ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សប្រជាជនកម្ពុជា ស្នើឲ្យមន្ត្រីរៀបចំការបោះឆ្នោតសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី បញ្ជូនពាក្យបណ្ដឹងរបស់ខ្លួនដែលបានប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ ទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដើម្បីដោះស្រាយតាមច្បាប់បោះឆ្នោត។
ការទាមទារនេះ ធ្វើឡើងខណៈដែលមន្ត្រីរៀបចំការបោះឆ្នោតសង្កាត់បឹងកន្សែង ធ្វើការផ្សះផ្សាភាគីដើមចោទ គឺលោក គឹម បូរ៉ាន់ ជាភ្នាក់ងារសង្កេតការណ៍បោះឆ្នោតគណបក្សប្រជាជនកម្ពុជា និងសកម្មជនគណបក្សសង្គ្រោះជាតិ គឺលោក ស ជ្រឿន ក្នុងការដោះស្រាយវិវាទទាក់ទិនដើមចោទ បានដាក់ពាក្យប្ដឹងសកម្មជនគណបក្សសង្គ្រោះជាតិ ពីបទធ្វើឲ្យរំខាននៅការិយាល័យបោះឆ្នោតលេខ០០៥៨។
ភ្នាក់ងារសង្កេតការណ៍គណបក្សប្រជាជនកម្ពុជា លោក គឹម បូរ៉ាន់ បញ្ជាក់នៅថ្ងៃទី៧ ខែមិថុនា ថា សកម្មជនគណបក្សសង្គ្រោះជាតិ បានយកអាហារទៅឲ្យអ្នកសង្កេតការណ៍បោះឆ្នោតគណបក្សសង្គ្រោះជាតិ នៅក្នុងការិយាល័យបោះឆ្នោតដោយគ្មានការអនុញ្ញាត ខុសទៅនឹងនីតិវិធី និងបទបញ្ជារបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោកថា កំហុសនេះត្រូវដោះស្រាយទៅតាមច្បាប់បោះឆ្នោតកំណត់៖ « គាត់ទទួលស្គាល់កំហុសហើយ ថាគាត់ខុស ចង់ឲ្យតែត្រឹមត្រូវ ហើយអនុវត្តតាមច្បាប់ទៅ »។
ចំណែកសកម្មជនគណបក្សសង្គ្រោះជាតិ លោក ស ជ្រឿន បញ្ជាក់ថា នេះជាកំហុសអចេតនាដោយសារលោកមិនបានយល់ដឹងច្បាស់ពីបទបញ្ជានីតិវិធីទាក់ទិនការចូលទៅក្នុងការិយាល័យបោះឆ្នោត។ លោកថា មានបំណងយកបាយទៅឲ្យភ្នាក់ងារសង្កេតការណ៍ដែលកំពុងធ្វើការនៅការិយាល័យបោះឆ្នោត មិនមានចេតនាចង់រំខាននៅក្នុងការិយាល័យបោះឆ្នោតដូចការចោទនោះទេ៖ « ខ្ញុំសុំអនុគ្រោះពីគាត់ដែរ តែគាត់មិនយល់ព្រមទេ។ ខាងសិច ( SEC ) គេយល់ព្រមទាំងអស់ គេជួយសម្រួលឲ្យខ្ញុំរួចពីផុតពីបណ្ដឹងហ្នឹង »។
ទាក់ទិនករណីនេះ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់បឹងកន្សែង លោក សុខ សុនថារ៉ូ ឲ្យដឹងថា គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ បានសម្របសម្រួលឲ្យភាគីទាំងពីរផ្សះផ្សាគ្នាដោយសន្តិវិធី ប៉ុន្តែដើមចោទមិនយល់ព្រម បើទោះបីភាគីចុងចោទបានសុំទោសយ៉ាងណាក្តី។ លោកថា គណៈកម្មការរៀបចំការបោះឆ្នោតសង្កាត់ នឹងបញ្ជូនពាក្យប្ដឹងករណីនេះទៅគណៈកម្មការខេត្តរៀបចំការបោះឆ្នោត ដោះស្រាយបន្ត៖ « គណបក្សប្រជាជន គេប្ដឹងរំខានការិយាល័យបោះឆ្នោតយកបាយទឹកមក ឥឡូវដោះស្រាយមិនចេញ គេមិនព្រមស្រុះស្រួលគ្នា »។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តរតនគិរី លោក ប៉ែន ឈុនឌី បញ្ជាក់ថា នឹងធ្វើការផ្សះផ្សាគូភាគីទំនាស់មួយលើកទៀត ប្រសិនគណៈកម្មការសង្កាត់បញ្ជូនពាក្យប្ដឹងករណីនេះមកកាន់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត។ លោកថា សវនាការសង្ខេបរឿងក្តីនេះ នឹងត្រូវធ្វើឡើង ប្រសិនការផ្សះផ្សាមិនបានសម្រេច៖ « បើមិនសះជា គេបញ្ជូនសំណុំរឿងឡើងមកហើយ។ បើមិនសះជា អាចសវនាការទៀត »។
ទោះបីជាយ៉ាងណាក៏ដោយ លេខាអង្គការខុមហ្វ្រែល (Comfrel) ខេត្តរតនគិរី លោក ជួន ភីនដារ៉ា កត់សម្គាល់ថា លទ្ធផលនៃការសង្កេតការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ បង្ហាញថា គណបក្សនយោបាយនៅកម្ពុជា មានចរិតចាស់ទុំនយោបាយច្រើន បើប្រៀបធៀបការបោះឆ្នោតអាណត្តិមុនៗ។ លោកអំពាវនាវឲ្យភាគីទំនាស់ទាំងពីរ ផ្សះផ្សាបញ្ចប់ការប្ដឹងគ្នាដោយសន្តិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។