សាក្សីម្នាក់ទៀតហើយ ដែលជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឲ្យទៅបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា នាពេលបើកសវនាការជំនុំជម្រះក្តី នៅថ្ងៃទី១៥ ខែមករាខាងមុខនេះ។ អ្នកវិភាគយល់ថា វត្តមានអ្នកនាំពាក្យគណបក្សកាន់អំណាចនៅក្នុងសវនាការលោក កឹម សុខា ជាការបន្ថែមការបន្ទុកលើលោក កឹម សុខា។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ដែលត្រូវតុលាការកោះហៅឲ្យអាស៊ីសេរីដឹងថា លោកនឹងទៅបំភ្លឺក្នុងសវនាការតាមដីការបស់តុលាការ។ លោក ឈឹម ផលវរុណ ដែលធ្លាប់ធ្វើការជាមួយលោក កឹម សុខា កាលពីលោក កឹម សុខា ធ្វើប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអះអាងថា ទោះពេលនេះលោកជាអ្នកនាំពាក្យគណបក្សកាន់អំណាចក្តី ប៉ុន្តែលោកមិននិយាយបំផ្លើសបំភ្លៃទេ ដោយលោកនិយាយតែការពិតប្រាប់តុលាការ៖ «អ្វីដែលខ្ញុំដឹងខ្ញុំនិយាយ អ្វីខ្ញុំមិនដឹងខ្ញុំមិនបំផ្លើសបំភ្លៃទេ គឺសុចរិត និងយុត្តិធម៌ ឈរលើការពិត ហើយខ្ញុំមិនមែនឆ្លើយផ្អែកលើនិន្នាការ ឬក៏តួនាទីទេ គឺផ្អែកលើការដឹង និងការមិនដឹង»។
ក្នុងដីកាតុលាការព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ តម្រូវឲ្យលោក ឈឹម ផលវរុណ ត្រូវចូលឆ្លើយបំភ្លឺក្នុងសវនាការសួរដេញដោលនៃសំណុំរឿងលោក កឹម សុខា ពីដំណើររឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ឆ្នាំ២០១៧។
អ្នកវិភាគនយោបាយ និងសង្គមដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក គឹម សុខ និយាយថា ការចោទប្រកាន់លោក កឹម សុខា គឺជាការរៀបចំរបស់គណបក្សប្រជាជនកម្ពុជា ដូច្នេះគ្មានហេតុផលណាមួយដែលលោក ឈឹម ផលវរុណ អាចនិយាយការពិត ឬនិយាយការពារលោក កឹម សុខា ឡើយ ផ្ទុយទៅវិញលោក គឹម សុខ យល់ថា វត្តមានលោក ឈឹម ផលវរុណ ជាចេតនារបស់របបក្រុងភ្នំពេញ ដើម្បីរៀបចំដាក់បន្ទុកលើលោក កឹម សុខា៖ « ខ្ញុំគិតថា មិនអាចជឿនូវសម្ដីលោក ឈឹម ផលវរុណ បានទេ ខ្ញុំមិនបដិសេធថា គ្រប់សម្ដីសុទ្ធតែខុសទេ ក៏ប៉ុន្តែខ្ញុំជឿជាក់ថា គ្រប់សម្ដីមានត្រូវខ្លះមានខុសខ្លះ ប៉ុន្តែគោលដៅលោក ឈឹម ផលវរុណ ពិតជាការពារគណបក្សប្រជាជនកម្ពុជា ពីព្រោះគាត់ជាអ្នកនាំពាក្យដូចមានតួនាទីជាមេធាវីរបស់គណបក្សអ៊ីចឹង»។
អាស៊ីសេរីមិនទាន់អាចសុំការអត្ថាធិប្បាយពីក្រុមមេធាវីលោក កឹម សុខា បាននៅឡើយទេ នៅថ្ងៃទី១៣ ខែមករា ករណីដែលតុលាការកោះអ្នកនាំពាក្យគណបក្សកាន់អំណាចឲ្យបំភ្លឺបែបនេះ។
មេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុធារី ធ្លាប់ឲ្យអាស៊ីសេរីដឹងថា ករណីបែបនេះជារឿងធម្មតាទេ ព្រោះចៅក្រមជំនុំជម្រះអាចកោះហៅសាក្សីមានក្នុងសំណុំរឿងឲ្យទៅបំភ្លឺនៅពេលជម្រះក្តី។
អ្នកនាំពាក្យសមាគម អាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា តុលាការហៅសាក្សីមួយចំនួន រួមមាន៖ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ឬសកម្មជនដីធ្លីឲ្យទៅបំភ្លឺក្នុងសំណុំរឿងលោក កឹម សុខា ហាក់មិនពាក់ព័ន្ធនឹងសំណុំរឿងនេះសោះ ដែលករណីនេះធ្វើឲ្យសាធារណជនយល់ថា ជាសវនាការមួយធ្វើឡើងគ្មានភាពត្រឹមត្រូវ។ មន្រ្តីសង្គមស៊ីវិលរូបនេះអះអាងថា សមាគម អាដហុក នឹងបន្តឃ្លាំមើលដំណើររឿងនេះនៅក្នុងសវនាការបន្តទៀត៖ « អ៊ីចឹងបានយើងយល់ថា ជារឿងមួយដែលយើងឃ្លាំមើលទាំងអស់គ្នា ថា សវនការដំណើរការទៅដោយរបៀបម៉េច ព្រោះមានការចោទប្រកាន់មានពាក់ព័ន្ធទៅនឹងរដ្ឋបរទេសជាដើម ហើយយើងមិនដឹងថា រដ្ឋណាដែលជាប់ពាក់ព័ន្ធ»។
ខណៈថ្ងៃបើកសវនាការកាន់តែកៀក គឺនៅថ្ងៃទី១៥ ខែមករា តុលាការក៏ខំកោះហៅសាក្សីមួយចំនួនបន្ថែមទៀត ដើម្បីឲ្យទៅបំភ្លឺនៅសវនាការ ក្នុងនោះ មានទាំងអ្នកគាំទ្រ និងសកម្មជនគណបក្សសង្គ្រោះជាតិរួមទាំងសកម្មជនដីធ្លីផងដែរ។ សេចក្តីជូនដំណឹងរបស់សាលាដំបូងរាជធានីភ្នំពេញ ឲ្យដឹងថា សវនាការនេះនឹងប្រើរយៈពេល ២ថ្ងៃ គឺចាប់ពីព្រឹកថ្ងៃទី១៥ ដល់ថ្ងៃទីល្ងាចថ្ងៃទី១៦ ខែមករា ដើម្បីសួរដេញដោល និងជំនុំជម្រះ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ តុលាការធ្លាប់បានកោះហៅ លោក ឈឹម ផលវរុណ ម្ដងហើយ ឲ្យចូលទៅបំភ្លឺក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា នេះ។ កាលពីពេលនោះមេធាវីការពារក្តីលោក កឹម សុខា គឺលោក ផែង ហេង ប្រាប់សារព័ត៌មានក្នុងស្រុក (វិទ្យុបារាំងអន្តរជាតិ) ថា លោក ឈឹម ផលវរុណ មិនមែនជាមនុស្សកណ្ដាលឡើយ ហើយអ្នកនាំពាក្យបក្សកាន់អំណាចរូបនេះតែងតែវាយប្រហារលើរូបលោក កឹម សុខា ជារឿយៗ នាពេលកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។