សាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រកាន់ លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ និងមន្ត្រីជាន់ខ្ពស់គណបក្សនេះពីបទ រួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការអំពាវនាវតាមបណ្ដាញសង្គមហ្វេសប៊ុក។
សេចក្ដីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញកាលពីយប់ថ្ងៃទី៧ ខែតុលាបញ្ជាក់ថាក្រៅពីលោក សម រង្ស៊ី អ្នកដែលត្រូវតុលាការចោទប្រកាន់ដែរនោះរួមមាន លោក អេង ឆៃអ៊ាង និងអ្នកស្រី មូរ សុខហួរ ជាអនុប្រធានគណបក្ស និងមន្ត្រីបក្សនេះ លោក ហូ វ៉ាន់ រួមនឹងមន្ត្រីមួយចំនួនទៀត ដែលតុលាការពុំបានបញ្ចេញឈ្មោះ។
ប្រភពដដែលបញ្ជាក់ថាការចោទប្រកាន់នេះពាក់ព័ន្ធនឹងសេចក្ដីអំពាវនាវរបស់លោក សម រង្ស៊ី បង្ហោះតាមបណ្ដាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ ដែលតុលាការចាត់ទុកថា មានខ្លឹមសារបង្កប់ការរៀបចំផែនការផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា។ តុលាការចាត់ ទុកការអំពាវនាវនោះថាជាការប្រើប្រាស់ព័ត៌មានបំផ្លើសខុសពីការពិតញុះញង់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។ តុលាការចាត់ទុកថា អ្នកដែលត្រូវចោទប្រកាន់ទាំងនេះបានរៀបចំផែនការទុច្ចរិត ជាឧក្រិដ្ឋកម្ម ដែលប៉ះពាល់ដល់សន្តិសុខជាតិធ្ងន់ធ្ងរ។
កាលពីថ្ងៃទី៥ ខែតុលា លោក សម រង្ស៊ី បានសរសេរសារនៅលើហ្វេសប៊ុក ដោយភ្ជាប់នូវសេចក្ដីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិ ដែលបាន លើកឡើងថា លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន មានបំណងរត់ចោលប្រទេស ហេតុនេះ គណបក្សនេះ អំពាវនាវឱ្យប្រជារាស្ត្រខ្មែរ និងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិជំរុញឱ្យរបប ហ៊ុន សែន ដួលរលំកាន់តែឆាប់ កាន់តែល្អ និងថាដល់ពេលហើយ ដែលត្រូវរៀបចំប្រទេសកម្ពុជាឡើងវិញ ដើម្បីឲ្យប្រជារាស្ត្រខ្មែរ បានស្គាល់នូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ធានានូវសេរីភាព យុត្តិធម៌ និងភាពរុងរឿង។
លោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្សនេះ ក៏ធ្លាប់ត្រូវតុលាការចោទប្រកាន់ និងកាត់ឱ្យមាន ទោសពីបទរួមគំនិតក្បត់ និងញុះញង់នេះរួមគ្នាម្ដងរួចមកហើយ ទាក់ទងនឹងផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី កាលពីចុងឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។