មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជននៅតែទុកតំណែងអនុប្រធានទី១សភាឲ្យបក្សសង្គ្រោះជាតិ រហូតបោះឆ្នោតអាណត្តិថ្មីនៅឆ្នាំ២០១៨។ ការថ្លែងអះអាងពីបក្សកាន់អំណាចពេលនេះ បន្ទាប់ពីគណបក្សប្រឆាំងប្រកាសជំហរមិនបញ្ជូនបេក្ខជនណាមួយធ្វើជាអនុប្រធានទី១សភា បន្ទាប់ពីរដ្ឋសភាបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែង។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា នៅតែរក្សាតំណែងអនុប្រធានទី១ រដ្ឋសភាឲ្យគណបក្សសង្គ្រោះជាតិ ព្រោះតំណែងនេះជាកូតាមកពីគណបក្សសង្គ្រោះជាតិ នេះបើផ្អែកលើកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤។ លោកបន្តថា នេះជាសិទ្ធិសម្រេចរបស់គណបក្សសង្គ្រោះជាតិ ក្នុងការកាន់តួនាទីអនុប្រធានរដ្ឋសភា ប៉ុន្តែគណបក្សប្រជាជនកម្ពុជា គ្រាន់តែពិនិត្យមើលថា តើបុគ្គលណាមួយរបស់គណបក្សនេះស័ក្ដិសមនឹងតួនាទីនេះ៖ «រឿងនេះជាសិទ្ធិសម្រេចរបស់គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជន មិនអាចលូកដៃចូលបានទេ បើសិនណាបើគាត់ដាក់ទៅ យើងនឹងពិនិត្យមើលគុណសម្បត្តិលើលក្ខណៈសម្បត្តិ ដើម្បីបោះឆ្នោតគាំទ្រ ឬមិនគាំទ្រ។ ករណីទី២ បើថាគាត់មិនធ្វើទេ កៅអីអនុប្រធានសភានៅទុកទំនេររហូតដល់បោះឆ្នោតអាណត្តិក្រោយ»។
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅរាត្រីថ្ងៃទី៣០ ខែតុលា ថា គណបក្សសង្គ្រោះជាតិ មិនបញ្ជូនបេក្ខភាពអនុប្រធានរដ្ឋសភា ព្រោះមិនចង់ប្រព្រឹត្តខុសដូចគណបក្សប្រជាជនកម្ពុជា។ លោក កឹម សុខា នៅតែបន្តចោទប្រកាន់ថា ការដកតំណែងលោកពីអនុប្រធានសភាខុសនឹងរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងនយោបាយរបស់គណបក្សទាំងពីរ៖ «យើងខ្ញុំបានបញ្ជាក់ហើយៗ មូលហេតុដែលគណបក្សប្រជាជនកម្ពុជា លើកឡើង គឺអត់ត្រឹមត្រូវទាល់តែសោះ ព្រោះខ្ញុំអត់មាននិយាយអីខុស។ ខ្ញុំនិយាយអ្វីដើម្បីប្រយោជន៍ប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌសង្គមប្រជាធិបតេយ្យ ក្នុងតួនាទីខ្ញុំជាតំណាងរាស្ត្រ»។
កាលពីថ្ងៃទី៣០ ខែតុលា តំណាងរាស្ត្រទាំង ៦៨រូប របស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតទម្លាក់លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១រដ្ឋសភាយ៉ាងប្រញាប់បំផុត។
លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ពន្យល់ពីវិធានការលើរូបលោក កឹម សុខា បែបនេះថា ព្រោះលោក កឹម សុខា មិនគោរពស្មារតីនៃកិច្ចព្រមព្រៀងនយោបាយថ្ងៃទី២២ កក្កដា ២០១៤ ញុះញង់ឱ្យមានចលាចលនៅក្នុងសង្គម និងផ្អែកលើបាតុកម្មមហាជនទាមទារឲ្យលោក កឹម សុខា ចុះចេញពីតំណែង ព្រមទាំងខុសទៅនឹងរដ្ឋធម្មនុញ្ញជាច្បាប់កំពូលរបស់ជាតិ។
ទោះយ៉ាងនេះក្តី គណបក្សសង្គ្រោះជាតិ ឆ្លើយបកទៅវិញថា ទង្វើរបស់គណបក្សប្រជាជនកម្ពុជា ធ្វើខុសនឹងរដ្ឋធម្មនុញ្ញ។ លោក កឹម សុខា បានចូលកាន់តំណែងជាអនុប្រធានទីមួយរដ្ឋសភា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ដោយការបោះឆ្នោតសម្ងាត់នៅវិមានរដ្ឋសភា។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក កែម ឡី ថា គណបក្សប្រជាជនកម្ពុជា អាចនឹងដាក់សម្ពាធបន្ថែមលើគណបក្សសង្គ្រោះជាតិទៀត ដូចជា គឺមិនផ្ដល់ទូរទស្សន៍ ទម្លាក់តំណែងប្រធានគណៈកម្មការនៅក្នុងសភារបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងប្រើប្រព័ន្ធតុលាការលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក សម រង្ស៊ី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។