ព្រឹទ្ធសភាឯកបក្សច្រានចោលខ្លឹមសារទាំងស្រុងនៃសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីកម្ពុជាពីសំណាក់ព្រឹទ្ធសភាអាមេរិក។ ប្រតិកម្មនេះ កើតឡើងក្រោយពេលគណៈកម្មាធិការទំនាក់ទំនងបរទេសព្រឹទ្ធសភាពអាមេរិក (US Senate Committee on Foreign Relations) សម្រេចបញ្ជូនសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ ទៅព្រឹទ្ធសភាពេញអង្គដើម្បីអនុម័ត។ ប៉ុន្តែមន្ត្រីគណបក្សប្រឆាំង និងអ្នកវិភាគនយោបាយលើកឡើងថា មន្ត្រីរដ្ឋាភិបាលលោក ហ៊ុន សែន នឹងរងទណ្ឌកម្មកាន់តែធ្ងន់ពីអាមេរិកបើមិនព្រមដោះស្រាយបញ្ហាលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
ព្រឹទ្ធសភាកម្ពុជាបានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែកក្កដា បដិសេធខ្លឹមសារទាំងស្រុងនូវសេចក្តីស្នើច្បាប់ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២២ ឬ S.3052។ ព្រឹទ្ធសភាកម្ពុជាចាត់ទុកសេចក្តីស្នើច្បាប់នោះមានលក្ខណៈលម្អៀង គ្មានមូលដ្ឋាននិងរើសអើងដោយផ្អែកលើហេតុផលភូមិសាស្ត្រនយោបាយជាងគុណតម្លៃសិទ្ធិមនុស្ស។
ស្ថាប័ននីតិប្បញ្ញត្តិមួយនេះ លើកឡើងថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិរាប់ពាន់នាក់បានចាត់ទុកការបោះឆ្នោតកន្លងទៅមានលក្ខណៈសេរី យុត្តិធម៌ មានសណ្ដាប់ធ្នាប់ល្អ ដោយសន្តិវិធី មានតម្លាភាព គ្មានការគំរាមកំហែង និងស្របតាមស្តង់ដារអន្តរជាតិ។ ព្រឹទ្ធសភាកម្ពុជាបន្តថា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសឃុំ សង្កាត់កាលពីខែមិថុនា គឺបង្ហាញថាប្រជាពលរដ្ឋបន្តផ្តល់ទំនុកចិត្ត និងគាំទ្រគណបក្សកាន់អំណាចចំពោះតម្រូវការក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ។
ព្រឹទ្ធសភាកម្ពុជាអះអាងថា សេចក្តីស្នើច្បាប់របស់ព្រឹទ្ធសភាអាមេរិក នេះបានពឹងផ្អែកលើសលប់លើប្រភពព័ត៌មានមិនច្បាស់លាស់ ជាពិសេសប្រភពពីអង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានចរិតលម្អៀង និងស្តង់ពីរដោយបាត់បងទំនុកចិត្តតាំងពីឆ្នាំ២០០៤។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា វិធីសាស្ត្រដែលគណៈកម្មាធិការព្រឹទ្ធសភាអាមេរិកប្រកាន់យកនេះ គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ និងរាំងស្ទះដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ សេចក្តីសម្រេចនោះផ្ទុយនឹងស្មារតី និងបំណងប្រាថ្នារួមប្រទេសទាំងពីរដែលបានកសាងទំនាក់ទំនងល្អ ការលើកកម្ពស់មិត្តភាពនិងកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរ ដោយផ្អែកលើមូលដ្ឋាននៃផលប្រយោជន៍រួម។
ប្រតិកម្មរបស់ព្រឹទ្ធសភាឯកបក្សនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មាធិការទំនាក់ទំនងបរទេសនៃព្រឹទ្ធសភាអាមេរិក (US Senate Committee on Foreign Relations) កាលពីថ្ងៃទី១៩ ខែកក្កដា សម្រេចបញ្ជូនសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់កម្ពុជាទៅព្រឹទ្ធសភាពេញអង្គដើម្បីអនុម័ត។
សេចក្តីស្នើច្បាប់នេះ មានឈ្មោះថា ច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សកម្ពុជា ឆ្នាំ២០២១ ឬ S.3052។ សេចក្តីស្នើច្បាប់នេះ ដំបូងឡើយត្រូវបានស្នើឡើងដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចគឺគណបក្សប្រជាធិបតេយ្យ ប្រចាំរដ្ឋម៉ាសាឈូសេត(Massachusetts) លោក អេដវឺត ម៉ារឃីយ៍ (Sen. Markey, Edward J.) កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ សេចក្តីស្នើច្បាប់នេះ ទទួលបានការគាំទ្រចំពោះការផ្ចុងផ្ដើមដំបូង (Cosponsor) ពីសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សទាំងពីរ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋចំនួន ១៥នាក់។ សេចក្តីស្នើច្បាប់នេះ មានគោលដៅស្តារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ តាមរយៈការតម្រូវឱ្យដាក់ទណ្ឌកម្មជាក់លាក់ទៅលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពាក់ព័ន្ធនឹងការរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅកម្ពុជា។ ទណ្ឌកម្មជាក់លាក់ទាំងនេះ មានដូចជា ការបង្កកទ្រព្យសម្បត្តិ និងការរឹតត្បិតទិដ្ឋាការមិនឱ្យមន្ត្រីកម្ពុជាជាន់ទឹកដីអាមេរិកជាដើម។ ក្រៅពីនេះ សេចក្តីស្នើច្បាប់នេះក៏តម្រូវឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមដាននូវសកម្មភាពនានារបស់កងទ័ពរំដោះប្រជាជនចិននៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន នៅកម្ពុជា ជាពិសេសនៅតំបន់កំពង់ផែកងទ័ពជើងទឹករាមនៅខេត្តព្រះសីហនុ និងតំបន់តារាសាគរនៅខេត្តកោះកុង។
កន្លងមករដ្ឋាភិបាលលោក ហ៊ុន សែន បានចំណាយលុយរាប់លានដុល្លារ ដើម្បីជួលក្រុមហ៊ុនអាមេរិកជាបន្តបន្ទាប់ឱ្យជួយបញ្ចុះបញ្ចូលតំណាងរាស្ត្រ និងក្រុមអ្នកធ្វើគោលនយោបាយអាមេរិកកុំឱ្យធ្វើច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរដ្ឋាភិបាលទៀត។
ទោះយ៉ាងណា មន្ត្រីគណបក្សប្រឆាំង និងវិភាគនយោបាយយល់ថា ព្រឹទ្ធសភាអាមេរិកនឹងអនុម័តសេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ហើយច្បាប់នេះនឹងចូលជាធរមាន បើសិនរដ្ឋាភិបាលលោក ហ៊ុន សែន មិនព្រមដោះស្រាយបញ្ហាប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។ លើសពីនេះកម្ពុជាអាចនឹងរងទណ្ឌកម្មបន្ថែមទៀតពីសហគមន៍អន្តរជាតិ។
អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ំ សំអាន ដែលរងគ្រោះពីការធ្វើទុក្ខបុកម្នេញពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន សែន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៣ ខែកក្កដាថា ព្រឹទ្ធសភាកម្ពុជាកំពុងបិទបាំងទង្វើអាក្រក់របស់រដ្ឋាភិបាលដែលកំពុងធ្វើទុក្ខបុកម្នេញស្ទើរគ្រប់រូបភាពលើពលរដ្ឋស្លូតត្រង់ ជាពិសេសសកម្មជននយោបាយ សហជីព និងសង្គមជាដើម។ លោកឱ្យដឹងថាសេចក្តីស្នើច្បាប់នេះ គឺសំដៅលើមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាដែលរួមចំណែកបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សតែប៉ុណ្ណោះ ដោយមិនប៉ះពាល់ដល់ពលរដ្ឋខ្មែរទូទៅនោះទេ។ លោក អ៊ំ សំអាន បញ្ជាក់ថា សមាជិក និងមន្ត្រីគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិកនឹងបន្តនាំគ្នាតស៊ូមតិដោយសុំជួបសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋនីមួយៗ ដើម្បីជំរុញឱ្យពន្លឿនការអនុម័តសេចក្តីស្នើច្បាប់នេះនៅកិច្ចប្រជុំពេញអង្គចូលជាធរមានឱ្យបានឆាប់៖ «សេចក្តីថ្លែងការណ៍ដែលគ្មានមូលដ្ឋានពិតនៅកម្ពុជា គ្មានការបង្ហាញភស្តុតាងណាដែលបញ្ជាក់ថា កម្ពុជាគោរពសិទ្ធិមនុស្ស កម្ពុជាមិនបានបំផ្លាញប្រជាធិបតេយ្យ និងកម្ពុជារៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នោះទេ ដូច្នេះសេចក្តីថ្លែងការណ៍នេះមិនមានមូលដ្ឋានគ្រឹះ សេចក្តីថ្លែងការណ៍ទាំងងងឹតងងុល»។
ចំណែកអ្នកស្រាវជ្រាវផ្នែកភូមិសាស្ត្រនយោបាយ លោក វណ្ណ ប៊ុនណា ថ្លែងថា លោកមិនចំឡែកនោះទេការដែលព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចច្រានចោលខ្លឹមសារសេចក្តីស្នើច្បាប់ព្រឹទ្ធសភាអាមេរិកនោះ។ ប៉ុន្តែលោកបញ្ជាក់ថា គោលនយោបាយការបរទេសអាមេរិកត្រូវតែចាត់វិធានការតាមរយៈច្បាប់នេះ ដើម្បីដាក់ទណ្ឌកម្មលើមេដឹកនាំប្រទេសណាដែលធ្វើឱ្យស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យដើរថយក្រោយ។ លោក វណ្ណ ប៊ុណ្ណា បញ្ជាក់ថា បើសិនច្បាប់នេះចូលជាធរមានមេដឹកនាំកម្ពុជានឹងប៉ះពាល់ដល់មុខមាត់ និងផលប្រយោជន៍ដែលធ្វើឱ្យកម្ពុជាមានកេរ្តិ៍ឈ្មោះមិនល្អនៅលើឆាកអន្តរជាតិ។ ម្យ៉ាងទៀតលោកថា ទំនាក់ទំនងកម្ពុជានិងអាមេរិកនឹងធ្លាក់ចុះមួយកម្រិតទៀត៖ «តាមរយៈច្បាប់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនេះ គឺធ្វើឱ្យសហរដ្ឋអាមេរិកមានលទ្ធភាពបន្ថែមទៀតក្នុងការដាក់ទណ្ឌកម្មលើមេដឹកនាំកម្ពុជារូបណាដែលធ្វើឱ្យប្រជាធិបតេយ្យកម្ពុជាធ្លាក់ចុះ ជាពិសេសទាក់ទងនឹងការរឹតត្បាតសេរីភាពពលរដ្ឋ ការធ្វើទុក្ខបុកម្នេញបក្សប្រឆាំង និងសកម្មមួយចំនួនផងដែរ អ៊ីចឹងទេ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការដាក់សម្ពាធលើអ្នកដែលបំផ្លាញ ឬធ្វើឱ្យថយក្រោយលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា »។
សេចក្តីស្នើច្បាប់ដាក់ទណ្ឌកម្មនេះ ត្រូវឆ្លងកាត់នីតិវិធីជាច្រើនដំណាក់កាលទៀតមុននឹងត្រូវបានប្រធានាធិបតីអាមេរិកចុះហត្ថលេខាអនុម័តជាច្បាប់ដើម្បីយកមកអនុវត្តជាផ្លូវការ។ ប្រសិនបើព្រឹទ្ធសភាអាមេរិកអនុម័តនាពេលខាងមុខ សេចក្តីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅឱ្យរដ្ឋសភាអនុម័តបន្ត មុននឹងបញ្ជូនឱ្យប្រធានាធិបតីចុះហត្ថលេខាប្រកាសឱ្យប្រើប្រាស់ជាច្បាប់ផ្លូវការ។
ក្រៅពីសេចក្តីស្នើច្បាប់ស្ដីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ឬ S.3052 នេះ បច្ចុប្បន្ននៅមានសេចក្តីស្នើច្បាប់មួយទៀត ដែលរដ្ឋសភាអាមេរិកបានអនុម័តរួចរាល់ហើយ ក៏ប៉ុន្តែកំពុងស្ថិតក្នុងដៃព្រឹទ្ធសភាអាមេរិកពិនិត្យបន្ត។ នោះគឺសេចក្តីស្នើច្បាប់ស្តីពីប្រជាធិបតេយ្យកម្ពុជា ឆ្នាំ២០២១ ឬ H.R.4686 ដែលផ្ដួចផ្ដើមដោយតំណាងរាស្ត្រអាមេរិកមកពីរដ្ឋអូហៃយ៉ូ (Ohio) របស់គណបក្សសាធារណរដ្ឋ គឺលោក ស្ទីវ ឆាបុត (Steve Chabot)។ សេចក្តីស្នើច្បាប់នេះ ក៏មានលក្ខណៈស្រដៀងគ្នាទៅនឹងសេចក្តីស្នើច្បាប់ s.3052 ដែរ ពោលគឺជាការដាក់ទណ្ឌកម្មជាក់លាក់តាមរយៈការរឹតត្បិតទិដ្ឋាការ និងការបង្កកទ្រព្យសម្បត្តិមកលើមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានរម្លាយប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរចាប់តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ មក។ សេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្មនេះ បច្ចុប្បន្នព្រឹទ្ធសភាអាមេរិកកំពុងសិក្សាលម្អិត មុននឹងដាក់ឱ្យព្រឹទ្ធសភាអនុម័ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។