មន្រ្តីគណបក្សប្រឆាំងនិងអ្នកវិភាគនយោបាយរិះគន់ថា លោក ហ៊ុន សែន ដែលលក់ឡៃឡុងផ្ទះរបស់លោក សម រង្ស៊ី និងជាទីស្នាក់ការបក្សសង្គ្រោះជាតិហើយយកលុយចែកគ្នា។ អ្នកវិភាគថា ទង្វើរបស់លោក ហ៊ុន សែន និងបក្ខពួកគឺជាអំពើលួចប្លន់យកទ្រព្យអ្នកដទៃព្រមទាំងបង្ហាញពីទង្វើក៏កំសាករបស់ក្រុមមេដឹកនាំ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២២ ខែធ្នូ ថា គេហដ្ឋានរបស់លោក សម រង្ស៊ី និងជាទីស្នាក់ការបក្សប្រឆាំងនៅសង្កាត់ចាក់អង្រែលើនោះត្រូវបានលក់ក្នុងតម្លៃ១លាន៦សែនដុល្លារដើម្បីយកលុយមកសងជំងឺចិត្តលោកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផ្សេងទៀត។
មន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងចាត់ទុកការលក់ទីស្នាក់ការបក្សសង្គ្រោះជាតិដែលជាទ្រព្យសម្បត្តិរបស់លោក សម រង្ស៊ី ពីសំណាក់ក្រុមលោក ហ៊ុន សែន នេះថា ជាការសងសឹកផ្នែកនយោបាយលើលោក សម រង្ស៊ី ជាពិសេសក្នុងទិសដៅគាស់រម្លើងក្រុមអ្នកប្រជាធិបតេយ្យដែលមានឥទ្ធិពលក្នុងឆាកនយបាយកម្ពុជា។ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ំ សំអាន ប្រៀបធៀបទង្វើរបស់លោក ហ៊ុន សែន និងបក្ខពួកថាជាចោរលួចប្លន់ទ្រព្យសម្បត្តិគេ៖
«គាត់(ហ៊ុន សែន)លក់ស្នាក់ការគណបក្សសង្គ្រោះជាតិដូចដុតផ្ទះគេអ៊ឹចឹងប្រកួតប្រជែងមិនឈ្នះគេទៅដុតផ្ទះគេចោលអាហ្នឹងរំលាយគណបក្សគេហើយមកប្លន់ផ្ទះគេទៀតនេះគឺជាអ្នកនយោបាយកំសាកញីដែលមិនហ៊ានប្រកួតប្រជែងតាមរយៈការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌នៅកម្ពុជា»។
ស្រដៀងគ្នានេះដែរអ្នកវិភាគនយោបាយនៅប្រទេសហ្វាំងឡង់ លោក គឹម សុខ រិះគន់ថាការដែលលោក ហ៊ុន សែន ប្លន់យកអំណាចនិងសិទ្ធិសេរីភាពប្រកួតប្រជែងហើយថែមទាំងប្លន់ផ្ទះគេលក់យកលុយស្រស់ៗបែបនេះគឺជាអំពើអសីលធម៌ផ្នែកនយោបាយ។ លោកសង្កត់ធ្ងន់ថា លោក ហ៊ុន សែន កំពុងសាងកំហុសដ៏ធំទុកឱ្យកូនរបស់គាត់ដោះស្រាយមិនរួចនៅថ្ងៃក្រោយ៖ « ចំណាត់ការលោក ហ៊ុន សែន លើលោក សម រង្ស៊ី គឺជាអំពើអសីលធម៌នយោបាយដ៏កម្រមួយ ពីព្រោះកម្រមេដឹកនាំប្រទេសណាធ្វើអំពើធ្ងន់ធ្ងរបែបនេះចំពោះគូប្រជែងខ្លាំងណាស់ គ្រាន់តែប្រើលេសជម្លោះនយោបាយ រួចហើយទៅប្រមូលប្លន់យកទ្រព្យសម្បត្តិរបស់គេស្រស់ៗណាស់»។
ប្រតិកម្មរបស់មន្ត្រីបក្សប្រឆាំងនិងអ្នកវិភាគនេះកើតមានឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីថ្ងៃទី២២ ខែធ្នូថា គេហដ្ឋានរបស់លោក សម រង្ស៊ី និងជាទីស្នាក់ការគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើរាជធានីភ្នំពេញនោះត្រូវបានលក់ដូរក្នុងតម្លៃ១លាន៦សែនដុល្លារដើម្បីយកលុយមកសងជំងឺចិត្តលោកនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា៖
«ហ្អែងត្រូវចាំនេះមិនមែនជានយោបាយរបស់ហ៊ុន សែន ទេប៉ុន្តែអ្នកឯងបានប្រកាសនៅសៀមរាបកាលពីឆ្នាំ២០០៣មានស៊ីអត់សែនមានសែនអត់ស៊ីតែឥឡូវកំពុងមានសែនលើទឹកដីខ្មែរតែវាអត់ស៊ីឱ្យហ្អែងអត់រហូតទៅហើយស្នាក់ការរបស់ហ្អែងលក់បាត់ហើយមិនមែនស្នាក់ការទេដីរបស់ហ្អែងលក់ហ្អែងខ្វះទៀតលក់បាត់ហ្អែងពូកែទៅតាមមើលទៀតអាណាត្រូវសងជំងឺចិត្តយ៉ាងមិចត្រូវសង»។
ប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន បានចុះផ្សាយថាអចលនទ្រព្យរបស់លោក សម រង្ស៊ី នេះ លក់បានជាង ១ លាន ៦សែនដុល្លារ (១.៦៥២.០០០) ក្នុងនោះ លោក ហ៊ុន សែន ទទួលបានជាង៧ សែនដុល្លារ (៧៧៥.១៨២) ប្រធានរដ្ឋសភាលោក ហេង សំរិន ទទួលបានជិត ៥ ម៉ឺនដុល្លារ (៤៨.៤៤៨)រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ទទួលបានជិត៤ សែនដុល្លារ(៣៨៧.៥៨៦) រដ្ឋាភិបាលទទួលបានជាង ៤ សែនដុល្លារ (៣៨៧.៥៨៦) និងជាង ៥ ពាន់ដុល្លារទៀត(៥.៧៩៩) ចូលក្នុងរតនាគារជាតិ។
លោក ហ៊ុន សែន អះអាងថា សំណងនេះនៅមិនទាន់គ្រប់នៅឡើយទេព្រោះលោក សម រង្ស៊ី ត្រូវបង់សំណងសរុបជាង ២ លានដុល្លារតាមសាលក្រមរបស់តុលាការក្នុងសំណុំរឿងដែលត្រូវបានប្ដឹងដោយរូបលោក លោក ស ខេង និងលោក ហេង សំរិន កាលពីពេលកន្លងទៅ។
ចៅក្រមតុលាការក្រុងភ្នំពេញ លោក អ៊ឹម វណ្ណៈ បានចេញដីកាលក់អចលនទ្រព្យរបស់លោក សម រង្ស៊ី នេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ទៅតាមការចង់បានរបស់លោក ហ៊ុន សែន និងក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជា។
ជុំវិញរឿងនេះប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា តុលាការរឹបអូសទ្រព្យមេបក្សប្រឆាំងលក់យកលុយឱ្យមេបក្សកាន់អំណាចនេះកើតឡើងដោយសារវិវាទនយោបាយដើម្បីផ្ចាញ់ផ្ចាលគ្នាមិនមែនជារឿងទោសកំហុសឡើយ។ លោកបន្តថា ការរឹបអូសផ្ទះសម្បែងរបស់លោក សម រង្ស៊ី នេះកាន់តែធ្វើឱ្យបែកបាក់ជាតិដែលផ្ទុយពីស្មារតីបង្រួបបង្រួមជាតិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនិងស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស៖
«បើយើងជាអ្នកនយោបាយនៅតែក្តីក្តាំគ្នាហើយយកបញ្ហាហ្នឹងទៅផ្ចាញ់ផ្ចាលគ្នាមួលបង្កាច់ចង់ឈ្នះចង់ចាញ់ដោយប្រើរៀបក្តីក្តាំងរៀបបែបនេះខ្ញុំគិតថា ទីមួយមិនបានផ្តល់ជាប្រយោជន៍ជាតិហើយវាឃើញថា ស្ថានភាពនយោបាយបរិយាកាសនយោបាយកាន់តែតឹងតែងទៅវាធ្វើឱ្យអន្តរជាតិដាក់សម្ពាធលើរដ្ឋាភិបាលដែរ»។
ទាក់ទងនឹងការរឹបអូសយកស្នាក់ការបក្សសង្គ្រោះជាតិដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក សម រង្ស៊ី យកទៅលក់ដូរនេះ លោក សម រង្ស៊ី ធ្លាប់បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថាលោកមិនខ្វល់រឿងនេះទេព្រោះលោកមិនមែនជាមនុស្សសម្ភារៈនិយម។ ប៉ុន្តែលោកចាត់ទុកករណីនេះថាជាការតាមធ្វើទុក្ខបុកម្នេញនិងសកសឹករូបលោកទាំងផ្នែកនយោបាយនិងហិរញ្ញវត្ថុពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។