អង្គការឃ្លាំមើលការបោះឆ្នោតជំរុញឱ្យរដ្ឋាភិបាល និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំឱ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស ជាពិសេស ពលករចំណាកស្រុកអាចចុះឈ្មោះបោះឆ្នោតបាន។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការ ដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល (COMFREL) កាលពីថ្ងៃទី២៣ ខែកុម្ភៈ លើកឡើងថា ច្បាប់ ឬនីតិវិធីទាក់ទងនឹងការបោះឆ្នោតនៅមិនទាន់អាចសម្រួលដល់ពលរដ្ឋចំណាកស្រុក ដែលបើតាមស្ថិតិក្រៅផ្លូវការអាចមានចំនួនដល់ជាង ២លាននាក់នោះអាចចុះឈ្មោះបោះឆ្នោតបាននៅឡើយទេ។ ប៉ុន្តែ ខុមហ្រ្វែល បែរជាសង្កេតឃើញថា មានករណីពលរដ្ឋអាចចុះឈ្មោះជាក្រុម នៅតាមកន្លែងដែលពួកគាត់មិនបានរស់នៅទៅវិញ។ ពលរដ្ឋទាំងនោះភាគច្រើនជាក្រុមការងារចុះមូលដ្ឋានរបស់គណបក្សកាន់អំណាច និងជាកងកម្លាំងនគរបាលមួយចំនួន ដែលមិនបានរស់នៅ ឬមិនដឹងថា រស់នៅតំបន់ ដែលគេទៅចុះឈ្មោះ ឬអត់ ប៉ុន្តែត្រូវបានអាជ្ញាធរមូលដ្ឋាន ឬមេប៉ុស្តិ៍បញ្ជាក់ទីលំនៅឱ្យសម្រាប់ការចុះឈ្មោះបាន។
ករណី ដែលពលរដ្ឋអាចចុះឈ្មោះអ្នកបោះឆ្នោត ដោយមិនបានស្នាក់នៅអចិន្ត្រៃយ៍តាមតំបន់ ដែលពួកគេរស់នៅបែបនេះ ខុមហ្វ្រែល ស្នើអោយ គ.ជ.ប សម្របសម្រួលជាមួយរដ្ឋាភិបាល និងរដ្ឋសភា ដើម្បីផ្ដល់មធ្យោបាយតាមផ្លូវច្បាប់ បង្កើតនីតិវិធី ផ្ដល់សិទ្ធិ និងលទ្ធភាពដល់ប្រជាពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេសបានចុះឈ្មោះ តាមរយៈការបញ្ជាក់ឯកសារ ដូចគ្នានេះដែរ។
ជាមួយគ្នានេះ គ.ជ.ប អាចសម្របសម្រួលរៀបចំក្រុមចុះឈ្មោះនៅក្រៅប្រទេស ដើម្បីរៀបចំកន្លែងចុះឈ្មោះ នៅតាមស្ថានទូត ឬនៅតំបន់ដែលមានប្រជាពលរដ្ឋធ្វើការងារច្រើន ឬអាចសាកល្បងនៅតាមព្រំដែនខ្មែរជាមុនសិនក៏បាន។
ក្រៅពីនេះ ខុមហ្វ្រែល ដែលបានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឆ្នាំ២០២០ បានរកឃើញថា មានបញ្ហាមួយចំនួនក្នុងការប្រើប្រាស់ឯកសារក្នុងការចុះឈ្មោះអ្នកបោះឆ្នោត ដែល គ.ជ.ប គួរពិនិត្យកែតម្រូវជាបន្ទាន់។ ខុមហ្រ្វែល ក៏បានជំរុញអោយក្រសួងមហាផ្ទៃបង្កើនការផ្ដល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ ដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗ គ្នា ដើម្បីកាត់បន្ថយបញ្ហាឯកសារបញ្ជាក់ការចុះឈ្មោះបោះឆ្នោត។ ជាមួយគ្នានេះ ខុមហ្វ្រែល រកឃើញថា ក្នុងបញ្ជីបច្ចុប្បន្នភាពថ្មីនេះមានឈ្មោះស្ទួនចំនួន ៧៩ករណី ឬស្មើនឹង ១៥៨ឈ្មោះ។
បញ្ជីឈ្មោះបោះឆ្នោតបច្ចុប្បន្នភាពថ្មីរបស់ គ.ជ.ប នៅក្នុងឆ្នាំ២០២០ នេះមានអ្នកបោះឆ្នោតសរុបចំនួនជិត ៩លាននាក់ (៨.៨៣១.៩៤៧)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។