គណបក្សប្រជាជនកម្ពុជា បន្តចុះពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងទៅលើពលករខ្មែរនៅប្រទេសថៃ ក្រោយអាជ្ញាធរប្រទេសទាំងពីរសហការគ្នាធ្វើទុក្ខបុកម្នេញ និងបង្ក្រាបចំពោះសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់។ ការលើកឡើងនេះ បន្ទាប់ពីមន្រ្តីក្រសួងការងារ និងមន្រ្តីស្ថានទូតខ្មែរមកពីបក្សកាន់អំណាចបានចុះជួបពលករក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅប្រទេសថៃ នៅថ្ងៃទី២៥ ខែកញ្ញា។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលអះអាងថា ពួកគេតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ពលករចំណាកនៅក្រៅប្រទេស។
ជនភៀសខ្លួននៃគណបក្សសង្គ្រោះជាតិនៅប្រទេសថៃដែលគេចពីការចាប់ចងពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន លើកឡើងថា ពួកគេពិបាកចុះជួបពលករដូចមុនៗដោយសារអាជ្ញាធរកម្ពុជាតែងតែប្តឹងអាជ្ញាធរថៃឱ្យតាមចាប់ពួកគេជាបន្តបន្ទាប់។ពួកគេបញ្ជាក់ថា បញ្ហានេះបានធ្វើឱ្យពលករមួយចំនួនមិនហ៊ានចេញមុខគាំទ្របក្សប្រឆាំងដោយសារពួកគេភ័យខ្លាចនិងបារម្ភពីសុវត្ថិភាពដែលនេះគឺជាឱកាសរបស់គណបក្សប្រជាជនកម្ពុជាដើម្បីបញ្ជ្រាបខ្លួនចូលក្នុងក្រុមពលករនៅប្រទេសថៃ។
តំណាងជនភៀសខ្លួននៃគណបក្សសង្គ្រោះជាតិនៅប្រទេសថៃលោក ផុង សុជាតិ ប្រាប់វិទ្យុអាស៊ីសេរីថា រដ្ឋលេខាធិការក្រសួងការងារលោក ហេង សួរ ជាមនុស្សស្និតនឹងកូនប្រុសច្បងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមានឈ្មោះអាស្រូវពូកែគំរាមកំហែងពលករនៅក្រៅប្រទេសតែងប្រើឱ្យអតីតសកម្មជនដែលចុះជាមួយបក្សកាន់អំណាចដើរអូសទាញពលករនៅតាមបណ្តាខេត្តក្នុងប្រទេសថៃដើម្បីកៀងគរកម្លាំងគាំទ្រនិងបញ្ចុះបញ្ចូលឱ្យចុះឈ្មោះចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាដោយសន្យាជួយសម្រួលឯកសារផ្លូវច្បាប់ផ្សេងៗពីស្ថានទូតខ្មែរដោយសេរី៖ « របបលោក ហ៊ុន សែនបានគំរាមកំហែងរហូតមកដល់ប្រទេសថៃទៀត សូម្បីតែពេលខ្លះយើងជួបជុំជាមួយពលករដែលគាត់ស្នេហាជាតិ គាត់ចង់ឱ្យមានការផ្លាស់ប្តូររបបលោក ហ៊ុន សែន ក៏មានក្តីបារម្ភផងដែរ ហ្នឹងជាការរឹតត្បិត ដោយសារមានការសហការគ្នារវាងអាជ្ញាធរថៃនិងអាជ្ញាធរលោក ហ៊ុន សែន តាមគំរាមកំហែងជាបន្តបន្ទាប់បាទ»។
ស្រដៀងគ្នានេះសកម្មជនគណបក្សសង្គ្រោះជាតិខេត្តកំពង់ស្ពឺនៅប្រទេសថៃម្នាក់ទៀតលោកស្រី ជុំ សោភ័ណ្ឌ លើកឡើងថាគណបក្សប្រជាជនបានធ្វើទុក្ខបុកម្នេញគំរាមកំហែងលើសកម្មជនបក្សប្រឆាំងឥតស្រាកស្រាន្តពីកម្ពុជារហូតប្រទេសថៃដើម្បីទប់ស្កាត់សកម្មភាពនិងបន្សាបឥទ្ធិពលគណបក្សប្រឆាំងលើពលករខ្មែរ។ លោកស្រីថា ទោះបីទទួលការគំរាមកំហែងពីសំណាក់អាជ្ញាធរខ្មែរនិងថៃក៏ដោយក៏ពួកលោកស្រីនៅតែបន្តសកម្មភាពចុះជួបពលករដើម្បីចងក្រងនិងផ្សព្វផ្សាយអំពីការរំលោភបំពានសិទ្ធិពលរដ្ឋពីសំណាក់រដ្ឋាភិបាលឯកបក្សដែរ៖ «យើងបារម្ភពីសុវត្ថិភាព បារម្ភពីការចាប់បញ្ជូនដោយសារអាជ្ញាធរខ្មែរសហការជាមួយអាជ្ញាធរថៃ បើយើងធ្វើសកម្មភាពជួបជុំហើយ គឺយើងមកវិញភ្លាមៗ។ យើងខ្លាចមែនតែយើងទុកការខ្លាចរបស់យើងជាទឹកចិត្តជំរុញឱ្យយើងធ្វើការងារ និងផ្សព្វផ្សាយពីទុក្ខលំបាករបស់ពលករនិងជនភៀសខ្លួននៅប្រទេសថៃនេះ»។
កាលពីចុងឆ្នាំ២០២១អាជ្ញាធរថៃបានឃុបឃិតជាមួយអាជ្ញាធរកម្ពុជាចាប់ខ្លួនសកម្មជនបក្សប្រឆាំងចំនួន៣នាក់គឺលោក វឿង សំណាង លោក វឿន វាសនា ហៅគ្រញូងព្រៃឡង់ អ្នកស្រី ឡាញ់ ថាវរី និងពលករម្នាក់ទៀតលោក ម៉ិច ហ៊ាង បញ្ជូនត្រឡប់កម្ពុជាវិញ។តុលាការបានចោទប្រកាន់ពួកគេពីបទរួមគំនិតក្បត់និងបទញុះញង់ដែលរហូតមកដល់ពេលនេះអ្នកទាំង៤កំពុងជាប់ក្នុងពន្ធនាគារព្រៃសនៅឡើយ។ ប៉ុន្តែមតិជាតិនិងអន្តរជាតិបានចាត់ទុកការចាប់ខ្លួនពួកនោះគឺជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយនិងបិទខ្ទប់សំឡេងប្រឆាំងដែលងើបតស៊ូប្រឆាំងរដ្ឋាភិបាលលោក ហ៊ុន សែន ក្រោយរំលាយគណបក្សសង្គ្រោះជាតិ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋលេខាធិការក្រសួងការងារលោក ហេង សួរ និងមន្រ្តីស្ថានទូតខ្មែរប្រចាំទីក្រុងបាងកកដើម្បីបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៥ ខែកញ្ញា។
លោក ហេង សួរ ដែលគេស្គាល់ថាជាមនុស្សស្និទ្ធនឹងកូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន គឺលោក ហ៊ុន ម៉ាណែត តែងតែបានប្រើសារសម្លុតគំរាមកម្មករ ពលករ តាមអំពើចិត្តគ្រប់រូបភាព។ កាលពីឆ្នាំ២០១៨មានសារសំឡេងបែកធ្លាយមួយដែលគេសង្ស័យថាជាសាររបស់លោក ហេង សួរ ដោយលោកមានបំណងឱ្យក្រុមអ្នកលេងតាមព្រួតវាយពលករខ្មែរណាដែលហ៊ានតវ៉ានៅប្រទេសជប៉ុនប្រឆាំងនឹងរដ្ឋាភិបាលឬក៏លបសម្លាប់ពួកគេនៅពេលដែលវិលត្រឡប់មកកម្ពុជាវិញ។
ចំណែករដ្ឋមន្រ្តីក្រសួងការងារលោក អ៊ិត សំហេង នៅថ្ងៃទី២៥ ខែកញ្ញាបានដឹកនាំមន្រ្តីរបស់ខ្លួនរួមមានលោក ហេង សួរ និងមន្រ្តីស្ថានទូតខ្មែរនៅប្រទេសថៃដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌជាមួយពលករខ្មែរជាង៤ពាន់នាក់នៅវត្តមួយក្នុងខេត្តសៈមុតប្រាកាន ប្រទេសថៃ (Samut Prakan Province, Thailand)។ ក្នុងពិធីនោះ លោក អ៊ិត សំហេង លើកឡើងថា រដ្ឋាភិបាលបានយកចិត្តទុកដាក់ចំពោះពលករខ្មែរហើយមូលហេតុនាំឱ្យពលរដ្ឋទាំងអស់ជួបជុំគ្នាក្នុងឱកាសនេះដោយសារប្រទេសមានសន្តិភាពសេដ្ឋកិច្ចជាតិរីកចម្រើនពលរដ្ឋមានជីវភាពធូរធាជាដើម។ លោកឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការនៅប្រទេសថៃប្រមាណ ១លាន២សែននាក់ ហើយពួកគេបានផ្ញើប្រាក់ទៅគ្រួសារជាង២ពាន់លានដុល្លារក្នុងមួយឆ្នាំៗ៖ « សម្រាប់បងប្អូនរបស់យើងដែលមកធ្វើការនៅប្រទេសថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីថារដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកអគ្គរាជទូតកម្ពុជា និងក្រុមការងារគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសថៃ បន្តយកចិត្តទុកដាក់ជានិច្ចចំពោះបងប្អូនដោយខំខិតផ្តល់ និងថែរក្សាឱកាសការងារ មុខរបរ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយភាគីថៃ»។
ទោះយ៉ាងណា តំណាងពលករនៅប្រទេសថៃលោក ឆន សុខខឿន ថ្លែងពលករខ្មែរជាច្រើននាក់បាននាំគ្នាទៅវត្តអារាមធ្វើបុណ្យនៅតាមតំបន់នីមួយៗដែលពួកគេរស់នៅក្នុងឱកាសបុណ្យកាន់ភ្ជុំបិណ្ឌប្រពៃណីជាតិ។ លោកថា ទោះបីក្នុងពិធីនេះមានវត្តមានមន្រ្តីរដ្ឋាភិបាលតែមិនអាចបញ្ជាក់ថា ពួកគាត់គាំទ្រនយោបាយរបស់បក្សកាន់អំណាចនោះទេ។ លោកបន្ថែមថា កន្លងមកពលករមើលឃើញថា រដ្ឋាភិបាលមិនបានយកចិត្តទុកដាក់ដោះស្រាយអំពីបញ្ហាជីវភាពនិងទុក្ខលំបាករបស់ពលរដ្ឋខ្មែរចំណាកស្រុកធ្វើការនៅប្រទេសថៃទេ។
លើសពីនេះលោក ឆន សុខខឿន ឱ្យដឹងថា ក្រុមការងារគណបក្សជាជនកម្ពុជាតែងតែព្យាយាមបញ្ចូលក្រុមការងាររបស់ខ្លួនដើម្បីចូលគៀកពលករស្របពេលអវត្តមានសកម្មភាពបក្សប្រឆាំងប៉ុន្តែលោកយល់ថា ផែនការនេះមិនអាចគ្រប់គ្រងឆន្ទៈពលរដ្ឋដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យនៅក្នុងសង្គមបានទេ៖ « ហេតុអ្វីបានជាពលករពលការិនីគាត់ចូលរួម គឺជាបុណ្យថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ទើបពួកគាត់ចូលរួម ប៉ុន្តែការសហការចូលរួម ឬបញ្រ្ជាបនិន្នាការនយោបាយរបស់គណបក្សប្រជាជន គឺតិចណាស់ ពលករភាគច្រើនគាត់អត់ចូលរួមទេ ព្រោះគាត់ដឹងច្បាស់ណាស់ការដែលគាត់មកធ្វើការនៅប្រទេសថៃធ្វើការលំបាកវេទនា ហើយលិខិតឆ្លងដែនថ្លៃ និងឯកសារផ្សេងៗរដ្ឋាភិបាលមិនអើពើមិនជួយដោះស្រាយទេ»។
ទាក់ទងរឿងនេះអគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជាលោក គៀន ពន្លក មើលឃើញថា គណបក្សប្រជាជនកម្ពុជាកំពុងពង្រីកឥទ្ធិពលរបស់ខ្លួនដោយអនុវត្តផែនការផ្តាច់រចនាសម្ព័ន្ធគាំទ្រក្រុមគណបក្សប្រឆាំងនៅក្រៅប្រទេស។ លោកថា ការពង្រីកឥទ្ធិពលដើម្បីបន្សាបក្រុមប្រឆាំងនេះដើម្បីរក្សាអំណាចតែប៉ុណ្ណោះហើយស្ថានភាពរំលោភសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យដូចបច្ចុប្បន្ននេះ លោកយល់ថា ពលរដ្ឋនៅក្រៅប្រទេសទាំងនោះទំនងមិនជឿជាក់លើការអូសទាញរបស់បក្សកាន់អំណាចនោះទេ។
ប៉ុន្មានឆ្នាំចុងក្រោយនេះគណបក្សប្រជាជនកម្ពុជាមមាញឹកក្នុងការបង្កើតបណ្ដាញពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងចំណោមសហគមន៍ខ្មែរនៅឯនាយសមុទ្រហើយគ្មានអ្វីគួរឲ្យលាក់បាំងឡើយការពង្រីកឥទ្ធិពលរបស់គណបក្សប្រជាជនកម្ពុជាបានដល់ទីណាមានការបែកបាក់ប្រេះឆាក្នុងចំណោមសហគមន៍ខ្មែរនៅទីនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។