របប​​ក្រុង​​ភ្នំពេញ​​គ្រោង​​ចំណាយ​​ជាង ៨ពាន់​​លាន​​ដុល្លារ​​នៅ​​ឆ្នាំ២០២២

0:00 / 0:00

គណៈរដ្ឋមន្ត្រី​នៃ​របប​ក្រុង​ភ្នំពេញ បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ២០២២ រួច​ហើយ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ នៅ​ព្រឹក​ថ្ងៃទី២២ ខែ​តុលា​។ ថវិកា​ជាតិ​ដែល​គ្រោង​ចំណាយ​សម្រាប់​ឆ្នាំ​ថ្មី​នេះ កើនឡើង​ជាង​ឆ្នាំ​ចាស់​ប្រមាណ ១ពាន់​លាន​ដុល្លារ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ស្វាគមន៍​ការ​ដំឡើង​កញ្ចប់​ថវិកា​ជាតិ​នេះ ប៉ុន្តែ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ប្រើប្រាស់​ថវិកា​ទាំងនោះ​ឱ្យ​ចំ​ទិសដៅ និង​មាន​ប្រសិទ្ធភាព។

រដ្ឋាភិបាលលោក ហ៊ុន សែន គ្រោង​ចំណាយ​ថវិកាជាតិ​សរុប​ប្រមាណ ៨ពាន់ ៥រយ​លាន​ដុល្លារ​អាមេរិក(៨.៥ billion USD) សម្រាប់​ឆ្នាំ២០២២ ខាងមុខ។ គម្រោង​ចំណាយ​នេះ​កើនឡើង ៨,៤% ធៀប​នឹង​ឆ្នាំ២០២១ ដែល​មាន​ប្រមាណ ៧ពាន់ ៥រយ​លាន​ដុល្លារ (៧.៥ billion USD)។

ទាក់ទង​នឹង​ចំណូល​វិញ រដ្ឋាភិបាល​គ្រោង​ប្រមូល​ចំណូល​ឱ្យ​បាន​ជាង ៦ពាន់ ៣រយ​លាន​ដុល្លារ (៦.៣ billion USD) កើន​ឡើង​ជិត ២០% ធៀប​នឹង​ឆ្នាំ២០២១ ដែល​មាន​ជិត ៥ពាន់​លាន​ដុល្លារ (៤.៩ billion USD)។ នេះ​បើ​យោង​តាម​ សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ឆ្នាំ២០២២ ឬ​សេចក្តី​ព្រាង​ច្បាប់​ថវិកាជាតិ​ឆ្នាំ២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល នៅ​ថ្ងៃ​ទី២២ ខែតុលា។

ថវិកា​ឆ្នាំ២០២២ នេះ ត្រូវ​បាន​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាត់ទុកថា ​ជាថវិកា​សម្រាប់​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង និង​ការ​កសាង​សមត្ថភាព​រស់នៅ​ជាមួយ​ជំងឺ​កូវីដ-១៩ តាម​គន្លង​ថ្មី ដើម្បី​រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ ព្រមទាំង​ការ​តម្រង់​ធនធាន​ឆ្ពោះ​ទៅ​ស្ដារ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឡើងវិញ។

នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជាលោក ប៉ិច ពិសី វាយ​តម្លៃ​ថា ទំហំ​ថវិកា​នេះ​អាច​ប្រើប្រាស់​បាន​ក្នុង​ការ​ស្ដារ​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម ព្រមទាំង​ជីវភាព​ពលរដ្ឋ ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​វិបត្តិ​ជំងឺ​កូវីដ-១៩។ លោក​បញ្ជាក់​ថា អ្វី​ដែល​សំខាន់​បំផុត​នោះ គឺ​រដ្ឋាភិបាល​ត្រូវ​ធានា​ថា ថវិកា​ជាតិ​នេះ​ត្រូវ​បាន​ប្រើប្រាស់​ឱ្យ​ចំ​ទិសដៅ មាន​ប្រសិទ្ធភាព និង​ចៀស​ផុត​ពី​អំពើ​ពុករលួយ៖ « ថវិកា​ហ្នឹង ខ្ញុំ​គិត​ថា មិន​ជា​តូចតាច​ទេ​សម្រាប់​កម្ពុជា ហើយ​អ្វី​ដែល​យើង​លើក​ទឹកចិត្ត គឺ​ការ​ប្រើប្រាស់​លុយ​ឱ្យ​មាន​តម្លាភាព សុចរិត​ភាព ហើយ​និង​កុំ​ឱ្យ​មាន​ការ​បាត់បង់​តាម​រយៈ​ភាព​មិន​ប្រក្រតី​ផ្សេងៗ ហើយនិង​អំពើ​ពុករលួយ។ ខ្ញុំ​គិត​ថា ប្រហែល​ជា​យើង​អាច​ស្ដារ​ឡើងវិញ (Recover) ក្នុង​ឆ្នាំ២០២២ ហើយ​ឆ្នាំ២០២៣ ប្រហែល​ជា​យើង​អាច​មាន​លទ្ធភាព​ពង្រីក​ការ​កើនឡើង​សេដ្ឋកិច្ច​ហ្នឹង​ខ្លាំង​ជាង​ក្រោយ​កូវីដ - ១៩ »

ជាមួយ​គ្នា​នេះ លោក ប៉ិច ពិសី អំពាវនាវ​ដល់​រដ្ឋាភិបាល​ឱ្យ​ផ្តល់​ព័ត៌មាន​លម្អិត និង​គ្រប់ជ្រុងជ្រោយ​ទាក់ទង​នឹង​រឿង​ថវិកា​ជាតិ​នេះ ដើម្បី​ឱ្យ​ភាគី​ពាក់ព័ន្ធ និង​សាធារណជន​អាច​ស្វែងយល់​បាន​ស៊ី​ជម្រៅ​ថែមទៀត​អំពី​ទិសដៅ វិសាលភាព និង​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ដល់​សង្គម និង​សេដ្ឋកិច្ច​របស់​កម្ពុជា។

ថវិកាជាតិ​ដែល​រដ្ឋាភិបាល​គ្រោង​ចំណាយ​សម្រាប់​ឆ្នាំ២០២២ លើស​ពី​ចំណូល​ដែល​គ្រោង​ទុកជាង ២ពាន់​លាន​ដុល្លារ (២ billion USD)។ រដ្ឋាភិបាល​គ្រោង​ខ្ចី​ប្រាក់​បន្ថែម​ទៀត​ពី​ដៃគូ​អភិវឌ្ឍន៍​ក្នុង​កម្រិត ១ពាន់ ៦រយលាន អេសឌីអា (១.៦ billions SDR) ដែល​ស្មើនឹង​ជាង ២ពាន់លានដុល្លារ (២.២៦ billion USD) ព្រម​ទាំង​បោះ​ផ្សាយ​លក់​មូលបត្រ​រដ្ឋ​ជា​លើក​ដំបូង ចំនួន ៣រយលាន (៣០០) ដុល្លារ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ​វត្ថុ​អះអាង​ថា ការ​បោះផ្សាយ​លក់​មូលបត្រ​រដ្ឋ និង​ការ​ខ្ចី​ប្រាក់​ក្នុង​ទំហំ​ប៉ុន​នេះ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌ​ក​នោះ​ទេ ពីព្រោះ​ស្ថានភាព​បំណុល​សាធារណៈ​របស់​កម្ពុជា​នៅតែ​ត្រូវ​បាន​វាយ​តម្លៃ​ថា មាន«ចីរភាព» និង​«ហានិភ័យ​កម្រិតទាប»។

ទោះជាយ៉ាងណាលោក ប៉ិច ពិសី យល់​ថា រដ្ឋាភិបាល​គួរតែ​ពន្យល់​ចំណុច​នេះ​ឱ្យ​បាន​ច្បាស់លាស់ ពីព្រោះ​ការ​ខ្ចី​បំណុល​បរទេស​ជា​បន្តបន្ទាប់​នេះ​អាច​ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​ក្ដី​ព្រួយបារម្ភ៖ « ការ​ខ្ចី​ថវិកា​ពី​បរទេស ពី​ត្រីភាគី​ក្ដី ជា​ពហុភាគី​ក្ដី ពី​សាមី​ប្រទេស​នីមួយៗ​ក្ដី​ហ្នឹង ពលរដ្ឋ​គាត់​ច្រើនតែ​មាន​ការ​បារម្ភ។ ហើយ​បើ​យើង​អាច​ពន្យល់​គាត់​ថែម គឺ​ជា​រឿង​ល្អ ព្រោះ​តាម​ពិត​ការ​ខ្ចី​ថវិកា​សម្រាប់​ការ​អភិវឌ្ឍ​ជាតិ វា​មិនមែន​ជា​រឿង​មិន​ល្អ​ទេ បើ​យើង​ប្រើប្រាស់​ថវិកា​ហ្នឹង​ឱ្យ​ត្រឹមត្រូវ»។

គិត​ត្រឹម​ដើម​ឆ្នាំ២០២១ កម្ពុជា​មាន​បំណុល​សាធារណៈ​ក្រៅ​ប្រទេស​ជាង ៩ពាន់​លាន​ដុល្លារ (៩.១billion USD) ក្នុង​នោះ​ជិត​ពាក់កណ្ដាល (៤៣,៧៨%) ជា​បំណុល​របស់​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។