាសនា ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង​វិញ​​ ​​រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​បញ្ជូន​លោក​ត្រឡប់​ទៅ​ខេត្ត​បន្ទាយមានជ័យ​វិញ​នៅ​ឡើយ។ ចៅសង្កាត់​ប៉ោយប៉ែត​គណបក្ស​សង្គ្រោះ​ជាតិ​ជាប់​ឆ្នោត​រូប​នេះ​​បាន​អនុវត្ត​ទោស​ជិត ​៥​ ឆ្នាំ​ហើយ នឹង​គ្រប់​កំណត់​ទោស​​នៅ​ថ្ងៃទី​១៦ ​ខែ​កុម្ភៈ ​ឆ្នាំ​២០២២​។

ជុំ​វិញ​រឿង​នេះ​ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ​(Adhoc)​ លោក​ នី សុខា​ មាន​ប្រសាសន៍​ថា​ ​តុលាការ​គួរតែ​​ដោះលែង​​លោក​ ចៅ វាសនា ឱ្យ​មាន​សេរីភាព​វិញ ព្រោះ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ខុស​ច្បាប់​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។ ​​លោក​​បញ្ជាក់​ថា កន្លង​មក​លោក​និង​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​ស្ថាប័ន​បាន​ស្នើ​ជាញឹកញាប់ឱ្យ​តុលាការ​​ពិចារណា​ដោះលែង​ជន​ជាប់​ឃុំរូប​នេះ​​ ក៏​ប៉ុន្តែ​​មិន​ទទួល​បាន​លទ្ធផល​ទេ​៖ «អា​នេះ​ជា​រឿង​មួយ​យើង​គួរ​ឱ្យ​សោក​ស្ដាយ ដែល​យើង​មើល​ការ​ឃុំ​ខ្លួន​ទៅ​លើ​គាត់ ហាក់​បី​ដូច​ជា​ការ​ដាក់​កម្រិត​នៃ​ទណ្ឌកម្ម​មួយ​ដែល​ធ្វើ​បាប ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​រូប​គាត់​ហ្នឹង​ធ្ងន់ធ្ងរ​ណាស់ ​យើង​ឃើញ។ មក​ដល់​ពេល​នេះ​ទៀត​សោត​យើង​ដឹង​ហើយ​ថា​ គាត់​ជាប់​ពន្ធនាគារ​ហ្នឹង​ជិត​ដល់​ពេល​កំណត់​ដែល​ត្រូវ​ចេញ​ហើយ។​ ក្នុង​នីតិវិធី​យើង​ដឹង​ហើយ បើ​សិន​ជា​អាច​ជាប់​បាន​ពន្ធនាគារ​រហូត​ដល់​ពីរ​ភាគ​បី​នៃ​កម្រិត​ការ​ជាប់​យើង​អាច​ស្នើ​សុំ​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស​ក្នុង​កម្រិត​បន្ធូរបន្ថយ​ទោស ដើម្បី​ឱ្យ​មាន​ការ​ដោះលែង​គាត់ »។

លោក ​នី សុខា បន្ត​ថា តុលាការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​អនុវត្ត​ច្បាប់​ស្តង់ដារ​២ ដែល​ខុស​ពី​ជន​ជាប់​ឃុំ​មាន​លុយ​និង​មាន​អំណាច​មួយ​ចំនួន​​ដែល​ឈឺ​ដូច​គ្នា​ តែ​អាច​ស្នាក់​នៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ពន្ធនាគារ​បាន​យ៉ាង​ងាយ​ស្រួល និង​ត្រូវ​បាន​តុលាការ​ដោះលែង​មុន​កាល​កំណត់​ទោសទៀតផង។​ ឧទាហរណ៍៖ ឧកញ៉ា គិត ធាង ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​ ៤​ឆ្នាំពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​​សមគំនិតពាក់ព័ន្ធ​ករណី​​គ្រឿង​ញៀន​​ជិត​​​៥០​ (៤៩,៤៤) ​គីឡូក្រាម​ នៅ​ក្នុង​​ក្លឹប​​កម្សាន្តរ៉ក(Rock)របស់​ខ្លួន​នោះ ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់ ​ដោះលែង​ដោយ​ស្ងាត់ៗ​​កាល​ពី​ឧសភា​កន្លង​ទៅ​។ ការ​ដោះលែង​ដោយ​ព្យួរទោស​ដែល​នៅ​សេសសល់​នេះ ​​ក្រោយ​ពី​ឧកញ៉ារូបនេះ​ជាប់​ពន្ធនាគារ​មានតែ​ឈ្មោះ​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ពីព្រោះលោកត្រូវ​បាន​អនុញ្ញាត​ឱ្យ​រស់នៅ​ក្នុង​បន្ទប់​ពិសេស ​វី​អាយ​.​ភី ​(VIP) នៅមន្ទីរពេទ្យ​រុស្ស៊ីរហូត។ លោក គិត ធាង គឺជា​បងប្រុស​បង្កើត​របស់​ឧកញ៉ា គិត ម៉េង ដែល​ជា​អ្នកជំនួញ​ដ៏​មាន​ឥទ្ធិពល​មួយ​រូប​នៅ​កម្ពុជា និង​មាន​ទំនាក់ទំនង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

ចំពោះ​លោក​ ចៅ វាសនា វិញ​ កន្លង​ទៅ​មេធាវី​ការពារ​ក្ដី​ឱ្យ​លោកបាន​ប្ដឹង​​​ទៅ​តុលាការ​​ឧទ្ធរណ៍​និង​កំពូល​​ប្រឆាំង​​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ថ្នាក់​ក្រោម​ជា​បន្តបន្ទាប់​ ​ប៉ុន្តែ​មិន​ទទួល​បាន​លទ្ធផល​ដូច​ការ​រំពឹង​ទុក​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។