មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិអះអាងថា សម្ពន្ធភាពរវាងមេដឹកនាំគណបក្សនេះនៅតែរឹងមាំ មិនមានការបែកបាក់នោះទេ។ ការលើកឡើងនេះ បន្ទាប់ពីមន្ត្រីជាន់ខ្ពស់មួយរូបនៃគណបក្សសង្គ្រោះជាតិ ដែលត្រូវជាកូនស្រីរបស់លោក កឹម សុខា បានលើកឡើងថា លោកមានបំណងដឹកនាំគណបក្សប្រឆាំងចូលរួមការបោះឆ្នោតនៅពេលខាងមុខ។ អ្នកវិភាគថា ជម្រើសល្អរបស់គណបក្សប្រឆាំង គឺថែរក្សាសម្ពន្ធភាព និងឯកភាពផ្ទៃក្នុងបក្សឱ្យបានរឹងមាំ។
ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិអះអាងថា ការតស៊ូនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សនេះ គឺដើម្បីឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា ហើយដើម្បីឱ្យការបោះឆ្នោតនេះ អាចប្រព្រឹត្តទៅបាន គឺត្រូវមានដំណោះស្រាយនយោបាយជាមុនសិន។
លោក អេង ឆៃងអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ថា ដំណោះស្រាយនយោបាយសមស្របនោះ គឺរបបលោក ហ៊ុន សែន ត្រូវទម្លាក់ចោលការចោទប្រកាន់លើលោក កឹម សុខា និងមន្ត្រីគណបក្សសង្គ្រោះជាតិដទៃទៀត ព្រមទាំងបើកឱ្យគណបក្សសង្គ្រោះជាតិអាចដំណើរការឡើងវិញបាន។ លោកសង្កត់ធ្ងន់ថា លោក កឹម សុខា ត្រូវការជាចាំបាច់នូវយុត្តិធម៌ និងសិទ្ធិសេរីភាព ដើម្បីវិលមកដឹកនាំគណបក្សសង្គ្រោះជាតិចូលរួមការបោះឆ្នោតនៅពេលខាងមុខ ដូច្នេះភាគីពាក់ព័ន្ធគប្បីជួយទាមទារយុត្តិធម៌ និងសិទ្ធិសេរីភាពជូនលោក កឹម សុខា វិញ៖ «
លោក អេង ឆៃអ៊ាង អះអាងថា សម្ពន្ធភាពនយោបាយរវាងលោក សម រង្ស៊ី និងលោក កឹម សុខា មិនមានអ្វីប្រេះឆានោះទេ ហើយពួកលោកនៅតែគោរពលោក កឹម សុខា ក្នុងឋានៈជាប្រធានបក្សដដែល។
ការបញ្ជាក់បែបនេះរបស់ថ្នាក់ដឹកនាំគណបក្សប្រឆាំង គឺបន្ទាប់ពីកូនស្រីរបស់លោក កឹម សុខា កញ្ញា កឹម មនោវិទ្យា បានបង្ហោះសារលើបណ្ដាញធ្វីតធ័រ (Twitter) កាលពីថ្ងៃទី១២ មករាថា លោក កឹម សុខា មានបំណងដឹកនាំគណបក្សប្រឆាំង ដើម្បីប្រកួតប្រជែងការបោះឆ្នោតឆ្នាំ២០២២ និងឆ្នាំ២០២៣ ប្រកបដោយអត្ថន័យ។ កញ្ញា កឹម មនោវិទ្យា មិនបានបកស្រាយឱ្យច្បាស់ថា តើគណបក្សប្រឆាំងនេះ គឺជាគណបក្សសង្គ្រោះជាតិដដែល ឬជាគណបក្សថ្មីនោះទេ ហើយក្រោយមកសារនេះ ត្រូវបានលុបចោលវិញ។
អាស៊ីសេរីបានទាក់ទងកញ្ញា កឹម មនោវិទ្យា ដើម្បីសុំការបកស្រាយរឿងនេះដែរ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ នៅថ្ងៃទី១៣ មករា។
ទោះជាយ៉ាងណា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិស្និទ្ធនឹងលោក កឹម សុខា គឺលោក មាជ សុវណ្ណារ៉ា ថ្លែងថា នេះជាការយល់ឃើញផ្ទាល់ខ្លួនរបស់កញ្ញា កឹម មនោវិទ្យា ដែលទំនងជាក្នុងន័យពញ្ញាក់ស្មារតីសហគមន៍អន្តរជាតិ ឬគណបក្សកាន់អំណាច ឱ្យគិតគូរស្ដារស្ថានការណ៍ប្រទេសកម្ពុជាឡើងវិញ។ លោកបន្តថា លោក កឹម សុខា ជាអ្នកប្រជាធិបតេយ្យបែបបង្រួបបង្រួម ដូច្នេះលោកនឹងមិនជ្រើសរើសយកការបែកបាក់គ្នានោះទេ៖
លោក កឹម សុខា កំពុងជាប់ក្នុងបម្រាមនយោបាយនៅឡើយ ហើយសកម្មភាពរបស់លោកស្ថិតក្រោមការតាមដានរបស់អាជ្ញាធរ។ តុលាការក្រុងភ្នំពេញមិនទាន់កំណត់ពេលសវនាការសំណុំរឿងរបស់លោកជាថ្មីទៀតនៅឡើយទេ ក្រោយផ្អាកសវនាការកាលពីខែមីនា ឆ្នាំ២០២០ ក្រោមហេតុផលបង្ការជំងឺកូវីដ-១៩។
ប្រធានតុលាការក្រុងភ្នំពេញ លោក តាំង ស៊ុនឡាយ បានប្រាប់វិទ្យុវីអូអេ (VOA) ថា លោក កឹម សុខា ស្ថិតនៅក្រៅឃុំ ដូច្នេះសំណុំរឿងរបស់មេបក្សប្រឆាំងរូបនេះ មិនមែនជាអាទិភាពសម្រាប់តុលាការនោះទេ។
អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន ថ្លែងថា មន្ត្រីគណបក្សសង្គ្រោះជាតិនៅតែមានច្រកសម្រាប់ចូលរួមប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខ តាមរយៈការសុំសិទ្ធិធ្វើនយោបាយ ដើម្បីបង្កើតគណបក្សថ្មី។ ប៉ុន្តែចំពោះតួអង្គលោក កឹម សុខា វិញ លោក សុខ ឥសាន ថា លោកមិនមានយោបល់អ្វីនោះទេ៖ «
ជុំវិញរឿងនេះ អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វាយតម្លៃថា លោក កឹម សុខា អាចមានឱកាសធ្វើនយោបាយដឹកនាំគណបក្សប្រឆាំងឡើងវិញ តាមរយៈសេណារីយ៉ូពីរយ៉ាង។ ទីមួយ សហគមន៍អន្តរជាតិដាក់សម្ពាធខ្លាំងលើរដ្ឋាភិបាល ដើម្បីជំរុញឱ្យមានដំណោះស្រាយនយោបាយ និងទីពីរ លោក កឹម សុខា បែកចេញពីលោក សម រង្ស៊ី៖ «
ទោះជាយ៉ាងណា លោក ឯម សុវណ្ណារ៉ា ជឿថា ការបែកបាក់គ្នារវាងលោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាជម្រើសល្អសម្រាប់មេដឹកនាំបក្សប្រឆាំងទាំងពីរនោះទេ តែវានឹងហុចផលទៅគណបក្សកាន់អំណាចទៅវិញ។ អ្នកជំនាញរូបនេះបន្ថែមថា អ្វីដែលបក្សប្រឆាំងគួរធ្វើជាចាំបាច់នោះ គឺពង្រឹងឯកភាព និងសាមគ្គីផ្ទៃក្នុងបក្ស ដើម្បីស្វះស្វែងរកការគាំទ្រពីសហគមន៍អន្តរជាតិ ឱ្យជួយអន្តរាគមន៍ដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។