ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង នៅថ្ងៃទី១០ ខែកក្កដា ប្រកាសសាលក្រមលើករណីប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា ដោយសម្រេចបង្វែរសំណុំរឿងនេះទៅចៅក្រមស៊ើបសួរ ឲ្យស៊ើបអង្កេតឡើងវិញនូវបទចោទ រួមគំនិតក្បត់ តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។
លោក សួន សេរីរដ្ឋា ត្រូវជាប់ចោទពីបទមជ្ឈិមពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍។ ប៉ុន្តែ តាមសំអាងហេតុរបស់ចៅក្រមអះអាងថា ដោយយោងតាមការស្នើសុំរបស់ព្រះរាជអាជ្ញា និងចម្លើយសាក្សីនោះ រឿងនេះមិនមែនជាបទមជ្ឈិមទេ តែជាបទឧក្រិដ្ឋ ទើបតុលាការសម្រេចឲ្យស៊ើបអង្កេតរឿងនេះឡើងវិញ។
ប្រធានចលនាអំណាចពលរដ្ឋខ្មែរ លោក សួន សេរីរដ្ឋា គិតថា ការសម្រេចបង្វែរបទចោទពីបទញុះញង់ ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ទៅជាបទរួមគំនិតក្បត់ ជារឿងអយុត្តិធម៌ ដែលលោកមិនអាចទទួលយកបាន ហើយលោកនឹងត្រៀមប្ដឹងទាស់ចំពោះការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ។
លោកប្រាប់វិទ្យុអាស៊ីសេរី តាមទូរស័ព្ទពីសហរដ្ឋអាមេរិក ថា តុលាការគ្មានភស្តុតាងរឹងមាំក្នុងការចោទប្រកាន់លោក ពីបទញុះញង់ឲ្យប្រព្រឹត្តបទល្មើសឧក្រិដ្ឋជាអាទិ៍ ហើយបែរជាបង្វែររឿងនោះទៅជារឿងផ្សេង៖ «ពីមុនចោទថាខ្ញុំញុះញង់ប្រព្រឹត្តបទឧក្រិដ្ឋ ពេលរកភស្តុតាងមិនមាន មិនមានអ្វីជាសំអាងបង្វែរទៅជាករណីបទរួមគំនិតក្បត់ទៅវិញ។ ខ្ញុំសួរថា តើខ្ញុំក្បត់អី បើខ្ញុំក្បត់ជាតិ ខ្ញុំមិនមែនធ្វើអ្វីៗទាំងអស់ ដើម្បីស្វែងរកសេរីភាពជូនជនរួមជាតិខ្ញុំ និងការពារទឹកដីប្រទេសជាតិរបស់ខ្ញុំឲ្យរួចផុតពីការឈ្លានពានទៅលើខ្មែរទេ»។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក តុប ឈុនហេង សម្រេចបង្វែរឲ្យចៅក្រមស៊ើបអង្កេតករណី លោក សួន សេរីរដ្ឋា ពីបទថ្មី គឺបទរួមគំនិតក្បត់តាមមាត្រា៤៥៣ នៃក្រមព្រហ្មទណ្ឌ។ ប្រសិនបើតុលាការរកឃើញថា លោក សួន សេរីរដ្ឋា មានពិរុទ្ធមែននោះ លោកអាចប្រឈមការជាប់ពន្ធនាគារពី ៥ឆ្នាំទៅ ១០ឆ្នាំ។
មេធាវីការពារក្តីឲ្យ លោក សួន សេរីរដ្ឋា គឺលោក សុក សំអឿន មានប្រសាសន៍នៅក្រៅបន្ទប់សវនាការថា រឿងក្តីនេះមិនមានភស្តុតាងអីដែលបញ្ជាក់ថា កូនក្តីរបស់លោករួមគំនិតក្បត់ទេ។ ប៉ុន្តែ ការសម្រេចបង្វែរសំណុំរឿងឲ្យចៅក្រមស៊ើបសួរ បើកការស៊ើបអង្កេតជាថ្មីនោះ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ៖ «ទស្សនៈខ្ញុំត្បិតច្បាប់អនុញ្ញាតអ៊ីចឹងមែន ក៏ប៉ុន្តែពេលបើកសវនាការអត់មានភស្តុតាង ហើយឲ្យចាត់របៀបស៊ើបអង្កេតសាថ្មី អាហ្នឹងដូចជាកាត់ក្តី ហើយរកភស្តុតាងមិនទាន់គ្រប់ រកថែមទៀត កាត់ថែមទៀត។ ដល់អ៊ីចឹងវាដូចជាអត់សូវគិតពីសិទ្ធិសេរីភាពប្រជាពលរដ្ឋ។ ទស្សនៈខ្ញុំគិតថា រឿងអំពើថ្ងៃនេះសម្រេចទៅ បើមានភស្តុតាងដាក់ទោសទៅ បើអត់មានភស្តុតាងលើកលែងការចោទប្រកាន់ទៅហើយ បើមានអំពើអីផ្សេងៗទៀត ជាបទឧក្រិដ្ឋយើងចោទទៀតទៅ ជារឿងផ្សេងមួយទៀត ព្រោះថ្ងៃនេះយើងកាត់ក្តីពីរឿងផ្កាកុលាបពណ៌លឿង»។
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត រិះគន់ចំពោះការតម្រូវឲ្យមានការចាត់របៀបស៊ើបអង្កេតពីរឿងនេះឡើងវិញ ដោយបង្វែរទៅជាបទរួមគំនិតក្បត់។ លោកធ្លាប់អះអាងថា ការប្រមូលបទល្មើសផ្សេងមកឡូកឡំគ្នា មកកំណត់លើបទល្មើសតែមួយនោះ គឺមិនត្រឹមត្រូវតាមច្បាប់។
លោក សួន សេរីរដ្ឋា ត្រូវបានជាប់ចោទថាជាមេខ្លោងនៃសកម្មភាពចែកចាយផ្កាកុលាប និងខិត្តប័ណ្ណច្រើនរយសន្លឹក កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ដែលមានខ្លឹមសារញុះញង់ឲ្យមានហិង្សាប្រដាប់អាវុធផ្ដួលរំលំរដ្ឋាភិបាល។
លោក សួន សេរីរដ្ឋា គឺជាគូទំនាស់មួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ប្រើសម្ដីឌឺដង និងរិះគន់នយោបាយរបស់ លោក ហ៊ុន សែន រហូតនិយាយចំៗថា លោក ហ៊ុន សែន ជាមនុស្សកំសាក។ រីឯប្រមុខរាជរដ្ឋាភិបាលកម្ពុជា វិញ ក៏បានព្រមានតាមចាប់ខ្លួន លោក សួន សេរីរដ្ឋា ដែរ ក្រោមហេតុផលថា លោកគឺជាមេខ្លោងនៃក្រុមមួយដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។