មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ថា មន្ត្រីសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេស លើកជាសំណើចំនួនប្រាំចំណុច ដែលរួមមានផែនការមាតុភូមិនិវត្តន៍ទី២ សម្រាប់ស្នើឱ្យដាក់ក្នុងផែនការយុទ្ធសាស្ត្រឆ្នាំ ២០២០ ដែលគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ គ្រោងនឹងបើកកិច្ចប្រជុំពិភាក្សា នៅពាក់កណ្ដាលខែកុម្ភៈ។ អ្នកវិភាគថា ផែនការយុទ្ធសាស្ត្រជោគជ័យ គឺអាស្រ័យលើការចេះបង្រួបបង្រួមកម្លាំងគណបក្សសង្គ្រោះជាតិ។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលបានចូលរួមធ្វើជាអធិបតី ក្នុងទិវារម្លឹកខួបមួយឆ្នាំនៃការបង្កើតសាខាគណបក្សសង្គ្រោះជាតិក្រៅប្រទេស និងសិក្ខាសាលាពីរថ្ងៃរបស់គណបក្សសង្គ្រោះជាតិក្រៅប្រទេស នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៦-១៧ ខែមករា ប្រាប់អាស៊ីសេរី ឱ្យដឹងកាលពីថ្ងៃទី១៨ ខែមករា ថា ការរៀបចំដំណើរមាតុភូមិនិវត្តន៍លើកទី២នេះ គឺជាសំណើសំខាន់មួយ ក្នុងចំណោមសំណើសំខាន់ៗទាំង ៥ ដែលត្រូវលើកយកមកពិភាក្សា៖ «ទីមួយរៀបចំឱ្យមានផែនការមាតុភូមិនិវត្តន៍ ជុំទីពីរ ចាប់អនុវត្តជាបន្ទាន់។ ទីពីរត្រូវតែរៀបចំដោះស្រាយបញ្ហា សេចក្ដីត្រូវការនិងការលំបាករបស់ពលករខ្មែរនៅប្រទេសថៃ។ ទីបីយើងត្រូវបន្តការតស៊ូមតិ ដើម្បីឱ្យមានច្បាប់ដទៃទៀត ទាំងនៅសហរដ្ឋអាមេរិក និងនៅអូស្ត្រាលី ដើម្បីបង្កកទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ ដែលប្រព្រឹត្តអំពើពុករលួយ និងផ្ដាច់ការ ដែលប៉ះពាល់ដល់សិទ្ធិមនុស្ស។ ទីបួនគឺត្រូវគិតពីបងប្អូនសកម្មជននៅក្នុងប្រទេស និងទីប្រាំយើងពិចារណាពីសកម្មភាពតាមការកាត់ទោសករណីលោកប្រធាន កឹម សុខា»។
ជុំវិញផែនការធ្វើមាតុភូមិនិវត្តន៍លើកទីមួយ របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង រួមទាំងសកម្មជនបក្សនេះផ្សេងទៀត កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ នោះ ត្រូវបានរារាំងគ្រប់រូបភាព និងគ្រប់ទិសទីពីសំណាក់អាជ្ញាធររបបលោក ហ៊ុន សែន និង រដ្ឋនៃសមាជិកអាស៊ានមួយចំនួន ជាពិសេសរដ្ឋាភិបាលប្រទេសថៃ ដែលជួយទប់ស្កាត់កុំឱ្យលោក សម រង្ស៊ី អាចឆ្លងកាត់ប្រទេសថៃ ចូលដីកម្ពុជាបាន។ ជាងនេះទៅទៀត របបក្រុងភ្នំពេញបានដាក់ពង្រាយកងទ័ព និងកងសន្តិសុខ យ៉ាងសម្បើម នៅតាមព្រំដែនខ្មែរ-ថៃ ជាពិសេសម្ដុំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដើម្បីទប់ស្កាត់កម្លាំងមាតុភូមិនិវត្តន៍នេះ។ បន្ថែមលើនេះ របបលោក ហ៊ុន សែន ក៏ចេញបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ជិត ៥០ ក្រុមហ៊ុន កុំដឹកលោក សម រង្ស៊ី ទៅស្រុកខ្មែរឱ្យសោះ បើហ៊ានដឹក នឹងរងផលវិបាកដល់ក្រុមហ៊ុនទាំងនោះ ជាក់ជាមិនខាន។ វិធានការទប់ស្កាត់ប៉ុណ្ណេះ មិនទាន់គ្រប់គ្រាន់ លោក ហ៊ុន សែន បានចេញបញ្ជាឱ្យចាប់ និងឃុំខ្លួនមន្ត្រីបក្សប្រឆាំង និងសកម្មជនទាំងឡាយណា ដែលប្រកាសគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី នេះ។
ទោះជាដំណើរមាតុភូមិនិវត្តន៍លើកទីមួយនោះ រងការរារាំងយ៉ាងចាស់ដៃ ពីរបបក្រុងភ្នំពេញ ក៏លោក សម រង្ស៊ី មិនបោះបង់ការប៉ុនប៉ងវិលត្រឡប់ទៅកម្ពុជាវិញនេះទេ ដោយលោកអះអាងថា ដើម្បីទៅស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យវិញផង និងដើម្បីជួយរក្សា កុំឱ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA ផង។
គិតមកត្រឹមថ្ងៃទី១៩ ខែ មករានេះ គឺនៅសល់តែ ២៤ ថ្ងៃទៀតប៉ុណ្ណោះ ដល់ថ្ងៃដែលគណៈកម្មការអឺរ៉ុប ចេញសេចក្ដីសម្រេចចុងក្រោយ ជុំវិញការព្យួរការអនុគ្រោះពន្ធ EBA នេះ។ សេចក្តីសម្រេចនោះ នឹងចេញនៅថ្ងៃទី១២ ខែកុម្ភៈ។
ផែនការមាតុភូមិនិវត្តន៍ជុំទីពីររបស់គណបក្សសង្គ្រោះជាតិនេះ បើត្រូវលើកយកពិភាក្សានៅពាក់កណ្ដាលខែ កុម្ភៈនោះមែន គឺធ្វើឡើងតែពីរទៅបីថ្ងៃប៉ុណ្ណោះ ក្រោយការចេញសេចក្តីសម្រេចរបស់សហភាពអឺរ៉ុបនេះ។
អាស៊ីសេរី មិនទាន់អាចសុំការឆ្លើយតបពីមន្ត្រីនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន បាននៅឡើយទេ ជុំវិញរឿងនេះ។ ប៉ុន្តែ របបក្រុងភ្នំពេញ កន្លងមកមិនស្វាគមន៍វត្តមានលោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជាវិញនោះឡើយ សូម្បីតែលោក ហ៊ុន សែន ទោះបីជាពេលខ្លះអួតថា បើកទ្វារចាំទទួលលោក សម រង្ស៊ី ដោយអំពាវនាវឱ្យមកកាន់តែឆាប់កាន់តែល្អ និងមកតាមច្រកណាក៏បានក៏ដោយ ក៏លោកធ្លាប់គំរាមថា លោក សម រង្ស៊ី នឹងប្រឈមមុខនឹងកាំភ្លើងយន្ត ដែលដាក់នៅតាមទល់ដែន ដែលចាំកម្ទេច ឱ្យតែហ៊ានវិលមកស្រុកខ្មែរវិញ។
រយៈពេលជាងពីរឆ្នាំ ក្រោយគណបក្សសង្គ្រោះជាតិ ត្រូវបានរបបក្រុងភ្នំពេញរម្លាយ តំណាងរាស្ត្រ និងមន្ត្រីគណបក្សនេះជាច្រើន ត្រូវនិរទេសខ្លួនទៅក្រៅប្រទេស ដើម្បីប្រមូលកម្លាំងបន្តការតស៊ូនយោបាយតទៅទៀត។ តំណាងរាស្ត្រជាប់ឆ្នោត របស់គណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង អះអាងថា កម្លាំងគាំទ្រគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសមានភាពខ្លាំងក្លា ដោយសារអ្នកស្រលាញ់ប្រជាធិបតេយ្យ នៅតែប្ដេជ្ញាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឱ្យខាងតែបាន៖ «សាខាគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេសនេះ គឺជាសសរស្ដម្ភរបស់ចលនាតស៊ូ ដែលខ្ញុំយល់ឃើញថា កម្លាំងតស៊ូនៅក្រៅប្រទេសហ្នឹង គឺមានកម្លាំងខ្លាំងណាស់ ដោយសារនៅក្នុងប្រទេសជនផ្ដាច់ការបំបិទសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ។ យើងអត់មានសិទ្ធិចូលរួមនូវនយោបាយ គេគំរាមកំហែង ចាប់ដាក់គុក ដាក់អ្វីសព្វបែបយ៉ាង អ៊ីចឹង។ ដូច្នេះចលនាតស៊ូដែលកម្លាំងខ្លាំង គឺមានតែនៅក្រៅប្រទេស ដូចគណបក្សសង្គ្រោះជាតិធ្វើកន្លងមក ហើយកំពុងធ្វើតទៅទៀតអ៊ីចឹង។ សរុបមកខ្ញុំមានជំនឿថា ដរាបណានៅកម្ពុជាមានជនផ្ដាច់ការ ចលនាតស៊ូមិនសាបសូន្យទេ មានតែធំទៅៗ។ លុះត្រាតែយើងទទួលបានជោគជ័យ ធ្វើម្ដេចរុញជនផ្ដាច់ការចេញពីអំណាចបាន បានចលនាតស៊ូហ្នឹងអាចបញ្ចប់ ហើយទៅរៀបចំ ស្រុកទេសយើងឱ្យបានស្រួល»។
សកម្មភាពនយោបាយ និងចលនាតស៊ូមតិលើឆាកអន្តរជាតិ របស់គណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស ត្រូវបានអ្នកវិភាគនយោបាយ និងសង្គមលោក គឹម សុខ ទទួលស្គាល់ថា ធ្វើបានច្រើន។ ទោះជាយ៉ាងនេះក្តី អ្នកវិភាគនយោបាយ ដែលហ៊ាននិយាយរិះគន់របបលោក ហ៊ុន សែន ឥតសំចៃមាត់នេះ ក៏រិះគន់ភាពមិនចុះសម្រុងគ្នាខ្លះ របស់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំង។ លោក គឹម សុខ ថា ដើម្បីឱ្យជោគជ័យរាល់សកម្មភាពតវ៉ា និងការទូត គណបក្សសង្គ្រោះជាតិ គប្បីធ្វើយ៉ាងណា កុំបង្ហាញការបែកបាក់ផ្ទៃក្នុង និងកុំបំបែកកម្លាំងទៅបង្កើតស្ថាប័នថ្មី ទោះជាស្ថិតក្រោមចំណុះរបស់គណបក្សប្រឆាំងក៏ដោយ។
ជុំវិញបញ្ហានេះ អ្នកស្រី មូរ សុខហួរ យល់ថា នេះជាដំណើរប្រជាធិបតេយ្យនៅក្នុងជួរបក្សប្រឆាំង ដែលមន្ត្រី និងអ្នកគាំទ្របក្សនេះ អាចមានទស្សនៈប្លែកពីគ្នា ប៉ុន្តែមានគោលដៅរួមតែមួយគឺការផ្លាស់ប្ដូរជាវិជ្ជាមាន ឱ្យកម្ពុជាមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ៖ «អ្នកខ្លះយល់ឃើញថា គួរតែមានសកម្មភាពខ្លាំងក្លានៅក្រៅប្រទេស។ ក្រុមខ្លះក៏គិតថា នៅស្ងាត់ស្ងៀម ពីព្រោះខ្លាចប៉ះពាល់ដល់សវនាការលោកប្រធាន កឹម សុខា។ ដូច្នេះ ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀត យើងក៏វាយតម្លៃខ្ពស់ដែរនូវកិច្ចការទាំងប៉ុន្មាននេះ មិនបានធ្វើឱ្យគណបក្សសង្គ្រោះជាតិ បែកគ្នាទេ។ ប៉ុន្តែ ពិតហើយមានយុទ្ធសាស្ត្រខ្វែងគ្នាបន្តិច។ ដូច្នេះហើយ បានជានៅចុងក្រោយនៅថ្ងៃនេះ យើងអនុម័តថា ត្រូវខំរកយន្តការ និងវិធីយ៉ាងម៉េច ដើម្បីជជែកគ្នារួមគំនិត រួមយុទ្ធសាស្ត្រ ដើម្បីឈានទៅរកការផ្សះផ្សា និងឯកភាពនៅប្រទេសជាតិយើង»។
អនុប្រធានគណបក្សប្រឆាំងរូបនេះ អះអាងថា ដើម្បីឱ្យមានការផ្សះផ្សា និងឯកភាពរួម និងធំទូលាយមួយកើតមានទៅបាន គឺទាល់តែមានមាតុភូមិនិវត្តន៍ នៃលោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងឯទៀត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។