តុលាការលើកពេលសវនាការសកម្មជនបក្សប្រឆាំង១៥នាក់ ដែលរងការចោទប្រកាន់ពីបទញុះញង់
2020.12.30
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តសវនាការសំណុំរឿងញុះញង់ និងផ្តើមគំនិតញុះញង់ពាក់ព័ន្ធនឹងសកម្មជន និងអ្នកនយោបាយ ចំនួន ១៥នាក់ ទៅថ្ងៃក្រោយទៀត តែមិនទាន់កំណត់ពេលជាក់លាក់នៅឡើយទេ។ ជាមួយគ្នានេះ អាជ្ញាធរ នៅតែបន្តរុញច្រាន និងតាមបណ្ដេញក្រុមសាច់ញាតិ របស់អ្នកជាប់ឃុំ មិនឱ្យប្រមូលផ្តុំគ្នា នៅខាងក្រៅបរិវេណតុលាការឡើយ។
សវនាការអង្គសេចក្ដី នៅព្រឹកថ្ងៃទី៣០ ធ្នូ ចៅក្រមជំនុំជម្រះ សួរដេញដោលជនជាប់ចោទ បានតែម្នាក់គត់ គឺសកម្មជនគណបក្សសង្គ្រោះជាតិ លោក ឈួរ ផេង អំពីសកម្មភាពតវ៉ារបស់លោកនៅខាងមុខតុលាការក្រុងភ្នំពេញ កាលពីពេលកន្លងទៅ។ ក្រោយការសួរដេញដោល ក្រុមមេធាវីការពារក្ដី ឱ្យសកម្មជនទាំងអស់ បានទាមទារឱ្យតុលាការ កោះហៅខាងប៉ូលិស មកសួរដេញដោល ដោយសារ លោក ឈួរ ផេង ប្រាប់ថា ប៉ូលិសបានចាប់បង្ខំលោក ឱ្យផ្ដិតមេដៃទទួលស្គាល់របាយការណ៍របស់ប៉ូលិស។
ភ្លាមៗនោះ ចៅក្រម បានសម្រេចផ្អាកសវនាការសិន ដោយមិនកំណត់រយៈពេល ហើយប្រកាសថា ខាងតុលាការនឹងជូនដំណឹងទៅក្រុមមេធាវី អំពីការបន្តសវនាការ នៅលើកក្រោយទៀត។
ទោះជាយ៉ាងណា មេធាវីម្នាក់ក្នុងចំណោមមេធាវីដទៃទៀត ដែលការពារក្តីក្នុងសំណុំរឿងនេះ គឺលោក សំ សុគង់ យល់ថា តុលាការ គួរតែទម្លាក់ចោល និងដោះលែងសកម្មជនកំពុងជាប់ឃុំទាំងអស់ឱ្យមានសេរីភាពវិញ ព្រោះតាមអង្គហេតុ ពួកគេមិនមានចេតនាបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមទេ គឺពួកគេគ្រាន់តែសម្ដែងមតិ ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែង លោក រ៉ុង ឈុន ប៉ុណ្ណោះ៖ «មកតវ៉ា ដើម្បីឱ្យមានការដោះលែង ដែលអាជ្ញាធរបានចាប់ខ្លួន ហើយដែលពួកគេចូលចិត្ត និងស្រលាញ់ លោកគ្រូ រ៉ុង ឈុន តែប៉ុណ្ណឹង។ បើខ្ញុំយល់ រឿងនេះ បើមើលអង្គហេតុ វាអត់ចូលបទល្មើស យើងគួរតែធ្វើយ៉ាងម្ដេច ដោះលែងពួកគាត់ ឱ្យមានសេរីភាព ហើយ ដំណើរការច្បាប់ បើបន្តគួរតែបន្តទៅ តែធ្វើយ៉ាងណា ឱ្យពួកគាត់មានសេរីភាពវិញសិន»។
សំណុំរឿងនេះមានមនុស្សចំនួន១៥ នាក់ ក្នុងនោះរួមមាន យុវជនខ្មែរថាវរៈ៥ នាក់ សមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ២ នាក់ សមាជិក និងមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ៧ នាក់ និងអតីតសមាជិកសភាអូស្ត្រាលីដើមកំណើតខ្មែរម្នាក់។ ក្នុងចំណោមអ្នកទាំងនោះ មាន១០ នាក់កំពុងជាប់ឃុំ ដូចជា យុវជន ហ៊ុន វណ្ណៈ ឈឿន ដារ៉ាវី មាន ព្រហ្មមុនី និង មួង សុភ័ក្ត្រ ជាដើម ហើយពួកគេសុទ្ធតែមានវត្តមានក្នុងសវនាការជំនុំជម្រះនៅព្រឹកថ្ងៃទី៣០ ធ្នូ។ ចំណែកជនជាប់ចោទ ៥ នាក់ទៀត មិនមានវត្តមានក្នុងតុលាការទេ ព្រោះពួកគេស្ថិតនៅក្រៅប្រទេស មានជាអាទិ៍ លោក ហ៊ូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា និងលោក ហុង លីម។ អ្នកទាំង១៥ នាក់នេះ មានខ្លះជាប់ចោទពីបទញុះញង់ឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ហើយខ្លះទៀតជាប់ចោទពីបទផ្តើមគំនិត។
ស្របពេលតុលាការកំពុងបើកសវនាការ នៅបរិវេណខាងក្រៅរបងតុលាការវិញ កងកម្លាំងសន្តិសុខខណ្ឌ៧មករា នៅតែបន្តរុញច្រានក្រុមអ្នកគាំទ្រ និងសាច់ញាតិមន្ត្រីបក្សប្រឆាំង មិនឱ្យប្រមូលផ្តុំ ឬស្រែកតវ៉ា គាំទ្រសកម្មជនក្នុងសវនាការឡើយ។ ភរិយារបស់សកម្មជនបក្សប្រឆាំងម្នាក់ គឺ លោកស្រី ព្រំ ចន្ថា ឱ្យដឹងថា កងកម្លាំងសន្តិសុខ បានរុញច្រានក្រុមស្ត្រីតវ៉ាថ្ងៃសុក្រ តាំងពីមុខតុលាការ និងតាមស្រែកបណ្ដេញក្រុមលោកស្រី ចេញឱ្យផុតពីដែនដីខណ្ឌ៧មករា។ ទោះជាបែបនេះក្តី លោកស្រី ថា មិនមានការប៉ះទង្គិចគ្នាទេ ដោយសារ ក្រុមស្ត្រីតវ៉ា ទាំងអស់ គ្មានកម្លាំងទប់ទល់ នឹងក្រុមសន្តិសុខខណ្ឌ ហើយពួកលោកស្រី សុខចិត្តយំ ដើរថយក្រោយ តាមការវស្រែកបណ្ដេញនោះ។
ចំណែកស្ត្រីមួយក្រុមទៀត ជាសាច់ញាតិរបស់សកម្មជនសង្គម នៃក្រុមខ្មែរថាវរៈ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការ និងយកម្ហូបអាហារឱ្យសាច់ញាតិដែរ។ ម្ដាយរបស់លោកស្រី ឈឿន ដារ៉ាវី គឺ លោកស្រី ថាច់ ធីតា ឱ្យដឹងថា ពួកគាត់មានគ្នា ប្រហែល១០នាក់ នាំគ្នា ពួនកន្លែងដាក់ឡាន ម្ដុំតុលាការ និង មិនហ៊ានស្រែកតវ៉ាទេ ដើម្បីចង់ជួប និងស្ដាប់លទ្ធផលសវនាការ ប៉ុន្តែមិនបានជួបកូននោះទេ។ លោកស្រី សោកស្ដាយចំពោះចៅក្រម ដែលនៅតែបន្តឃុំខ្លួន កូនរបស់លោកស្រី៖ «តុលាការ ហើយក្រសួងពាក់ព័ន្ធ យុត្តិធម៌អ្វីហ្នឹង ឱ្យគាត់ជួយសម្រួលយ៉ាងម្ដេច ឱ្យពន្លឿនការដោះស្រាយអ្វីអ៊ីចឹងទៅ។ ដោះស្រាយឱ្យកូនខ្ញុំ បានកាត់ក្ដី កាត់អ្វីម្ដេចទៅ អ៊ីចឹងណា។ ឱ្យដឹងថា យ៉ាងម្ដេច? ទោសអ្វី? កម្រិតណា? ចង់បានអ៊ីចឹងឯង»។
ជុំវិញរឿងនេះ ទីប្រឹក្សាជាន់ខ្ពស់អង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់អង្គការច្រាក (CHRAC) លោក រស់ សុដ្ឋា ជំរុញឱ្យមន្ត្រីតុលាការទម្លាក់ចោលបទចោទសកម្មជនទាំង១៥នាក់ និង គួរតែដោះលែង ដល់ លោក រ៉ុង ឈុន បន្ថែមទៀត។ លោក សោកស្ដាយ ចំពោះការចោទប្រកាន់ក្រុមអ្នកតវ៉ា យុវជន និងអ្នកឈឺឆ្អាលរឿងព្រំដែន ព្រោះជាការសម្ដែងសិទ្ធិសេរីភាពរបស់ពួកគេ។ លោក រស់ សុដ្ឋា បន្តថា អាជ្ញាធរ ក៏មិនគួរប្រើប្រាស់ជម្រើសបង្ក្រាប ឬរូបភាពហិង្សា ប្រឆាំងក្រុមស្ត្រីតវ៉ា ដោយសន្តិវិធីទាំងនោះដែរ ដោយសារ នេះជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ៖ «ពេលខ្លះ យើងមានឃើញដល់មន្ត្រី អាជ្ញាធរ ណាស់ដែរហ្នឹង គឺថា មានការចាប់ស្ត្រី រុញស្ត្រី ឱ្យដួលនៅថ្នល់។ សុទ្ធជាអំពើមិនគប្បី អំពើដែលថោកទាប។ យើង ជាម៉ែឪ អ្នកដឹកនាំគួរជៀសវាង អាហ្នឹង»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី២៩ ធ្នូថា សំណុំរឿងនេះ ឆ្លុះបញ្ចាំងឱ្យឃើញនូវរូបភាពអាក្រក់ ផ្នែករំលោភសិទ្ធិមនុស្ស នៅកម្ពុជាក្នុងឆ្នាំ ២០២០។ អង្គការដដែលបន្ថែមថា ការជំនុំជម្រះនៅកៀកថ្ងៃដាច់ឆ្នាំបែបនេះ សបញ្ជាក់ឱ្យឃើញថា លោក ហ៊ុន សែន នៅតែបន្តរំលោភសិទ្ធិមនុស្ស និងបង្កើនភាពផ្ដាច់ការរបស់ខ្លួន រហូតដល់ឆ្នាំ ២០២១ ទៀត។ បន្ទាប់ពីសំណុំរឿងមួយនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការរឿងក្តីសកម្មជនបក្សប្រឆាំង ចំនួន៦០នាក់ទៀត ពាក់ព័ន្ធនឹងបទចោទញុះញង់ និងរួមគំនិតក្បត់ នៅថ្ងៃទី១៤ មករា ឆ្នាំ២០២១។ ទោះជាយ៉ាងណា ក្រុមសកម្មជនបក្សប្រឆាំងទាំងនោះភាគច្រើនកំពុងរស់នៅភៀសខ្លួននៅក្រៅប្រទេស ដោយខ្លះត្រូវបានរបបក្រុងភ្នំពេញលុបចោលលិខិតឆ្លងដែនថែមទៀត។ មេធាវីការពារក្តីឱ្យសកម្មជនបក្សប្រឆាំងទាំងនោះ កំពុងត្រៀមលិខិតដើម្បីស្នើសុំតុលាការពន្លឿនកិច្ចអន្តរាគមន៍ បើកផ្លូវ ឱ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ វិលចូលប្រទេស ដូចគម្រោង នៅថ្ងៃ០៤ មករា ដើម្បីបានចូលរួម តតាំងក្ដី ក្នុងតុលាការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។