គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានអនុវត្តចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយថ្ងៃទី២២ កក្កដា ២០១៤ នៅឡើយទេ គឺបានត្រឹមតែលើកឡើងថា នឹងបន្តពិភាក្សាគ្នាតទៅទៀត។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដើម្បីផ្ដល់ជាអនុសាសន៍ដល់គណបក្សទាំងពីរ។
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទងនឹងការបោះឆ្នោត និងអ្នកជំនាញឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ទាមទារឲ្យស្ថាប័នរដ្ឋសភាធ្វើការឲ្យបានច្រើនជាងមុន និងបើកទូលាយផ្ដល់ឯកសារនានាដល់សាធារណជនឲ្យបានច្រើន។
សេចក្ដីសង្ខេបនៃអនុសាសន៍ចំនួន ១១ ចំណុចនៅក្នុងសេចក្ដីថ្លែងការណ៍រួមនេះ មានដូចជា រដ្ឋសភាត្រូវអនុម័តបទបញ្ជាផ្ទៃក្នុងថ្មី ដោយមតិពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល, គណៈកម្មាធិការអចិន្ត្រៃយ៍ ឬគណៈកម្មការជំនាញនីមួយៗនៃរដ្ឋសភាត្រូវកំណត់ពេល ១ថ្ងៃ ក្នុង១សប្ដាហ៍ ដើម្បីធ្វើសវនាការជជែកដេញដោលជាសាធារណៈចំពោះជនពាក់ព័ន្ធមកបំភ្លឺលើសេចក្ដីព្រាង សេចក្ដីស្នើច្បាប់ និងការអនុវត្តច្បាប់ជាធរមាន។
បន្ថែមពីលើនេះ រាល់កំណត់ហេតុ និងឯកសារដទៃទៀតរបស់រដ្ឋសភា ត្រូវរក្សាទុកនៅក្នុងអគ្គលេខាធិការដ្ឋាន និងជាសាធារណៈ លើកលែងតែជាកំណត់ហេតុ និងឯកសារទាំងឡាយណាដែលសម្រេចដោយគណៈកម្មាធិការអចិន្ត្រៃយ៍ថា អាចប៉ះពាល់ដល់សន្តិសុខជាតិ។ ក្រៅពីនេះ ចម្លើយផ្ទាល់មាត់ ឬលាយលក្ខណ៍អក្សររបស់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រី ត្រូវធ្វើឡើងក្នុងរយៈពេល ១៥ថ្ងៃ បន្ទាប់ពីទទួលបានសំណួរ ហើយការជជែកដេញដោលរវាងអ្នកតំណាងរាស្ត្រ និងរាជរដ្ឋាភិបាលត្រូវកំណត់ពេលស្មើគ្នា។ ចំណែកឯញត្តិបន្ទោសរាជរដ្ឋាភិបាលអាចត្រូវលើកមកពិភាក្សាបាន លុះត្រាតែមានតំណាងរាស្ត្រយ៉ាងតិច ៣០នាក់។ លើសពីនេះទៅទៀត គណបក្សនយោបាយដែលមានអាសនៈតិចជាង១០ មានសិទ្ធិបង្កើតក្រុមរបស់ខ្លួន ១ក្រុម ហើយគណបក្សដែលមិនចូលរួមនៅក្នុងរដ្ឋាភិបាល និងមានអាសនៈច្រើនជាងនៅក្នុងសភា ត្រូវបានទទួលស្គាល់ ហើយមានសិទ្ធិបង្កើតអ្នកនាំពាក្យក្នុងការត្រួតពិនិត្យការងាររបស់រាជរដ្ឋាភិបាល។
អនុសាសន៍សំខាន់មួយទៀត គឺសមាជិករដ្ឋសភា ត្រូវបាត់បង់សមាជិកភាពរបស់ខ្លួន ដោយសារសាមីខ្លួនសុំលាឈប់ជាលាយលក្ខណ៍អក្សរ ដោយបញ្ជាក់ពីមូលហេតុជាក់លាក់ និងត្រូវផ្សព្វផ្សាយជាសាធារណៈ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការអង្គការខុមហ្វ្រែល នារសៀលថ្ងៃទី៤ ខែសីហា លោក នី ចរិយា មន្ត្រីសម្របសម្រួលសមាគមអាដហុក បានបញ្ជាក់ថា អង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ ចង់ឱ្យរដ្ឋសភាកម្ពុជា មានដំណើរការត្រឹមត្រូវ ដោយឯករាជ្យ និងឈរលើមូលដ្ឋានប្រជាធិបតេយ្យសេរីពហុបក្ស ហើយអ្វីដែលអង្គការសង្គមស៊ីវិល និងអ្នកឯករាជ្យអាចធ្វើបាន គឺការស្នើឱ្យមានការកែប្រែបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។
លោក នី ចរិយា៖«យើងមិនមែនជាអ្នកទៅយកអំណាចពីប្រជាជនទេ។ យើងគ្រាន់តែស្នើទៅប្រសិនបើក្រុមណាមួយយល់ថា កិច្ចការបម្រើប្រជាពលរដ្ឋបានច្រើននិងអាចយកទៅដាក់ក្នុងផែនការយុទ្ធសាស្រ្តរបស់ខ្លួន ឬក៏អាចស្នើទៅក្រុមម្ខាងទៀតដើម្បីធ្វើវិសោធនកម្មទៅតាមអ្វីដែលយើងចង់បាននេះ។ អ៊ីចឹងខ្ញុំយល់ថា នេះគ្រាន់តែលទ្ធភាពមួយសម្រាប់ឱ្យយើងផ្តល់ជាគំនិតយោបល់ទៅទេ។ ទៅដល់អ្នកនយោបាយត្រង់ថា អ្នកនយោបាយចេះយកគំនិតយោបល់នេះទៅប្រើប្រាស់សម្រាប់ទាញយកផលប្រយោជន៍ខាងនយោបាយពីប្រជាជនយ៉ាងម៉េចអាហ្នឹងវាអាស្រ័យទៅលើក្រុមអ្នកនយោបាយ»។
សេចក្ដីថ្លែងការណ៍រួមស្ដីពីសេចក្ដីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភារបស់ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ ត្រូវបានធ្វើឡើងស្របទៅនឹងស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រង់ប្រការ៧ ដែលចែងពីការឯកភាពគ្នាក្នុងការសិក្សា ដើម្បីឈានទៅធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងដើម្បីអនុវត្តកិច្ចព្រមព្រៀង។ សេចក្ដីថ្លែងការណ៍រួមនេះ ក៏ត្រូវបានធ្វើឡើងនៅចំពោះភាពមិនទាន់អនុវត្តបាននៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ កក្កដា ឆ្នាំ២០១៤ រវាងគណបក្សនយោបាយជាប់ឆ្នោតទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។