បក្សកាន់អំណាចប្តេជ្ញាកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាពឱ្យអស់ពីសង្គមកម្ពុជា។ ការប្តេជ្ញាចិត្តនេះ គឺជាផ្នែកមួយនៃសេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សកាន់អំណាច រយៈពេលពីរថ្ងៃ ដែលទើបនឹងបិទបញ្ចប់ទៅកាលពីថ្ងៃទី២៩ ខែមករា ម្សិលម៉ិញ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តនេះ គណបក្សនេះ នៅតែមិនទាន់ហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣នេះនៅឡើយទេ ដោយបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីដដែល។
សេចក្តីសម្រេចចិត្តនៃមហាសន្និបាតវិសាមញ្ញរបស់បក្សកាន់អំណាច ដែលធ្វើឡើងនៅមិនដល់៦ខែមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ប្រកាសជាចំហថា ខ្លួន«ចាំបាច់»ត្រូវកម្ចាត់ឱ្យអស់ពីសង្គមកម្ពុជានូវអ្វីមួយដែលគណបក្សនេះហៅថា «នយោបាយ និងសកម្មភាពជ្រុលនិយម» គ្រប់រូបភាព។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ អះអាងនៅក្នុងសន្និសីទសារព័ត៌មានក្រោយបិទបញ្ចប់មហាសន្និបាតបក្ស កាលពីល្ងាចថ្ងៃទី២៩ ខែមករា ថា គណបក្សកាន់អំណាចធ្វើដូច្នេះដើម្បី «កែប្រែឥរិយាបថ» ក្នុងចំណោមពលរដ្ឋខ្មែរដើម្បីបញ្ចៀសការចាត់ទុកគ្នាជាសត្រូវ ដែលធ្វើឱ្យបែកបាក់ឯកភាពជាតិ៖
លោក ឈឹម ផលវរុណ៖«ឥឡូវនេះ យើងចូលដល់វប្បធម៌នយោបាយមួយដែលយើងអាយុ៣០ឆ្នាំហើយនៃប្រជាធិបតេយ្យសេរីពហុបក្ស។ អ៊ីចឹង រាជរដ្ឋាភិបាលដែលមានភារកិច្ចក្នុងការធានានូវសណ្តាប់ធ្នាប់សង្គមទាំងមូល គឺអាចចេញជាគោលការណ៍ម៉ឺងម៉ាត់ដើម្បីទប់ស្កាត់មិនឱ្យមានចរិតនយោបាយជ្រុលនិយមហួសហេតុ។ នេះជាកត្តាសំខាន់ណាស់ មិនមែនត្រឹមតែកត្តាច្បាប់ទេ។ យើងចង់មនុស្សម្នាក់ៗនាំគ្នាកែឥរិយាបថ។ នេះជាចំណុចល្អ ជាសេចក្តីសុខសាន្តដល់ពលរដ្ឋដែលយើងមើលឃើញទាំងអស់គ្នា គឺសន្តិភាពយើងបានហើយ។ ឥឡូវគឺយើងឈានដល់ការថែរក្សាសន្តិភាព។ តែអ្វីដែលបំផ្លាញសន្តិភាពគឺចរិតនយោបាយជ្រុលនិយមហួសហេតុដែលបំផ្លាញឱ្យក្លាយទៅជាភាពជាសត្រូវ»។
ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជាគូសបញ្ជាក់ថា គណបក្សខ្លួនប្រឆាំងដាច់ខាតរាល់សកម្មភាពប្រទូសរ៉ាយដែលធ្វើឱ្យប៉ះពាល់ដល់សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍនៅកម្ពុជា។
អ្នកវិភាគនយោបាយ លោក គឹម សុខ ដែលបច្ចុប្បន្នកំពុងរស់នៅភៀសខ្លួននៅប្រទេសហ្វាំងឡង់ (Finland) ដើម្បីគេចចេញពីការតាមធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន យល់ថាគឺគណបក្សប្រជាជនកម្ពុជាទៅវិញទេដែលជាអ្នកធ្វើនយោបាយ «ជ្រុលនិយម» តាមរយៈការបំផ្លាញប្រជាធិបតេយ្យ និងនីតិរដ្ឋនារយៈពេលចុងក្រោយនេះ៖
លោក គឹម សុខ៖«អ្នកដែលធ្វើអំពើជ្រុលនិយមគឺគណបក្សប្រជាជនកម្ពុជា គឺប្រើកម្លាំងជ្រុល បំភ្លៃច្បាប់ជ្រុល បំផ្លាញគេជ្រុល សម្លាប់ប្រជាធិបតេយ្យជ្រុល បិទគូរប្រជែងមិនឱ្យចូលរួមប្រកួតជ្រុល ហើយរៀបចំប្រកួតតែឯង ជោគជ័យក៏ប្រកាសតែឯង ហើយយុត្តិធម៌ក៏ប្រកាសតែឯង។ គឺគណបក្សប្រជាជនខ្លួនឯងទេដែលជ្រុលនោះ ចំណែកឯ គណបក្សនយោបាយនានាដែលមាននិន្នាការប្រជាធិបតេយ្យគ្មានអីជ្រុលទេ គឺគេគ្រាន់តែទាមទារឱ្យមានការប្រកួតមួយដែលស្របតាមខ្លឹមសាររដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គឺសេរី យុត្តិធម៌ បើកចំហ។ មានអីត្រូវជ្រុល?»។
លោក គឹម សុខ បកស្រាយបន្តថា ការណ៍ដែលគណបក្សកាន់អំណាចបន្តដាក់ចេញនូវយុទ្ធសាស្ត្រកម្ទេចបែបនេះ ទំនងជាគណបក្សប្រជាជនកម្ពុជានៅមានការព្រួយបារម្ភខ្ពស់អំពីចលនានៃគណបក្សនយោបាយស្របច្បាប់ដទៃទៀត ជាពិសេសគណបក្សភ្លើងទៀន ដែលអាចដណ្តើមអំណាចពីខ្លួនបាន។
រីឯ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា វិញ លោកបារម្ភថា ការបន្តលាបពណ៌គ្នាថាជាក្រុម «ជ្រុលនិយម» ដោយគណបក្សកាន់អំណាចប្រើប្រាស់ប្រព័ន្ធតុលាការ ឬស្ថាប័នរដ្ឋខ្វះឯករាជ្យ នឹងធ្វើឱ្យសង្គមកម្ពុជារឹតតែបែកបាក់គ្នាកាន់តែខ្លាំង៖
លោក ឯម សុវណ្ណារ៉ា៖ «យើងឃើញការប្តេជ្ញាចិត្តហើយនឹងការចេញសារនយោបាយរបស់ថ្នាក់ដឹកនាំគណបក្សកាន់អំណាចកន្លងមកនេះ វាធ្វើឱ្យថ្នាក់ដឹកនាំគណបក្សប្រឆាំងឃើញរងគ្រោះច្រើន ដូចជា លោក សុន ឆ័យ លោក គង់ គាំ លោក ថាច់ សេដ្ឋា ជាដើម...។ ឧទាហរណ៍ថា ថ្នាក់ដឹកនាំគណបក្សកាន់អំណាចមករិះគន់គណបក្សប្រឆាំងជាដើម ដល់ពេលគណបក្សប្រឆាំងចាប់ផ្តើមរិះគន់វិញ ហាក់ដូចជាមានសារគំរាមកំហែង ហើយស្ថាប័នសាធារណៈជាច្រើនដែលជាស្ថាប័នឯករាជ្យរបស់រដ្ឋ ហាក់ដូចជាចេញសារមក ស្ថាប័នហ្នឹងមិនមែនជាតំណាងឱ្យស្ថាប័នសាធារណៈឯករាជ្យទេ។ ហាក់ដូចជាតំណាងឱ្យបក្ស។ នេះជាក្តីបារម្ភធ្វើឱ្យសង្គមជាតិហាក់ដូចជាបែងចែកលែងមានអព្យាក្រឹត្យភាព ឈរនៅកណ្តាលដែលពលរដ្ឋអាចពឹងអាស្រ័យបាន។ ជាកិច្ចការមួយដែលយើងចេះតែបារម្ភជាទូទៅ ហើយបើកាលណាសង្គមជាតិកម្ពុជាប្រឈមបញ្ហាបែងចែក ឬចោទប្រកាន់គ្នា លាបពណ៌គ្នា មិនចេះចប់មិនចេះហើយ វាអត់អីខុសពីរបបមុនៗ ដែលផ្លាស់ប្តូររបប ឬក៏ផ្លាស់ប្តូរអ្នកដឹកនាំតាមបដិវត្ត ឬក៏កម្លាំងទេ»។
ទន្ទឹមនឹងការប្តេជ្ញាចិត្តកម្ចាត់ «នយោបាយ និងសកម្មភាពជ្រុលនិយម» នេះ មហាសន្និបាតវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ក៏បានសម្រេចបន្តដាក់ឈ្មោះលោក ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតអាណត្តិទី៧ខាងមុខនេះ។ គណបក្សនេះ នៅតែមិនហ៊ានដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីផ្លូវការសម្រាប់អាណត្តិទី៧នេះឡើយ ដោយគ្រាន់តែដាក់ថាគាំទ្រលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមួយរូបទៀត គឺលោក សួស យ៉ារ៉ា បដិសេធមិនបញ្ជាក់ពេលវេលាជាក់លាក់ថាតើពេលណាគណបក្សនេះនឹងដាក់ឈ្មោះលោក ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីផ្លូវការនោះ។ តែលោកថា គណបក្សនឹងបញ្ជាក់ក្រោយការបោះឆ្នោតរួច៖
លោក សួស យ៉ារ៉ា៖«រឿងបញ្ហាអាណត្តិរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ថាដល់ពេលណានោះ គឺមិនពិបាកនិយាយទេ ពីព្រោះសំខាន់បំផុតគឺការបោះឆ្នោតអាណត្តិទី៧ ខែ៧ ខាងមុខនេះ គឺបេក្ខភាពរបស់យើងតែមួយគត់គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អ៊ីចឹង នៅពេលដែលគាត់ជាប់ឆ្នោតហើយ ពេលវេលាខាងមុខ ឯកឧត្តម ហ៊ុន ម៉ាណែត ពេលណា គឺជារឿងអាណត្តិដែលយើងនឹងបញ្ជាក់ថែមទៀត»។
ជុំវិញរឿងនេះ អ្នកវិភាគនយោបាយ លោក គឹម សុខ យល់ថា គណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាន កំពុង «បោកប្រាស» ផ្ទៃក្នុងគណបក្សខ្លួនឯងផង និងប្រជាពលរដ្ឋដែលបោះឆ្នោតឱ្យគណបក្សនេះផង ដោយសារថា ក្រោយបោះឆ្នោតរួច លោក ហ៊ុន សែន អាចនឹងផ្ទេរតំណែងនាយករដ្ឋមន្ត្រីឱ្យទៅកូនរបស់លោក គឺលោក ហ៊ុន ម៉ាណែត៖
លោក គឹម សុខ៖«មើលទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គ្មានវិធីណាក្រៅតែពីបោកប្រាសផ្ទៃក្នុងខ្លួនឯងផង និងប្រជាពលរដ្ឋខ្មែរផងដើម្បីសម្រេចផែនការផ្ទេរអំណាចពីគាត់ទៅកូនប្រុសរបស់គាត់នោះទេ ដោយសារតែលោក ហ៊ុន ម៉ាណែត និយាយពីដំណើរនៃការផ្ទេរអំណាច មិនមែនជាបុគ្គលដែលមានគីឡូប្រកួតប្រជែងទេទាំងនៅក្នុងផ្ទៃក្នុងគណបក្ស ទាំងនៅក្នុងផ្ទៃក្នុងជាតិ។ តែគឺជាគីឡូនាំរឿង គីឡូបង្កបញ្ហាដល់គណបក្សប្រជាជនផង ដល់ប្រទេសជាតិកម្ពុជាផង»។
កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាជិត៤០ឆ្នាំមកនេះ ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិមើលឃើញថា កំពុងដើរឆ្ពោះទៅរកប្រព័ន្ធគ្រប់គ្រងអំណាចបែបផ្តាច់ការតពូជពង្សវង្សត្រកូលគ្រួសារ «ហ៊ុន» មិនខុសពីនៅប្រទេសកូរ៉េខាងជើងដែលគ្មានអ្នករាប់រក។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បង្ហាញចេតនាជាសាធារណៈថា លោកមិនត្រឹមតែចង់ធ្វើជាឪពុកនាយករដ្ឋមន្ត្រីទេ តែលោកចង់ធ្វើដល់ទៅជីតានាយករដ្ឋមន្ត្រីទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។