តើ​ការ​ដឹកនាំ​របស់នាយករដ្ឋមន្ត្រី​កម្ពុជា និង​ថៃ ដូច​ឬ​ខុស​ដូចម្ដេច​ខ្លះ ក្នុង​រយៈ​ពេល​៣​ខែ​នេះ?

0:00 / 0:00

កម្ពុជា​និង​ថៃ​ជា​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នា​ជ្រើសរើស​បាន​មេដឹកនាំ​ប្រទេស​ក្នុង​ថ្ងៃ​តែមួយ​កាលពី​ថ្ងៃទី​២២ សីហា កន្លង​ទៅ​ដោយ​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ហើយ​លោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) ជា​នាយករដ្ឋមន្ត្រី​ថៃ​។ រហូត​មក​ដល់​ពេល​នេះ​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ​បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជាង​៣​ខែ​មក​ហើយ​។ តើ​រយៈពេល​ជាង​៣​ខែ​មកនេះ​រដ្ឋាភិបាល​ប្រទេស​ទាំងពីរ​ធ្វើ​អ្វី​បាន​ខ្លះ​ជួយ​ដល់​ជាតិ​រៀងៗ​ខ្លួន?

ក្នុង​រយៈពេល​ជាង​៣​ខែ​មកនេះ​រដ្ឋាភិបាល​របស់​លោក ហ៊ុន ម៉ាណែត ហាក់​មិនទាន់​ជំរុញ​ឱ្យ​មាន​កំណើន​សេដ្ឋកិច្ច​ដែល​ធ្វើ​ឱ្យ​ជីវភាព​ពលរដ្ឋ​ប្រសើរ​ឡើង​នៅឡើយ​ទេ បើ​ទោះ​បី​ជា​លោក​បាន​ចេញ​ទៅ​ក្រៅប្រទេស​ជិត ១០​ដង​មក​ហើយ​ក៏ដោយ។ នៅពេល​ទៅ​ក្រៅប្រទេស​ម្ដងៗ ភាគច្រើន​លោក​តែង​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ក្រុម​ប្រទេស​កុម្មុយនីស្ត​ដូចជា​ប្រទេស​ចិន​(China)​ជាដើម ដោយ​ពុំ​សូវ​សហការ​ជាមួយ​ប្រទេស​លោក​សេរី​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​នោះ​ទេ។ ក្រោយ​ពេល​ត្រឡប់​មកពី​ក្រៅប្រទេស​វិញ​លោក ហ៊ុន ម៉ាណែត តែង​មាន​មោទនភាព​ថា លោក​បាន​ជួបពិភាក្សា​ជាមួយ​ក្រុម​អ្នក​វិនិយោគ​បរទេស​និង​បាន​អូសទាញ​ពួកគេ​ឱ្យមក​បណ្ដាក់ទុន​នៅ​កម្ពុជា​ដែរ ក៏ប៉ុន្តែ​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​បញ្ចេញ​តួលេខ​ចំនួន​ទឹកប្រាក់​ដែល​អ្នក​វិនិយោគ​មក​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ម្ដង​ណា​ឡើយ។

ចំពោះ​ការងារ​លេចធ្លោ​របស់​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដែល​ពលរដ្ឋ​ចាប់អារម្មណ៍​ខ្លាំង​ក្នុង​រយៈពេល​ប្រមាណ ១​ខែ​ដំបូង ក្រោយ​លោក​ឡើង​កាន់​តំណែង រដ្ឋាភិបាល​នេះ​បាន​បង្កើន​ការ​ទាមទារ​ពន្ធ​ពី​ប្រជាពលរដ្ឋ រហូត​ដល់​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ចេញ​មក​អន្តរាគមន៍​លើ​រឿង​នេះ។

លោក ហ៊ុន សែន៖ «បញ្ហា​ពន្ធដារ​ហេតុ​អី​បាន​ទៅជា​ផ្ទុះ​យើង​ដូចជា​មិនទាន់​បាន​ធ្វើ​អី​ទេ ប៉ុន្តែ​យើង​បែរ​ទៅជា​និយាយ​ច្រើន ឥឡូវ​នេះ​បញ្ហា​វា​ដូចជា​ផ្ទុះ​។ ហើយ​បង្កើត​ឡើង​នូវ​ពាក្យ​ថា ខំ​បោះឆ្នោត​ឱ្យមក​ខំ​បង្កើន​ពន្ធដារ​ឯណា ឯណោះ​ទៅវិញ។ យើង​ប្រញាប់​និយាយ​ពេក​ទេ​ដឹង សុំ​ពិនិត្យ​ឡើង​វិញ ព្រោះ​បញ្ហា​ខ្លះ​ត្រូវ​ក្ដាប់​ពេល​វេលា​ឱ្យ​ជាប់»។

ការងារ​លេចធ្លោ​មួយទៀត​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយ​ភាគច្រើន​ចំណាយពេល​វេលា​ទៅលើ​ការងារ​ចុះ​ជួប​កម្មករ មន្ត្រីរាជការ សម្ពោធ​សំណង់​អគារ​ថ្មីៗ​ដែល​បន្សល់ទុក​ពី​ឪពុក​របស់​លោក​ជា​ញឹកញាប់ មាន​ដូច​ជា ព្រលាន​យន្តហោះ​ស្ពាន និង​ផ្លូវថ្នល់​ជាដើម។

បន្ថែម​ពី​នេះ​នៅ​ពេល​សំណេះសំណាល​ក្នុង​វេទិកាសាធារណៈ​ទាំងនោះ​លោក ហ៊ុន ម៉ាណែត មិនដែល​សួរសុខទុក្ខ​ពី​ការរស់នៅ​របស់​កម្មករ ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​នោះ​ទេ ហើយ​លោក​តែង​លើក​សរសើរ​ខ្លួនឯង​ថា ធ្វើ​ការងារ​ដើម្បី​ផល​យោជន៍​ពលរដ្ឋ​គ្មាន​ពេល​ដេក​នោះ​ឡើយ។មិនតែប៉ុណ្ណោះ​ពេលខ្លះ លោក ហ៊ុន ម៉ាណែត ថែមទាំង​បាន​យក​ក្បាល​មេក្រូ​និយាយ​ឌឺដង​ទៅ​លើ​ក្រុម​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ថា ពួកគេ​មានគំនិត​អវិជ្ជមាន​ទៅលើ​រដ្ឋាភិបាល​លោក​ទៅវិញ។

លោក ហ៊ុន ម៉ាណែត៖ «ខ្ញុំ​យក​ពាក្យ​អ្នកបកស្រាយ​អ្វី​ដែល​ខ្ញុំ​ធ្វើ អ្នកឯង​ចោទ​ខ្ញុំ ថា​ខ្ញុំ​ធ្វើ​ដើម្បី​បក្ខពួក​ខ្ញុំ​អ្នកមាន​លុយ​អ្នក​មានអំណាច។ ប៉ុន្តែ​ខ្ញុំ​ប្រាប់​អ្នកឯង​មើល​ចង្អៀតចង្អល់​ហើយ ហើយ​ទស្សនៈ​ចង្អៀតចង្អល់​បែប​នឹង​ហើយ​បាន​បក្ស​របស់​លោក​មិនដែល​ឈ្នះ​នោះ​។ ឱ្យ​តែ​គេ​ចេញ​មក​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ថា គេ​ក្បត់ជាតិ ហើយ​ចោទ​រដ្ឋាភិបាល​ថា មិន​ផ្ដល់​ឱកាស​ឱ្យ​អ្នកចេះដឹង ហើយ​អ្នកចេះដឹង​គ្រាន់តែ​គេ​ចង់​យក​ជំនាញ​របស់​គេ​មក​ចូល​ធ្វើការ​ថា គេ​ក្បត់ឧត្ដមគតិ»។

ប្រធាន​ផ្នែក​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសន៍​នៃ​អង្គការ​សង់ត្រា​ល់ (Central) និង​ជា​អ្នក​តាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​និង​ថៃ លោក ឌី ថេហូយ៉ា យល់​ឃើញ​ថា ការ​ចំណាយពេល​បែប​នេះ​ជា​ការ​ខ្ជះខ្ជាយ​ពេល​មិន​សូវ​មាន​ប្រយោជន៍​ដល់​សង្គមជាតិ​ឡើយ។

លោក ឌី ថេហូយ៉ា៖ «ក្នុង​ទេសកាល​នេះ​វា​មិនមែន​ពេលវេលា​ដែល​ទៅ​ចុះ​ស្ដាប់​បញ្ហា​អី​ទៀត​ទេ វា​ជា​ពេលវេលា​មួយ​អនុវត្ត​គោល​នយោបាយ​ឱ្យ​បាន​ប្រសើរ​។ ឧទាហរណ៍​បើ​ប្រជាពលរដ្ឋ​ប្រឈម​អំពី​វិបត្តិ​បំណុល​ថា តើ​គោលនយោបាយ​របស់​រដ្ឋ​ដោះស្រាយ​វិបត្តិ​បំណុល​បែប​ម៉េច។ បើ​ប្រជាពលរដ្ឋ​ជួប​បញ្ហា​នៃ​ការ​អត់​ការងារ​ធ្វើ តើ​រដ្ឋ​ធ្វើ​ផែនការ​យ៉ាងណា​ដឹង​ប្រទេស​របៀប​ណា​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការងារ​ធ្វើ។ បើ​ប្រជាពលរដ្ឋ​ចំណាកស្រុក​ច្រើនពេក​ត្រូវ​បាន​ចាញ់បោក​គេ តើ​មាន​គោលនយោបាយ​ឯណា​ដើម្បី​ការពារ​ទប់ស្កាត់​បង្ការ​ជួយសង្គ្រោះ​ពួកគាត់​នឹង​ឱ្យ​រស់នៅ​ប្រកបដោយ​សេចក្ដី​ថ្លៃថ្នូរ​សមរម្យ​អី​ជាដើម។ អានេះ​ជា​ចំណុច​មួយ​ដែល​ត្រូវ​គិត»។

ងាក​មក​មើល​ការ​ដឹកនាំ​របស់​នាយក​រដ្ឋមន្ត្រី​ថៃ​វិញ​ម្ដង

នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន កម្រ​យក​ពេលវេលា​ទៅ​ចុះ​ជួប​កម្មករ មន្ត្រីរាជការ និង​សម្ពោធ​សំណង់​អគារ​ថ្មី​ណាស់​។ លោក សេដ្ឋា ថាវីស៊ីន ភាគច្រើន​យក​ពេលវេលា​តាមដាន​ការងារ​ដែល​បាន​ដាក់​ឱ្យ​រដ្ឋមន្ត្រី​អនុវត្ត និង​តែង​ទទួល​យក​ការរិះគន់​និង​សំណើ​របស់​ប្រជាពលរដ្ឋ​យក​មក​ដោះស្រាយ​។ សារព័ត៌មាន​បេណាញ៉ូ (Bena News)​របស់​ថៃ​ចុះផ្សាយ​ថា រដ្ឋាភិបាល​ថៃ​ក្រោម​ការ​ដឹកនាំ​របស់ សេដ្ឋា ថាវីស៊ីន បាន​បញ្ចេញ​ថវិកាជាតិ ជិត​១​ពាន់​លាន​ដុល្លារ សង​បំណុល​ធនាគារ​ជំនួស​ឱ្យ​កសិករ ដើម្បី​ឱ្យ​ធនាគារ​ផ្អាក​យក​ការប្រាក់​ពី​ពលរដ្ឋ​រយៈពេល​៣​ឆ្នាំ​។ បន្ថែម​ពី​នេះ​រដ្ឋាភិបាល​ថៃ​ក៏បាន​បញ្ចុះតម្លៃ​អគ្គិសនី តម្លៃ​ប្រេងសាំង និង​បាន​អនុម័ត​គម្រោង​ចែក​ប្រាក់​ប្រមាណ​៣០០​ដុល្លារ ក្នុង​ម្នាក់​ដល់​ពលរដ្ឋ​ដែរ ហើយ​គម្រោង​នេះ​នឹង​ចាប់​អនុវត្ត​នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០២៤​ខាងមុខ។ លើស​ពី​នេះ​ទៀត​រដ្ឋាភិបាល​ថៃ បាន​លើកលែង​ទិដ្ឋាការ​ដល់​អ្នកទេសចរ​មក​ពី​ប្រទេស​មួយចំនួន ដើម្បី​ទាក់ទាញ​ឱ្យ​អ្នកទេសចរ​មក​កម្សាន្ត​ប្រទេស​ថៃ​ឱ្យ​កាន់​តែ​ច្រើន ដើម្បី​ជំរុញ​ដល់​កំណើនសេដ្ឋកិច្ច​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ វើកភញធូដេ (Workpointtoday)។

ងាក​មក​មើល​ការងារ​ក្រៅ​ប្រទេស​វិញ​ម្ដង​វិញ

នាយករដ្ឋមន្ត្រី​ថៃ បាន​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ប្រមាណ​៥​លើក ដោយ​ក្នុង​មួយ​លើកៗ​លោក​តែង​ជួប​អ្នក​វិនិយោគ និង​បាន​អូសទាញ​ពួកគេ​ឱ្យទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​ថៃ​ទៀត​ផង​។ សារព័ត៌មាន វ៉យ ធីវី (Voice TV) របស់​ថៃ​ចុះផ្សាយ​ថា រហូត​មក​ដល់​ពេល​នេះ យ៉ាងហោចណាស់​មាន​ក្រុមហ៊ុន យក្ស​របស់​អាមេរិក ចំនួន​៣ គឺ ក្រុមហ៊ុន ហ្គូហ្គល (Google) ក្រុម​ម៉ៃក្រូហ្សស (Microsoft) និង ក្រុមហ៊ុន អាម៉ាហ្សូន វ៉ែប ស៊ើវីស (Amazon Web Services(AWS) ទៅ​បណ្ដាក់ទុន​នៅ​ប្រទេស​ថៃ​។ ក្នុង​នោះ ក្រុមហ៊ុន ហ្គូហ្គល និង ម៉ៃក្រូហ្សស បាន​ចុះ​ហត្ថលេខា​វិនិយោគ​ជាមួយ​រដ្ឋាភិបាល​ថៃ​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៦ពាន់​លាន​ដុល្លារ​រួចរាល់​ហើយ។

កន្លងមក​នាយករដ្ឋមន្ត្រី​ថៃ លោក សេដ្ឋា ថាវីស៊ីន បាន​ថ្លែង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​និង​អ្នក​វិនិយោគទុន​ថៃ​ថា ភារកិច្ច​របស់​រដ្ឋាភិបាល​លោក នៅ​មាន​ច្រើន​ទៀត​ណាស់​ដែល​ត្រូវធ្វើ​បន្ត ហើយ​រដ្ឋមន្ត្រី​គ្រប់រូប​បាន​យល់​ច្បាស់​ពី​ការងារ​របស់​ខ្លួន​ដែល​ត្រូវធ្វើ។ លោក​បញ្ជាក់​ថា នយោបាយ​របស់​រដ្ឋាភិបាល​ថ្មី​នេះ​មាន​ភាព​ច្បាស់លាស់ ពោល​គឺ​ធ្វើការ​ដើម្បី​ជួយ​ដល់​កសិករ​ថៃ ដូច្នេះ​លោក​ចេញទៅ​ក្រៅប្រទេស​ទាក់ទាញ​វិនិយោគទុន​ឱ្យ​ទិញ​ទំនិញ​របស់​កសិករ។

លោក សេដ្ឋា ថាវីស៊ីន៖ «ហេតុផល​មួយ​ដែល​កសិករ​យើង​មិន​រីកចម្រើន ព្រោះ​យើង​មិន​បើក​ឱ្យ​មាន​ការ​ធ្វើ​អាជីវកម្ម​រវាង​ប្រទេស ជាមួយ​ប្រទេស​ផ្សេងៗ មិន​មាន​ការ​ជជែក​ពិភាក្សា​គ្នា​។ អ្នកខ្លះ​និយាយ​ថា ខ្ញុំ​ជា​នាយករដ្ឋមន្ត្រី​អ្នក​លក់ដូរ ក៏​ទៅ​និយាយ​ក្នុង​ន័យ​បង្អាប់​កើត​ឡើង។ ខ្ញុំ​ទទួលស្គាល់ ថា ខ្ញុំ​ជា​អ្នក​លក់ដូរ ខ្ញុំ​ទៅ​លក់​ទំនិញ​ឱ្យ​ពលរដ្ឋ​ថៃ»។

ជុំវិញ​រឿង​នេះ​មន្ត្រី​សង្គម​ស៊ីវិល លោក ឌី ថេហូយ៉ា មើល​ឃើញ​ថា នាយករដ្ឋមន្ត្រី​ថៃ​ជា​មេដឹកនាំ​ប្រទេស​ដ៏​ល្អ​កម្រ​រកបាន ព្រោះ​លោក​មាន​ជំនាញ​ផ្នែក​សេដ្ឋកិច្ច និង​មាន​គោល​នយោបាយ​ច្បាស់លាស់ និង​ចេះ​យកចិត្តទុកដាក់​ពី​សុខទុក្ខ​របស់​ពលរដ្ឋ។ លោក​ជឿជាក់​ថា មេដឹកនាំ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​ថៃ​មានការ​រីកចម្រើន​ឆាប់រហ័ស ហើយ​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត។

លោក ឌី ថេហូយ៉ា៖ «ភាព​ទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ​រដ្ឋ​គឺ​ដឹកនាំ​ដើម្បី​ឱ្យ​រដ្ឋ​រីកចម្រើន ប្រជា​ពលរដ្ឋ​មានការ​ងារ​ធ្វើ​មាន​ប្រាក់ចំណូល សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ច​មូលដ្ឋាន សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជាតិ​គេ​នឹង​ឱ្យ​ប្រសើរ​ឡើង​។ អាហ្នឹង ការ​គិត​របស់​គេ​យើង​ឃើញ​ថា វា​មាន​ភាព​ខុសគ្នា​បែប​នឹង​។ អា​ភាព​ខុសគ្នា​ទាំងអស់​នេះ​មិនបាច់​ខ្ញុំ​និយាយ​ទេ ខ្ញុំ​គិត​ថា​មហាជន ក៏​លោក​អាច​ប្រៀបធៀប​និង​ពិចារណា​មើល​ច្បាស់​អំពី​ភាព​ខុសគ្នា​រវាង​រដ្ឋាភិបាល​បង្កើត​ថ្មី​ដូចគ្នា​រវាង​កម្ពុជា​និង​ថៃ»។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា ដើម្បី​ដឹកនាំ​ប្រទេស​ឱ្យ​រីកចម្រើន និង​ពលរដ្ឋ​រស់នៅ​ប្រកបដោយ​ភាព​សុខសាន្ត​ទៅ​បាន មេដឹកនាំ​គួរតែ​ប្រកាន់យក​គោលការណ៍​ដឹកនាំ​បែប​នីតិរដ្ឋ​ពោល​គឺ​ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ស្នើ​ភាព​គ្នា និង​មិន​បង្កើត​ច្បាប់​ដើម្បី​ធ្វើទុក្ខបុកម្នេញ​ភាគី​ណាមួយ​។ ទី​២​រដ្ឋាភិបាល​ត្រូវ​បើក​ឱ្យ​មាន​ការចូលរួម​ពី​គ្រប់​ភាគី ទាំង​គណបក្សប្រឆាំង អង្គការ​សង្គម​ស៊ីវិល និង​អ្នកជំនាញ​ផ្សេងៗ និង​ស្ដាប់​មតិយោបល់​របស់​ពួកគេ​។​ទី​៣ រដ្ឋាភិបាល​ត្រូវ​បង្ក​បរិយាកាស​នយោបាយ​ឱ្យ​បាន​ប្រសើរ​ឡើង ដោយមាន​ការគោរព​សិទ្ធិ​ពលរដ្ឋ និង​មាន​យុត្តិធម៌​សង្គម ហើយ​រដ្ឋាភិបាល​ត្រូវ​ចេះ​ទាក់ទាញ​អ្នក​វិនិយោគ​ចូល​មក​បណ្ដាក់ទុន​នៅក្នុង​ប្រទេស​ឱ្យ​បាន​ច្រើន ដើម្បី​បង្កើត​ប្រាក់ចំណូល​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។