បក្ស​កាន់​អំណាច​បើក​មហាសន្និបាត​វិសាមញ្ញ​បន្ថែម​ចំនួន​ថ្នាក់​ដឹកនាំ និង​ដាក់​ផែនការ​អនុវត្ត​បន្ត

ដោយ ច័ន្ទ ដារ៉ូ
2023.12.10
បក្ស​កាន់​អំណាច​បើក​មហាសន្និបាត​វិសាមញ្ញ​បន្ថែម​ចំនួន​ថ្នាក់​ដឹកនាំ និង​ដាក់​ផែនការ​អនុវត្ត​បន្ត មហាសន្និបាត​វិសាមញ្ញ​តំណាងទូទាំងប្រទេសគណបក្សប្រជាជនកម្ពុជា នៅ​ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី៩ ធ្នូ ២០២៣។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​មហា​សន្និបាត​វិសាមញ្ញ ដាក់​ផែនការ​អនុវត្ត​បន្ត និង​បញ្ចូល​ថ្នាក់​ដឹកនាំ​ថ្មី ជា​ពិសេស​ជ្រើសរើស​អនុប្រធាន​បក្ស​បន្ថែម​ទៀត។ អ្នក​តាមដាន​ស្ថានការណ៍​សង្គម និង​មន្ត្រី​បក្ស​ប្រឆាំង​យល់​ថា មហាសន្និបាត​នេះ​ជា​យុទ្ធសាស្ត្រ​របស់​លោក ហ៊ុន សែន ពង្រឹង​អំណាច​បក្ខពួក​ផ្ទៃក្នុង​បក្ស ដែល​ធ្វើ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កាន់តែ​ផ្ដាច់ការ។

មហាសន្និបាត​វិសាមញ្ញ​តំណាង​ទូទាំង​ប្រទេស របស់​គណបក្ស​ប្រជាជន​កម្ពុជា កំណត់​ទិសដៅ​ការងារ និង​ដើម្បី​ជ្រើសរើស​អនុប្រធាន ថ្នាក់ដឹកនាំ​របស់​គណ​បក្ស​កាន់អំណាច​បន្ថែម​ទៀត​។ ពិធី​នេះ​ធ្វើ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្រុងភ្នំពេញ​រយៈពេល​ពីរ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៩ និង​ថ្ងៃទី​១០ ខែ​ធ្នូ ដោយមាន​វត្តមាន​លោក ហ៊ុន សែន ជា​ប្រធាន​គណបក្ស លោក ហេង សំរិន ជា​ប្រធានកិត្តិយស​គណបក្ស និង​ចូលរួម​ពី​សមាជិក​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិការ​កណ្តាល តំណាង​គណបក្ស​ទូទាំង​ប្រទេស​រួម​ទាំង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា ជាង​៣​ពាន់​នាក់​(.៦០០)​នាក់។

គណបក្ស​ប្រជាជន​បង្ហោះ​សន្ទរកថា​បើក​សន្និបាត​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ដោយ​លើក​សរសើរ​ពី​យុទ្ធសាស្ត្រ​ផ្ទេរអំណាច​ដល់​យុវជន​វ័យក្មេង។ លិខិត​ដដែល​អះអាង​ថា រដ្ឋាភិបាល​អាណត្តិ​ទី​៧​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត រយៈពេល​ជិត​៤​ខែ​មក​នេះ នៅតែ​បន្ត​រក្សា​បាន​នូវ​ប្រក្រតី​ភាព​ផ្នែក​នយោបាយ សង្គម សេដ្ឋកិច្ច ជាពិសេស​ការទូត​កាន់តែ​មមាញឹក​ឡើង​ដែល​ធ្វើ​ឱ្យ​ដំណើរការ​ដឹកនាំ​របស់​មនុស្ស​ជំនាន់​ថ្មី​ធ្វើដំណើរ​ដោយ​រឹងមាំ​ដែល​ផ្តល់​ទំនុកចិត្ត​សម្រាប់​ជាតិ និង​ពលរដ្ឋ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មហាសន្និបាត​នៅ​ថ្ងៃទី​១ នេះ បាន​ពិភាក្សា​លើ​របាយការណ៍​សកម្មភាព​ការងារ​រយៈពេល​កន្លង​ទៅ ដើម្បី​ដាក់​ទិសដៅ​សម្រាប់​អនុវត្ត​នៅ​ពេល​ខាងមុខ និង​បញ្ចូល​សមាជិក​ថ្មី​នៃ​គណៈកម្មាធិការ​កណ្តាល​បន្ថែម។ លោក​ឱ្យ​ដឹង​ថា កម្មវិធី​មហាសន្និបាត​នៅ​ថ្ងៃទី​២ នឹង​រៀបចំ​បញ្ចូល​សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍ និង​បោះឆ្នោត​ជ្រើសតាំង​អនុប្រធាន​គណបក្ស​មួយ​ចំនួន ហើយ​ប្រធាន​គណបក្ស គឺ​លោក ហ៊ុន សែន នឹង​ថ្លែង​បូក​សរុប​លទ្ធផល និង​សភាពការណ៍​នានា។

លោក សុខ ឥសាន៖ «សូម​បញ្ជាក់​ថា របាយការណ៍​មហាសន្និបាត​នេះ​មិន​អាន​នៅ​ក្នុង​មហាសន្និបាត​ទេ ពីព្រោះ​របាយការណ៍​១៦​ទំព័រ​ចែក​ជូន​សមាជិក​សមាជិកា​នៃ​មហាសន្និបាត​រួចហើយ​ដើម្បី​អាន​រៀងខ្លួន​ពិចារណា រក​មតិ​ពិភាក្សា​នៅ​ព្រឹក​នេះ»

ជុំវិញ​រឿង​នេះ មន្ត្រី​បក្ស​ប្រឆាំង​និង​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​លើកឡើង​ថា​មហាសន្និបាត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ជា​ការ​ពង្រឹង​ឥទ្ធិពល​គ្រួសារ​របស់​លោក ហ៊ុន សែន ដើម្បី​លើក​បន្តុប​កូនប្រុស​ឆ្ពោះ​ទៅរក​ការដឹកនាំ​បែប​កុម្មុយនីស្ត​ជាជាង​កែលំអ​ក្បាលម៉ាស៊ីន​ក្នុង​បក្ស​សម្រាប់​ផលប្រយោជន៍​ជាតិ។

អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​លោក អ៊ុំ សំអាន ថ្លែង​ថា មហាសន្និបាត​របស់​បក្ស​កាន់អំណាច​នឹង​មិន​ធ្វើ​ឱ្យ​ប្រជាធិបតេយ្យ​បាន​ប្រសើរ និង​ផ្តល់​ប្រយោជន៍​អ្វី​ដល់​សង្គមជាតិ​នោះ​ទេ​។ លោក​បន្ថែម​ថា គោលដៅ​របស់​លោក ហ៊ុន សែន គឺ​រិះរក​មធ្យោបាយ​អាក្រក់​ដូចជា​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ការ​បំបិទ​សិទ្ធិ​ពលរដ្ឋ រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ ដើម្បី​កម្ចាត់​គណបក្ស​ប្រឆាំង និង​អ្នក​ដែល​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​ចេញ​ពី​ឆាក​នយោបាយ​ដោយ​ធ្វើ​យ៉ាងណា​រក្សា​អំណាច​ត​ពូជ ស្រប​ពេល​លោក ហ៊ុន ម៉ាណែត មិន​ទាន់​បង្ហាញ​ស្នាដៃ​ធ្វើ​ឱ្យ​ពលរដ្ឋ និង​សហគមន៍​អន្តរជាតិ​ជឿជាក់​នៅ​ឡើយ។

លោក អ៊ុំ សំអាន៖ «ជា​យុទ្ធសាស្ត្រ​របស់​គេ​នឹង​រិះរក​យុទ្ធសាស្ត្រ​យ៉ាង​ម៉េច​ដើម្បី​ឱ្យ​អាច​កាន់អំណាច​បន្ត​ទៀត តាមរយៈ​រៀបចំ​ការបោះឆ្នោត​ក្លែងក្លាយ​ទៀត​ឱ្យ​លោក ហ៊ុន ម៉ាណែត អាច​ឈរ​ក្នុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទៀត ដោយ​កម្ចាត់​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ​ដែល​ជា​គូប្រកួត​ប្រជែង​របស់​បក្ស​ប្រជាជន»

ចំណែក​អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មើល​ឃើញ​ថា មហាសន្និបាត​របស់​គណបក្ស​ប្រជាជន​ពុំ​មែន​រៀបចំឡើង​គ្រាន់​អាន​របាយការណ៍​ដាក់​ផែនការ​អនុវត្ត​បន្ត​នោះ​ទេ ប៉ុន្តែ​ខ្លឹមសារ​សំខាន់​នោះ សំដៅ​លើ​លោក ហ៊ុន សែន កំពុង​រុញ​ឱ្យ​បក្ខពួក ជាពិសេស​កូនប្រុស គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយជា​អនុប្រធាន មុន​ឈាន​ជើង​ទៅ​ក្តោប​ក្តាប់​អំណាច​កំពូល​នៅក្នុង​បក្ស​ទាំងមូល​ដូច​ទៅ​នឹង​ការផ្ទេរ​តំណែង​នាយករដ្ឋមន្ត្រី​កាល​ពី​ពេល​ថ្មីៗ​នេះ​ដែរ​។ ទន្ទឹម​នឹង​នេះ​លោក​ថា ទិសដៅ​បន្ទាប់​របស់​លោក ហ៊ុន សែន ទំនង​ត្រៀម​ផ្ទេរតំណែង​ប្រធាន​បក្ស​ប្រជា​កម្ពុជា​ឱ្យទៅ​លោក ហ៊ុន ម៉ាណែត នៅ​ពេល​ខាងមុខ​បើសិន​គ្មាន​ឧបសគ្គ​នោះ។

លោក គឹម សុខ៖ «លោក ហ៊ុន សែន មិន​គិត​អំពី​ផល​ប៉ះពាល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ទេ អ្វី​ដែល​គាត់​គិត​បច្ចុប្បន្ន​នៅក្នុង​រង្វង់​តែ​ល្បែង​ការពារ​អំណាច​ក្រុម​គ្រួសារ​របស់​គាត់​តែប៉ុណ្ណោះ ដូចដែល​គាត់​លើ​តំណែង​នាយករដ្ឋមន្ត្រី​ឱ្យ​កូនប្រុស​ដោយ​មិន​ខ្វល់ ពី​ការបោះឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ទេ គាត់​ប្លន់​ទាំង​ពី​ផ្ទៃក្នុង​បក្ស​រហូត​ដល់​ផ្ទៃក្នុង​ជាតិ ហើយ​អាម៉ាស់មុខ​លើ​ឆាក​អន្តរជាតិ​ទាំងមូល ក៏​គាត់​មិន​ខ្វល់​ដែរ មក​ដល់​ពេល​នេះ​ទៀត​គាត់​កំពុង​រៀបចំ​ល្បិច​ផ្ទេរ​អំណាច ការ​គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងមូល​ឱ្យ​លោក ហ៊ុន ម៉ាណែត និង​កូន​គាត់​ផ្សេង​ទៀត»

គណបក្ស​ប្រជាជន​កម្ពុជា បាន​ដឹកនាំ​ប្រទេស​អស់​រយៈពេល​ជិត​៤០​ឆ្នាំ​មក​ហើយ​។ គណបក្ស​នេះ​នៅតែ​មាន​មហិច្ឆតា​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​វែងឆ្ងាយ​ទៅ​មុខ​ទៀត។ អ្នកឃ្លាំមើល​លើកឡើង​ថា ការ​ដឹកនាំ​ប្រទេស​តាមរយៈ​សែស្រឡាយ និង​យក​បក្ស​ជាធំ​បែបនេះ​នឹង​ធ្វើ​ឱ្យ​រដ្ឋាភិបាល​កាន់តែ​ផ្ដាច់ការ។

បើ​ទោះ​ជា​អតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និង​បក្ខពួក បាន​ផ្ទេរអំណាច​ទៅ​ឲ្យ​កូនៗ​ពួកគេ​ដូច​បំណង​ក្ដី ប៉ុន្តែ​នយោបាយ​បក្ស​កាន់អំណាច​នៅតែ​រឹត​ត្បិត​សិទ្ធិ​បញ្ចេញមតិ សិទ្ធិ​ជួបជុំ សិទ្ធិ​សារព័ត៌មាន សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​កន្លង​មក បាន​នាំ​ឱ្យ​ប្រជាធិបតេយ្យ​ធំៗ​ដូចជា​សហរដ្ឋអាមេរិក និង​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ជា​បន្ត​បន្ទាប់ ដែល​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​ជីវភាព​របស់​ពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
នយោបាយ
លោក សម រង្ស៊ី ថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅ​ពី​ក្រោយ​ក្រុមហ៊ុន CIC
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។