ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅថ្ងៃទី២៧ ឧសភា ប្រកាសផ្សាយលេខទូរស័ព្ទ ៣ខ្សែ ដើម្បីជួយសម្រួលឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅបំពេញការងារនៅប្រទេសថៃ ទាក់ទងក្នុងពេលមានការងារបន្ទាន់ឲ្យស្ថានទូតជួយអន្តរាគមន៍។ លេខទូរស័ព្ទទាំង ៣ខ្សែ គឺលេខ ០៨១ ៤៤ ១៩ ៨៧២ លេខ ០៩៨ ៤០ ៤១ ៥៥០ និងលេខ ០៨២ ៧៩ ៩០ ០០៧។
សេចក្ដីជូនដំណឹងចុះថ្ងៃទី២៦ ឧសភា របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា សូមជម្រាបជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសថៃ ដូចតទៅ៖ ក្នុងអំឡុងសុពលភាព បម្រាមគោចរ ចាប់ពីម៉ោង ២២:០០ ដល់ម៉ោង ៥:០០ ភ្លឺ និងបទបញ្ជាផ្សេងៗ ពាក់ព័ន្ធនឹងចលនាប្រជាជន ដែលកំណត់ដោយអាជ្ញាធរថៃ ស្ថានទូតបានបើកទូរស័ព្ទប្រចាំការចំនួន ៣ខ្សែ សម្រាប់ទាក់ទងក្នុងករណីមានបញ្ហាបន្ទាន់។
បច្ចុប្បន្នប្រទេសថៃ កំពុងប្រកាសច្បាប់អាជ្ញាសឹកដោយមានកងយោធាបានក្ដាប់អំណាច ហើយបង្កើតជាក្រុមប្រឹក្សាជាតិ ដើម្បីសន្តិភាព និងសណ្ដាប់ធ្នាប់ (National Council for Peace and Order) ដើម្បីគ្រប់គ្រងប្រទេស។ ច្បាប់ទាំងអស់នៅប្រទេសថៃ បានព្យួរមិនអនុវត្ត លើកលែងតែមាត្រាទាក់ទងស្ថាប័នព្រះមហាក្សត្រ។ ព្រឹទ្ធសភាត្រូវរំលាយ ហើយសេរីភាពសារព័ត៌មានត្រូវហាមឃាត់។
មានប្រជាពលរដ្ឋខ្មែរជាច្រើនម៉ឺននាក់ តែងតែចេញចូលធ្វើការរកស៊ី ទិញទំនិញ នៅប្រទេសថៃ។ ក្នុងពេលមានរដ្ឋប្រហារ និងកងយោធាកាន់អំណាចនៅប្រទេសថៃ នេះ មន្ត្រីរដ្ឋាភិបាលខ្មែរបានអំពាវនាវសុំប្រជាពលរដ្ឋកុំឲ្យធ្វើដំណើរទៅប្រទេសថៃ បើសិនជាគ្មានការចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។