ក្រុមប្រឹក្សាធម្មនុញ្ញ ត្រៀមផ្លាស់ប្ដូរសមាជិក ២រូប នៅពាក់កណ្ដាលខែមិថុនា និងត្រៀមបោះឆ្នោតជ្រើសរើសប្រធានថ្មី ដោយសារដល់អាណត្តិ។ បក្សប្រឆាំង និងអ្នកឃ្លាំមើលសង្គមថា ស្ថាប័នកំពូលរបស់ជាតិមួយនេះ នឹងនៅបន្តស្ថិតក្រោមឥទ្ធិពលរបស់គណបក្សកាន់អំណាច និងមេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ដដែល។
សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងជាអ្នកនាំពាក្យ លោក មឹន ស៊ាន ប្រាប់អាស៊ីសេរីថា អ្នកដែលចូលមកជំនួសសមាជិកចាស់ទាំង ២រូប មាន បុត្រសុណិសា របស់ ព្រះបាទ នរោត្តម សីហនុ គឺលោក កែវ ពុទ្ធិរស្មី និងចៅក្រមមិនចូលនិវត្តន៍ប្រចាំក្រសួងយុត្តិធម៌ លោកស្រី លី វួចឡេង។ ចំណែកសមាជិកចាស់ម្នាក់ ដែលត្រូវចូលនិវត្តន៍ដែរ គឺលោក ហ៊ី សោភា ទទួលបានសិទ្ធិបន្តមួយអាណត្តិ រយៈពេល៣ឆ្នាំទៀត។
លោក មឹន ស៊ាន ប្រាប់ថា ការផ្លាស់ប្ដូរនេះ ដោយសារច្បាប់បានតម្រូវឲ្យរាល់ ៣ឆ្នាំ ស្មើមួយអាណត្តិត្រូវផ្លាស់ប្ដូរសមាជិក ៣នាក់ចេញ ហើយរើស ៣នាក់ចូលវិញ។ សមាជិក និងប្រធាន ទាំង ៩នាក់ នៃក្រុមប្រឹក្សាធម្មនុញ្ញ ទទួលបានអាណត្តិការងារក្នុងម្នាក់ ៩ឆ្នាំ។ សមាជិក ដែលត្រូវផ្លាស់ប្ដូរ នៅអាណត្តិនេះ គឺទ្រង់ នរោត្តម សិរីវុឌ្ឍ និងលោក មឹន ស៊ាន៖ « នៅក្នុងច្បាប់គេចែងអ៊ីចឹង ៣ឆ្នាំត្រូវតែដូរ ៣នាក់។ ៣ឆ្នាំដូរ ៣នាក់ ៣ឆ្នាំដូរ ៣នាក់ ដើម្បីបង្វិល កុំឲ្យដូរម្ដងទាំងអស់។ កាលណាគ្រប់៩ឆ្នាំ អ្នកក្រោយទៀត គ្រប់៩ឆ្នាំដូរទៀត។ សំណួរ៖ តើនឹងផ្លាស់ប្ដូរផ្លូវការពេលណា ? ឆ្លើយ៖ មិនទាន់ច្បាស់ទេ តែប្រហែលខែ៦។ ខែ ៦ហ្នឹង ប្រកាសជាផ្លូវការ។ សំណួរ ៖ តើនឹងដូរប្រធានទេ ? អត់ដឹងទេ អ្នកចាស់ចប់ទៅ ចប់ហើយ អ្នកថ្មីគេនឹងដូរមកជំនួសអ្នកចាស់ ៣នាក់។ ៣នាក់ មកជំនួសហ្នឹង។ ៣ឆ្នាំគេបោះឆ្នោតរើសប្រធានម្ដង តែនរណាឡើង អត់ដឹងទេ។ អាហ្នឹងស្រេចលើបោះ » ។
ជំពូកទី១២ នៃរដ្ឋធម្មនុញ្ញ ចែងអំពីក្រុមប្រឹក្សាធម្មនុញ្ញថា ជាស្ថាប័នកំពូល មានសមត្ថកិច្ចធានាការពារ ការគោរពរដ្ឋធម្មនុញ្ញ និងជាស្ថាប័នស្របច្បាប់តែមួយគត់ ដែលមានសិទ្ធិបកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ ដែលរដ្ឋសភាអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់។ ក្រៅពីលទ្ធភាពបកស្រាយច្បាប់ ក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិពិនិត្យ និងសម្រេច អំពីវិវាទទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។ ចំណែកសមាសភាពវិញ ស្ថាប័ននេះ មានប្រធានមួយ សមាជិក៨នាក់ សរុប ៩នាក់ ដោយ ៣នាក់ តែងតាំងដោយព្រះមហាក្សត្រ ៣នាក់ជ្រើសតាំងដោយរដ្ឋសភា និង ៣នាក់ទៀត តែងតាំងដោយឧត្ដមក្រុមប្រឹក្សាអង្គចៅក្រម។ ស្ថាប័ននេះ ផ្លាស់ប្ដូរគ្នាធ្វើប្រធានផ្លាស់វេន តាមរយៈការបោះឆ្នោតសមាជិកទាំង៩។ បច្ចុប្បន្ន ប្រធានស្ថាប័ននេះ គឺលោក អ៊ឹម ឈុនលឹម ជាសមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។
តំណាងរាស្ត្រជាប់ឆ្នោតមណ្ឌលខេត្តពោធិ៍សាត់នៃគណបក្សសង្គ្រោះជាតិ លោក ងឹម ញ៉េង សោកស្ដាយ ដែលស្ថាប័នកំពូលរបស់ជាតិមួយនេះ ត្រូវគ្រប់គ្រងដោយគណបក្សកាន់អំណាច និងជាស្ថាប័នស្ដាប់តាមបញ្ជារបស់បុគ្គល គឺលោក ហ៊ុន សែន។ តំណាងរាស្ត្របក្សប្រឆាំង ដែលកំពុងភៀសខ្លួន នៅប្រទេសអូស្ត្រាលីរូបនេះ គ្មានសង្ឃឹមថា ការផ្លាស់ប្ដូរសមាជិក អាចធ្វើឲ្យស្ថាប័នកំពូលមួយនេះ ឯករាជ្យ និងបំពេញតួនាទី តាមច្បាប់ចែងឡើយ គឺនៅតែរងឥទ្ធិពលរបស់គណបក្សកាន់អំណាច ដូចស្ថាប័នផ្សេងទៀត ដែលរដ្ឋធម្មនុញ្ញ តម្រូវឲ្យឯករាជ្យ មានតុលាការ ស្ថាប័ននីតិបញ្ញត្តិ ជាដើម៖ « វាធ្ងន់ជាងអាក្រោមស្ថាប័នទៅទៀត ក្រោមអំណាចរបស់បុគ្គល។ ដូច្នេះទោះបីជាមានកំណែទម្រង់ផ្លាស់ប្ដូរសមាសភាពបែបណា ក៏ខ្ញុំយល់ថា ដំណើរការ ការងាររបស់ស្ថាប័នទាំងអស់ហ្នឹង មិនមានប្រសិទ្ធិ ដើម្បីបម្រើផលប្រយោជន៍ជាតិ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋទេ គឺមិនអាចមានប្រសិទ្ធិភាពទាល់តែសោះ ដោយសារយើងមិនអាចបំពេញតួនាទីតាមអ្វី ដែលជាក់ស្ដែងនៅក្នុងច្បាប់។ អ៊ីចឹងអាការងារ ដែលធ្វើរាល់ថ្ងៃ គឺគ្រាន់តែធ្វើបង្គ្រប់កិច្ច កំដរអំណាចជនផ្ដាច់ការតែប៉ុណ្ណឹងឯង គឺអត់អាចធ្វើអ្វីមួយ ដើម្បីបម្រើផលប្រយោជន៍ជាតិ បម្រើប្រជាពលរដ្ឋបានទេ » ។
ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ត្រូវរងការចោទថា បានធ្វើខុសតួនាទី និងចូលរួមអនុវត្តបទបញ្ជារបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន ខ្លាំង ចាប់ពីកំឡុង ក្រោយការបោះឆ្នោតឆ្នាំ២០១៣ គឺសម័យ លោក ឯក សំអុល និងលោក អ៊ឹម ឈុនលឹម ជាប្រធាន។ កាលណោះ ក្រុមប្រឹក្សាធម្មនុញ្ញ បានកាត់ក្ដីឲ្យគណបក្ស សង្គ្រោះជាតិ ចាញ់ ការតវ៉ាលទ្ធផលឆ្នោត អាណត្តិទី៥ និង ក្រោយមកទៀត ក្រុមប្រឹក្សាធម្មនុញ្ញ មិនអើពើ នឹងការតវ៉ារបស់ក្រុមពលរដ្ឋ និងសង្គមស៊ីវិល ដែលមិនពេញចិត្ត នឹងច្បាប់មួយចំនួន ដូចជា ច្បាប់ស្ដីពីការគ្រប់គ្រង ចៅក្រម ព្រះរាជអាជ្ញា ច្បាប់ស្ដីពីការគ្រប់គ្រង អង្គការសមាគម មិនមែនរដ្ឋាភិបាល និងច្បាប់ស្ដីពីគណបក្សនយោបាយជាដើម។ ច្បាប់ទាំងនេះ មានចរិតផ្ទុយពីខ្លឹមសាររបស់រដ្ឋធម្មនុញ្ញ។
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ២នាក់ នៅពេលខាងមុខ នឹងមិនអាចធ្វើឲ្យស្ថាប័ននេះ មានប្រសិទ្ធិភាពការងារល្អជាងមុនទេ ព្រោះស្ថាប័ននេះ មានទំនាក់ទំនងការងារជាមួយអំណាចនីតិប្បញ្ញត្តិ ហើយទាំងរដ្ឋសភា និងព្រឹទ្ធសភា កំពុងស្ថិតក្នុងសភាពឯកបក្សដូចសព្វថ្ងៃបែបនេះ ភាពឯករាជ្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នឹងមិនអាចជួយសង្គ្រោះបានទេ៖ « ប៉ុន្តែបើសិនជាការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅស្ថាប័ននីតិបញ្ញត្តិកើតមាន យើងក៏សង្ឃឹមថា មានការរួមចំណែកការឃើញប្រសិទ្ធិភាពនៅក្រុមប្រឹក្សាធម្មនុញ្ញ » ។
អ្នកឃ្លាំមើល លោក សន ជ័យ អះអាងថា មានតែការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ទើបមានសង្ឃឹមថា ស្ថាប័នរដ្ឋធម្មនុញ្ញ អាចមានភាពឯករាជ្យ និងប្រសិទ្ធិភាពការងារល្អប្រសើរជាងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។