ថ្ងៃទី១០ កក្កដាឆ្នាំ២០២០ ដែលជាខួប ៤ឆ្នាំឃាតកបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នេះ គណបក្សសង្គ្រោះជាតិ បានយកថ្ងៃទី១០ កក្កដានេះ ជាថ្ងៃចាប់ផ្ដើមធ្វើយុទ្ធនាការ “បញ្ចប់និទ្ទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា“។
យុទ្ធនាការបញ្ចប់អំពើនិទ្ទណ្ឌភាពនេះ ដើម្បីស្វែងរកយុត្តិធម៌ជូនរងគ្រោះមួយចំនួន ដូចជា៖
-លោក បណ្ឌិត កែម ឡី អ្នកវិភាគនយោបាយដ៏មានថ្វីមាត់ ត្រូវឃាតកបាញ់សម្លាប់នៅថ្ងៃទី១០កក្កដា ឆ្នាំ២០១៦។
អ្នកស្រី ពិសិដ្ឋ ពីលីកា តារាភាពយន្ត និងជាអ្នករាំរបាំដ៏ល្បីល្បាញ ត្រូវបានបាញ់សម្លាប់ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ១៩៩៩។
ព្រះតេជព្រះគណ សំ ប៊ុនធឿន អធិបតីពុទ្ធមណ្ឌល និងជាអគ្គនាយកវិបស្សនាធុរៈសិក្សា ត្រូវបានធ្វើគុត នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០០៣។
មេដឹកនាំសហជីពដ៏លេចធ្លោ លោក ជា វិជ្ជា ឃាតកបាញ់សម្លាប់ នៅថ្ងៃទី២២ មករា ឆ្នាំ២០០៤។
អ្នកការពារបរិស្ថានដ៏ក្លាហាន លោក ឈុត វុទ្ធី ត្រូវបានបាញ់សម្លាប់នៅខែត្រកោះកុង នៅថ្ងៃទី២៦មេសា ឆ្នាំ២០១២ និងអ្នកកាសែត សកម្មជននយោបាយ សហជីព និងប្រជាពលរដ្ឋស្លូតត្រង់ជាច្រើនទៀត ដែលឃាតកបាញ់សម្លាប់យ៉ាងអយុត្តិធម៌នៅក្នុងរបបលោក ហ៊ុន សែន។
យុទ្ធនាការ “បញ្ចប់និទ្ទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជា “ របស់គណបក្សប្រឆាំងនេះ នឹងផ្សាភ្ជាប់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុង/ ក្រៅប្រទេស និងសហគមន៍អន្តរជាតិ ទៅនឹងការយល់ដឹងអំពីឃាតកម្មដោយរដ្ឋនៅកម្ពុជា ដើម្បីបង្កើតចលនាមួយដែលស្វែងរក និងជំរុញឲ្យមានការរួមគ្នាក្នុងការថ្កោលទោសប្រឆាំងនឹងអំពើឃោរឃៅនៅក្នុងរបបលោក ហ៊ុន សែន នាំយកជនល្មើសទៅផ្ដន្ទាទោស ដើម្បីបញ្ចប់នូវនិទ្ទណ្ឌភាព ឬភាពគ្មានទោសពៃនៅកម្ពុជា៕
សូមស្ដាប់បទសម្ភាសន៍ជាមួយ លោក សម រង្ស៊ី បន្ថែម អំពីយុទ្ធនាការ “បញ្ចប់និទ្ទណ្ឌភាពដើម្បីយុត្តិធម៌នៅកម្ពុជានេះដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។