ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតរបស់គណបក្សនយោបាយមួយចំនួនដែលមាននិន្នាកាទៅរកប្រជាធិបតេយ្យ ត្រៀមខ្លួនចូលធ្វើការនៅតាមឃុំសង្កាត់ ដោយប្ដេជ្ញាថា ពួកគេនឹងធ្វើការងារឱ្យល្អបម្រើប្រជាពលរដ្ឋ។ ការលើកឡើងនេះបន្ទាប់ពីរដ្ឋបាលខេត្តនានាទូទាំងប្រទេសនឹងចាប់ផ្ដើមប្រកាសសុពលភាពក្រុមប្រឹក្សាឃុំសង្កាត់នៅតាមមូលដ្ឋានក្នុងពេលឆាប់ៗនេះ។ សង្គមស៊ីវិលសាទរចំពោះការប្រកាសសុពលភាព និងអំពាវនាវអោយក្រុមប្រឹក្សាដែលជាប់ឆ្នោតទាំងនោះធ្វើការរួមគ្នាបំរើពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងសេចក្ដីសុខរបស់ពលរដ្ឋ។
ជំទប់ទី១ និងទី២ជាប់ឆ្នោតគណបក្សភ្លើងទៀននិងគណបក្សប្រជាធិបតេយ្យមូលដ្ឋានត្រៀមខ្លួននិងអន្ទះសារចូលធ្វើការងារដើម្បីជួយទៅដល់ប្រជាពលរដ្ឋនិងដំណើរការផ្សេងៗក្នុងការអភិវឌ្ឍន៍មូលដ្ឋានរបស់ពួកគេ។ ការប្ដេជ្ញាចិត្តនេះ បន្ទាប់ពីក្រសួងមហាផ្ទៃចាប់ផ្ដើមប្រកាសសុពលភាពសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នៅទូទាំងប្រទេស ដែលនឹងចូលកាន់តំណែងជាបន្តបន្ទាប់ ។ ពិធីប្រកាសចូលកាន់តំណែងមេឃុំ-ចៅសង្កាត់ និង សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ធ្វើឡើងតាមឃុំ-សង្កាត់ដោយ មានគណៈអភិបាល រាជធានីខេត្ត ជាអធិបតី។
ជំទប់ទី១ ជាប់ឆ្នោតគណបក្សប្រជាធិបតេយ្យមូលដ្ឋានឃុំដំណាក់សុក្រំខេត្តកំពត លោក អ៊ួន សុផល ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃ៣ ខែកក្កដាថា លោកបានត្រៀមខ្លួនរួចស្រេចសម្រាប់អាណត្តិថ្មីនេះព្រោះលោកធ្លាប់ធ្វើជាជំទប់ទី២កាលពីអាណត្តិទី៤ហើយពេលនេះលោកបានជាប់ជាជំទប់ទី១។ លោក អ៊ួន សុផល បារម្ភថា ទោះបីជាមានគណបក្សចំនួន៣ជាប់ក្នុងឃុំប៉ុន្តែការអនុវត្តរបស់គណបក្សកាន់អំណាចកន្លងមកតែងតែយកអំណាចថ្នាក់លើមកប្រើដោះស្រាយបញ្ហាក្នុងឃុំសង្កាត់ ដោយមិនសូវហ៊ានសម្រេចចិត្តដោយខ្លួនឯងនោះទេ៖ «បំបាត់នូវការរើសអើង និន្នាការនយោបាយ មិនចង់អោយមានការរើសអើង សម្រាប់ប្រជាពលរដ្ឋក្នុងឃុំ ។ ទី២ ខ្ញុំនិងបន្តសកម្មភាពអភិវឌ្ឍន៍ផ្នែកកសិកម្ម ដូចជាការផលិត និងការរកទីផ្សារ ក៏ដូចជាការផ្តល់នូវពូជផ្សេងៗ ការរៀបចំធ្វើយ៉ាងណាអោយមានទឹកផ្នែកកសិកម្ម ទឹកសម្រាប់ហូបក្នុងគ្រួសារ ក៏ដូចជាបច្ចេកទេសផ្សេងៗ គឺយើងនឹងទំនាក់ទំនងរកដៃគូ ដើម្បីជួយសម្រាប់ឃុំដំណាក់សុក្រំ ហើយជាពិសេសជំនាញចំណេះដែលខ្លួនឯងមាន គឺយើងនឹងបំរើជូនប្រជាពលរដ្ឋ អោយអស់ពីដៃពីជើងតាមសមត្ថភាពដែលយើងអាចធ្វើទៅបាន»។
លោក អ៊ួន សុផល បន្ថែមថា លោកនឹងបន្តសហការជាមួយស្ថាប័នពាក់ព័ន្ធ ដូចជា ស្ថាប័នឥណទានស្ថាប័នបច្ចេកទេសស្ថាប័នផ្តល់ជំនួយមន្ទីរកសិកម្មនិងស្ថាប័នផ្សេងៗទៀតដើម្បីចូលរួមគ្នាអភិវឌ្ឍន៍ក្នុងឃុំរបស់លោក។
ចំណែកជំទប់ទី១ ជាប់ឆ្នោតគណបក្សភ្លើងទៀនឃុំគំរូ ខេត្តបន្ទាយមានជ័យ លោក សាន់ សៀកគីន លើកឡើងថាលោកបានត្រៀមខ្លួនរួចហើយសម្រាប់បំរើពលរដ្ឋតាមគោលការណ៍របស់គណបក្សហើយឆ្លើយតបទៅនិងដំណោះស្រាយជូនប្រជាពលរដ្ឋជារួមពីទុក្ខកង្វល់ផ្សេងរបស់ពលរដ្ឋ។ លោក សាន់ សៀកគីន ថ្លែងថា លោកអន្ទះសារចង់ចូលធ្វើការបំរើពលរដ្ឋព្រោះលោកយល់ថាពលរដ្ឋក្នុងឃុំកំពុងជួបទុក្ខលំបាកច្រើនពិសេសគឺកូនក្មេងដែលត្រូវម្តាយឳពុកធ្វើចំណាកស្រុក ដោយគ្មានអ្នកមើលថែឱ្យបានត្រឹមត្រូវ៖ « សំខាន់ជាងគេគឺស្មោះត្រង់! ស្មោះត្រង់វាបង្កប់នូវតម្លាភាពនូវការតាំងចិត្តឈឺឆ្អាលចំពោះបញ្ហាប្រជាពលរដ្ឋហើយយើងយកបញ្ហានោះទៅដោះស្រាយនៅក្នុងសាលាឃុំទោះបីគណបក្សភ្លើងទៀនមាន២សំឡេង (អាសនៈ) ក៏ដោយ ប៉ុន្តែយើងនឹងតស៊ូមតិហើយខ្ញុំជឿជាក់ថាអ្វីដែលយើងលើកឡើងអោយតែមានភាពច្បាស់លាស់ហើយយើងជំរុញទឹកចិត្តអោយសមាជិកក្រុមប្រឹក្សាដទៃទៀតចូលរួមយើងនឹងប្រើសិល្បៈនៃការដឹកនាំអោយគាត់មើលឃើញសារៈសំខាន់នៃការដោះស្រាយជូនប្រជាពលរដ្ឋទោះជាដំណោះស្រាយនោះបានដោះស្រាយកន្លងមកបានខ្លះឬក៏ជាសារថ្មីអ្វីក៏ដោយអោយតែយើងមានគំនិតចេះបញ្ចុះបញ្ចូលលើកទឹកចិត្តរបស់គាត់ក្រុមប្រឹក្សាដទៃទៀតខ្ញុំជឿថា ប្រាកដជាគាត់នឹងចូលរួមសហការហើយនឹងដោះស្រាយដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់គ្នា»។
ទាក់ទងនឹងបញ្ហានេះ មេឃុំគំរូជាប់ឆ្នោតគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យលោក នាម ឃាម ប្រាប់វិទ្យុអាស៊ីសេរីថា លោកនិងបែងចែកទៅតាមការងារដែលច្បាប់បានកំណត់ទៅតាមសមត្ថភាពស្របទៅតាមដៃគូរអង្គការនានាដែលធ្លាប់សហការកន្លងមក ។ លោក បន្តថា និងរួបរួមសាមគ្គីគ្នាធ្វើការងារដើម្បីផលប្រយោជន៍ពលរដ្ឋ៖ « ទេបើសិនសំរាប់ខ្ញុំវាមិនមានអារម្មណ៍អីផង។ មានអារម្មណ៍ថាបើប្រកាសធ្វើសុពលភាពទៅយើងនឹងចាប់ដៃគ្នាកសាងភូមិឃុំបន្តដែលមានក្នុងនោះមានគណបក្សភ្លើងទៀន២រួបរួម១និងប្រ/ជ (គណបក្សប្រជាជន) ៤។ ចឹងទេ ដល់ប្រកាសទៅយើងមានទៅគិតគូរអីទៀតមានតែសហការគ្នាបំរើប្រជាពលរដ្ឋតែប៉ុណ្ណោះទេ»។
ជុំវិញរឿងនេះអ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូប្រចាំនៅខេត្តបាត់ដំបងលោក អ៊ិន គង់ជិត លើកឡើងថាកន្លងមករដ្ឋបាលថ្នាក់ក្រោមជាតិគឺគ្រប់គ្រងដោយគណបក្សតែមួយដែលធ្វើអោយកន្លែងមួយចំនួនបញ្ហាច្រើនដោយសារតែអាជ្ញាធរឃុំមួយចំនួនខ្វះសមត្ថភាពក្នុងការដោះស្រាយជូនពលរដ្ឋ ។ លោកបន្តថាកត្តាគ្មានដំណោះស្រាយនាំឲ្យពលរដ្ឋអស់ជំនឿនិងបោះឆ្នោតអោយគណបក្សផ្សេងចូលរួមក្នុងឃុំសង្កាត់ ដើម្បី ប្រជែងការអភិវឌ្ឍន៍នៅតាមមូលដ្ឋានពួកគាត់។ លោក អ៊ិន គង់ជិត អះអាងថា អំពើពុករលួយ បក្ខពួកនិយមនិងអសមត្ថភាពក៏ជាឧបសគ្គក្នុងការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ដែរ៖ «ការដែលពួកគាត់ត្រៀមខ្លួន សម្រាប់ចូលទៅកាន់មុខតំណែងនេះ វាជាការចូលរួមបង្កើតអោយមានប្រជាធិបតេយ្យនៅថ្នាក់មូលដ្ឋាន ។ ដោយសារពួកគាត់ ជាតំណាងអោយសំឡេងភាគតិច គាត់អាចពាំនាំនូវក្តីកង្វល់របស់សំឡេងពួកគាត់ហ្នឹង ទៅដាក់នៅក្នុងក្រុមប្រឹក្សា ដើម្បីលើកជាបញ្ហាដោះស្រាយ កាត់បន្ថយជំលោះ ហើយនឹងបង្កើតអោយមាន ការរក្សាសណ្តាប់ធ្នាប់នូវថ្នាក់មូលដ្ឋាន ហើយចូលរួមក្នុងការអភិវឌ្ឍន៍ហ្នឹងបន្តទៀត»។
លោក អ៊ិន គង់ជិត អំពាវនាវដល់ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះពួតដៃគ្នាធ្វើការងារដើម្បីប្រយោជន៍រួមនៅក្នុងមូលដ្ឋាននិងអនុវត្តគម្រោងនានារបស់រដ្ឋាភិបាលអោយមានតម្លាភាពហើយផ្តល់សេវាល្អទាក់ទងនិងការអប់រំ សេវាសុខភាព សណ្តាប់ធ្នាប់សាធារណៈនិងសន្តិសុខសង្គមស្របទៅតាមគោលនយោបាយរបស់គណបក្សនីមួយៗដែលបានឃោសនាបោះឆ្នោត។
ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៥ ធ្វើឡើងកាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅគណបក្សប្រជាជនកម្ពុជាទទួលបាន ៩ពាន់៣រយ (៩,៣៧៦) អាសនៈ គណបក្សភ្លើងទៀន ២ពាន់១រយ៩៨(២,១៩៨ )អាសនៈ គណបក្សហ៊្វុនស៊ិនប៉ិច ១៩ អាសនៈ គណបក្សខ្មែររួបរួមជាតិ១៣អាសនៈគណបក្សប្រជាធិបតេយ្យមូលដ្ឋាន ៦ អាសនៈ គណបក្សខ្មែរស្រឡាញ់ជាតិ៥អាសនៈគណបក្សយុវជនកម្ពុជា ៣ អាសនៈ គណបក្សកម្ពុជានិយម ១ អាសនៈ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១ អាសនៈ។
សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតគណបក្សភ្លើងទៀននិងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានប្ដេជ្ញាថា ពួកគេនឹងខិតខំបំពេញការងារដោយមិនឱ្យគណបក្សកាន់អំណាចដឹកនាំមូលដ្ឋានបែបជិះសេះលែងដៃដូចពេលមុនៗទៀតបានឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។