ប្រទេសថៃមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៤ ខែមីនា បន្ទាប់ពីត្រូវបានលើកពេលអស់ចំនួន ៦ដងរួចមក។ អ្នកតាមដានស្ថានការណ៍នយោបាយថៃទស្សន៍ទាយថា អតីតមេដឹកនាំរបបយោធាលោក ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-cha)ទំនងជានឹងអាចជាប់ជានាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនេះ ដោយសារតែមេដឹកនាំរដ្ឋប្រហាររូបនេះ បានជំរុញឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីត្រៀមដណ្ដើមយកជ័យជំនះពីការបោះឆ្នោតនៅថ្ងៃនេះរួចស្រេចទៅហើយ។
តើព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅប្រទេសរាជានិយមមួយនេះ មានចំណុចស្រដៀងគ្នាយ៉ាងណាខ្លះ បើប្រៀបធៀបនឹងព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅកម្ពុជាកាលពីឆ្នាំមុននោះ?
ចំពោះអ្នកសង្កេតការណ៍នយោបាយថៃ ការបោះឆ្នោតលើកនេះ គឺជាការប្រកួតប្រជែងរវាងគណបក្សនយោបាយគាំទ្រ និងគណបក្សនយោបាយប្រឆាំងរបបគ្រប់គ្រងដោយយោធាបច្ចុប្បន្ន ដឹកនាំដោយឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា។
ចាប់តាំងពីមានរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ កាលពីខែឧសភា ឆ្នាំ២០១៤មក ប្រទេសថៃមិនដែលមានការបោះឆ្នោតដើម្បីជ្រើសតាំងតំណាងរាស្ត្រនោះទេ។ ដូច្នេះ ការបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៤ មីនា គឺជាការបោះឆ្នោតជាតិលើកដំបូង ក្នុងរជ្ជកាលថ្មីនៃព្រះចៅរាមា ទី១០ ព្រះនាម មហា វេជ្ជរាឡុងកន (Maha Vajiralongkorn) ដែលបានឡើងគ្រងរាជ្យបន្តពីព្រះបិតារបស់ព្រះអង្គចាប់តាំងពីខែតុលា ឆ្នាំ២០១៦មក។
បេក្ខជនតំណាងរាស្ត្រឈរឈ្មោះបោះឆ្នោតលើកនេះមានជាងមួយម៉ឺននាក់ មកពីគណបក្សចំនួន៨២ ប្រកួតប្រជែងដើម្បីដណ្ដើមយកអាសនៈរដ្ឋសភាសរុបចំនួន ៥០០អាសនៈ។ ក្នុងចំណោមបេក្ខជននាយករដ្ឋមន្ត្រីចំនួន ៦៩រូបនោះ មានស្ត្រីចំនួន ៧រូប ហើយក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតជាង ៥១លាននាក់ គឺមានប្រមាណជា ៧លាននាក់ ជាអ្នកបោះឆ្នោតលើកដំបូង។
មានចំណុចមួយចំនួនគួរឱ្យកត់សំគាល់ទាក់ទងនឹងភាពស្រដៀងគ្នារវាងការបោះឆ្នោតតំណាងរាស្ត្រនៅប្រទេសថៃ ឆ្នាំ២០១៩ នេះ និងការបោះឆ្នោតតំណាងនៅកម្ពុជា កាលពីឆ្នាំ២០១៨។
ភាពស្រដៀងគ្នា
ភាពស្រដៀងគ្នា១ គឺការរំលាយគណបក្សប្រឆាំងមុនការបោះឆ្នោត។ ចំពោះប្រទេសថៃ នៅមុនថ្ងៃបោះឆ្នោតជាងពីរសប្ដាហ៍ តុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចរំលាយគណបក្សប្រឆាំង ដែលនិយមគាំទ្រអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ ដែលកំពុងរស់នៅក្រៅប្រទេស ដើម្បីគេចខ្លួនពីសាលក្រមផ្ដន្ទាទោសពីបទពុករលួយ។
តុលាការរដ្ឋធម្មនុញ្ញថៃបានសម្រេចរំលាយគណបក្សឈ្មោះ ថៃរ៉ាក់សាឆាត (Thai Raksa Chart)នៅថ្ងៃទី៧ ខែមីនា តាមសំណើរបស់គណៈកម្មការរៀបចាំការបោះឆ្នោត បន្ទាប់ពីគណបក្សប្រឆាំងមួយនេះបានដាក់បងស្រីបង្កើតរបស់ព្រះមហាក្សត្រថៃ បច្ចុប្បន្នជាបេក្ខជននាយករដ្ឋមន្ត្រី។ ហើយបើទោះជាម្ចាស់ក្សត្រី អ៊ុប៊ុនរតនា រជ្ជកាន បានដកបេក្ខភាពរបស់ព្រះអង្គភ្លាមៗ ក្រោយពីមានព្រះរាជសារព្រមានពីព្រះមហាក្សត្រក៏ដោយចុះ ក៏ការដកបេក្ខភាពរបស់ព្រះអង្គមិនអាចជួយស្រោចស្រង់គណបក្ស «ថៃ រ៉ាក់សាឆាត» ពីការរំលាយបានដែរ។ តុលាការរដ្ឋធម្មនុញ្ញថៃ ផ្ដល់ហេតុផលថា ការជ្រើសតាំងម្ចាស់ក្សត្រីយ៍ អ៊ុប៊ុនរតនា (Ubolratana Rajakanya) ឱ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស «ថៃ រ៉ាក់សាឆាត» គឺជាការប៉ះពាល់ធ្ងន់ធ្ងរដល់ច្បាប់ទំនៀមទម្លាប់ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលសមាជិករាជវង្សានុវង្សមិនត្រូវចូលប្រឡូកក្នុងឆាកនយោបាយ និងជាការប៉ុនប៉ងប្រកួតប្រជែងបែបកេងចំណេញនយោបាយពីម្ចាស់ឆ្នោតដោយមិនយុត្តិធម៌។
ក្រៅតែពីរំលាយគណបក្ស «ថៃរ៉ាក់សាឆាត» តុលាការក៏បានហាមឃាត់មន្ត្រីជាន់ខ្ពស់របស់គណបក្សនេះចំនួន ១៦២រូប មិនឱ្យធ្វើនយោបាយពីចន្លោះ ៥ឆ្នាំទៅ ១០ឆ្នាំផងដែរ។
ស្រដៀងគ្នានឹងនៅកម្ពុជាដែរ នៅមុនការបោះឆ្នោតឆ្នាំ២០១៨ គណបក្សប្រឆាំង គឺបក្ស សង្គ្រោះជាតិ ត្រូវបានតុលាការកំពូលរំលាយចោល និងមន្ត្រីជាន់ខ្ពស់នៃគណបក្សនេះចំនួន១១៨ ត្រូវបានហាមធ្វើនយោបាយចំនួន ៥ឆ្នាំក្រោមលេសថា ថ្នាក់ដឹកនាំបក្សប្រព្រឹត្តអំពើក្បត់ជាតិ។
ប្រើឥទ្ធិពលកែច្បាប់ដើម្បីពង្រឹងអំណាច
ចំណុចមួយទៀតដែលជាភាពស្រដៀងគ្នារវាងកម្ពុជា និងថៃនោះ គឺនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានប្រើឥទ្ធិពលរបស់ខ្លួនបញ្ជ្រាបសមាសភាពយោធាទៅក្នុងឆាកនយោបាយ ដើម្បីពង្រឹងអំណាច ធានាជោគជ័យក្នុងការបោះឆ្នោត និងតំណែងនាយករដ្ឋមន្ត្រីបន្តទៅមុខទៀត។
មេដឹកនាំរដ្ឋប្រហារ និងជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា (Prayut Chan-o-Cha) នៅដើមឆ្នាំ២០១៧ បានស្នើព្រះមហាក្សត្រកែរដ្ឋធម្មនុញ្ញក្នុងបំណងរៀបជើងព្រួលជាមុន ដើម្បីយកឈ្នះការបោះឆ្នោតឆ្នាំ២០១៩នេះ។ នោះគឺជាការប្តូរអាណត្តិរបស់សមាជិកព្រឹទ្ធសភាទាំង ២៥០រូប ពីការជាប់ដោយការបោះឆ្នោត មកជាការតែងតាំងដោយព្រះរាជក្រឹត្យវិញ ហើយក្រុមប្រឹក្សាជាតិដើម្បីរក្សាសន្តិភាព និងរបៀបរៀបរយ ដែលមានលោក ប្រាយុទ្ធ ចាន់អូឆា ជាប្រធាននោះ គឺជាអ្នកសម្រេចជ្រើសរើសបេក្ខភាពទាំងពួកគេ។ ដោយតាមយន្តការបែបនេះ ភាគច្រើនលើសលប់នៃសមាជិកព្រឹទ្ធសភាចំនួន ២៥០រូប គឺជាអ្នកនិយមគាំទ្រក្រុមយោធា ហើយមួយចំនួនគឺជាអតីតមេបញ្ជាយោធាជាន់ខ្ពស់ ដែលលោក ប្រាយុទ្ធ ចាន់អូឆា ជ្រើសរើសតែម្ដង។
យោងតាមច្បាប់បោះឆ្នោតថៃ ដើម្បីអាចបង្កើតរដ្ឋាភិបាលដឹកនាំគណៈរដ្ឋមន្ត្រីបាន គណបក្សនយោបាយមួយ ឬសម្ពន្ធភាពគណបក្សមួយ ត្រូវមានអាសនៈក្នុងរដ្ឋសភា និងព្រឹទ្ធសភាយ៉ាងតិច ៣៧៦អាសនៈ។
ក្នុងន័យនេះ សម្រាប់ឧត្ដមសេនីយ៍ ប្រាយុទ្ធ ចាន់អូឆា ដែលឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងគណបក្ស «ផ្លាំងប្រាក់ឆារ៉ាថ» ដែលមានសមាជិកព្រឹទ្ធសភាចំនួន ២៥០រូបរបស់លោកស្រាប់ទៅហើយនោះ គឺត្រូវបានអ្នកសង្កេតការណ៍មើលឃើញថា ជាយុទ្ធសាស្ត្រយកឈ្នះមុនការចុះប្រកួត។
ពោលគឺ គណបក្សបក្ស «ផ្លាំងប្រាក់ឆារ៉ាថ» របស់លោកត្រូវការតែ ១២០អាសនៈពីរដ្ឋសភាថែមទៀតប៉ុណ្ណោះ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រី ខណៈគណបក្សនយោបាយចំនួន ៨១ផ្សេងទៀត ត្រូវប្រឹងដណ្ដើមឱ្យបានចំនួន ៣៧៦អាសនៈ ក្នុងចំណោមអាសនៈរដ្ឋសភាសរុប ៥០០អាសនៈ។ អ្នកសង្កេតការណ៍រិះគន់ថា នេះគឺជាការយកប្រៀបលើគណបក្សដទៃ ដែលផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យរបស់ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីចាំផ្ទះ ដែលឡើងកាន់អំណាចតាមរយៈធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រីស្របច្បាប់ លោកស្រី យីងឡាក់ ស៊ីនណាវ៉ាត្រ កាលពីឆ្នាំ២០១៤។
ស្រដៀងគ្នានឹងប្រទេសថៃដែរ នៅកម្ពុជាវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការរិះគន់ខ្លាំងពីការបង្កើនការបញ្ចូលកងប្រដាប់អាវុធក្នុងទៅក្នុងវិស័យនយោបាយ និងរដ្ឋបាលដឹកនាំផ្នែកស៊ីវិល ដូចជាបញ្ចូលមន្ត្រីយោធាក្នុងស្ថាប័នសភា ទៅក្នុងគណៈដឹកនាំខេត្ត ទៅក្នុងសមាជិកមជ្ឈឹមបក្សនៃបក្សប្រជាជនកម្ពុជា ដែលអ្នករិះគន់ថា ផ្ទុយពីគន្លងប្រជាធិបតេយ្យ។
ភាពស្រដៀងគ្នាមួយទៀតរវាងលោក ប្រាយុទ្ធ និងលោក ហ៊ុន សែន ដែលមានជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រជាមេដឹកនាំរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់នោះ គឺលោកទាំងពីរតែងបដិសេធចូលវេទិកាពិភាក្សាប្រកួតសំដីពីគោលនយោបាយជាតិជាមួយបេក្ខជននៃគណបក្សដទៃនៅមុនការបោះឆ្នោត។
ក្ដីរំពឹងពីលទ្ធផលបោះឆ្នោត
លទ្ធផលស្ទង់មតិថ្នាក់ជាតិធំពីរ ថ្មីៗ នេះ បង្ហាញថា លោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្ត្រីចាំផ្ទះ ស្ថិតក្នុងជម្រើសខ្ពស់ដែលប្រជាជនថៃនឹងបោះឆ្នោតឱ្យធ្វើជានាយករដ្ឋមន្ត្រី។ ប៉ុន្តែលទ្ធផលស្ទង់មតិ ក៏បង្ហាញដែរថា គណបក្ស «ភឿថៃ» ដែលបង្កើតឡើងដោយលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ គឺជាគណបក្សដែលមានប្រជាប្រិយភាពច្រើនជាងគេ។
គណបក្សនយោបាយដែលលេចធ្លោជាងគេក្នុងការប្រកួតបោះឆ្នោតថៃនៅថ្ងៃអាទិត្យ ទី២៤ មីនានេះ មាន ៤គណបក្ស គឺគណបក្ស «ភឿថៃ» របស់អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស គណបក្ស «ផ្លាំងប្រាក់ឆារ៉ាដ» របស់លោក ប្រាយុទ្ធ ចាន់អូឆា គណបក្ស «ប្រជាធិបតេយ្យ» របស់អតីតនាយរដ្ឋមន្ត្រី លោក អភិសិទ្ធ វេទឆាឈីវ៉ា (Abhisit Vejjajiva) និងគណបក្ស «ដើម្បីអនាគត» (Future Forward)។
ផ្អែកតាមប្រព័ន្ធបោះឆ្នោតថៃ នឹងមានការពិបាកណាស់សម្រាប់គណបក្សណាមួយក្នុងការដណ្ដើមកាន់កាប់គណៈរដ្ឋមន្ត្រីផ្ដាច់មុខតែឯងនោះ។
ប្រធានគណបក្ស ប្រជាធិបតេយ្យ របស់លោក អភិសិទ្ធ វេទឆាឈីវ៉ាក់ ប្រកាសថា គណបក្សរបស់លោកនឹងមិនចូលរួមបង្កើតរដ្ឋាភិបាលចំរុះ ដែលមានលោក ប្រាយុទ្ធ ចាន់អូឆា ជានាយករដ្ឋមន្ត្រីឡើយ ពីព្រោះបុគ្គលរូបនេះឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារ ខុសគន្លងប្រជាធិបតេយ្យ។ លោក អភិសិទ្ធ អតីតនាយករដ្ឋមន្ត្រីរូបនេះ ក៏ឱ្យដឹងដែរថា លោកនឹងមិនអាចចងសម្ព័ន្ធជាមួយគណបក្ស «ភឿថៃ» របស់លោក ថាក់ស៊ីន ដែរ ពីព្រោះតែមានមនោគមវិជ្ជានយោបាយផ្សេងគ្នា។
ទោះជាយ៉ាងណា អ្នកសង្កេតការណ៍ទស្សន៍ទាយថា ប្រជាជនថៃច្រើនលើសលប់រស់នៅតាមជនបទ ជាពិសេសអ្នកនៅភូមិភាគឦសាននឹងបោះឆ្នោតឱ្យគណបក្ស «ភឿថៃ» ដែលមានលោកស្រី ស៊ូដារ៉ាត់ ឃីយូរ៉ាផាន់ ជាបេក្ខជននាយករដ្ឋមន្ត្រី។ ចំណែកអ្នករស់នៅទីក្រុងធំៗ ដូចជាទីក្រុងបាងកក និងក្រុមមន្ត្រីវណ្ណៈខ្ពស់ឬក្រុមអ៊ីលិត ទំនងជានឹងបោះឆ្នោតឱ្យគណបក្ស «ផ្លាំងប្រាក់ឆារ៉ាដ» របស់លោក ប្រាយុទ្ធ ចាន់អូឆា។
សេណារីយ៉ូក្រោយការបោះឆ្នោត
ផ្អែកតាមបរិបទបច្ចុប្បន្ន អ្នកវិភាគក៏ទស្សន៍ទាយដែរថា វាអាចទៅរួចដែរដែលគណបក្ស «ផ្លាំងប្រាក់ឆារ៉ាដ» របស់លោក ប្រាយុទ្ធ ចាន់អូឆា មិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីដឹកនាំគណៈរដ្ឋមន្ត្រី ដែលមិនអាចធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីបានឡើយ។ ពេលនោះ រឿងមួយអាចកើតឡើង គឺក្រុមយោធារបស់លោក ប្រាយុទ្ធ ចាន់អូឆា អាចនឹងរកលេសណាមួយ ដើម្បីនិរាករណ៍លទ្ធផលឆ្នោត ដែលជាលេសអនុញ្ញាតឱ្យលោក ប្រាយុទ្ធ ចាន់អូឆា ធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះបន្តទៅទៀត។
ទោះជាយ៉ាងណា អ្នកវិភាគយល់ឃើញថា សេណារីយ៉ូនេះ ប្រហែលជាមានលទ្ធភាពតិចតួច ពីព្រោះ វាអាចធ្វើឱ្យប្រជាជនខឹងសម្បាកាន់តែខ្លាំងនឹងការប្រកាសលើកពេលបោះឆ្នោតសាកលនេះម្ដងហើយម្ដងទៀត ដែលព្រឹត្តិការណ៍នោះ អាចនឹងនាំទៅរកភាពវឹកវរណាមួយ បណ្តាលឱ្យប៉ះពាល់ដល់ការប្រារព្ធពិធីបរមរាជាភិសេកនៃព្រះមហាក្សត្រថៃ ព្រះបាទ មហា វេជ្ជរាឡុងកន (Maha Vajiralongkorn) នៅដើមខែឧសភាខាងមុខនេះ ដើម្បីឡើងគ្រោងរាជជាផ្លូវការ។ ហេតុដូច្នេះ របបក្រុងបាងកកទំនងជាមិនចង់បង្កើតព្រឹត្តិការណ៍មិនប្រក្រតីណាមួយ ដែលអាចប៉ពាល់ដល់ពិធីបរមរាជាភិសេករបស់ព្រះមហាក្សត្រអង្គថ្មីឡើយ។
ប្រទេសថៃបោះឆ្នោតតំណាងរាស្ត្រចុងក្រោយគេ នៅឆ្នាំ២០១១ ដែលពេលនោះ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ ប្អូនស្រីលោក ថាក់ស៊ីន ស៊ីនណាវ៉ាត្រ ជាប់ជានាយករដ្ឋមន្ត្រី តំណាងឱ្យគណបក្ស «ភឿថៃ» ។ ប៉ុន្តែ ៣ឆ្នាំក្រោយមក មេទ័ពថៃ ឧត្តមសេនីយ ប្រាយុទ្ធ ចាន់អូឆា បានធ្វើរដ្ឋប្រហារទម្លាក់ពីអំណាច។
ទោះជាយ៉ាងណាក៏ដោយចុះ ដោយសារការខកខានបោះឆ្នោតជាច្រើនឆ្នាំមក គេរំពឹងថា ពលរដ្ឋថៃដែលមានសិទ្ធិបោះឆ្នោតជាង ៥១លាននាក់នោះ នឹងចេញមកបោះឆ្នោតយ៉ាងសស្រោកសស្រាំនៅថ្ងៃអាទិត្យទី២៤ មីនា ឆ្នាំ២០១៩នេះ ដែលជាការបោះឆ្នោតជាប្រវត្តិសាស្ត្រសម្រាប់រាជាណាចក្រមួយនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។