អ្នកវិភាគ​ថា លោក កឹម សុខា មេ​បក្ស​ប្រឆាំង​ បង្ហាញ​ការ​គាំទ្រ​ការ​រៀបចំ​អ្នក​បន្តវេន​របស់​បក្ស​កាន់​អំណាច

0:00 / 0:00

អ្នកឃ្លាំមើល​នយោបាយ​លើក​ឡើង​ថា ជំហរ​លោក កឹម សុខា គាំទ្រ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី បន្ត​វេន​ពី​លោក ហ៊ុន សែន ជា​ការ​បន្ទន់ចិត្ត បក្ស​កាន់​អំណាច​ដើម្បី​ឲ្យ​លោក​អាច​មាន​ឱកាស​ចូលក្នុង​ឆាក​នយោបាយ​ឡើង​វិញ។ ទោះ​យ៉ាង​ណា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បញ្ជាក់​ជំហរ​ដដែល​ថា គណបក្ស​នេះ​មិន​ចរចា​ជាមួយ​លោក កឹម សុខា ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។

អ្នកវិភាគ​នយោបាយ​លើកឡើង​ថា ជំហរ លោក កឹម សុខា គាំទ្រ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់អំណាច ទំនង​ទទួល​បាន​ផល​ចំណេញ ច្រើន​ជាង​ការ​ខាតបង់។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណារ៉ា យល់​ថា សារ​របស់​លោក កឹម សុខា បែប​នេះ ទំនង​លោក កឹម សុខា ចង់​បង្ហាញ​ទៅ​គណបក្ស​កាន់អំណាច​ឲ្យ​ឃើញ​​ថា លោក​មិនមែន​សត្រូវ​ប្រឈម​របស់​លោក ហ៊ុន សែន ពី​ឪពុក​ទៅ​កូន​នោះ​ទេ។ អ្នកវិភាគ​នយោបាយ​រូប​នេះ​យល់​ថា ទំនង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តែ​មិន​ព្រម​ចរចា​ជាមួយ​ដដែល ដរាប​ណា​សហគមន៍​មិន​បន្ថែម​សម្ពាធ​លើ​រដ្ឋាភិបាល​លោក ហ៊ុន សែន៖ «ខ្ញុំ​គិត​ថា អ្នក​គាំទ្រ​របស់​គណបក្ស​ប្រឆាំង​មិន​គាំទ្រ​ទាំងស្រុង​ទៅ​លើ​ជំហរ​លោក កឹម សុខា នៅក្នុង​ការ​គាំទ្រ​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​គណបក្ស​ប្រជាជន​ដែល តែងតាំង លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​នៅពេល​អនាគត​ទេពី​ព្រោះ​យន្តការ​នេះ​ជា​ការ​ស្នង​ដំណែង​ពី​ឪ​មក​កូន ប៉ុន្តែ លោក កឹម សុខា មិន​ផ្ដល់​តម្លៃ ឬក៏​ចាប់អារម្មណ៍​បញ្ហា​នេះ​ប៉ុន្មាន​ទេ​សំខាន់​គាត់​គិត​ថា ធ្វើ​ម៉េច​ដើម្បី​ឲ្យ​គាត់​មាន​ឱកាស​នយោបាយ​ជាង»។

ការ​លើកឡើង​របស់​អ្នកវិភាគ​បែបនេះ​ធ្វើ​ឡើង​ក្រោយ ពេល​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បាន​បង្ហាញ​សារ​កម្រ​របស់​ខ្លួន ស្វាគមន៍​ការ​បន្ត​អំណាច​ត្រកូល​លោក ហ៊ុន សែន​។ ទោះ​យ៉ាងណា លោក កឹម សុខា ចង់​ឃើញ​អ្នក​បន្តវេន​បក្ស​កាន់​អំណាច អាច​ជួសជុល​ចំណុច​ខ្វះខាត​របស់​អ្នក​ជំនាន់​ចាស់​ទាំង​បញ្ហា​ជាតិ និង​បញ្ហា​អន្តរជាតិ​។ លោក​ក៏​ប្រកាស​ដែរ​ថា លោក​ត្រៀមខ្លួន​ជាមួយ​បក្ស​កាន់អំណាច​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ការ​ចរចា៖ «ខ្ញុំ​គាំទ្រ​ពី​ការ​គិតគូរ​ពី​អ្នក​បន្តវេន ពីព្រោះ​មនុស្ស​ជៀស​ចាស់​ជៀស​ស្លាប់​មិន​រួច​ទេ ហើយ​មុន​យើង​ស្លាប់​ទៅ​យើង​រៀបចំ​អ្នក​បន្តវេន ប៉ុន្តែ​ការរៀបចំ​អ្នក​បន្តវេន​ឲ្យ​ប្រសើរ​ជាង​នៅ​ពេល​ចំណុច​ខ្វះខាត​ដែល​យើង​ចាស់ៗ​ដឹកនាំ​តើ​មាន​បញ្ហា​អី​ខ្លះ​ត្រូវ​មើល​ចំណុច​អវិជ្ជមាន​យើង​កែ​ដើម្បី​ទុក​ឲ្យ​អ្នក​ក្រោយ​ដឹកនាំ​បន្ត​ទៀត ឲ្យ​បាន​ល្អ​នៅ​ពេល​យើង​ដឹកនាំ​ឲ្យ​មាន​ជម្លោះ​នេះ»។

លោក កឹម សុខា ថ្លែង​បែប​នេះ​កាល​ពី​ថ្ងៃទី២ ខែ​មីនា នៅ​គេហដ្ឋាន​របស់​លោក មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​ចូលរួម​សវនាការ​ដែក​ជំនុំជម្រះ​សំណុំរឿង​ក្បត់ជាតិ​របស់​លោក​។ លោក កឹម សុខា ក៏​បង្ហាញ​ជំហរ​ចង់​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​ខាងមុខ​។ លោក​ថា ប្រសិន​គ្មាន​ដំណោះស្រាយ​នយោបាយ ជា​ការ​បង្ហាញថា រដ្ឋាភិបាល​មាន​ចេតនា​មិន​ឲ្យ​លោក ឬ​គណបក្ស​ដែល​ជា​គូប្រកួត​ជាមួយ​បក្ស​កាន់អំណាច​អាច​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ ខាងមុខ។

ទាក់ទង​ជំហរ លោក កឹម សុខា លើ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់​អំណាច​បែប​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា នេះ​ជា​រឿង​ផ្ទៃក្នុង​របស់​បក្ស​កាន់អំណាច ហើយ​ការ​គាំទ្រ​របស់ កឹម សុខា បែប​នេះ គឺ​គ្រាន់តែ​ជា​ការ​គាំទ្រ​នៃ​មជ្ឈដ្ឋាន​ខាងក្រៅ​។ ចំពោះ​ការ​ចង់​ឃើញ​របស់ លោក កឹម សុខា ឲ្យ​អ្នក​បន្តវេន​បក្ស​កាន់អំណាច កែលំអ កំហុសឆ្គង​របស់​អ្នក​ជំនាន់​មុន លោក សុខ ឥសាន ថា ទោះ​អ្នកណា​ជា​នាយករដ្ឋមន្ត្រី ក៏​គណបក្ស​កាន់អំណាច​នៅតែ​ដឹកនាំ​ប្រទេស​តាម​កម្មវិធី​នយោបាយ​របស់​ខ្លួន​ដដែល៖ «មជ្ឈដ្ឋាន​ខាងក្រៅ​ជា​ការ​យល់ឃើញ​របស់​មជ្ឈដ្ឋាន​ខាងក្រៅ​ទេ បើសិនណា គាត់​ (​ លោក កឹម សុខា​ ) យល់​ថា បេក្ខភាព​នាយករដ្ឋមន្ត្រី​គណបក្ស​ប្រជាជន​គឺ​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់ គឺជា​សិទ្ធិ​របស់​គាត់​ក្នុង​ការ​គាត់​សម្ដែង​ការ​គាំទ្រ»។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​តែ​បញ្ជាក់​ជំហរ​ដដែល​ថា គណបក្ស​នេះ​មិន​ចរចា​ជាមួយ​លោក កឹម សុខា ក្នុង​ពេល​នេះ​ទេ ខណៈ​សំណុំ​រឿង​នេះ​ស្ថិត​ក្នុង​ដៃ​តុលាការ។

លោក កឹម សុខា បង្ហាញ​ការ​គាំទ្រ​ការរៀបចំ​អ្នក​បន្តវេន​របស់​គណបក្ស​កាន់អំណាច​ហាក់​ផ្ទុយ​ពី​ដៃ​គូ​នយោបាយ​របស់​លោក គឺលោក សម រង្ស៊ី ដែល​តែងតែ​រិះគន់​ផែនការ​កាន់​អំណាច​តពូជ​នេះ​។ លោក សម រង្ស៊ី លើកឡើង​ថា លោក ហ៊ុន សែន ​មាន​វ័យ​កាន់តែ​ចាស់​ដែល​មិន​អាច​នៅ​កាន់អំណាច​បាន​យូរ​តទៅ​ទៀត ទើប​គាត់​ចង់​ឲ្យ​កូន​ឡើង​មក​កាន់​តំណែង​ជំនួស​គាត់ ដើម្បី​ឲ្យ​កូន​ជួយ​ថែរក្សា​លាភសក្ការៈ​សម្រាប់​ក្រុម​គ្រួសារ និង​ធានា​និទ្ទណ្ឌភាព​ឲ្យ​ខ្លួន​គាត់​ផ្ទាល់។

គណបក្ស​ប្រជាជន​កម្ពុជា បាន​ជ្រើសតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​នា​ពេល​អនាគត កាល​ពី​ថ្ងៃ​ថ្ងៃទី​២៤ ធ្នូ ឆ្នាំ​២០២១ ក្រោយ​លោក ហ៊ុន សែន ជា​ឪពុក​បាន​ប្រកាស​ជា​សាធារណៈ​គាំទ្រ​បេក្ខភាព លោក ហ៊ុន ម៉ាណែត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។