អ្នក​ឃ្លាំ​មើល​បង្ហាញ​ព័ត៌មាន​ស៊ើប​អង្កេត​លើ​ដំណើរ​ការ​បោះ​ឆ្នោត

តំណាង​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើ​ការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត និង​បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្ហាញ​ពី​ភាព​មិន​ប្រក្រតី​ជាច្រើន ទាក់ទង​នឹង​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ។ ហើយ​របាយការណ៍​ពី​ភាព​មិន​ប្រក្រតី​នេះ គេ​នឹង​យក​ទៅ​ដាក់​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដើម្បី​សុំ​ឲ្យ​មាន​ការ​កែប្រែ​សម្រាប់​ការ​បោះ​ឆ្នោត​អាណត្តិ​ក្រោយ។
ដោយ ទីន ហ្សាការីយ៉ា
2013-11-27
Share
សន្និសីទ​ពី​ដំណើរ​ការ​បោះ​ឆ្នោត ៦១០ សន្និសីទ​លើក​ទី​២ ស្ដីពី​ការ​រក​ឃើញ​អនុសាសន៍​ពី​វេទិកា​សហគមន៍ និង​ព័ត៌មាន​ស៊ើប​អង្កេត​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៣។
RFA/Tin Zakariya

មន្ត្រី​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត បាន​លើក​ឡើង​ថា ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា កន្លង​ទៅ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត។

តំណាង​អង្គការ​ខុមហ្វ្រែល (Comfrel) លោក ស៊ិន ទិត្យសីហា មាន​ប្រសាសន៍​ថា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ត្រូវ​តែ​ធ្វើ​កំណែ​ទម្រង់​ឲ្យ​បាន​ពិត​ប្រាកដ ដើម្បី​ឲ្យ​លទ្ធផល​បោះ​ឆ្នោត​នៅ​ពេល​មុខ ប្រកប​ដោយ​តម្លាភាព និង​ត្រឹមត្រូវ ពីព្រោះ​ថា ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៨ កក្កដា នេះ បន្ទប់​ស្ថានការណ៍​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជាង ១​ម៉ឺន​ករណី ដែល​ភាព​មិន​ប្រក្រតី​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លទ្ធផល​បោះ​ឆ្នោត។

«សំឡេង»

ការ​លើក​ឡើង​ដូច្នេះ​នៅ​ក្នុង​សន្និសីទ​លើក​ទី​២ ស្ដីពី​ការ​រក​ឃើញ​អនុសាសន៍​ពី​វេទិកា​សហគមន៍ និង​ព័ត៌មាន​ស៊ើប​អង្កេត​លើ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ដែល​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៧ វិច្ឆិកា ឆ្នាំ​២០១៣។

ប្រធាន​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ប៉ា ងួនទៀង លើក​ឡើង​ថា មូលហេតុ​ដែល​មជ្ឈមណ្ឌល​របស់​លោក​រៀប​ចំ​កម្មវិធី​នេះ​ឡើង ដោយសារ​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​តួនាទី​សំខាន់ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ទៅ​កាន់​ម្ចាស់​ឆ្នោត និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​អំពី​ដំណើរ​ការ​បោះ​ឆ្នោត។

«សំឡេង»

នៅ​ក្នុង​សន្និសីទ​នេះ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) បាន​បង្ហាញ​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​ជាច្រើន​នៅ​ថ្ងៃ​បោះ​ឆ្នោត រួម​មាន ការ​ដឹក​ជញ្ជួន​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម ពី​បណ្ដា​ខេត្ត​ផ្សេងៗ ឲ្យ​មក​បោះ​ឆ្នោត​នៅ​ក្នុង​ខេត្ត​ព្រៃវែង ការ​រារាំង​ជន​ប្លែក​មុខ និង​ជនជាតិ​វៀតណាម មិន​ឲ្យ​បោះ​ឆ្នោត ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ថ្ងៃ​បោះ​ឆ្នោត មន្ត្រី​ការិយាល័យ​បោះ​ឆ្នោត​មួយ​ចំនួន​លម្អៀង​ទៅ​បក្ស​កាន់​អំណាច និង​ករណី​ផ្សេងៗ​ទៀត។

ប្រធាន​ផ្នែក​ផ្សព្វផ្សាយ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក ណុប វី មាន​ប្រសាសន៍​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ជាច្រើន​នៃ​ភាព​មិន​ប្រក្រតី គឺ​ការ​ចេញ​លិខិត​បញ្ជាក់​អត្តសញ្ញាណ​សម្រាប់​បម្រើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ គ្មាន​តម្លាភាព ធ្វើ​ឲ្យ​អ្នក​គ្មាន​សិទ្ធិ​បោះ​ឆ្នោត​អាច​បោះ​ឆ្នោត​បាន រីឯ​ម្ចាស់​ឆ្នោត​មួយ​ចំនួន​មាន​សិទ្ធិ​បោះ​ឆ្នោត បែរ​ជា​ត្រូវ​គេ​បោះ​ជំនួស​ជាដើម។

លោក ណុប វី អះអាង​ថា របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី និង​អនុសាសន៍​មួយ​ចំនួន នឹង​បញ្ជូន​ទៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ដើម្បី​ពិចារណា​លើ​ចំណុច​ទាំង​នោះ នឹង​ធ្វើ​កំណែ​ទម្រង់​នោះ​យ៉ាង​យូរ​នៅ​ខែ​មករា ឆ្នាំ​២០១៤ បន្ទាប់​ពី​សន្និសីទ​លើក​ទី​៣។

នៅ​ក្នុង​សន្និសីទ​បង្ហាញ​របាយការណ៍​ស្ដីពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នេះ ក៏​មាន​តំណាង​អង្គការ​ខុមហ្រ្វែល តំណាង​អង្គការ​និកហ្វិច (Nicfec) និង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ធ្វើ​បទ​បង្ហាញ​បន្ថែម​ទាក់ទង​នឹង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នេះ។

បេក្ខជន​តំណាង​រាស្ត្រ​ជាប់​ឆ្នោត លោក ម៉ៅ មុន្នីវណ្ណ មាន​ប្រសាសន៍​ថា បញ្ហា​សំខាន់​នៅ​ត្រង់​ថា រដ្ឋាភិបាល​មិន​មាន​ឆន្ទៈ​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប នេះ។ លោក​បញ្ជាក់​ថា ថ្វី​ត្បិត​តែ​ច្បាប់​សញ្ជាតិ​បាន​ចែង​ល្អ​អំពី​ជន​អន្តោប្រវេសន៍ តែ​ជាក់ស្ដែង វៀតណាម នៅ​តែ​មាន​លិខិត​ស្នាម​ក្នុង​ការ​បោះ​ឆ្នោត​បាន។

«សំឡេង»

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិនហ្សូ អាបេ (Shinzo Abe) នៅ​ថ្ងៃ​ទី​១៦ និង​ថ្ងៃ​ទី​១៧ វិច្ឆិកា នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ឲ្យ​ជប៉ុន ជួយ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ព្រោះ​លោក​គិត​ថា ជប៉ុន មាន​ភាព​ចាស់​ទុំ​លទ្ធិប្រជាធិបតេយ្យ។

នៅ​ក្នុង​សន្និសីទ​នេះ​ដែរ តំណាង​អង្គការ​សង្គម​ស៊ីវិល បាន​ផ្ដល់​អនុសាសន៍​មួយ​ចំនួន ដូច​ជា ត្រូវ​បង្កើត​ប្រព័ន្ធ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី បង្កើត​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​បក្ស​នយោបាយ កែ​ទម្រង់​យន្តការ​ដោះស្រាយ​វិវាទ និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ប្រព័ន្ធ​បោះ​ឆ្នោត​ទាំងអស់​ត្រូវ​កែប្រែ កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី និង​ករណី​ផ្សេងៗ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល