លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ប្រាប់ពលរដ្ឋថា មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន ត្រៀមវេចលុយពុករលួយរាប់ពាន់លានដុល្លាររត់ចោលស្រុក។ ការចោទប្រកាន់នេះ ក្រោយពេល សារព័ត៍មាន ឌឹ ហ្ការឌៀន (The Guardian)របស់អង់គ្លេសបានចុះផ្សាយថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ស្ថិតក្នុងចំណោមមេដឹកនាំប្រទេសផ្សេងទៀតដែលបានចំណាយលុយរាប់លានដុល្លារទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប គឺប្រទេសស៊ីប (Cyprus)។ ទោះយ៉ាងណាក្ដី លោក ហ៊ុន សែន ប្រកាសកែរដ្ឋធម្មនុញ្ញកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិខ្មែរតែមួយ។
លោក សម រង្ស៊ី អំពាវនាវដល់ពលរដ្ឋខ្មែរត្រៀមខ្លួនរៀបចំប្រទេសកម្ពុជាឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រខ្មែរស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទទួលបានសេរីភាព យុត្តិធម៌ និងភាពរុងរឿងកាន់តែឆាប់ កាន់តែល្អ។ សារប្រធានស្ដីទីគណបក្សសង្គ្រោះជាតិបែបនេះ ដោយលោកចោទប្រកាន់ថា មេដឹកនាំរបបឯកបក្សលោក ហ៊ុន សែន ប្រុងបោះបង់ប្រទេសជាតិចោលបន្ទាប់ពីបានបំផ្លាញប្រទេស និងធ្វើបាបរាស្ត្ររាប់សិបឆ្នាំមកហើយ។ ការចោទប្រកាន់នេះក្រោយពេលសារព័ត៌មាន ឌឹ ហ្គារឌៀន បានផ្សព្វផ្សាយអត្ថបទស៊ើបអង្កេតមួយរកឃើញថា លោក ហ៊ុន សែន ជាមេដឹកនាំម្នាក់ស្ថិតក្នុងចំណោមមេដឹកនាំប្រទេសផ្សេងទៀតដែលបានចំណាយលុយរាប់លានដុល្លារទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសមួយនៅទ្វីបអឺរ៉ុប គឺប្រទេសស៊ីប (Cyprus)។ អត្ថបទស៊ើបអង្កេតនេះ ផ្អែកតាមការស្រាវជ្រាវបែបស៊ើបអង្កេតរួមគ្នាដ៏ធំមួយរយៈពេលជាងពីរឆ្នាំ ទៅលើ ឯកសារជិត ១២លានឯកសារ ដាក់ឈ្មោះថា ផែនដូរ៉ា ផេផឺ (Pandora Papers)របស់ក្រុមអ្នកសារព័ត៌មានអន្តរជាតិជាង ៦០០នាក់ មកពីស្ថាប័នសារព័ត៌មានល្បីៗ នៅលើពិភពលោក ដូចជា កាសែត វ៉ាស៊ីនតុន ប៉ុស្តិ៍ (Washington Post) ប៊ីប៊ីស៊ី (BBC) និងសារព័ត៌មាន ឌឹ ហ្ការឌៀន នេះជាដើម។ វិទ្យុអាស៊ីសេរី នៅមិនទាន់អាចផ្ទៀងផ្ទាត់ជុំវិញការរកឃើញនៅក្នុងអត្ថបទរបស់កាសែត ឌឹ ហ្ការឌៀន នេះបាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
ជុំវិញការរកឃើញនេះ លោក ហ៊ុន សែន បានប្រតិកម្មតបដោយបញ្ជាឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ សិក្សារៀបចំធ្វើសេចក្ដីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងនាយករដ្ឋមន្ត្រីមានសញ្ជាតិខ្មែរតែមួយ។ លោក ហ៊ុន សែន មិនបានឆ្លើយតបបែបចំៗ ឬបដិសេធចំពោះការរកឃើញនេះទេ ប៉ុន្តែលោកឌឺដងទៅអ្នកនយោបាយមានសញ្ជាតិពីរ ដែលទំនងបញ្ឈឺទៅលោក សម រង្ស៊ី ថា បើលេងកុំខឹងបើខឹងកុំលេងព្រោះទ្វារត្រូវបានបិទជារៀងរហូតហើយសម្រាប់ពួកសញ្ជាតិពីរ ដែលប៉ុនប៉ងកាន់តំណែងកំពូលពិសេសតំណែងនាយករដ្ឋមន្ត្រី។
ប៉ុន្មាននាទីក្រោយពីលោក ហ៊ុន សែន ប្រកាសបែបនេះ មន្ត្រីថ្នាក់ក្រោមរបស់លោក ហ៊ុន សែន រាប់ទាំងកូនៗ លោក ហ៊ុន សែន ផងនាំគ្នាប្រកាសគាំទ្រ។
កូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត សរសេរហ្វេសប៊ុកថា ធ្វើជាមេដឹកនាំជាតិត្រូវហ៊ានលះបង់អ្វីទាំងអស់កុំថាឡើយត្រឹមសញ្ជាតិប្រទេស។
ជាងនេះទៀត កូនប្រុសពៅលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានផ្ញើសារជាសំឡេងប្រាប់ទៅចលនាយុវជនឲ្យចូលរួមគាំទ្រការកំណត់ឲ្យប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា និងនាយករដ្ឋមន្ត្រីមានសញ្ជាតិខ្មែរតែមួយ។ លោក ហ៊ុន ម៉ានី បានចោទប្រកាន់ថា បញ្ហាទាំងនេះកើតឡើងពីលោក សម រង្ស៊ី៖ « ចំណុចគឺយើងបានក្ដាប់ និងជ្រាបបានមកហើយ គឺចេញពីមូលដ្ឋាននៃជនក្បត់ជាតិខ្មែរលក់ក្បាលឲ្យបរទេស សម រង្ស៊ី គឺបានចោទប្រកាន់ប្រមុខរដ្ឋាភិបាល របស់យើងថា មានសញ្ជាតិ ប្រទេសស៊ីប (Cyprus)» ។
ទន្ទឹមគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងក្រសួងយុត្តិធម៌ លោក កើត រិទ្ធ បានចេញសេចក្ដីប្រកាសព័ត៌មានគាំទ្រលោក ហ៊ុន សែន ដោយលើកឡើងថា ប្រធានស្ថាប័នកំពូលរបស់ជាតិទាំង ៤តម្រូវឲ្យមានសញ្ជាតិខ្មែរតែមួយគឺ ជាការធានាទាំងផ្លូវច្បាប់ និងនយោបាយឲ្យឥស្សរជនទាំងនេះ មានភាពស្មោះត្រង់ចំពោះជាតិ មាតុ ភូមិតម្កល់ប្រយោជន៍ជាតិជាធំ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងក្នុងការដឹកនាំជាតិ។
ទោះយ៉ាងណាក្ដី អនុប្រធានគណបក្សសង្គ្រោះជាតិលោក អេង ឆៃអ៊ាង សរសេរលើហ្វេសប៊ុកលោកដោយជំរុញឲ្យធ្វើច្បាប់ដាក់ទាំងព្រះមហាក្សត្រ សមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិកគណៈរដ្ឋមន្ត្រីទាំងមូលឲ្យមានសញ្ជាតិខ្មែរតែមួយគត់នោះល្អមែនទែន។
រីឯអ្នកវិភាគនយោបាយ បណ្ឌិត សេង សារី សង្កេតឃើញថា គម្រោងកែច្បាប់នេះកើតឡើងពីការឆ្លើយឆ្លងរវាងលោក សម រង្ស៊ី និងលោក ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក។ លោកយល់ថា កំណត់ឲ្យមេដឹកនាំស្ថាប័នជាតិមានសញ្ជាតិខ្មែរតែមួយ ក៏អាចផ្ដល់ផលល្អដល់ជាតិនាពេលខាងមុខដែរ។ លោកក៏ជំរុញឲ្យមានការធ្វើច្បាប់ការពារមេដឹកនាំកំពូលពេលពេលអស់អំណាចផងដែរ។
ទោះយ៉ាងណាក្ដី លោក សេង សារី យល់ថា បើមានច្បាប់កំណត់សញ្ជាតិមែននោះគឺ លោក ហ៊ុន សែន អាចនឹងត្រូវជាប់អន្ទាក់ ដែលខ្លួនជាអ្នកដាក់ទៅវិញទេ ប្រសិនមានការរកឃើញថា លោក ហ៊ុន សែន មានសញ្ជាតិលើសពីមួយមែននោះ៖ « ការជំរុញឲ្យមានការបង្កើតច្បាប់នេះ គឺមានហានិភ័យខ្ពស់ណាស់សម្រាប់សម្ដេច ហ៊ុន សែន ព្រោះបើគេរកឃើញថា គាត់មានសញ្ជាតិពីរ ហើយអំឡុងពេលគាត់កំពុងជំរុញការបង្កើតច្បាប់នេះ ទី១ គាត់មានភាពអាម៉ាស់ខ្ពស់ ទី២ បើសិនជាច្បាប់នេះចេញគាត់ប្រឈមលាលែងចេញពីតំណែងដោយសារច្បាប់មិនអនុញ្ញាតឲ្យ ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមានសញ្ជាតិ មានសញ្ជាតិពីរ » ។
ជុំវិញការលាតត្រដាងនៃការរកឃើញករណីលោក ហ៊ុន សែន ទិញសញ្ជាតិ និងលិខិតឆ្លងដែនពីប្រទេសស៊ីប រដ្ឋមន្ត្រីក្រសួងការបទេសលោក ប្រាក់ សុខុន និងក្រសួងយុត្តិធម៌បានផ្ញើលិខិតផ្លូវការក្នុងថ្ងៃទី៦ ខែតុលា ទៅរដ្ឋាភិបាលនៃប្រទេសស៊ីបសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជុំវិញការចោទប្រកាន់ថា លោក ហ៊ុន សែន មានលិខិតឆ្លងដែនប្រទេសស៊ីប។
រីឯក្រុមមេធាវីនៃរដ្ឋាភិបាលលោក ហ៊ុន សែន ក៏បានចេញលិខិតព្រមានប្ដឹង និងទាមទារទៅសារព័ត៌មាន The Guardian កែសម្រួលអត្ថបទរបស់ខ្លួនជាបន្ទាន់។
ទោះយ៉ាងនេះក្ដី កាលពីពេលកន្លងទៅ សារព័ត៌មានអន្តរជាតិធំៗ ក៏ធ្លាប់បានចុះផ្សាយដែរអំពីករណីមន្រ្តីធំៗ និងសាច់ញាតិលោក ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៊ីប (Cyprus)។ អ្នកទាំងនោះរួមមាន៖ ក្មួយស្រីបង្កើតលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន គឹមឡេង និងស្វាមី គឺលោក នេត សាវឿន ដែលជាអគ្គស្នងការនគរបាលជាតិ ព្រមទាំងកូន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងមនុស្សមួយចំនួនទៀត ដែលជាសមាជិកព្រឹទ្ធសភា ឬក៏អ្នកដែលមានទំនាក់ទំនងយ៉ាងជិតដិតជាមួយរបបក្រុងភ្នំពេញ។ បុគ្គលទាំងនេះ និងរបបក្រុងភ្នំពេញ មិនដែលចេញមុខបដិសេធ ឬប្រកាសប្ដឹងផ្តល់ចំពោះព័ត៌មានទាំងនេះទេ៕
កំណត់សម្គាល់រឿងនេះ៖ សារព័ត៌មាន ឌឹ ហ្ការឌៀន (The Guardian) បានកែតម្រូវអត្ថបទខ្លួនថា ក្រុមអ្នកមានអំណាចស្និទ្ធនឹងលោក ហ៊ុន សែន មានលិខិតឆ្លងដែនពីប្រទេសស៊ីប (Cyprus) មិនមែនលោក ហ៊ុន សែន ទេ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។