មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណបក្សប្រឆាំងស្នើឱ្យលោក ហ៊ុន សែន ដឹកនាំប្រទេសដោយផ្អែកទៅលើគោលការណ៍ច្បាប់និងយកសុខទុក្ខប្រជាជនជាធំជាពិសេសត្រូវងាកមកផ្សះផ្សាបង្រួបបង្រួមជាតិចៀសវាងការយកបញ្ហាផ្ទាល់ខ្លួនមកធ្វើជាលេសដើម្បីធ្វើទុក្ខបុកម្នេញលើអ្នករិះគន់ឬអ្នកនយោបាយបក្សប្រឆាំង។ ការស្នើសុំបែបនេះគឺបន្ទាប់ពីលោក ហ៊ុន សែន យកខួប៤៦ឆ្នាំនៃការស្លាប់កូនរបស់លោកមកបង្ហាញការឈឺចាប់ឡើងវិញនិងបង្ហាញគំនិតព្យាបាទលើអ្នកដែលលោកចោទថាមាននយោបាយជ្រុលនិយម។
មន្ត្រីសង្គមស៊ីវិលនិងមន្ត្រីគណបក្សភ្លើងទៀនលើកឡើងថាមេដឹកនាំប្រទេសកម្ពុជាគួរងាកមកយកចិត្តទុកដាក់ជាមួយប្រជាជននិងរួមគ្នាអភិវឌ្ឍប្រទេសជាតិដោយមិនត្រូវយករឿងផ្ទាល់ខ្លួនមកលាយឡំក្នុងកិច្ចការដឹកនាំប្រទេសនោះឡើយ។
ក្រុមប្រឹក្សាភិបាលរបស់អង្គការសាមគ្គីភាពកសិករប្រចាំព្រះរាជាណាចក្រកម្ពុជាលោក ឌី គន្ធា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ខែវិច្ឆិកាថាក្នុងនាមជាអ្នកគ្រប់គ្រងបក្សកាន់អំណាចនិងជាមេដឹកនាំប្រទេសមួយរូបលោក ហ៊ុន សែន ត្រូវបែងចែកឱ្យដាច់រវាងការឈឺចាប់ឬគំនុំផ្ទាល់ខ្លួននិងងាកមកដឹកនាំប្រទេសទៅតាមគោលការណ៍ច្បាប់វិញ។ លោកបន្តថា លោក ហ៊ុន សែន មានភារកិច្ចសំខានៗជាច្រើនដែលត្រូវដោះស្រាយដោយផ្ដោតទៅលើប្រព័ន្ធច្បាប់គោលនយោបាយនិងសេដ្ឋកិច្ចជាចម្បង។ ទន្ទឹមនឹងនេះ ការយកគំនុំសងសឹកក្នុងផ្លូវនយោបាយលាយឡំជាមួយការដឹកនាំប្រទេសគឺមិនបាននាំផលចំណេញឱ្យកម្ពុជានោះឡើយផ្ទុយទៅវិញមានតែធ្វើឱ្យស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់នឹងបង្កើតជាឧបសគ្គដល់ការអភិវឌ្ឍន៍ប្រទេសជាតិ។ លោក ឌី គន្ធា លោកចង់ឃើញអ្នកនយោបាយនៅកម្ពុជាងាកមកផ្សះផ្សាគ្នាដើម្បីកសាងនិងអភិវឌ្ឍប្រទេសជាតិជំនួសឱ្យការវាយប្រហារគ្នាទៅវិញទៅមក៖
«ធ្វើម៉េចធ្វើការផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងជាមុនបន្ទាប់មកគឺការធ្វើការផ្លាស់ប្ដូរផ្នត់គំនិតរបស់សកម្មជនសហការីរបស់ខ្លួនហ្នឹងធ្វើម៉េចធ្វើឱ្យបញ្ឈប់អាវប្បធម៌សាបព្រួសជេរគ្នាបង្កើតទំនាស់បញ្ហា។វាមើលទៅរហូតដល់ជនរួមជាតិឬពលរដ្ឋសកម្មដែលបានបង់ពន្ធឱ្យរដ្ឋឱ្យមានដង្ហើមដកហ្នឹងគាត់ធុញថប់ដែរ»។
លោក ហ៊ុន សែន កាលពីថ្ងៃទី១០ ខែវិច្ឆិកា បានបង្ហោះរូបភាពនិងសារខួបមរណភាពកូនច្បងរបស់លោក ឈ្មោះ ហ៊ុន កំសត់ ដែលបានស្លាប់ក្រោយពេលកើតក្នុងរបបខ្មែរក្រហមនៅស្រុកមេមត់កាលពីឆ្នាំ១៩៧៦។ នៅក្នុងខួប៤៦ឆ្នាំនេះទោះបីចំពេលកម្ពុជាកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ក្ដី ក៏លោក ហ៊ុន សែន បានសរសេរបង្ហោះថា“ទឹកភ្នែករាប់លានដំណក់របស់លោកបន្ទាប់ពីបាត់បង់កូនតែងតែដាស់តឿនលោកឲ្យបន្តការខិតខំលុបបំបាត់ចោលនយោបាយជ្រុលនិយមគ្រប់ប្រភេទនិងពីគ្រប់ប្រភពឲ្យអស់ពីកម្ពុជា”។សាររបស់លោក ហ៊ុន សែន នេះ ដែលទំនងជាលោកចង់សំដៅលើដៃគួរប្រកួតប្រជែងនយោបាយរបស់លោកគឺលោក សម រង្ស៊ី និងអ្នកដែលរិះគន់ការដឹកនាំរបស់លោក។
លោក ហ៊ុន សែន ជាម្ចាស់ពាក្យស្លោក “អរគុណសន្តិភាព” ដែលពាក្យនេះបញ្ជាក់ថាលោកជាមេដឹកនាំអហិង្សាប៉ុន្តែត្រូវបានមហាជនទូទៅមើលឃើញថាលោកជាមេដឹកនាំប្រកបដោយទោសៈនិងចងគំនុំ។ ជាពិសេសរយៈកាលចុងក្រោយនេះបន្ទាប់ពីចាញ់ក្ដីអតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី នៅតុលាការប្រទេសបារាំងលោកហាក់ផ្ទុះកំហឹងលើលោក សម រង្ស៊ី និងបានជេរលោកថា “ត្រកូលក្បត់ជាតិ៣ជំនាន់“។
ជុំវិញរឿងនេះអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា លើកឡើងថា សោកនាដកម្មក្នុងរបបខ្មែរក្រហមបានបង្កការឈឺចាប់ដល់ប្រជាជនខ្មែរគ្រប់គ្នាមិនមែនតែទៅលើក្រុមគ្រួសារលោកហ៊ុន សែន នោះឡើយ។ លោកថាទន្ទឹមគ្នានឹងការឈឺចាប់នេះ លោក ហ៊ុន សែន ក្នុងនាមជាអ្នកដឹកនាំប្រទេសគួរប្ដេជ្ញាចិត្តអភិវឌ្ឍប្រទេសជាតិលើកកម្ពស់ប្រជាធិបតេយ្យជាពិសេសងាកមកផ្សះផ្សាជាមួយអ្នកនយោបាយដទៃទៀតជំនួសឱ្យការសងសឹកគ្នា។ លោកបន្តថាការប្រើប្រាស់អំពើហិង្សាការគំរាមកំហែងសងសឹកក្នុងផ្លូវនយោបាយមិនមែនជាមធ្យោបាយល្អក្នុងការដឹកនាំប្រទេសកម្ពុជានោះឡើយផ្ទុយទៅវិញអ្នកនយោបាយគ្រប់រូបត្រូវមានមេត្តាធម៌និងការគោរពតាមច្បាប់ដើម្បីស្វែងរកសន្តិភាពពិតប្រាកដឱ្យប្រជាពលរដ្ឋ៖
«គំនុំគំកួនមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាជាតិយើងទេ។ដូចនេះយើងត្រូវតែប្រែក្លាយកំហឹងនិងការឈឺចាប់ទាំងអស់នេះទៅជាការផ្សះផ្សាជាតិរួបរួមជាតិតែមួយមកវិញដើម្បីយើងរួមសាមគ្គីគ្នាកសាងអភិវឌ្ឍប្រទេសជាតិយើងហើយទប់ស្កាត់ទាំងអស់គ្នាដើម្បីកុំឱ្យរបបកុម្មុយនីស្តប្រល័យពូជសាសន៍ត្រឡប់មកសាជាថ្មី»។
នៅក្នុងវិបត្តិសង្គ្រាមនៅភូមា ឬមីយ៉ាន់ម៉ា លោក ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ានប្ដូរវេនបានលើកឡើងពីដំណោះស្រាយបញ្ហាដោយលើកឡើងថា“គេមិនអាចយកសង្គ្រាមទៅបញ្ចប់សង្គ្រាមបានឡើយ”។ ប៉ុន្តែអ្នកតាមដាននយោបាយយល់ឃើញថាលោកនិយាយចេញពីមាត់តែក្បត់ចិត្តព្រោះការអនុវត្តន៍ជាក់ស្ដែងនៅកម្ពុជា លោក ហ៊ុន សែន បានប្រើនយោបាយឈ្នះឈ្នះដើម្បីចាប់ចងនិងធ្វើទុក្ខបុកម្នេញលើអ្នកប្រជាធិបតេយ្យនិងសកម្មជនបក្សប្រឆាំងទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។