យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៣ របស់គណបក្សនយោបាយហាក់ស្ងប់ស្ងាត់
2022.05.23

យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៣ ហាក់ស្ងប់ស្ងាត់ជាងថ្ងៃទី១ និងថ្ងៃទី២ ប៉ុន្តែគណបក្សនយោបាយមួយចំនួននៅតែបន្តធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅតាមបណ្តាខេត្តមួយចំនួនរួមមាន ខេត្តសៀមរាប បាត់ដំបង កំពត និងខេត្តព្រះសីហនុ។ រីឯគណបក្សប្រជាជនកម្ពុជា មិនបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោតក្នុងខេត្តទាំងនេះទេ នៅថ្ងៃទី២៣ ខែឧសភានេះ ដោយគ្រាន់តែចាក់មេក្រូផ្សព្វផ្សាយ ពីគោលនយោបាយតាមទីស្នាក់ការបក្សរបស់ខ្លួន នៅតាមមូលដ្ឋាន ក្នុងខេត្តនីមួយៗ។
យុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទី៣ នេះ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សយុវជនកម្ពុជា បន្តឃោសនារកសំឡេងឆ្នោត នៅតាមឃុំ-សង្កាត់នាខេត្តមួយចំនួន ដែលក្នុងនោះ គណបក្សភ្លើងទៀន មានអ្នកចូលរួមច្រើនជាងគេ។
អនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែឧសភាថា គ្រាន់តែសង្កាត់អូរចាមួយ ក្នុងក្រុងបាត់ដំបង មានពលរដ្ឋជិត ៣.០០០នាក់ ចូលរួមស្តាប់គោលយោបាយរបស់គណបក្សភ្លើងទៀននៅក្រុងបាត់ដំបង។ លោកសង្ឃឹមថា គណបក្សភ្លើងទៀន នឹងទទួលបានអាសនៈច្រើន ក្នុងសង្កាត់នេះដោយពលរដ្ឋចូលរួមគាំទ្រចេញពីទឹកចិត្ត និងបង្ហាញជំហរគាំទ្រ បេក្ខភាពចៅសង្កាត់អូរចា គឺអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត។
លោកបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន នឹងបន្តជួបជាមួយអ្នកគាំទ្រ នៅតាមបណ្តាលខេត្តមួយចំនួនទៀត នៅថ្ងៃបន្ទាប់៖ «យើងមានសុទិដ្ឋិនិយមថា ប្រាកដជាឈ្នះនៅសង្កាត់ហ្នឹងហើយ ព្រោះពលរដ្ឋនៅសង្កាត់ហ្នឹងរាប់ពាន់នាក់ហើយ។ គេសម្លុតគេគំរាមគាត់មិនស្តាប់នៅតែមក ដូច្នេះគាត់នៅតែចង់បោះឆ្នោតឱ្យ រ៉ូហ៊្សេតដដែល»។
អតីតចៅសង្កាត់អូរចាអ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត ដែលបានបាត់បង់តំណែងដោយសារតែរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧។ អ្នកនាងបានសម្រេចចិត្តឈរឈ្មោះ ជាបេក្ខភាពចៅសង្កាត់អូរចារឡើងវិញនៅឆ្នាំ២០២២ នេះ ជាមួយគណបក្សភ្លើងទៀន។
ថ្លែងនៅចំពោះមុខអ្នកគាំទ្ររាប់ពាន់នាក់ នៅព្រឹកថ្ងៃទី២៣ ខែឧសភា អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ៊្សេត សង្ឃឹមយ៉ាងមុតមាំថា អ្នកស្រីនឹងដណ្តើមតំណែងចៅសង្កាត់អូរចាឱ្យត្រឡប់មកវិញ ព្រោះកន្លងទៅ អ្នកស្រី និងពលរដ្ឋទូទាំងប្រទេស បានទទួលរងភាពអយុត្តិធម៌ដោយសារការរំលាយគណបក្សប្រឆាំងដ៏ធំនៅកម្ពុជា៖ «ខ្ញុំរ៉ូហ៊្សេត សូមប្តេជ្ញាចិត្តចំពោះពលរដ្ឋអូរចា ខ្ញុំនឹងដណ្តើមតំណែងចៅសង្កាត់អូរចា ត្រឡប់មកវិញ ពួកខ្ញុំរងគ្រោះយូរហើយ មិនមែនតែពួកខ្ញុំទេ ដែលជាប់ឆ្នោតរងគ្រោះ អ្នកដែលរងគ្រោះច្រើនជាងគេ ដែលអត់មានបក្សប្រឆាំង តែឥលូវនេះ បក្សប្រឆាំង គឺបក្សភ្លើងទៀនត្រឡប់មកវិញហើយ។
រីឯនៅខេត្តសៀមរាបឯណោះវិញ ថ្នាក់ដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បន្តធ្វើសកម្មភាពហែក្បួនឃោសនារកសំឡេងឆ្នោត ក្នុងឃុំល្វាក្រាំង ស្រុកវ៉ារិន ខេត្តសៀមរាប ដោយមានអ្នកចូលរួមជិត ១០០នាក់។
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាធិបតយ្យមូលដ្ឋានលោក យ៉ង សាំងកុមារ ដែលចូលរូមដឹកនាំឃោសនារកសំឡេងឆ្នោត បានថ្លែងសារនយោបាយ តាមមេក្រូ ពីគោលនយោបាយ ៥ចំណុច និងលក្ខណៈសម្បត្តិបេក្ខភាពមេឃុំរបស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ពោរពេញដោយសមត្ថភាព និងសុចរិតភាព បម្រើពលរដ្ឋគ្រប់ៗ គ្នា៖ «ធានាឱ្យពលរដ្ឋយើងនឹងទទួលបានសេវារដ្ឋបាលទាន់ចិត្ត និងមិនមានភាពរើសអើងនយោបាយ មានគោលនយោបាយឧបត្ថម្ភជូនចាស់ជរាគ្រប់រូប។ រៀបចំឱ្យមានសាលាមត្តេយ្យល្អគ្រប់ភូមិ ដោះស្រាយបញ្ហាទឹកជូនកសិកររបស់យើង»។
ចំណែកឯគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនារកសំឡេងឆ្នោត ក្នុងឃុំមួយចំនួន ក្នុងខេត្តកំពត និងខេត្តព្រះសីហនុ។ មន្ត្រីជាន់ខ្ពស់នៃគណបក្សយុវជនកម្ពុជា ឱ្យដឹងថា គណបក្សនេះ បានហែក្បូនឃោសនារកសំឡេងឆ្នោត ក្នុងឃុំស្វាយទងខាងត្បូង ស្រុកកំពង់ត្រឡាច ខេត្តកំពត ដោយមានមនុស្សចូលរួមជាង ៥០នាក់ ប្រើប្រាស់រថយន្ត ៥គ្រឿង និងម៉ូតូ ១៥គ្រឿង។
រីឯនៅខេត្តព្រះសីហនុ គណបក្សនេះ បានហែក្បូនឃោសនារកសំឡេងឆ្នោតចំនួន ៤សង្កាត់ ក្នុងក្រុងព្រះសីហនុ ដោយមានមនុស្សចូលរួមជាង ៦០នាក់ រថយន្ត ៦គ្រឿង និង ម៉ូតូកង់បី ជិត ១០គ្រឿង។
ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃគណបក្សយុវជនកម្ពុជាលោក ឯម សុខសុវណ្ណ ប្រាប់វិទ្យុអាស៊ីសេរីថា គណបក្សរបស់លោកបានដាក់បេក្ខភាពប្រកួតប្រជែងបោះឆ្នោតឃុំ-សង្កាត់ ក្នុងអាណត្តិទី៥ នេះ ចំនួន ១១៤ឃុំ-សង្កាត់ ក្នុងចំណោមឃុំ-សង្កាត់សរុបជាង ១ពាន់ ៦រយ (១.៦៥២) នៅទូទាំងប្រទេស។
លោកថា គណបក្សយុវជនកម្ពុជា បានដាក់ចេញគោលនយោបាយ ៧ចំណុច ដោយមានចំណុចខ្លះផ្តោតសំខាន់ លុបបំបាត់គ្រឿងញៀននៅមូលដ្ឋាន ពង្រឹងការប្រើប្រាស់ថវិកាឃុំ-សង្កាត់ឱ្យមានតម្លាភាព សុចរិតភាព និង បើកវេទិកាសាធារណៈរាល់មួយខែម្តងជួបមួយពលរដ្ឋ៖ «ចំពោះមតិទៅ គ.ជ.ប សូមមានអព្យាក្រឹតភាព និងតម្លាភាព សូមលទ្ធផលបោះឆ្នោតអាចទទួលយកបានទាំងអស់គ្នា រវាងអ្នកឈ្នះ និងអ្នកចាញ់»។
ដោយឡែក អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា គណបក្សកាន់អំណាច មិនបានហែក្បូនឃោសនារកសំឡេងឆ្នោតនៅខេត្តទាំងនេះទេ នៅថ្ងៃទី២៣ ខែឧសភានេះ ដោយនៅតាមមូលដ្ឋានមួយចំនួន គ្រាន់តែចែកខិតប័ណ្ណ និងផ្សព្វផ្សាយពីគោលនយោបាយ ចាក់មេក្រូ ឬឧបករណ៍បំពងសំឡេង តាមទីស្នាក់ការគណបក្ស ក្នុងខេត្តនីមួយៗ តែប៉ុណ្ណោះ។
ជុំវិញការបោះឆ្នោតឃុំ-សង្កាត់នេះ កូនស្រីច្បង លោក កឹម សុខា និងជាអគ្គនាយិការរងផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បានសរសេរសារនៅលើទំព័រទី្វតធ័រ (Twitter) របស់កញ្ញា នៅថ្ងៃទី២៣ ខែឧសភាថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នេះ ខ្វះភាពស្របច្បាប់ ដោយសារតែលោក កឹម សុខា ត្រូវបានហាមប្រាម និងពុំមានវត្តមានគណបក្សសង្គ្រោះជាតិដែលដឹកនាំដោយក្រុមមេដឹកនាំគណបក្សនេះនៅកម្ពុជា។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្រ្វែល (Comfrel) លោក កន សាវាង្ស សង្កេតឃើញថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត រយៈពេល ៣ថ្ងៃកន្លងមកនេះ មិនទាន់ឃើញមានភាពមិនប្រក្រតីណាមួយ ដូចជា ការគំរាមកំហែង និងរារាំងធ្ងន់ធ្ងរនៅឡើយទេ។ លោកថា យុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សនយោបាយមួយចំនួន ក្នុងថ្ងៃទី៣ នេះ ធ្វើឡើងទ្រង់ទ្រាយតូចៗ តាមបណ្តាខេត្តមួយចំនួនប៉ុណ្ណោះ។
យុទ្ធនាការរកសំឡេងឆ្នោតរបស់គណបក្សនយោបាយទាំង១៧ ដែលចូលរួមការបោះឆ្នោតថ្នាក់ក្រោមជាតិថ្ងៃទី៥ ខែមិថុនាខាងមុខ មានរយៈ ១៤ថ្ងៃចាប់ផ្ដើមពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនាខាងមុខ។ ច្បាប់បោះឆ្នោតអនុញ្ញាតឱ្យគណបក្សនយោបាយហែក្បួនទ្រង់ទ្រាយធំនៅតាមមូលដ្ឋានរបស់ខ្លួនត្រឹមពីរថ្ងៃប៉ុណ្ណោះ គឺថ្ងៃចាប់ផ្ដើម និងថ្ងៃចុងបញ្ចប់នៃយុទ្ធនាការនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។