លោក ហ៊ុន សែន តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ពេញ​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​តំណាងរាស្ត្រ

គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​តែងតាំង លោក ហ៊ុន ម៉ាណែត កូនប្រុស​ច្បង​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យ​ទៅជា​បេក្ខជន​ពេញ​សិទ្ធិ​ឈរ​ឈ្មោះ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧ ឆ្នាំ​២០២៣ ក្នុង​លេខ​រៀង​ទី​១ នៃ​មណ្ឌល​ភ្នំពេញ។

ការ​តែងតាំង​នេះ​ធ្វើឡើង​តាមរយៈ​សេចក្តី​សម្រេច​មួយ​ចេញ​ពី​គណៈកម្មាធិការ​កណ្តាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​ចុះហត្ថលេខា ដោយ​លោក ហ៊ុន សែន ផ្ទាល់ នៅ​ថ្ងៃទី​៣០ មីនា ឆ្នាំ​២០២៣។

សេចក្តី​សម្រេច​ដដែល​នេះ​ក្រៅ​ពី​តែងតាំង​លោក ហ៊ុន ម៉ាណែត ដែល​ឈរ​នៅ​លេខ​រៀង​ទី​១​នោះ​នៅ​មាន​តែងតាំង​បុគ្គល​មួយ​ចំនួន​ទៀត​ជា​បេក្ខជន​ពេញ​សិទ្ធិ​និង​បេក្ខជន​បម្រុង​សរុប​ទាំងអស់​ចំនួន​១២​នាក់​ដែល​អ្នក​ទាំងនោះ​ភាគច្រើន​ជា​មន្ត្រី​នយោបាយ​ជើងចាស់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ដូចជា​លោក ប៉ា សុជាតិវង្ស លោក អ៊ិត សំហេង លោក ម៉ម ប៊ុនហេង អ្នកស្រី អ៊ឹង កន្ថាផាវី និង លោក កែប ជុតិមា ជាដើម។

ការតែងតាំង​លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​ពេញ​សិទ្ធិ​ថ្មី​ឈរ​ឈ្មោះ​បោះឆ្នោត​អាណត្តិ​ទី​៧​នេះ​គណបក្ស​ប្រជាជន​កម្ពុជា​បញ្ជាក់​ថា សេចក្ដីសម្រេច​នេះ​ធ្វើឡើង​តាមច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​នៃ​ច្បាប់​នេះ​តាម​ស្មារតី​អង្គប្រជុំ​គណៈអចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​កណ្ដាល​នា​ថ្ងៃទី ២៩ ខែមីនា ឆ្នាំ​២០២៣។

នេះ​ជា​ការ​សម្រេច​ថ្មី​មួយ​ទៀត​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួយ​កូនប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត ឲ្យ​បាន​ឡើង​ឋានន្តរសក្ដិ​បន្ថែម​មួយ​កម្រិត​ទៀត​ជា​នាយ​ឧត្តមសេនីយ៍ ឬ​ផ្កាយ​៤។

សម្រប​ពេល​ជាមួយគ្នា​នេះ​លោក ហ៊ុន សែន ក៏​រូតរះ យក​កូនប្រុស​ទី​២​របស់​លោក​គឺ​លោក ហ៊ុន ម៉ានិត ទៅ​ញាត់​ជាប់​នឹង​បងប្រុស​របស់​ខ្លួន​ឱ្យ​កាន់​តួនាទី​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​ពេល​នេះ​ថែម​ទៀត។

អ្នកវិភាគ​ថា នេះ​ជា​ផែនការ​ត្រៀម​ផ្ទេរអំណាច​ពី​ឪពុក​ទៅ​កូន ឬ​ជា​ការ​ផ្ទេរអំណាច​ត​វង្ស​ត្រកូល​របស់​លោក ហ៊ុន សែន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។