សាច់ញាតិរបស់ស្ត្រីជាសកម្មជនបក្សប្រឆាំងនៅខេត្តស្វាយរៀងម្នាក់ដែលបានស្លាប់ដោយសារធ្លាក់ពីលើម៉ូតូក្នុងពេលប៉ូលិសចាប់បង្ខំទៅសាកសួរកាលពីចុងខែតុលា ឆ្នាំមុននោះ បន្តស្នើសុំឲ្យ តុលាការខេត្តស្វាយរៀង ពន្លឿនការផ្ដល់យុត្តិធម៌។ មេធាវី និងមន្ត្រីសិទ្ធិមនុស្ស យល់ថា ការយឺត យ៉ាវរបស់តុលាការ អាចធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ។ រីឯមន្ត្រីតុលាការ សន្យា ថា នឹងពិនិត្យមើលសំណុំរឿងនេះ។
ប្អូនប្រុសបង្កើតរបស់ជនរងគ្រោះ គឺ លោក សំ ឌីណា ប្រាប់អាស៊ីសេរីថា សំណុំរឿងនៃការស្លាប់ បងស្រីរបស់លោក បានអូសបន្លាយពេលជិត៦ខែហើយ ប៉ុន្តែតុលាការខេត្តស្វាយរៀង នៅមិនទាន់ បើកការជំនុំជម្រះកាត់ក្តី ដើម្បីផ្ដល់យុត្តិធម៌តាមផ្លូវច្បាប់ដល់បងស្រីរបស់លោកនោះទេ។
លោក សំ ឌីណា បន្តថា លោកធ្លាប់ទៅសួរនាំខាងតុលាការដែរ ប៉ុន្តែតុលាការ តែងតែឆ្លើយថា ឲ្យលោករង់ចាំដីកាកោះហៅរបស់តុលាការ។ ប្អូនប្រុសជនរងគ្រោះរូបនេះ ទទូចឲ្យតុលាការពន្លឿន នីតិវិធីស្វែងរកយុត្តិធម៌ជូនបងស្រីរបស់លោក ព្រោះលោកមានការឈឺចាប់ នៅពេលឃើញប៉ូលិសប៉ុស្តិ៍នគរបាលឃុំត្នោត និងប៉ូលិសស្រុកកំពង់រោទិ៍ ដែលជាអ្នកបង្កឲ្យបងស្រីរបស់លោកស្លាប់ នៅតែមានសេរីភាពធម្មតា និងថែមទាំងឌឺដងគំរាមកំហែងដល់គ្រួសារជនរងគ្រោះថែម ទៀត៖ « ព្រោះបងស្រីខ្ញុំស្លាប់ ចូល ៥ខែហើយ ប៉ុន្តែនៅស្ងាត់ឈឹងហើយករណីនេះមិនមែនធម្មតាទេ គឺជាករណីមួយពិសេស ព្រោះមនុស្សស្លាប់ហើយ។ យើងមានភស្តុ តាំង យើងមានរូបភាពគ្រប់គ្រាន់ យើងមានទាំងវីដេអូ ដែលពួកប៉ូលិសមកចាប់បងស្រីខ្ញុំទាំងអស់ ហើយយើងមានទាំងសំឡេងទៀត។ខ្ញុំបានប្រគល់ឲ្យសាលាដំបូងខេត្តស្វាយរៀងគ្រប់គ្រាន់អស់ ហើយ តែពួកកាត់នៅប្រើពេលវេលាពន្យារពេល » ។
សកម្មជនបក្សសង្គ្រោះជាតិ លោកស្រី សំ បុប្ផា អាយុ ៤៨ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំត្នោត ស្រុក កំពង់រោទិ៍ ខេត្តស្វាយរៀង បានស្លាប់កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដោយសារធ្លាក់ពីលើម៉ូតូរបស់ប៉ូលិសក្នុងពេលប៉ូលិសនាំខ្លួនទៅសាកសួរទាំងបង្ខំ អំឡុងពេលរបបក្រុងភ្នំពេញ បើកយុទ្ធនា ការចាប់ខ្លួន និងធ្វើទុក្ខបុកម្នេញលើសកម្មជនបក្សប្រឆាំង កុំឲ្យគាំទ្រដំណើរមាតុភូមិនិវត្តន៍របស់ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ ប្អូនប្រុសជនរងគ្រោះ ដែលឃើញហេតុការណ៍ផ្ទាល់ រៀបរាប់ថា រឿងរ៉ាវដំបូងឡើយ គឺបងស្រីរបស់លោក បានឈ្លោះប្រកែកគ្នាជាមួយប្តី និងបានជេររាលដាលដល់ឪពុកក្មេកមួយម៉ាត់ថា បានលក់ក្បាលឲ្យគណបក្សប្រជាជនកម្ពុជា ក្រោយពេលឪពុកក្មេកដែលជាសកម្មជនគណបក្សសង្គ្រោះជាតិដែរនោះ បានចូលសារភាពនៅចំពោះមុខសមត្ថកិច្ចថា ឈប់គាំទ្រផែនការវិលចូលស្រុកវិញរបស់លោក សម រង្ស៊ី។ ផ្ដើមចេញពីរឿងឈ្លោះប្រកែកគ្នានោះ ក៏ស្រាប់តែមានក្រុមប៉ូលិសជាច្រើននាក់គឺមានទាំងប៉ូលិសឃុំ និងស្រុកបានចុះទៅឃាត់ខ្លួន លោកស្រី សំ បុប្ផា ទៅសាកសួរទាំងបង្ខំ ដោយអះអាងថាឪពុកក្មេកលោកស្រីគឺលោក ហ៊ុន យាប់ បានប្ដឹងទៅអាជ្ញាធររឿងជម្លោះក្នុងគ្រួសារនិងជេរប្រមាថធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់គាត់។ បន្ទាប់មកស្រាប់តែក្រុមប៉ូលិសជាច្រើននាក់បានចុះទៅចាប់លោកស្រី សំ បុប្ផា ទាំងបង្ខំ។ ប្អូនប្រុសរបស់ជនរងគ្រោះយល់ថា អាជ្ញាធរទៅចាប់បងស្រីរបស់លោកមិនមែនគ្រាន់តែដោយសារមានជម្លោះក្នុងគ្រួសារទេ។ លោកគិតថា រឿងនេះគឺពាក់ព័ន្ធនឹងរឿងនយោបាយ គឺជាការបង្ខិតបង្ខំឲ្យសកម្មជនបក្សប្រឆាំងចូលសារភាព និងគំរាមកំហែង បងស្រីរបស់លោកឲ្យឈប់រិះគន់ឪពុកក្មេក ដែលចុះចូលជាមួយគណបក្សកាន់អំណាច។
ក្រោយការស្លាប់ ១០ថ្ងៃ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គ្រួសារជនរងគ្រោះ បានដាក់បណ្ដឹងទៅ តុលាការខេត្តស្វាយរៀង ដើម្បីទាមទារសំណងជំងឺចិត្តចំនួន៣ម៉ឺនដុល្លារពីមន្ត្រីប៉ូលិសឃុំត្នោត និងប៉ូលិសស្រុកកំពង់រោទិ៍ ព្រមទាំងទាមទារឲ្យផ្ដន្ទាទោសពួកគេតាមច្បាប់។
មេធាវីដើមបណ្ដឹងតំណាងឲ្យគ្រួសារជនរងគ្រោះ គឺលោក សំ សុគង់ មានប្រសាសន៍ថា ចាប់តាំងពី លោក ដាក់បណ្ដឹងមក គឺតុលាការបានហៅកូនក្តីរបស់លោកទៅសួរនាំតែម្ដងគត់ ហើយ ក៏ស្ងាត់ សូន្យមកដល់ពេលនេះ។ លោក យល់ថា ប្រសិនបើតុលាការ នៅតែបន្តអូសបន្លាយពេលតទៅទៀតគឺជាការរំលោភនីតិវិធីច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ៖ « រឿងនេះអូសបន្លាយពេល ហើយអត់ចាត់ការឲ្យរហ័សរហួនទេ។ កាលណាយើងឃើញការខកខានមិនព្រមធ្វើការស៊ើបអង្កេត ឬមិនស៊ើបអង្កេតឲ្យបានលឿន តាមនីតិវិធី គឺវាធ្វើឲ្យប៉ះពាល់ដល់យុត្តិធម៌សម្រាប់ជនរងគ្រោះ » ។
ឆ្លើយតបនឹងករណីនេះ ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង លោក ឈីវ អ៊ិចគង់ ថ្លែងថា លោកមិនទាន់បានឃើញសំណុំរឿងនេះនៅឡើយទេ ប៉ុន្តែលោកអះអាងថា គ្រប់សំណុំរឿងដែល ស្ថិតនៅក្នុងតុលាការ សុទ្ធតែត្រូវបានពិនិត្យដោយចិត្តទុកដាក់។ ទោះជាយ៉ាងណា លោកទទួលស្គាល់ថា មួយរយៈចុងក្រោយនេះមានការយឺតយ៉ាវខ្លះ ដោយសារតែមានការ ផ្លាស់ប្តូរព្រះរាជអាជ្ញា៖ «ខ្ញុំសូមបញ្ជាក់ដែរថា មានការផ្លាស់ប្ដូរព្រះរាជអាជ្ញា ហើយឥឡូវលោកព្រះរាជអាជ្ញា ខំា សុផារី គឺលោក ទើតតែមកថ្មីទេអ៊ីចឹង សំណុំរឿងក៏អត់ទាន់ដឹងដែរ។ ចាំខ្ញុំសហការសាកសួរលោកព្រះរាជអាជ្ញា ដើម្បីដឹងអំពីចំណាត់ការនៃសំណុំរឿងនេះ»។
មន្ត្រីសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តស្វាយរៀង (Licadho) លោក នុត បូពិណ្ណារ័ត្ន មាន ប្រសាសន៍ថា នៅក្នុងសាលាដំបូងខេត្តស្វាយរៀង ពិតជាមានការផ្លាស់ប្តូរព្រះរាជអាជ្ញា ដូច្នេះអាច ធ្វើឲ្យយឺតយ៉ាវការងារមួយចំនួនដែរ។ មន្ត្រីសិទ្ធិមនុស្សរូបនេះ រំពឹងថា តុលាការ នឹងចាប់ផ្ដើមពន្លឿននីតិវិធី ព្រោះលោកពិនិត្យឃើញថា សំណុំរឿងមួយនេះ មិនមានលក្ខណៈស្មុគស្មាញដែលត្រូវ ចំណាយពេលវេលាច្រើនក្នុងការស៊ើបអង្កេតនោះទេ៖ «បើតុលាការ ជំរុញសំណុំរឿងនេះឲ្យឆាប់ចប់ ដើម្បីផ្ដល់យុត្តិធម៌ដល់គ្រួសារជនរងគ្រោះ គឺជារឿងមួយល្អហើយ ដើម្បីឲ្យដឹងថា គាត់ទទួលបានអី ហើយទទួលបានសំណងរបៀបម៉េច ហើយអ្នកដែលប្រព្រឹត្តទទួលទោសទណ្ឌយ៉ាងម៉េច គឺជារឿងមួយល្អ ដើម្បីបង្ហាញទៅសាធារណជនដែរ រឿងនេះបានយុត្តិធម៌ដល់ក្រុមគ្រួសារគាត់»។
មេធាវីដើមបណ្ដឹង និងមន្ត្រីសិទ្ធិមនុស្ស លើកឡើងដូចគ្នាថា ទង្វើរបស់ក្រុមប៉ូលិស ដែលចុះទៅចាប់បង្ខំជនរងគ្រោះយកទៅសាកសួរបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូស្លាប់នេះ គឺជាការអនុវត្តច្បាប់មិនត្រឹមត្រូវ និងរំលោភសិទ្ធិមនុស្ស ដែលក្រុមប៉ូលិសទាំងនោះ ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់ មិន អាចរួចខ្លួនបានឡើយ។
ករណីស្លាប់របស់ស្ត្រីសកម្មជនបក្សប្រឆាំងនេះ កើតឡើងក្នុងពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែន ធ្វើយុទ្ធនាការបង្ក្រាបយ៉ាងធ្ងន់ធ្ងរទៅលើកម្មជនបក្សប្រឆាំងតាមមូលដ្ឋានដូចជាការចាប់ខ្លួនដាក់ពន្ធនាគារ ការកោះហៅទៅសួរនាំនិងការបង្ខិតបង្ខំឲ្យចូលខ្លួនសារភាពឈប់គាំទ្រគណបក្សសង្គ្រោះជាតិជាដើម។ ក្រៅពីនេះ ក៏មានសកម្មជនបក្សប្រឆាំងជាង ១០នាក់ទៀត ត្រូវបានជនអនាមិកលួចវាយប្រហារតាមដងផ្លូវបណ្ដាលឲ្យបែកក្បាល និងរបួសធ្ងន់ដែរ ប៉ុន្តែសមត្ថកិច្ចមិនដែលវែកមុខចាប់ជនដៃដល់យកមកកាត់ទោសតាមច្បាប់បាននៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។