សាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ឱ្យចូលទៅជម្រះក្ដី នៅថ្ងៃទី១៥ ខែមករាខាងមុខ។
សវនាការនៅខែមករានោះ នឹងជម្រះអំពីអង្គហេតុដែលបានចោទប្រកាន់ លោក កឹម សុខា រឿងសន្ទិដ្ឋិភាព ឬការត្រូវរ៉ូវជាមួយបរទេស ដើម្បីផ្ដួលរំលំរដ្ឋាភិបាល ដែលប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេងទៀត កាលពីអំឡុងឆ្នាំ១៩៩៣ រហូតដល់ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ អ្នកវិភាគហៅការជំនុំជម្រះក្តី ដែលតុលាការគ្រោងធ្វើគ្រាន់តែជានីតិវិធីបង្គ្រប់កិច្ចប៉ុណ្ណោះ។
ដីកាកោះហៅសាមីខ្លួន គឺលោក កឹម សុខា ឲ្យចូលខ្លួនទៅជម្រះក្តី នាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខ គឺធ្វើឡើងក្រោយពីសាលាដំបូងរាជធានីភ្នំពេញការកោះហៅសាក្សីមួយចំនួនឲ្យទៅបំភ្លឺក្នុងសំណុំរឿងលោករួចមក។
ក្នុងដីកានោះព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ បង្គាប់ឲ្យលោក កឹម សុខា ភេទប្រុស អាយុ ៦៦ឆ្នាំ សញ្ជាតិខ្មែរ ចូលមកសាលារាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករា ម៉ោង ៨កន្លះព្រឹកជាកំហិត ដើម្បីចូលរួមសវនាការអំពីអង្គហេតុ ដែលបានប្រកាន់លើរូបលោក។ ដីកានេះចុះថ្ងៃទី៩ ធ្នូ ប៉ុន្តែត្រូវបានបង្ហោះតាមបណ្ដាញសង្គមតេឡេក្រាម និងតាមសារព័ត៌មានក្នុងស្រុកមួយចំនួន កាលពីល្ងាចថ្ងៃទី២៥ ខែធ្នូ។
អាស៊ីសេរីមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីក្រុមមេធាវីលោក កឹម សុខា បាននៅឡើយទេ នៅថ្ងៃទី២៦ ខែធ្នូ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ទោះបែបនេះក្ដី សហមេធាវីលោក កឹម សុខា លោក ចាន់ ចេន ធ្លាប់ឲ្យអាស៊ីសេរីដឹងថា កូនក្តីរបស់លោក គឺលោក កឹម សុខា ជាអ្នកគោរពច្បាប់ គោរពទៅតាមនីតិវិធីតុលាការ។ ដូច្នេះ នៅពេលតុលាការកោះហៅឱ្យចូលសវនាការ លោក កឹម សុខា នឹងគោរពតាមដីកា។ លោកមេធាវីឲ្យដឹងទៀតថា នៅក្នុងសវនាការនោះ ក៏មានក្រុមមេធាវី ដែលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយការពារក្តីឱ្យលោក កឹម សុខា៖ «ខ្ញុំជម្រាបប្រាប់លោកថា កូនក្តីខ្ញុំជាអ្នកកាន់ព្រះពុទ្ធសាសនាហើយគាត់ជាអ្នកគោរពច្បាប់ គាត់នឹងធ្វើទៅតាមអ្វី ដែលជានីតិវិធីច្បាប់ » ។
កាលពីពេលប៉ុន្មានថ្ងៃមុននេះ សាលាដំបូងរាជធានីភ្នំពេញបានកោះហៅសកម្មជនដីធ្លីម្នាក់ លោក ស្រី ស ស៊ន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិម្នាក់ គឺយុវជន ម៉ា ចិត្រា ឲ្យទៅបំភ្លឺក្នុងសវនាការជម្រះក្តីរឿងលោក កឹម សុខា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ខាងមុខនោះ។ លោកស្រី ស ស៊ន និងយុវជន ម៉ា ចិត្រា អះអាងថា នឹងចូលបំភ្លឺតាមដីការបស់តុលាការ។
អ្នកវិភាគនយោបាយជើងចាស់បណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា សំណុំរឿងនេះ មានភាពមិនស៊ីសង្វាក់គ្នាច្រើន។ លោកបណ្ឌិតយល់ថា សវនាការជំនុំជម្រះក្តីរបស់លោក កឹម សុខា នៅសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៥ ខែមករានោះ គ្រាន់តែជាពិធីបង្គ្រប់កិច្ចប៉ុណ្ណោះ។ លោកបន្តទៀតថា តុលាការកំពូលកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានកាត់ទោសលោក កឹម សុខា រួចទៅហើយ ដោយការរំលាយរំលាយគណបក្សសង្គ្រោះជាតិ បើទោះជាពេលនោះមិនទាន់មានការកាត់ក្តីលើលោក កឹម សុខា ក៏ដោយ៖ «ព្រោះថា តុលាការកំពូលកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានសម្រេចទៅហើយនូវទោសកំហុសរបស់លោក កឹម សុខា កំហុស ដែលយកទៅប្រើប្រាស់ ដើម្បីធ្វើសេចក្ដីសម្រេចគណបក្សសង្គ្រោះជាតិ»។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចូលឆ្មក់ចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួនភ្លាមៗទៅពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ តុលាការចោទប្រកាន់លោកពីបទ"ក្បត់ជាតិ" ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិហៅការចោទប្រកាន់នេះថា ជារឿងនយោបាយ និងទាមទារឲ្យដោះលែងលោក កឹម សុខា ព្រមទាំងទម្លាក់ចោលការចោទប្រកាន់នេះ។
អ្នកវិភាគថា បើរដ្ឋាភិបាលចង់រួចផុតពីការដាក់ទណ្ឌនានា ត្រូវតែទម្លាក់បទចោទលើលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត ហើយត្រូវអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ៕