ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ដែល​ទើប​ចាប់​ខ្លួន​បារម្ភ​ពី​សុខភាព​ប្ដី​ខ្លាច​គ្រោះថ្នាក់​ក្នុង​ពន្ធនាការ​ព្រៃស

ប្រពន្ធ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ខេត្ត​ស្វាយរៀង លោក យឹម សារ៉េត ព្រួយ​បារម្ភ​អំពី​សុខភាព​របស់​ប្ដី​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ក្នុង​ពេល​ជាប់ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។ ក្ដីបារម្ភ​នេះ ដោយសារតែ​ជន​ជាប់ឃុំ​មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ ហើយ​ត្រូវការ​លេប​ថ្នាំ​ព្យាបាល​ជាប្រចាំ។

ប្រពន្ធ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សារ៉េត លោកស្រី អ៊ុក ចន្ធី ឱ្យ​ដឹង​ថា លោកស្រី​ទៅតាម​រក​ប្ដី​ដល់​មុខ​ពន្ធនាគារ​ព្រៃ​ស​នៅ​រាជធានី​ភ្នំពេញ ដើម្បី​យក​ថ្នាំពេទ្យ​និង​ថវិកា​មួយ​ចំនួន​ជូន​ប្ដី សម្រាប់​លេប​និង​ចាយវាយ​ក្នុង​ពេល​ជាប់ឃុំ​។ ក៏ប៉ុន្តែ​លោកស្រី​បន្ត ថា នៅ​ពេល​នោះ មិន​បាន​ជួប​ប្ដី​ដោយ​ផ្ទាល់​ទេ ហើយ​លោកស្រី​ក៏បាន​ផ្ញើ​ថ្នាំពេទ្យ និង​ថវិកា​១០​ម៉ឺន​រៀល​(១០០,០០០) តាមរយៈ​មន្ត្រី​ពន្ធនាគារ​ព្រៃស។ លោកស្រី​បន្ថែម​ទៀត​ថា នៅ​យប់​ថ្ងៃ​ដដែល​ប្ដី​របស់​ខ្លួន​បាន​ទូរស័ព្ទ​មក​ប្រាប់​លោកស្រី​ថា លោក យឹម សារ៉េត មិន​ទាន់​បាន​ទទួលបញ្ញើ​ទាំង​នោះ​ឡើយ ហើយ​ប្រាប់​ឱ្យ​លោកស្រី​ផ្ញើ​ថ្នាំពេទ្យ​ជាបន្ទាន់ ដើម្បី​លេប​ព្យាបាល​ជំងឺ​លើស​ឈាម​ទៀត​ផង៖ «ខ្ញុំ​ថា​ប៉ូលិស​ធ្វើ​យ៉ាងណា​ឱ្យ​យក​ថ្នាំ​ឱ្យ​ដល់​ប្ដី​ខ្ញុំ​ល្ងាច​ហ្នឹង​ព្រោះ​អី គាត់​ខាត​លេប​ថ្នាំ​មួយថ្ងៃ​ហើយ ព្រោះ​អី​គាត់​ខាន​លេប​ថ្នាំ​អត់​បានទេ​។​បញ្ហា​សុខភាព​ហ្នឹង​សំខាន់​បំផុត​ហ្មង​ខ្ញុំ​ខ្លាច​តែ​គាត់​ឈាម​ឡើង​ទេ ព្រោះ​អី​ពេទ្យ​គេ​ផ្ដាំ​ហើយ​ផ្ដាំ​ទៀត​ថា ថ្នាំ​ហ្នឹង​លេប​ជាប្រចាំ ខាន​មួយថ្ងៃ​អត់​បាន​ទេ ជួន​កាល​ថ្ងៃ​ដែល​យើង​ខាន​លេប ហ្នឹង​ឈាម​អាច​បុក​ឡើង​ក៏បាន​ដែរ ពេទ្យ​និយាយ​អីចឹង»។

ប្រពន្ធ​សកម្មជន​បក្ស​ប្រឆាំង​រូប​នេះ​បន្ថែម​ទៀត​ថា ប្ដី​របស់​ខ្លួន​មាន​ជំងឺលើសឈាម​ធ្ងន់ធ្ងរ និង​ត្រូវការ​លេប​ថ្នាំ​ឱ្យ​បាន​ទៀងទាត់​ជា​រៀងរាល់ថ្ងៃ ហើយ​ប្រសិនបើ​ពុំបាន​លេប​ថ្នាំ​ទេ អាច​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​។​

អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​ពន្ធនាគារ​ព្រៃស (ម២) លោក ខ្លូត ដារា ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃ​ទី២៩ មីនា។

ប៉ុន្តែ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ លោក នុត សាវ​នា ប្រាប់​អាស៊ីសេរី​ថា អំឡុង​ពេល​ជំងឺ​រាតត្បាត​ជំងឺ​កូវីដ​១៩​នេះ គឺ​សាច់ញាតិ​អាច​ផ្ញើ​ថ្នាំពេទ្យ​និង​របស់​ប្រើប្រាស់​ដល់​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​បាន​ជា​ធម្មតា។ លោក​បន្ត​ថា បញ្ញើ​ទាំងនោះ​នឹង​ទៅ​ដល់ដៃ​អ្នក​ជាប់ឃុំ​ក្នុង​ថ្ងៃ​តែមួយ បន្ទាប់​ពី​សមត្ថកិច្ច​ពិនិត្យ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​​៖ «ខ្ញុំ​ដូច​អត់​ជឿ​សោះ​ករណី​អីចឹងៗ ព្រោះ​អីវ៉ាន់​ហ្នឹង​គ្មាន​ពី​ណា​យក​ទៅ​ណា​ទេ។ យើង​ប្រាប់​ទៅ​មន្ត្រី​នៅ​ពន្ធនាគារ​ហ្នឹង​ទៅ ប្រាប់​ថា​ឥឡូវ​អ្នក​ខាងក្នុង​ហ្នឹង​គាត់​ត្រូវការ​លេប​ថ្នាំ​លើស​ឈាម​ឬក៏​មាន អី​ផ្ញើ​មក​សម្រាប់​គាត់​ហ្នឹង​ពី​ណា​ទៅ​យក​ទៅ​ណា​។ គេ​យក​ទៅ​ធ្វើ​ស្អី មនុស្ស​កំពុង​ឈឺ​គេ​យក​ទៅ​ជូន​ហើយ ខ្ញុំ​អត់​យល់​ដែរ ដល់ពេល​មាន​ព័ត៌មាន​ប្លែក​អីចឹង​មក»។

កន្លងទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ជូនដំណឹង​ផ្អាក​ឱ្យ​សាច់ញាតិ​ចូល​សួរ​អ្នកទោស​ក្នុង​ពន្ធនាគារ​ទាំងអស់​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​មីនា រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មានការ​ឆ្លង​រីក​រាល​ជំងឺ​កូវីដ-១៩ នៅ​ក្នុង​ពន្ធនាគារ។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា ករណី​មន្ត្រី​ពន្ធនាគារ​ទទួល​បញ្ញើ​ថ្នាំពេទ្យ​ពី​សាច់ញាតិ​ហើយ ប៉ុន្តែ​ប្រគល់​ទៅ​ឱ្យ​អ្នក​ចាប់​ឃុំ​យឺតយ៉ាវ​នោះ ប្រសិនបើ​អ្នក​ជាប់ឃុំ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ ដោយសារតែ​គ្មាន​ថ្នាំលេប​ទាន់​ពេល​នោះ គឺ​មន្ត្រី​ពន្ធនាគារ​ជា​អ្នកទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់៖ «រឿង​នឹង​វា​ស្មើនឹង​អ្នក​ដែល​ទទួល​និង​យក​ទៅឱ្យ​ហ្នឹង គឺ​ទោះបីជា​ចេតនា​ឬ​អ​ចេតនា​ក៏ដោយ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ពីព្រោះ​គេ​បាន​ប្រាប់​អំពី​អាការៈ​ដែល​បាន​កើត​ហើយ យ៉ាង​ហោច​ក៏​អ្នក​ដែល​ទទួល​ហ្នឹង​ត្រូវ​ឆ្លងកាត់​ទៅ​មន្ត្រី​ពេទ្យ​របស់​ពន្ធនាគារ​ហ្នឹង ដើម្បី​ឱ្យ​ពិនិត្យ​ទៅ​អ្នក​ហ្នឹង​ដើម្បី​ឱ្យ​ថ្នាំពេទ្យ​ដែល​គេ​ផ្ញើ​ហ្នឹង នេះ​គឺជា​នីតិវិធី​ហ្នឹង»។

រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចុងខែ​មីនា​នេះ បាន​ចាប់ខ្លួន​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ចំនួន​៣​នាក់​ដែល​ចោទប្រកាន់​ពី​បទ​រួមគំនិត​ក្បត់ជាតិ និង​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស ក្នុង​នោះ​មាន​ប្រធាន​គណបក្សប្រឆាំង​ខេត្ត​កំពង់ឆ្នាំង លោក កែវ ថៃ និង​លោក ថែ គន្ធា និង លោក យឹម សារ៉េត ចាប់ខ្លួន​ខណៈ​កំពុង​ធ្វើ​ការ​សំណង​នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​២៧​មីនា​។ បច្ចុប្បន្ន​ប៉ូលិស​បាន​បញ្ជូន​អ្នក​ទាំង​៣​ទៅ​ដាក់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។

សាច់ញាតិ​របស់​អ្នក​ជាប់ឃុំ​ទាំងនេះ ឱ្យដឹង​ថា មេធាវី​ការពារ​ក្ដី​លើ​សំណុំ​រឿង​នេះ គ្រោង​ចូល​ជួប​កូនក្ដី​នៅ​ថ្ងៃ​អង្គារ​ទី​៣១ មីនា ដើម្បី​សាកសួរ​ព័ត៌មាន​តតាំង​ក្ដី​តាម​ផ្លូវ​តុលាការ​នៅ​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។