មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​ដើរ​កៀងគរ​គ្រូ​បង្រៀន​ឲ្យ​ចូល​ជា​សមាជិក​បក្ស

0:00 / 0:00

អគ្គមេ​បញ្ជាការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត បាន​បញ្ចូល​សាស្ត្រាចារ្យ បុគ្គលិក​អប់រំ និង​និស្សិត​ចំនួន​ជិត៣ពាន់នាក់ (២.៨០៣នាក់) បន្ថែម​ទៀត ទៅ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ការ​បញ្ចូល​សមាជិក​ថ្មី​នេះ អាច​ធ្វើ​ឡើង​ដោយ​ការ​បង្ខិត​បង្ខំ ហើយ​ការ​ដែល​លោក ហ៊ុន ម៉ាណែត ជា​មន្ត្រី​ជាន់​ខ្ពស់​ចេញ​មុខ គៀង​គរ​មនុស្ស​ឱ្យ​គាំទ្រ​គណបក្ស​នយោបាយ​នេះ គឺជា​រឿង​ដែល​មិន​ត្រូវ​តាម​ច្បាប់។

គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​កូន​ប្រុស​ច្បង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​អធិបតី​បាន​បញ្ចូល​សាស្ត្រាចារ្យ បុគ្គលិក​អប់រំ និង​និស្សិត​ចំនួន​ជិត​៣ពាន់នាក់ (២.៨០៣នាក់) ទៀត ទៅ​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ការិយាល័យ​កណ្ដាល​គណបក្ស​នេះ នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ។ នៅ​ក្នុង​កម្មវិធី​នេះ គេ​ក៏​សង្កេត​ឃើញ​មាន​វត្តមាន​លោក គឹម សន្តិភាព លោក ហេង សួរ និង​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​ជាច្រើន​រូប​ទៀត។

ជុំវិញ​រឿង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ភ្លើង​ទៀន លោក គឹមសួរ ភីរិទ្ធ យល់​ឃើញ​ថា មន្ត្រី​រាជការ​មួយ​ចំនួន​ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ​ឡើង​ដោយ​ឆន្ទៈ​ផ្ទាល់​ខ្លួន​នោះ​ឡើយ។ លោក​បន្ថែម​ថា ដោយសារ​តែ​គណបក្ស​ប្រជាជន​កម្ពុជា ដើរ​តួនាទី​ជា​គណបក្ស​នយោបាយ​ផង និង​ជា​រដ្ឋាភិបាល​ផង ដូច្នេះ​ហើយ​គ្រូ​បង្រៀន​មួយ​ចំនួន ត្រូវ​បង្ខំ​ចិត្ត​ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​រួច​ផុត​ពី​ការ​គំរាម​កំហែង និង​ការ​ដក​ហូត​ក្របខ័ណ្ឌ​រដ្ឋ៖

«គណបក្ស​ភ្លើង​ទៀន​អត់​មាន​ទេ អត់​មាន​នរណា​ហ៊ាន​ចេញ​មុខ​ថា ​ខ្លួន​នៅ​គណបក្ស​ភ្លើង​ទៀន​ទេ បើ​មាន​ក៏​មាន​តិចតួច​បំផុត។ ជា​រូបភាព ជា​សម្បក​កាយ ប៉ុន្តែ​នៅ​ក្នុង​សម្បក​ចិត្ត នៅ​ក្នុង​ផ្លូវ​ចិត្ត ខ្ញុំ​គិត​ថា ​វា​មិន​ខ្វះ​ទេ រង​សម្ពាធ​តែ​ផ្លូវ​កាយ ប៉ុន្តែ​ផ្លូវ​ចិត្ត​នៅ​តែ​មាន​ការ​ស្រលាញ់ នឹក​ឃើញ​ចង់​បាន​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ គាំទ្រ​គណបក្ស​ណា​ដែល​គិត​ផល​ប្រយោជន៍​ជាតិ ផល​ប្រយោជន៍​ប្រជាពលរដ្ឋ»។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ការ​បក​ស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១៩ ខែកុម្ភៈ។

ក្រៅ​ពី​ការ​គំរាម​កំហែង និង​ការ​រើសអើង​នៅ​តាម​សាលារៀន​រដ្ឋ គ្រូ​បង្រៀន​ដែល​មាន​និន្នាការ​នយោបាយ​ផ្ទុយ​ពី​រដ្ឋាភិបាល​មួយ​ចំនួន ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ដក​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូ​បង្រៀន​ផង​ដែរ កាល​ពី​ពេល​កន្លង​មក។ លើស​ពី​នេះ គ្រូ​បង្រៀន​ដែល​ជា​សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​៣នាក់ រួម​មាន លោក ស៊ុន ធន់ លោក ពៀច ម៉ាប់ និង​លោក កែវ ថៃ ជាដើម ក៏​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ ក្រោម​បទ​ចោទ​ញុះញង់ និង​រួម​គំនិត​ក្បត់។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់​ឃើញ​ថា គ្រូ​បង្រៀន និង​និស្សិត ដែល​បាន​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ចូលរួម​ដោយ​ការ​ស្ម័គ្រចិត្ត​ទាំង​អស់​នោះ​ឡើយ។ អ្នកស្រី​បន្ថែម​ថា ទាំង​សាស្ត្រាចារ្យ ទាំង​សិស្សានុសិស្ស ភាគ​ច្រើន​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ក្នុង​ស្ថាប័ន​របស់​ខ្លួន​បង្ខំ​ឱ្យ​ចូល​ជា​សមាជិក​គណបក្ស​កាន់​អំណាច ដើម្បី​កុំ​ឱ្យ​អ្នក​មាន​អំណាច​ចោទ​ប្រកាន់​ថា​ជា​ក្រុម​ប្រឆាំង ឬ​រង​នូវ​ការ​រើសអើង​នៅ​សាលា​រៀន៖

«ការ​រើសអើង សួរ​ដេញដោល​មូលហេតុ​អី​បាន​មិន​ចូល បាន​មិន​អី​អ៊ីចឹង​ទៅ​ណា ហ្នឹង​ហើយ​ជា​រូបភាព​នៃ​ការ​រើសអើង​របស់​ពួក​គាត់ ហើយ​និង​ការ​ភ័យខ្លាច​ហើយ អ៊ីចឹង​ទោះ​បី​ចង់​ឬ​មិន​ចង់​ពួកគាត់​បង្ខំ​ចិត្ត​ត្រូវ​តែ​ចូល»។

ដោយឡែក នាយក​ប្រតិបត្តិ​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត​នៅ​កម្ពុជា និចហ្វិក លោក សំ គន្ធាមី យល់​ឃើញ​ថា ការ​យក​មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត ធ្វើ​ជា​គណ​អធិបតី​នៅ​ក្នុង​ការ​បញ្ចូល​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រឿង​មិន​ត្រឹមត្រូវ​នោះ​ទេ។ លោក​បន្ថែម​ថា បើ​ទោះ​បី​ជា​ថ្ងៃ​អាទិត្យ​ក្ដី ឬ​ម៉ោង​ក្រៅ​ការងារ​ក្ដី លោក ហ៊ុន ម៉ាណែត ត្រូវ​លាលែង​មុខ​តំណែង​ពី​កង​យោធពលខេមរភូមិន្ទ​សិន ទើប​អាច​ធ្វើ​ជា​សកម្មជន​គណបក្ស​នយោបាយ​ណាមួយ​បាន៖

«ព្រោះ​អី​ច្បាប់​លក្ខន្តិកៈ មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ គេ​តម្រូវ​ឱ្យ​អព្យាក្រឹត ដូច្នេះ​តួនាទី​ហ្នឹង គឺ​តួនាទី​របស់​រដ្ឋ មិនមែន​តួនាទី​គណបក្ស​ទេ។ ខ្ញុំ​គ្រាន់​តែ​សំណូម​ថា យើង​ចង់​ប្រើប្រាស់​យន្តការ​អ្នក​ចូលរួម​អី​ហ្នឹង ប្រើ​តំណាង​ឱ្យ​គណបក្ស​តែ​ម្ដង​ទៅ កុំ​ឱ្យ​ប៉ះពាល់​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ច្បាប់​លក្ខន្តិកៈ មន្ត្រី​រាជការ​អី​ហ្នឹង»។

មាត្រា៨៣ នៃ​ច្បាប់​ស្ដី​ពី ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អនុញ្ញាត​ឱ្យ​កង​យោធពល​ខេមរភូមិន្ទ នគរបាល​ជាតិ និង​មន្ត្រី​តុលាការ អាច​ចូលរួម​នៅ​ក្នុង​សកម្មភាព​ឃោសនា​គាំទ្រ​ចំពោះ​គណបក្ស​ណាមួយ ក្រៅ​ម៉ោង​ការងារ តែ​នៅ​ក្នុង​រដូវ​ការ​ឃោសនា​បោះឆ្នោត ដែល​មាន​រយៈពេល​ត្រឹមតែ​មួយ​ខែ​តែ​ប៉ុណ្ណោះ។

អ្នក​វិភាគ​នយោបាយ តែងតែ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ដើរ​តួនាទី​ហួស​ពី​គណបក្ស​នយោបាយ ដោយ​បាន​យក​ប្រៀប​ក្នុង​នាម​ជា​គណបក្ស​កាន់​អំណាច គំរាម​កំហែង​ឱ្យ​មន្ត្រី​រាជការ​តាម​ស្ថាប័ន​រដ្ឋ​នានា ចូល​ជា​សមាជិក​គណបក្ស​នេះ។ គណបក្ស​នេះ ក៏​បាន​បង្ខំ​ឱ្យ​ក្រុម​និស្សិត និង​សិស្ស ចូល​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ តាម​រយៈ​ការ​បង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​នៅ​តាម​សាលា និង​ស្ថាប័ន​រដ្ឋ​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។