ក្រុមយុវជន និងមន្ត្រីអង្គការសង្គមស៊ីវិលបង្ហាញក្ដីបារម្ភជាថ្មីទៀត ពីការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ មករស់នៅក្នុងប្រទេសកម្ពុជា ជាពិសេសជនជាតិវៀតណាម ដែលកំពុងរស់នៅលើផ្ទះបណ្ដែតទឹក ក្នុងខេត្តចំនួន ៦ ដោយសារតែអាជ្ញាធររបបក្រុងភ្នំពេញ នៅមិនទាន់មានយន្តការគ្រប់គ្រងពួកគេឱ្យបានច្បាស់លាស់នៅឡើយទេ។ ថ្មីៗនេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានកាត់ឆ្វៀលដី ទំហំ ៤០ហិកតារ ផ្ដល់ឱ្យជនជាតិវៀតណាមដែលបន្លាស់ទីពីផ្ទៃបឹងទន្លេសាប ឱ្យមករស់នៅលើគោកវិញ ក្នុងបំណងសង្គ្រោះបរិស្ថានទន្លេសាប ដែលករណីនេះត្រូវបានរដ្ឋាភិបាលវៀតណាមតាមដានយ៉ាងដិតដល់។
គម្រោងផ្ដល់ដីទំហំ ៤០ហិកតារ ឱ្យជនជាតិវៀតណាមបង្កើតភូមិថ្មី របស់អាជ្ញាធរខេត្តកំពង់ឆ្នាំង គឺជាប្រធានបទក្តៅ ដែលក្រុមពលរដ្ឋ និងអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកមួយចំនួនបង្ហាញអារម្មណ៍មិនសប្បាយចិត្ត និងចាត់ទុកថា រដ្ឋាភិបាលមិនបានអនុវត្តច្បាប់អន្តោប្រវេសន៍ ឱ្យគ្រប់ជ្រុងជ្រោយនោះទេ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ឱ្យដឹងនៅថ្ងៃទី៨ ខែធ្នូ ថា ការអនុវត្តច្បាប់អន្តោប្រវេសន៍ គឺជារឿងចំបាច់បំផុតលើជនបរទេសទាំងឡាយណា ដែលមករស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ លោកថា ចំណុចវិជ្ជមាននៃការផ្ដល់ដី ៤០ហិកតារនេះ អាចស្រោចស្រង់បរិស្ថានទន្លេសាប ក៏ប៉ុន្តែលោកថា ការអនុវត្តច្បាប់អន្តោប្រវេសន៍របស់អាជ្ញាធរ នៅតែមានភាពធូររលុងច្រើន និងមិនគ្រប់ជ្រុងជ្រោយ៖ «នេះជាជម្រើសរបស់រដ្ឋាភិបាលខ្លួនឯង បើរដ្ឋាភិបាលចង់ឱ្យមានជំនឿ ទំនុកចិត្តពីប្រជាពលរដ្ឋកម្ពុជាខ្លួនឯង។ ខ្លួនឯងត្រូវតែអនុវត្តច្បាប់សញ្ជាតិហ្នឹងឱ្យបានតឹងរ៉ឹង អត់មានរើសជនជាតិណា ជនជាតិណាទេ ត្រូវតែអនុវត្ត ហើយកន្លងមក ឃើញហើយថា ការអនុវត្តច្បាប់ហាក់ដូចជា មានលក្ខណៈមិនពេញលេញទេ»។
អាជ្ញាធរខេត្តកំពង់ឆ្នាំងបានកាត់ដីលិចទឹក ទំហំ ៤០ហិកតារ ឋិតនៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ច ឱ្យពលរដ្ឋជាង ២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម ផ្លាស់ទីពីផ្ទះបណ្ដែតទឹកទៅរស់នៅទីនោះវិញ។រដ្ឋាភិបាលវៀតណាមបានតាមដានដោយយកចិត្តទុកដាក់ចំពោះរឿងនេះ។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី ឡេធី ថូហាង (Le Thi Thu Hang) បានជំរុញឱ្យជនជាតិវៀតណាម ដែលទៅរស់នៅក្នុងប្រទេសកម្ពុជា ត្រូវអនុវត្តតាមច្បាប់ របស់ប្រទេសកម្ពុជាឱ្យបានត្រឹមត្រូវ។ សារព័ត៌មានវៀតណាម Vietnam Plus (en.vietnamplus.vn) ចុះផ្សាយថា អ្នកស្រី ឡេធី ថូហាង បានច្រានចោលចំពោះមតិដែលថា ការផ្លាស់ប្តូរទីលំនៅ ពីផ្ទៃបឹងទន្លេសាប មករស់នៅលើគោក គឺជាការគំរាមកំហែងដល់សន្តិសុខ និងអធិបតេយ្យភាពរបស់កម្ពុជា។ អ្នកស្រីថា នេះជាការចោទប្រកាន់ គ្មានមូលដ្ឋាន។
ប្រធានក្រុមយុវជន ១០០រាត្រី និងជាប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក មួង សូនី ថ្លែងថា រដ្ឋាភិបាល គ្មានសមត្ថភាពគ្រប់គ្រងជនជាតិវៀតណាមនៅកម្ពុជាបាននៅឡើយទេ ព្រោះជនជាតិវៀតណាមភាគច្រើន មិនចេះច្បាប់របស់កម្ពុជា មិនចេះអក្សរខ្មែរ ជាពិសេសអាជ្ញាធរកម្ពុជា ប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធទាក់ទិនបញ្ហានេះ។ លោកថា រដ្ឋាភិបាលវៀតណាមតែងតែរកគ្រប់វិធីសាស្ត្រ ដើម្បីជំរុញឱ្យជនជាតិរបស់គេ ចូលមករស់នៅក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើង តាមរយៈការងារផ្នែកការទូត និងការលួចចូលកម្ពុជា តាមច្រកព្រំដែនជាដើម។ លើសពីនេះ លោកថា វៀតណាមបានផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ តាមរយៈសមាគមវៀតណាមនៅកម្ពុជា ជាពិសេសការផ្ដល់សម្បទានសេដ្ឋកិច្ចតាមព្រំដែន បង្កលក្ខណៈងាយស្រួលឱ្យជនជាតិវៀតណាមចូលមករស់នៅកម្ពុជា៖ «រដ្ឋាភិបាលគាត់គាត់គ្មានឆន្ទៈពិតប្រាកដ ក្នុងការអនុវត្តច្បាប់អន្តោប្រវេសន៍ ច្បាប់ដែលពាក់ព័ន្ធ និងការបណ្ដេញជនជាតិវៀតណាមហ្នឹងឱ្យទៅប្រទេសពួកគាត់វិញ។ អានេះយើងឃើញជាក់ស្ដែងអ៊ីចឹងហ្មង រដ្ឋាភិបាលវៀតណាម គាត់តែងតែជ្រៀតជ្រែក ឬក៏ស្នើសុំជានិច្ច ពីជនជាតិវៀតណាមនៅស្រុកខ្មែរ។ ខ្ញុំឃើញរដ្ឋាភិបាលវៀតណាមគេបារម្ភណាស់ ខ្លាចតែខ្មែរយើងដេញជនជាតិវៀតណាម ទៅប្រទេសគាត់វិញ ហើយអាហ្នឹងវាជាចំណុចដែលយើងមើលឃើញថា វាមានពាក់ព័ន្ធនយោបាយប្រទេសនិងប្រទេស»។
លោក មួង សូនី បន្ថែមថា ការបន្លាស់ទីជនជាតិវៀតណាម តាមរយៈកាត់ឆ្វៀលដីទំហំ ៤០ ហិកតារ ក៏មានចំណុចវិជ្ជមានមួយចំនួនដែរមានជាអាទិ៍ ស្ដារបរិស្ថានទន្លេសាប កាត់បន្ថយការបន្ទោរបង់ចូលទន្លេ កាត់បន្ថយការចោលសំរាម និងការនេសាទត្រីខុសច្បាប់ជាដើម។ ក៏ប៉ុន្តែលោកបារម្ភថា បញ្ហានេះ នឹងប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជានៅថ្ងៃអនាគត។ លោកផ្ដល់ទស្សនៈថា ដំណោះស្រាយសមស្រប គឺរដ្ឋាភិបាលគួរលើកកម្ពស់ការអនុវត្តច្បាប់អន្តោប្រវេសន៍ ឱ្យមានប្រសិទ្ធភាព អនុវត្តច្បាប់លើមន្ត្រីណា ដែលប្រព្រឹត្តអំពើពុករលួយ និងត្រូវមានប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យច្បាស់លាស់។ លោកបញ្ជាក់ថា ការលើកឡើងនេះមិនមែនជាការរើសអើងជាតិសាសន៍នោះទេ ក៏ប៉ុន្តែបើជនបរទេសណា មករស់នៅប្រទេសកម្ពុជាដោយខុសច្បាប់ រដ្ឋាភិបាលត្រូវអនុវត្តច្បាប់ ដោយត្រូវចាប់បញ្ជូនទៅប្រទេសរបស់គេវិញ៖ «ពាក់ព័ន្ធការឱ្យជនជាតិវៀតណាមនៅលើគោកវាជារឿងល្អហើយ ដើម្បីបរិស្ថាន ប៉ុន្តែរឿងសំខាន់យើងអត់អន្តោប្រវេសន៍ នេះជាការសំខាន់ ហើយបើកាលណាយើងអត់អនុវត្តច្បាប់ហើយ សួរថា មានប្រសិទ្ធភាពអីទៀត ក្នុងការទប់ស្កាត់នយោបាយឈ្លានពាន របស់វៀតណាមនៅកម្ពុជា វាអត់មានទេ»។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី៨ ខែធ្នូ។
ចំណែកអភិបាលរងខេត្តកំពង់ឆ្នាំង ទទួលបន្ទុកដោះស្រាយបញ្ហានេះ លោក ស៊ុន សុវណ្ណារិទ្ធិ ក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក ធ្លាប់ប្រាប់កាសែតក្នុងស្រុក (RFI) ថា មកដល់ពេលនេះ ជនជាតិវៀតណាមខុសច្បាប់ រស់នៅលើផ្ទះបណ្ដែតទឹក នៅខេត្តកំពង់ឆ្នាំង ត្រូវបានអាជ្ញាធរបណ្ដេញចេញអស់ហើយ។ លោកថា អ្នកកំពុងរស់នៅបច្ចុប្បន្ន គឺជាជនជាតិវៀតណាមស្របច្បាប់។ បន្ថែមពីនេះ លោកថា ក្រោយការឡើងគោក ជនជាតិវៀតណាមទាំងអស់ ត្រូវរស់នៅក្រោមច្បាប់ និងរដ្ឋបាលរបស់អាជ្ញាធរកម្ពុជា។ លោក សុវណ្ណារិទ្ធិ មិនចាំតួលេខជនជាតិវៀតណាមកំពុងរស់នៅលើផ្ទះបណ្ដែតទឹកជាក់លាក់ទេ ក៏ប៉ុន្តែលោកថា អាជ្ញាធរតម្រូវឱ្យទៅជួលដីនៅលើគោកទំហំ ៤០ហិកតារ ក្បែរបឹងទន្លេសាប ដើម្បីរស់នៅវិញ៖ «អត់មានភាគីណា មានសិទ្ធិកាត់ដីឱ្យយួន ដូចអ្នកចោទប្រកាន់ថា ទិញដីទិញអីអត់ទេ អត់មានអាជ្ញាធរណាហ៊ានស៊ីញ៉េទេ។ ដីឯកជនគេជួលយកលុយ តែរដ្ឋអាហ្នឹងគេនៅពិភាក្សាគ្នា វាមានគោលដៅផ្សេងៗគ្នា»។
អាជ្ញាធរខេត្តកំពង់ឆ្នាំង អះអាងថា ពលរដ្ឋរស់នៅផ្ទះបណ្ដែតក្នុងខេត្តនេះ មានសរុបជាង ៤ពាន់ ៣រយ (៤.៣៨៥) គ្រួសារ ក្នុងនោះជនជាតវៀតណាម មានជាង ២ពាន់ (២.១៩៧) គ្រួសារ។ អាជ្ញាធរខេត្តនេះអះអាងថា ដីទំហំ ៤០ហិកតារ ដែលត្រូវផ្លាស់ទីអ្នករស់នៅលើផ្ទះបណ្ដែតទឹក ឱ្យឡើងគោក គឺជាដីជួល មិនមែនចែកឱ្យ ឬផ្ដល់ដីសម្បទានសង្គមកិច្ចនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។