អ្នក​វិភាគ​រំពឹង​ថា​បញ្ហា​ជាប់​គាំង​នយោបាយ​នឹង​ត្រូវ​បាន​ដោះស្រាយ​ក្រោយ​ជំនួប​កំពូល

ដោយ ទីន ហ្សាការីយ៉ា
2014.07.21
ហ៊ុន សែន សម រង្ស៊ី ៣០៥ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) ចាប់​ដៃ​ជាមួយ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ពេល​ចេញ​ពី​​ប្រជុំ​នៅ​រដ្ឋ​សភា កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​២០១៣។
RFA/Mom Sophon

អ្នក​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​ជួប​ចរចា​ថ្នាក់​ដឹកនាំ​កំពូល​នៅ​ថ្ងៃ​ទី​២២ កក្កដា ដែល​មាន​សមាសភាព​ចូល​រួម​ម្ខាង ៨​នាក់។

អ្នក​វិភាគ​លើក​ឡើង​ថា ការ​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នេះ អាច​នឹង​ដោះស្រាយ​បញ្ចប់​ជម្លោះ​នយោបាយ​ជាប់​គាំង​ជិត​មួយ​ឆ្នាំ​នេះ​បាន ព្រោះ​ថា គណបក្ស​ទាំង​ពីរ​ហាក់​បី​ដូច​ជា​បន្ទន់​ឥរិយាបថ​រៀងៗ​ខ្លួន។ យ៉ាង​នេះ​ក្ដី អ្នក​វិភាគ​ហៅ​ថា ការ​ចរចា​នេះ ជា​ការ​ចាប់​បង្ខំ​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ ៧​នាក់ និង​សកម្មជន​ម្នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ ដែល​អ្នក​វិភាគ​ហៅ​ការ​ចរចា​នេះ​ថា ជា​ការ​ចរចា​មិន​ស្មើភាព។

គម្រោង​ជួប​ចរចា​ថ្នាក់ដឹកនាំ​កំពូល​រវាង​គណបក្ស​ទាំង​ពីរ នឹង​ជួប​គ្នា​នៅ​ព្រឹទ្ធសភា​នៅ​ថ្ងៃ​ទី​២២ កក្កដា នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភាគ​ច្រើន និង​អ្នក​វិភាគ​មាន​ការ​សង្ឃឹម​ទុក​ជា​មុន​ថា អាច​ដោះស្រាយ​ការ​ជាប់​គាំង​នយោបាយ​កើត​មាន​ជិត ១​ឆ្នាំ​មក​ហើយ ក្រោយ​ការ​បោះ​ឆ្នោត។

​អ្នក​វិភាគ​សម្ដែង​សុទិដ្ឋិនិយម​ថា ការ​ចរចា​រវាង​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា នឹង​អាច​បញ្ចប់​ជម្លោះ​វិបត្តិ​នយោបាយ​ជាប់​គាំង​នេះ​បាន ពីព្រោះ​កាលៈទេសៈ​បង្ខំ​ឲ្យ​គណបក្ស​បញ្ឈប់​រឹង​ទទឹង​ដាក់​គ្នា​បន្ត​ទៀត និង​ងាក​មក​រក​ការ​ឯកភាព​ជាតិ​វិញ។

មាន​ទឡ្ហីករណ៍​ជា​ច្រើន​ដែល​ថា កាលៈទេសៈ​ត្រូវ​តែ​ឲ្យ​គណបក្ស​ទាំង​ពីរ​រក​ច្រក​សម​ស្រប​ណា​មួយ ដើម្បី​បញ្ចប់​វិបត្តិ​ជាប់​គាំង​នេះ ពីព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា នឹង​មិន​អាច​ដឹក​នាំ​ប្រទេស និង​សភា​ដោយ​ឯក​បក្ស​មិន​ស្រប​ច្បាប់​ទៀត​បាន​ទេ ដោយ​ហេតុ​ថា វិបត្តិ​សង្គម​ជា​ច្រើន​បាន​លាត​ត្រដាង​ឡើង​នៅ​ក្នុង​ពេល​ជាប់​គាំង​នយោបាយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ងើប​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល។

​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ក៏​លំបាក​នៅ​ក្នុង​ការ​នៅ​ក្រៅ​សភា​បន្ត​ទៀត ដោយសារ​ការ​តវ៉ា​ទាមទារ​ផ្សេងៗ ត្រូវ​បាន​រដ្ឋាភិបាល​ឯក​បក្ស​បង្ក្រាប​រហូត​ដល់​មាន​ការ​ចាប់​ខ្លួន​សមាជិក​របស់​ខ្លួន​ចំនួន ៨​នាក់​ថែម​ទៀត។

អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា ការ​ចរចា​នៅ​ថ្ងៃ​ទី​២២ កក្កដា កាលៈទេសៈ​គណបក្ស​ទាំង​ពីរ​ល្មម​រក​ច្រក​បញ្ចប់​ជម្លោះ​នយោបាយ​ដ៏​តឹងតែង​ដាក់​គ្នា​នេះ ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នយោបាយ​ឡើង​វិញ ពីព្រោះ​ថា វិបត្តិ​សង្គម​ជា​ច្រើន​កើត​មាន​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា លំបាក​និង​ទប់ស្កាត់ ហើយ​កើត​មាន​នូវ​ការ​ធ្វើ​បាតុកម្ម​ផ្សេងៗ​ជាដើម៖ «សំឡេង»។

​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​រួម​មួយ​កាល​ពី​ថ្ងៃ​ទី​២០ កក្កដា អំពី​ការ​ចរចា​បន្ត​ដែល​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ទាំង​ពីរ​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ទី​២២ កក្កដា ក្នុង​ស្មារតី​បង្រួប​បង្រួម​ជាតិ ផ្សះផ្សា​ជាតិ និង​ឯកភាព​ជាតិ ដោយ​ឈរ​លើ​ការ​គោរព​ផលប្រយោជន៍​ប្រទេស​ជាតិ និង​ប្រជារាស្ត្រ។ ការ​ចរចា​នេះ​ផ្អែក​លើ​មូលដ្ឋាន​នៃ​ការ​ព្រមព្រៀងគ្នា​ជា​គោលការណ៍​រវាង​លោក ហ៊ុន សែន និង​លោក សម រង្ស៊ី តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​ទី​៩ មេសា ឆ្នាំ​២០១៤។

​ការ​ចរចា​តាម​ទូរស័ព្ទ​រវាង​ថ្នាក់ដឹកនាំ​កំពូល​កាល​ពី​ថ្ងៃ​ទី​៩ មេសា បាន​ត្រូវ​គ្នា​ស្ទើរ​តែ ៨០% ទៅ​ហើយ។ ចំណុច​ដែល​លោក ហ៊ុន សែន និង​លោក ហ៊ុន សែន ព្រមព្រៀងគ្នា​នោះ មាន​ដូចជា​ការ​ស្ថាប័ន គ.ជ.ប នឹង​ក្លាយ​ជា​ស្ថាប័ន​មួយ​ថ្មី​ចេញ​ពី​កិច្ចព្រមព្រៀង​នៃ​គណបក្ស​ទាំង​ពីរ​នឹង​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ។ ការ​កែ​ទម្រង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ។

ការ​ជួប​គ្នា​តាម​ទូរស័ព្ទ​នោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចង់​ឲ្យ​ការ​បោះ​ឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ បង្ខិត​មក​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៧ និង​ចង់​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៦ នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៨ តែ​លោក សម រង្ស៊ី ចង់​បាន​ការ​បោះឆ្នោត​ពាក់​កណ្ដាល​អាណត្តិ គឺ​នៅ​ឆ្នាំ​២០១៦។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​ថា ការ​ចរចា​នៅ​ថ្ងៃ​ទី​២២ កក្កដា នេះ គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​លោក កឹម សុខា ជា​អនុប្រធាន និង​លោក ប៉ុល ហំម រួម​នឹង​ជំនួយការ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន ៥​រួប​ទៀត។

រី​ឯ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង លោក សាយ ឈុំ រួម​នឹង​ជំនួយការ​ជា​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ចំនួន ៥​រួប​ទៀត។

​លោក អេង ឆៃអ៊ាង បញ្ជាក់​ថា ការ​ចរចា​នេះ​គឺ​ចរចា​ជា​កញ្ចប់ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​កញ្ចប់​ចរចា​នេះ​ទៅ​គណបក្ស​​​ប្រជាជន​កម្ពុជា ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា។ លោក​អះអាង​ថា ការ​ចរចា​ជា​កញ្ចប់​នេះ រួម​មាន​និយាយ​ពី​ការ​ដោះលែង​បេក្ខជន​តំណាងរាស្ត្រ​ជាប់​ឆ្នោត​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៧​នាក់ និង​ជំនួយ​ការ​អ្នកស្រី មូរ សុខហួរ មួយ​រួប​ទៀត។

​ក្រៅ​ពី​នេះ​មាន​ជជែក​អំពី​ការ​ការ​កែ​ទម្រង់ គ.ជ.ប និង​សភា ការ​កែ​ទម្រង់ គ.ជ.ប គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​សមាសភាព​ខាង​គណបក្ស​ទាំង ២ ម្ខាង ៣ និង​មក​ពី​ខាង​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣​នាក់​ទៀត សរុប​ទាំង​អស់ ៩​នាក់។ ចំពោះ​ការ​បោះ​ឆ្នោត​អនុម័ត​សមាសភាព គ.ជ.ប នេះ គឺ​គណបក្ស​សង្គ្រោះ​ជាតិ ចង់​ឲ្យ​មាន​ការ​ឯកភាព​ពី​គ្រប់​គណបក្ស​ដែល​មាន​អាសនៈ​ក្នុង​សភា៖ «សំឡេង»។

​យ៉ាង​នេះ​ក្ដី អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក​បណ្ឌិត កែម ឡី បាន​ហៅ​ការ​ចរចា​នេះ​ជា​ការ​ចរចា​មិន​ស្មើ​ភាព​នៅ​ពេល​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៨​រួប​នៅ​ក្នុង​ពន្ធនាគារ​នោះ។ លោក​បណ្ឌិត កែម ឡី ហៅ​ការ​ចរចា​នេះ​មិន​ខុស​ពី​ការ​ចាប់​បង្ខំ​នោះ​ឡើយ៖ «សំឡេង»។

តំណាង​គណបក្ស​សង្គ្រោះ​ជាតិ និង​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា បាន​ជួប​គ្នា​ជា​ថ្មី​ម្ដង​ទៀត កាល​ពី​ថ្ងៃ​ទី​១២ មិថុនា នៅ​ក្រោយ​ពេល​ការ​ចរចា​តាម​ទូរស័ព្ទ​រវាង​លោក សម រង្ស៊ី នឹង​លោក ហ៊ុន សែន មិន​បាន​សម្រេច​ទាំង​ស្រុង​នោះ។ ការ​ចរចា​នៅ​ថ្ងៃ​ទី​១២ មិថុនា គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​ទៅ​លើ​ការ​ជ្រើសរើស​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​ការ​បោះឆ្នោត​ជ្រើសរើស​ក្នុង​សភា ដោយ​ខាង​គណបក្ស​ប្រជាជន​កម្ពុជា ចង់​បោះឆ្នោត​ដោយ​សំឡេង ៥០% បូក ១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត។ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ចង់​ឲ្យ​មាន​ការ​បោះ​ឆ្នោត​អនុម័ត​ក្នុង​សភា​ដោយ​តាម​រួប​មន្ត ២ ភាគ ៣។

​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ មាន​ប្រសាសន៍​ថា នៅ​ដំណាក់​កាល​ដែល​គណបក្ស​ទាំង​ពីរ​មិន​ទាន់​ត្រូវ​រ៉ូវ​គ្នា​លើ​ការ​ចរចា​នេះ គណបក្ស​ប្រជាជន​កម្ពុជា ហាក់​ដូច​ជា​មាន​បំណង​កម្ទេច​ចោល​គណបក្ស​សង្គ្រោះ​ជាតិ ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា ដឹង​ខ្លួន​ថា គណបក្ស​នេះ​នឹង​ធ្លាក់​ប្រជាប្រិយ​កាន់​តែ​ខ្លាំង ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​​ធ្វើ​សព្វ​បែប​យ៉ាង​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ការ​ចាប់​ខ្លួន​ទៀត​នោះ៖ «សំឡេង»។

​អ្នក​វិភាគ​ពន្យល់​ថា របៀបវារៈ​នៃ​ការ​ចរចា​ថ្ងៃ​ទី​២២ កក្កដា នេះ មិន​បាន​បង្ហាញ​ពី​ការ​ដូរ​ប្រព័ន្ធ​បោះ​ឆ្នោត និង​ដាក់​ស្ថាប័ន គ.ជ.ប ជា​ស្ថាប័ន​ឯករាជ្យ ១០០% ក្ដី តែ​ការ​ជាប់​គាំង​នយោបាយ​កន្លង​មក​នេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​ពី​សង្គម​ច្រើន ប្រជាពលរដ្ឋ​ហ៊ាន​ធ្វើការ​តស៊ូ​មតិ និង​យល់​អំពី​តម្លៃ​ប្រទេស​ជាតិ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទាញ​យក​ប្រជាប្រិយ​បាន​ច្រើន​ពី​ការ​ជាប់​គាំង​នយោបាយ​នេះ។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ជម្រើស​ទើប​បាន​ចាប់​ខ្លួន​បេក្ខជន​តំណាងរាស្ត្រ ដើម្បី​ជា​ការ​តថ្លៃ​ក្នុង​ការ​ចរចា។ អ្នក​វិភាគ​ពន្យល់​ថា អ្នក​ជាប់​ឃុំ​ទាំង​នោះ នឹង​ដោះលែង​វិញ​ភ្លាមៗ ប្រសិនបើ​ការ​ចរចា​ថ្ងៃ​ទី​២២ កក្កដា គណបក្ស​ទាំង​ពីរ​ឯកភាព​គ្នា​ដោះស្រាយ​លើ​រឿង​ជាប់​គាំង​នយោបាយ​នេះ៕ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។