ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ថា ការ​ចោទ​ប្រកាន់​លើ​រូប​លោក​ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ

0:00 / 0:00

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ​ចាត់ទុក​ការ​ចោទប្រកាន់​លើ​រូបលោក​ថា ជា​ការ​គំរាមកំហែង​ផ្នែក​នយោបាយ និង​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ស្ដីពី គណបក្ស​នយោបាយ​ឡើយ​។ ដូចគ្នា​នេះ​ដែរ មន្ត្រី​សង្គម​ស៊ីវិល ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត រិះគន់​ចំណាត់ការ​របស់​តុលាការ​ថា ជា​ការ​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធិ​ធ្វើ​នយោបាយ​របស់​ពលរដ្ឋ​។ ប្រតិកម្ម​នេះ ក្រោយ​ពី​តុលាការ​ក្រុងភ្នំពេញ បញ្ជា​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក សៀម ភ្លុក ទៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃទី​២៥ ខែ​មេសា ទាក់ទង​បទ​ចោទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ​នា​ពេល​កន្លង​ទៅ។

ស្ថាបនិក​គណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដែល​ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ព្រម​ចុះ​បញ្ជី​ឲ្យ​គណបក្ស​របស់​លោក និង​កំពុង​រង​បទ​ចោទ ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថ្ងៃ​ទី៨ ខែ​មេសា ថា ការ​ចោទ​ប្រកាន់​លើ​រូប​នេះ​បែប​នេះ មិន​ត្រឹមត្រូវ​តាមច្បាប់​ស្តី​គណបក្ស​នយោបាយ និង​នីតិវិធី​នៃ​ក្រមព្រហ្មទណ្ឌ​នោះ​ទេ។ បន្ថែម​ពី​លើ​នេះ លោក​ថា ការ​បញ្ជា​សមត្ថកិច្ច​ឲ្យ​នាំ​ខ្លួន​លោក ជា​ការ​គំរាមកំហែង បំភិតបំភ័យ និង​បំបាក់ស្មារតី​ផ្នែក​នយោបាយ។

លោក សៀម ភ្លុក បញ្ចេញ​ប្រតិកម្ម​បែប​នេះ ក្រោយ​ពេល​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី ភ្នំពេញ លោក លិ សុខា ចេញ​ដីកា​ចុះ​កាល​ពី​ថ្ងៃ​៤ ខែ​មេសា បង្គាប់​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​លោក មក​សាកសួរ​នៅ​តុលាការ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​២៥ ខែ​មេសា ខាងមុខ ពាក់ព័ន្ធ​ការចោទប្រកាន់​ករណី​ក្លែង​បន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ក្នុង​ការ​បង្កើត​គណបក្ស​បេះដូង​ជាតិ កាលពី​ឆ្នាំ​២០២១ កន្លង​ដែល​បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់ ៣​ឆ្នាំ​។ ទោះជា​យ៉ាងណា លោក សៀម ភ្លុក មិន​ទាន់​បញ្ជាក់​អំពី​ករណី​ពឹងពាក់​មេធាវី​ដើម្បី​តតាំង​តាមផ្លូវ​ច្បាប់ និង​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន​របស់​លោក​នៅ​ឡើយ​ទេ។

ការ​ចោទប្រកាន់​លោក សៀម ភ្លុក នេះ កើត​មាន​ឡើង​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​សម្រេច​មិន​ចុះ​បញ្ជី​ឱ្យ​គណបក្ស​បេះដូង​ជាតិ ដោយ​ចោទប្រកាន់​ថា គណបក្ស​បាន​បន្លំ​ស្នាម​មេដៃ​អ្នកគាំទ្រ​និង​ស្នាម​មេដៃ​ខ្លះ​ខូច​គុណភាព កាល​ពី​ទី​៨ វិច្ឆិកា ឆ្នាំ​២០២១​កន្លង​ទៅ​។ ទោះ​យ៉ាងណា លោក សៀម ភ្លុក មិន​ព្រម​ទទួល​ការ​សម្រេច​បែប​នេះ របស់​ក្រសួង​មហាផ្ទៃ និង​បាន​ប្ដឹង​ទាស់​សម្រេច​នេះ​ទៅ​តុលាការ​កំពូល ប៉ុន្តែ តុលាការ​ជាន់ខ្ពស់​មួយ​នេះ បាន​រក្សា​ការ​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ទុក​ជា​បាន​ការ​។ កាល​នោះ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ព្រមាន​លោក សៀម ភ្លុក ប្រយ័ត្ន​ជាប់​គុក បើ​លោក សៀម ភ្លុក ហ៊ាន​ប្ដឹង​ទៅ​តុលាការ​កំពូល​ករណី​ក្រសួង​មហាផ្ទៃ​បដិសេធ​ចុះ​នេះ។

ទាក់ទង​ករណី​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស យល់​ថា កិច្ចការ​ទាក់ទង​រឿង​នយោបាយ ក្រសួង​មហាផ្ទៃ មិន​គួរ​យក​ប្រព័ន្ធ​​តុលាការ ធ្វើការ​ចោទប្រកាន់​នោះ​ទេ​។ លោក​បន្ត​ទៀត​ថា នីតិវិធី​នៃ​ច្បាប់​បោះឆ្នោត មិន​បាន​ដាក់​ទោស​ព្រហ្មទណ្ឌ ក្នុង​ដំណើរ​នៃ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​នោះ​ទេ ទោះ គណបក្ស​នោះ​មិន​បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​ក្ដី។ លោក​បន្ត​ថា ក្រសួង​មហាផ្ទៃ​បដិសេធ​មិន​ចុះបញ្ជី​គណបក្ស​នេះ គឺ​គ្រប់គ្រាន់​ហើយ មិន​គួរ​យកទោស​ព្រហ្មទណ្ឌ​មក​ចោទប្រកាន់​លើ​ស្ថាបនិក​គណបក្ស​នេះ​ដូង​ជាតិ​នោះ​ទេ៖ «ច្បាប់​គណបក្ស​នយោបាយ​គេ​និយាយ​អំពី​រឿង​ការ​ចុះ​បញ្ជី​នយោបាយ អ៊ីចឹង​ករណី​គាត់​ (​ លោក សៀម ភ្លុក​ ) ហើយ​ក្នុង​ករណី​ចុះបញ្ជី​គណបក្ស​នយោបាយ​នេះ​គេ​និយាយ​មាន​ការ​បដិសេធ​នៃ​ការ​ចុះបញ្ជី ប៉ុន្តែ​អត់​ឃើញ​ថា ចំណុច​ណាមួយ​ឯកសារ​មិន​គ្រប់គ្រាន់ ឬក៏​សង្ស័យ​មានការ​ក្លែងបន្លំ​អី​ត្រូវ​ចោទប្រកាន់​អី​អត់​មាន​ទេ​ព្រោះ​រឿង​ផ្នែក​ត្រូវ​ដោះស្រាយ​ត្រឹម​កម្រិត​ដែល​បដិសេធ​ហ្នឹង»។

ច្បាប់​ស្ដីពី​គណបក្ស​នយោបាយ ជំពូក​ទី​៩ ស្ដីពី​ទោស​បញ្ញត្តិ ក៏​មិនបាន​លើកឡើង​ពី​ការ​ទោសទណ្ឌ​លើ​តំណាង​គណបក្ស​នយោបាយ ក្នុង​ដំណាក់កាល​នៃ​ការ​សុំ​ចុះបញ្ជី​គណបក្ស​នយោបាយ​នោះ​ដែរ។

មាត្រា​២៤ នៃ​ច្បាប់​នេះ ចែង​ថា ក្នុងករណី​ពិនិត្យ​ឃើញ​ថា សំណុំ​ឯកសារ​របស់​គណបក្ស​នយោបាយ ដែល​មិនទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់ និង​ត្រឹមត្រូវ​ច្បាប់ ក្រសួងមហាផ្ទៃ ត្រូវ​ធ្វើ​លិខិត​ជូន​ដំណឹង​ផ្ញើ​ទៅ​សាមី​គណបក្ស​នយោបាយ​នោះ​វិញ។

ចំណែក​ការ​ដាក់​ទោសទណ្ឌ​វិញ ភាគច្រើន​គឺ​ទាក់ទង​ធ្វើការ​សកម្មភាព របស់​គណបក្ស​នយោបាយ​ដែល​ចុះបញ្ជី​នៅ​ក្រសួង​មហាផ្ទៃ​រួច​ហើយ ការ​ដាក់​​ទោស​ទណ្ឌ​លើ​ការ​ធ្វើ​សកម្មភាព​ដឹកនាំ​គណបក្ស​នយោបាយ ដែល​ក្រសួង​មហាផ្ទៃ​មិន​យល់​ព្រម​ចុះ​ក្នុង​បញ្ជី​នយោបាយ ការដឹកនាំ​គណបក្ស​ដែល​តុលាការ​រំលាយ​រួចហើយ និង​ការ​គ្រប់គ្រង​គណបក្ស​ដែល​មិន​បាន​ចុះបញ្ជី​ក្នុង​ក្រសួង​មហាផ្ទៃ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ លោក អំ សំអាត យល់​ថា ចំណាត់ការ​របស់​តុលាការ​ពេល​នេះ នឹង​នាំ​ឲ្យ​មាន​ការ​រិះគន់​ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ការ​ធ្វើសកម្មភាព​នយោបាយ​របស់​លោក សៀម ភ្លុក។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​សង្កេត​ឃើញ​ថា ករណី​លោក សៀម ភ្លុក នេះ​គឺ​ការ​ព្រមាន​ពី​ក្រសួង​មហាផ្ទៃ តាំង​លោក​ចាប់ផ្ដើម​ចុះបញ្ជី​គណបក្ស​នយោបាយ​មក​ម្ល៉េះ ដែល​ជា​រឿង​ខុសប្លែក​ពី​គេ​ធ្វើ​ធៀប​ទៅ​នឹង​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ​ផ្សេងទៀត៖ «ក្រសួងមហាផ្ទៃ​បាន​ករណី​ថា ក្លែងបន្លំ​ស្នាម​មេដៃ ជា​ការ​ក្លែង​ឯកសារ​សាធារណ​មក​ប្ដឹង​វិញ អ៊ីចឹង​ឃើញ​ក្រោយ​មក​ទៀត ឃើញ​លោក សៀម ភ្លុក ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន នេះ​ជា​ចំណុច​មួយ​ដែរ​ធ្វើ​ឲ្យ​គេ​យល់ថា ជា​ការ​ធ្វើទុក្ខបុកម្នេញ​ក្រោយ​លោក សៀម ភ្លុក ទៅ​គណបក្ស​ភ្លើងទៀន ប៉ុន្តែ​គ្រាន់​ថា ករណី​មានការ​ប្ដឹងប្ដល់​តាំងពី​មុន​លោក សៀម ភ្លុក ចូល​ទៅ​គណបក្ស​ភ្លើងទៀន ម្ល៉េះ​បាទ»។

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​បោះឆ្នោត លោក កន សាវាង្ស បារម្ភ​ថា ករណីនេះ​ជា​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​បំភិត​បំភ័យ​ពលរដ្ឋ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ ។ លោក​ជំរុញ​ទៅ​តុលា​ការគួរ​ពិចារណា​ឡើងវិញ​ក្នុង​ការ​ចោទប្រកាន់​របស់​ខ្លួន។

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក អ៊ី រិន្ទ នៅ​ថ្ងៃទី​៨ ខែ​មេសា។

នៅ​រយៈពេល​ចុងក្រោយ​នេះ​តុលាការ​បាន​ចាត់វិធានការ​ផ្លូវច្បាប់​ជា​បន្តបន្ទាប់​លើ​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​បាន​ចូលរួម​ធ្វើ​សកម្មភាព​នយោបាយ​ជាមួយ​គណបក្ស​ភ្លើងទៀន​។ លោក សៀម ភ្លុក គឺជា​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស​សង្គ្រោះជាតិ ក្រោយ​មក​លោក​សុំ​ចុះបញ្ជី​បង្កើត​គណបក្ស​នេះ​បេះដូង​ជាតិ ប៉ុន្តែ​ក្រោយ​ពី​ក្រសួង​មហាផ្ទៃ​មិន​ចុះបញ្ជី​ឲ្យ​គណបក្ស​លោក លោក​ក៏​បាន​ធ្វើ​លិខិត​មួយ​ច្បាប់​ប្រកាស​គាំទ្រ​ការ​ធ្វើ​សកម្មភាព​គណបក្ស​ភ្លើងទៀន និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​បេះដូង​ជាតិ ទាំងអស់​ចូលរួម​ជាមួយ​គណបក្ស​ភ្លើងទៀន កាល​ពី​ថ្ងៃទី​២១ ខែមីនា កន្លង​ទៅ ។ លោក សៀម ភ្លុក ក៏​ជា​អ្នកនយោបាយ​ម្នាក់​ដែល​សកម្ម​ក្នុង​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក គាំទ្រ​ការគោរព​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ គាំទ្រ​ការ​សកម្មភាព​ទាមទារ​រក​យុត្តិធម៌​សង្គម​ផង​ដែរ ហើយ​លោក​ខ្លួនឯង​ក៏​ហ៊ាន​រិះគន់​បញ្ហា​សង្គម​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។