សាលាឧទ្ធរណ៍ភ្នំពេញនៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ បានសម្រេចតម្កល់សាលក្រមផ្ដន្ទាទោសអនុប្រធានគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឱ្យជាប់គុក ៣ឆ្នាំដដែលពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» រឿងលោកនិយាយរិះគន់ប្រវត្តិ ៧មករា និងការសង់ស្តូបវៀតណាមនៅកម្ពុជា។ សាច់ញាតិ និងមេធាវីការពារក្ដីលោក ថាច់ សេដ្ឋា ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌។
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ភ្នំពេញសម្អាងហេតុផលដូចតុលាការជាន់ទាបដែរ ដោយចាត់ទុក សកម្មភាពលោក ថាច់ សេដ្ឋា ជួបពលករនៅក្រៅប្រទេសកាលពីខែមករា ឆ្នាំ២០២៣ និយាយប្រវត្តិ ៧មករា និងនិយាយរិះគន់ការសង់ស្តូបវៀតណាមនៅកម្ពុជាគឺជាបទល្មើស «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍»។
ប៉ុន្តែ លោក ថាច់ សេដ្ឋា ច្រានចោលចំពោះការចោទប្រកាន់នេះ ដោយអះអាងប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកនិយាយតាមការសិក្សាស្រាវជ្រាវក្នុងសៀវភៅប្រវត្តិសាស្ត្រ អំពីថ្ងៃ ៧មករា ដើម្បីឱ្យកូនខ្មែរដឹងពីប្រវត្តិសាស្ត្រពិតនៃល្បិចកលវៀតណាមឈ្លានពានទឹកដីកម្ពុជា និងធ្វើឱ្យខ្មែរបែកបាក់សាមគ្គី។
ប្រពន្ធលោក ថាច់ សេដ្ឋា គឺលោកស្រី ថាច់ សុខបូរ៉ានី ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៧ ខែកុម្ភៈថា បើទោះបីជាប្ដីលោកស្រីបង្ហាញភស្តុតាងចេញពីសៀវភៅប្រវត្តិសាស្ត្រពាក់ព័ន្ធថ្ងៃ ៧មករាក្ដី ក៏សាលាឧទ្ធរណ៍ភ្នំពេញនៅតែកាត់ក្ដីប្ដីលោកស្រីដោយអយុត្តិធម៌។ លោកស្រីបញ្ជាក់ថា ការសម្រេចរបស់សាលាឧទ្ធរណ៍តម្កល់សាលក្រមផ្ដន្ទាទោសប្ដីនឹងធ្វើឱ្យក្រុមគ្រួសារ ជាពិសេសកូនកំពុងសិក្សាកាន់តែរងសម្ពាធផ្លូវចិត្ត និងបារម្ភពីជំងឺបេះដូងប្ដីកាន់តែធ្ងន់ធ្ងរក្នុងពន្ធនាគារបន្ថែមទៀត។
លោកស្រី ថាច់ សុខបូរ៉ានី៖«គាត់[លោក ថាច់ សេដ្ឋា]និយាយតាំងពីអើយមកពាក្យដដែលហ្នឹង ប៉ុន្តែនៅតែដាក់ទុក្ខលើគាត់ ហើយគាត់បាននិយាយថា ប្អូនគាត់បានលះបង់ឈាមមួយដុំ ប្អូនគាត់បង្កើនមកជួយខ្មែរ ទីបំផុតចាប់បងបង្កើតដាក់គុក គាត់និយាយហេតុផលម៉េចក៏ដោយរក្សាទុក្ខដដែល។ គាត់[លោក ថាច់ សេដ្ឋា]ថា និយាយក៏គ្មានន័យអីដែរ តុលាការសុទ្ធតែតេឡេហ្មងមើលទៅ គេនៅតែនិយាយថា ប្ដីខ្ញុំញុះញង់ផុសសំឡេងអ៊ីចឹង តែប្ដីខ្ញុំគាត់និយាយថា គាត់និយាយតាមតែប្រវត្តិសាស្ត្រ មានសៀវភៅគ្រប់សព្វមានជាភស្តុតាង នៅតែគេមិនយក ជាបានការរក្សាទុកដដែល»។
សវនាការនេះ មន្ត្រីអង្គទូតនៃឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (UN) តំណាងសហភាពអឺរ៉ុប (EU) និងមន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងគ្រួសារលោក ថាច់ សេដ្ឋា ក៏ចូលរួមឃ្លាំមើល និងចូលស្ដាប់នៅក្នុងសវនាការផងដែរ។ ចំណែក នៅក្រៅតុលាការវិញក៏មានសកម្មជនប្រមាណ ១០នាក់ រង់ចាំគាំទ្រលើកទឹកចិត្តដល់លោក ថាច់ សេដ្ឋា ដែរ។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា គឺលោក ជូង ជូងី ចាត់ទុកការសម្រេចរបស់សាលាឧទ្ធរណ៍ភ្នំពេញជារឿងអយុត្តិធម៌សម្រាប់កូនក្ដីរបស់លោក ព្រោះលោកមេធាវីយល់ថា អ្វីដែលកូនក្ដីរបស់លោក បានលើកឡើងក្នុងសវនាការសុទ្ធតែជារឿងប្រវត្តិសាស្ត្រ។
លោក ជូង ជូងី៖«សាលាឧទ្ធរណ៍គេយល់ឃើញ ដូចសាលាដំបូងដែរ។ សាលាឧទ្ធរណ៍គេយល់ឃើញថា ឯកឧត្ដម ថាច់ សេដ្ឋា ពិតជាញុះញង់ឱ្យវឹកវរដល់សន្តិសុខសង្គមមែន។ គាត់អះអាងថា អ្វីដែលគាត់លើកឡើងគឺជារឿងប្រវត្តិសាស្ត្រ ជាការពិត គាត់អត់បានញុះញង់អីទេ គាត់លើកពាក់ព័ន្ធប្រវត្តិសាស្ត្រខ្មែរក្រហម ប្រវត្តិ ៧មករា ប្រវត្តិនៃការបង្កើតគណបក្ស គាត់បង្ហាញពីការមិនពេញចិត្តរូបស្តូបមានមនុស្ស ៣នាក់ដាក់ទូទាំង ២៥រាជធានីខេត្តហ្នឹង គាត់ផ្ដោតទៅលើអ្វីដែលគាត់និយាយហ្នឹងសុទ្ធតែជារឿងប្រវត្តិសាស្ត្រ គឺពាក់ព័ន្ធរឿងនយោបាយវាមិនមែនជាបទល្មើស ដូចជាការចោទប្រកាន់ទេ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញលោក ឃុន លាងម៉េង ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី២៧ ខែកុម្ភៈ។
សាលាដំបូងរាជធានីភ្នំពេញកាលពី ខែតុលា ឆ្នាំ២០២៣ បានផ្ដន្ទាទោស លោក ថាច់ សេដ្ឋា ដាក់ពន្ធនាគារ ៣ឆ្នាំពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងញុះញង់ឱ្យមានការរើសអើងពូជសាសន៍» បន្ថែមទៅលើទោសចំនួន ១ឆ្នាំកន្លះទៀត ដែលតុលាការចោទប្រកាន់លោកពីបទចេញសែកស្អុយ ឬសែកអត់ប្រាក់។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត មិនភ្ញាក់ផ្អើលចំពោះសាលាឧទ្ធរណ៍សម្រេចតម្កល់សាលក្រមផ្ដន្ទាទោសលើសំណុំរឿងអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា នោះទេព្រោះលោកកត់សម្គាល់ថា រាល់អ្នកជាប់ឃុំនយោបាយ សកម្មជនសង្គម សហជីព ដែលសម្រេចផ្ដន្ទាទោសពីសាលាដំបូងហើយកន្លងមក សាលាឧទ្ធរណ៍តែងតែតម្កល់សាលក្រមទុកជាបានការដដែល។
លោក អំ សំអាត៖ «ប៉ុន្តែបញ្ហាទាំងអស់ហ្នឹងវានាំឱ្យមានការរិះគន់ច្រើនដែរទាក់ទងជាមួយរឿងសកម្មជនសិទ្ធិមនុស្ស សកម្មជនបរិស្ថាន ឬអ្នកនយោបាយ ឬសកម្មជននយោបាយ អ៊ីចឹងទៅវានាំឱ្យមានការរិះគន់ផ្សេងៗគ្នាកើតឡើង ព្រោះការផ្ដន្ទាទោសលើអ្នកទាំងអស់ហ្នឹង។ ទោះយ៉ាងណា លោក ថាច់ សេដ្ឋា ក៏មានសិទ្ធក្នុងការប្ដឹងសារទុក្ខ ទៅតុលាការកំពូលទាក់ទងការកើតទុក្ខមិនសុខចិត្តនឹងសាលដីការបស់សាលាឧទ្ធរណ៍នេះ»។
មេធាវីការពារក្ដីលោក ថាច់ សេដ្ឋា គឺមេធាវី ជូង ជូងី បញ្ជាក់ថា លោកនឹងពិភាក្សាជាមួយកូនក្ដី ដើម្បីរៀបចំនីតិវិធីបន្តប្ដឹងទៅតុលាការកំពូល ដើម្បីធ្វើការសម្រេចចុងក្រោយក្នុងការផ្ដល់យុត្តិធម៌ឱ្យកូនក្ដី។ សាច់ញាតិ និងមេធាវីលោក ថាច់ សេដ្ឋា រំពឹងថា តុលាការកំពូលមានសុភវិនិច្ឆ័យខ្ពស់ក្នុងសម្រេចសាលក្រមឱ្យលោក ថាច់ សេដ្ឋា ទទួលបានយុត្តិធម៌ ពីព្រោះស្ថានភាពជំងឺលើសឈាម និងបេះដូងកំពុងធ្វើឱ្យសុខភាពលោក ថាច់ សេដ្ឋា កាន់តែចុះខ្សោយ ខណៈសាច់ញាតិវិញរស់នៅបែកបាក់គ្រួសារ និងរងទុក្ខវេទនាទាំងផ្លូវកាយ និងផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។